គ្រាន់តែព្រលានយន្តហោះថ្មីវិនិយោគដោយក្រុមហ៊ុនចិននៅក្នុងភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក នាស្រុកសូទ្រនិគម ចម្ងាយជាង ៤០គីឡូម៉ែត្រ ភាគខាងកើតពីទីរួមខេត្តសៀមរាប ចាប់ផ្ដើមបើកឱ្យដំណើរការភ្លាម ក្រុមអ្នកបំរើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរនៅក្រៅបញ្ជីសមាគមជាច្រើននាក់ក៏ចាប់ផ្ដើមមានការព្រួយបារម្ភពីការបាត់បង់ចំណូលដែរ។
បាតុភាពដែលកើតឡើងដំបូង គឺសមាគមអ្នករត់តាក់ស៊ីមួយក្រុម ហាក់ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរចេញពីព្រលានយន្តហោះគឺមិនអនុញ្ញាតឱ្យរ៉ឺម៉កម៉ូតូ ដែលនៅក្រៅព្រលានអាចចូលទៅដឹកជញ្ជូនភ្ញៀវ យកមកក្នុងទីរួមខេត្តបានដោយសេរីឡើយ។
សហជីពកម្មករនិយោជិតវិស័យទេសចរណ៍និងសេវាកម្មកម្ពុជាកំពុងមានក្តីបារម្ភទៅលើការប៉ះពាល់ដល់មុខរបរនិងជីវភាពរបស់អ្នករត់តាក់ស៊ី និងរ៉ឺម៉កម៉ូតូជាច្រើន ដែលនៅក្រៅបញ្ជីសមាគមដឹកជញ្ជូននៅពេលដែលព្រលានយន្តហោះថ្មីរបស់ក្រុមហ៊ុនចិនបានប្រកាសផ្ដល់សិទ្ធិផ្ដាច់មុខ ទៅឱ្យសមាគមអ្នករត់តាក់ស៊ីមួយក្រុមទទួលដឹកជញ្ជូនភ្ញៀវទេសចរនិងអ្នកដំណើរនោះ។
ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) លោក ម៉ម រិទ្ធី មានប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋមួយចំនួននៅខេត្តសៀមរាប គឺប្រកបមុខរបរបើកឡាននិងរ៉ឺម៉កម៉ូតូដឹកភ្ញៀវទេសចរដើម្បីរកប្រាក់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ប្រសិនបើប្រជាពលរដ្ឋទាំងនោះមិនអាចចូលទៅដឹកភ្ញៀវទេសចរពីព្រលានយន្តហោះថ្មី បានទេ គឺវានឹងមានបញ្ហាធំដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគាត់ជាមិនខាន។
លោក ម៉ម រិទ្ធី មានប្រសាសន៍ទៀតថា ការម៉ៅផ្ដាច់មុខ ទៅឱ្យក្រុមហ៊ុនឯកជនដឹកជញ្ជូនភ្ញៀវទេសចរពីព្រលានយន្តហោះ មកទីរួមខេត្តសៀមរាប គឺវានឹងប៉ះពាល់ខ្លាំងទៅដល់ការបាត់ប្រាក់ចំណូលរបស់អ្នករត់តាក់ស៊ី អ្នករត់រ៉ឺម៉កម៉ូតូនិងអ្នករត់ផាស់អាប (Pass App)ជាច្រើន ដែលមិនមែនជាសមាជិកសមាគមដឹកជញ្ជូន។
លោក ម៉ម រិទ្ធី៖ «នៅពេលដែលគាត់អត់បានដឹកភ្ញៀវមកពីព្រលានយន្តហោះ បានន័យថាផ្ដាច់ទំនាក់ទំនង និងការដឹកភ្ញៀវទៅទស្សនានៅតាមប្រាសាទហើយដូច្នេះទីផ្សាររបស់គាត់ក៏មានការប៉ះពាល់ដែរ។ តាមលក្ខណៈបច្ចេកទេសបើគាត់បានដឹកជញ្ជូនភ្ញៀវទេសចរមកពីព្រលានគឺគាត់អាចមានឱកាសជជែកជាមួយភ្ញៀវតាមឡាន ឬតាមរ៉ឺម៉កម៉ូតូ ឬក៏អាចមានលេខទូរស័ព្ទទំនាក់ទំនងតថ្លៃជាមួយគ្នាបាន»។
ការលើកឡើងពីកង្វល់របស់សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជានេះ កើតមានឡើងបន្ទាប់ពី ក្រុមហ៊ុនព្រលានយន្តហោះចិន អង្គរអ៊ិនធើណេសិនណលអ៊ែរផត អ៊ិនវេសមិន ខេមបូឌា (Angkor International Airport Investment(Cambodia) កាលពីពេលថ្មីៗនេះ បានចេញសេចក្ដីជូនដំណឹងស្ដីពីការផ្ដល់សិទ្ធិផ្ដាច់មុខទៅឲ្យ សមាគមអ្នករត់តាក់ស៊ី(Tourist Transport Association for Siem Reap International Airport) ហៅកាត់ថា ធីធីអេ(TTA) ដែលធ្លាប់បំរើសេវានៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរចាស់ពីមុន ឱ្យធ្វើប្រតិបត្តិការលើសេវាកម្មតាក់ស៊ី ដើម្បីធានាលើអ្នកទេសចរទាំងឡាយ។
កាលពីចុងសប្ដាហ៍មុន ប្រធានសមាគមអ្នករត់តាក់ស៊ី(TTA) ដែលទទួលបានសិទ្ធិលើការដឹកជញ្ជូនភ្ញៀវទេសចរចេញពីព្រលានយន្តហោះថ្មីលោក គឹម ផល្លី បានប្រើទូរស័ព្ទដៃតាមថតភ្ញៀវទេសចរណាដែលមិនព្រមជិះតាក់ស៊ីរបស់ក្រុមខ្លួន តែបែរជានាំគ្នាទៅជិះរ៉ឺម៉កម៉ូតូ ដែលមកពីខាងក្រៅព្រលានយន្តហោះទៅវិញ ហើយសកម្មភាពថតវីដេអូនោះបានបង្កឱ្យមានបញ្ហាចម្រូងចម្រាស និងការរិះគន់កើតឡើង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានសមាគមអ្នករត់តាក់ស៊ី((TTA) ក្នុងព្រលានយន្តហោះថ្មីលោក គឹម ផល្លី ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី២៥ តុលា។
ក៏ប៉ុន្តែសមាជិកសមាគមអ្នករត់រ៉ឺម៉កម៉ូតូដឹកភ្ញៀវទេសចរខេត្តសៀមរាប ម្នាក់គឺលោកស្រី គីម សុខលាង មានប្រសាសន៍ថា លោកស្រីគាំទ្រ សកម្មភាពប្រធានសមាគមអ្នករត់តាក់ស៊ី ដែលរារាំងមិនឱ្យរ៉ឺម៉កម៉ូតូ ឬក៏Pass App ពីខាងក្រៅចូលទៅដឹកភ្ញៀវទេសចរពីក្នុងព្រលានយន្តហោះនេះ ពីព្រោះតែអ្នករត់តាក់ស៊ីម្នាក់ៗដែលជាសមាជិកសមាគម គឺសុទ្ធតែបានបង់ប្រាក់ទៅឱ្យព្រលានយន្តហោះ ដើម្បីបានសិទ្ធិដឹកជញ្ជូនភ្ញៀវ។
លោកស្រី គីម សុខលាង មានប្រសាសន៍ទៀតថា រ៉ឺម៉កម៉ូតូ ពីខាងក្រៅដែលចូលទៅដឹកភ្ញៀវពីព្រលានយន្តហោះមកក្នុងទីរួមខេត្តនោះ គឺសុទ្ធតែបង្កើតApp ក្រៅផ្លូវការដើម្បីទំនាក់ទំនងជាមួយភ្ញៀវចំណែកឯសមាគមរ៉ឺម៉ក របស់លោកស្រីវិញ មិនទាន់មានអ្នកណាមកជួយបង្កើតApp ដើម្បីបានទំនាក់ទំនងភ្ញៀវនៅឡើយ។ លោកស្រីចោទសួរថា បើឱ្យអ្នករត់រ៉ឺម៉កពីខាងក្រៅចូលទៅដឹកភ្ញៀវក្នុងព្រលានបានដោយសេរី តើសមាជិកសមាគមតាក់ស៊ីដែលតែងតែបង់លុយទៅឱ្យព្រលានក្នុង១ខែៗជាង១០០ដុល្លារអាមេរិកនោះ បានភ្ញៀវឯណាដឹក?
លោកស្រី គីម សុខលាង៖ «ខ្ញុំគាំទ្រខាងសមាគមតាក់ស៊ីនៅព្រលានយន្តហោះព្រោះអីពួកគាត់ត្រូវការការងារមកពីហ្នឹង ហើយតម្លៃ៣៥ដុល្លារពីព្រលានមកដល់ទីរួមខេត្ត ចំណែកTuk Tukក៏តម្លៃដូចគ្នាដែរ ដោយចម្ងាយផ្លូវជិះ ២ម៉ោងទៅ និង២ម៉ោងមក ដោយចំណាយលើថ្លៃចាក់សាំង ២៥០០០រៀល ដោយមិនទាន់គិតថ្លៃចំណតផង។ ខ្ញុំចង់ស្នើសុំទៅអ្នកដែលអនុញ្ញាតឱ្យគេបើកAppសូមឱ្យមកពិភាក្សាជាមួយសមាគមអ្នករត់រ៉ឺម៉កនិងសមាគមតាក់ស៊ីនៅក្នុងព្រលានយន្តហោះ»។
បើទោះបីជាយ៉ាងណា ក៏ក្រុមអ្នករត់តាក់ស៊ីឯកជន នៅតែសំដែងក្តីព្រួយបារម្ភ ចំពោះព្រលានយន្តហោះថ្មីដែលវិនិយោគដោយក្រុមហ៊ុនចិននោះថា វាអាចនឹងធ្វើឱ្យពួកគេមានការប្រឈមលើបញ្ហាជាច្រើនផ្សេងទៀតដោយពួកគេដឹងថា នៅពេលខាងមុខក្រុមហ៊ុនព្រលានមានគំរោងនឹងយកថ្លៃផ្លូវពីរថយន្តគ្រប់ប្រភេទដែលត្រូវចេញចូលទៅដឹកភ្ញៀវទេសចរនៅទីនោះ។
បុរសអ្នករត់តាក់ស៊ីដឹកភ្ញៀវទេសចរលោក គី វាសនា ព្រួយបារម្ភថា មិនត្រឹមតែមានបញ្ហារឿងអ្នកក្រៅព្រលានចូលទៅដឹកភ្ញៀវមិនបានប៉ុណ្ណោះទេ ការដែលក្រមហ៊ុនគ្រោងនឹងយកថ្លៃផ្លូវចេញចូលក៏ធ្វើឱ្យរូបលោកព្រួយបារម្ភដែរ។
លោក គី វាសនា៖ «គេថាគេនឹងយកថ្លៃផ្លូវទៀត ថ្លៃផ្លូវគឺ១ជើងត្រូវបង់ ៤ដុល្លារអាមេរិក ទៅមកអស់៨ដុល្លារទៅហើយនោះ?ពួកខ្ញុំទៅព្រលានយន្តហោះ ១ជើងអីចឹងគឺអស់១១ដុល្លារទៅហើយបើសិនជាគេយកថ្លៃTaxទៀតនោះ។ វាប្លែកពីព្រលានយន្តហោះអន្តរជាតិរបស់ក្រុមហ៊ុនបារាំងមុនឆ្ងាយណាស់ យើងតែងមានអារម្មណ៍ថា កាលពីព្រលានយន្តហោះមុន បើមានលុយតែ៥.០០០រៀលក៏អាចចូលទៅយកភ្ញៀវបាន ដល់ព្រលានយន្តហោះថ្មីត្រូវចំណាយដល់ទៅ១០ដុល្លារពេលខ្លះក៏គ្មានលុយសម្រាប់បង់ដែរ»។
ទាក់ទងនឹងរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីអភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ និងអ្នកនាំពាក្យក្រសួងទេសចរណ៍លោក តុប សុភ៌ក បាននៅឡើយនៅថ្ងៃទី២៥ តុលា។
ទោះជាយ៉ាងណា សារព័ត៌មានក្នុងស្រុកមួយបានដកស្រង់សំដីរបស់អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិលលោក ស៊ិន ចាន់សិរីវុត្ថា កាលពីថ្ងៃទី១៧ ខែតុលា កន្លងទៅ ថាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានសម្រេចផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនមួយ ជាអ្នកប្រតិបត្តិការលើសេវាកម្មដឹកជញ្ជូនភ្ញៀវទេសចរពីក្នុងអាកាសយានដ្ឋានទៅទីរួមខេត្ត ក្នុងតម្លៃរថយន្តធុនតូច៣៥ដុល្លារ ក្នុងមួយជើងនិងឡានក្រុងតូចក្នុងតម្លៃ ៤០ដុល្លារមួយជើង ឬ៨ដុល្លារ ក្នុងភ្ញៀវទេសចរម្នាក់។
ក៏ប៉ុន្តែការសម្រេចផ្ដល់សេវាកម្មដឹកជញ្ជូនទៅឲ្យក្រុមហ៊ុនមួយផ្ដាច់មុខនេះ ធ្វើឱ្យក្រុមអ្នករកកម្រៃពីសេវាកម្មទេសចរណ៍និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនគាំទ្រទេ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក វន់ ពៅ រិះគន់ថា ការផ្ដល់សេវាកម្មដឹកជញ្ជូនទៅឲ្យក្រុមហ៊ុនមួយផ្ដាច់មុខនោះនឹងធ្វើឱ្យអ្នករត់រ៉ឺម៉កនិងអ្នករត់តាក់ស៊ីដទៃទៀតដែលមិនបានបង់លុយឱ្យព្រលានយន្តហោះ អាចបាត់បង់ឱកាសក្នុងការចូលទៅដឹកភ្ញៀវចេញឬចូលទៅព្រលានយន្តហោះជាដើម។
លោក វន់ ពៅ មានប្រសាសន៍ទៀតថា ការបើកឱ្យក្រុមហ៊ុនព្រលានយន្ដហោះ ផ្ដល់សិទ្ធិផ្ដាច់មុខទៅក្រុមហ៊ុនដឹកជញ្ជូនភ្ញៀវទេសចរបែបនេះ គឺវាអាចនឹងមានបញ្ហាជាច្រើនដូចជាអ្នកគ្រប់គ្រងព្រលានមិនបានខ្វល់ពីសុវត្ថិភាព សេចក្តីត្រូវការ និងជម្រើសរបស់ភ្ញៀវទេសចរទេ ដោយគេខ្វល់តែពីរឿងលុយប៉ុណ្ណោះ ដែលវាអាចនឹងធ្វើឱ្យភ្ញៀវទេសចរមិនសប្បាយចិត្ត គេឈប់មកស្រុកខ្មែរ ហើយម្យ៉ាងទៀតក៏វាអាចធ្វើឱ្យក្រុមអ្នកដែលផ្ដាច់មុខនោះបង្កើតជាភាពអនាធិបតេយ្យលើការទារថ្លៃពីភ្ញៀវទេសចរស្រេចតែចិត្តព្រមទាំងកាងព្រលានយន្តហោះទាំងមូលតែឯងផង។
លោក វន់ ពៅ៖ «អាហ្នឹងជាការព្រួយបារម្ភ វាជាការមិនផ្ដល់ឱកាស មានន័យថាមិនមែនជាទីផ្សារសេរី ទីផ្សារប្រកបដោយយុត្តិធម៌និងការគោរពសិទ្ធិសេដ្ឋកិច្ចស្អីនោះទេ!។ ផ្ដាច់មុខតែឯងអីចឹងគឺក្រុមហ៊ុននៅក្នុងព្រលានយន្តហោះអាចទារថ្លៃដឹកជញ្ជូនពីភ្ញៀវតាមអំពើចិត្ត ហើយវានឹងជះឥទ្ធិពលអាក្រក់ព្រមទាំងធ្វើឱ្យបាត់បង់មុខរបរនិងប្រាក់ចំណូលរបស់អ្នកខេត្តសៀមរាបនិងអ្នកបំរើសេវាកម្មទេសចរទាំងមូល ព្រមទាំងធ្វើឱ្យបង្កភាពអនាធិបតេយ្យ នាំឱ្យអ្នកទេសចរមិនសប្បាយចិត្តផង»។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ដែលវិនិយោគក្នុងរយៈពេល៥៥ឆ្នាំដោយក្រុមហ៊ុនចិននៅលើផ្ទៃដីទំហំ៧០០ហិកតារ និងចំណាយទឹកប្រាក់សាងសង់រហូតដល់ទៅចំនួន១,១០០ លានដុល្លារនោះ បានបើកឱ្យដំណើរការនិងយន្តហោះចុះចតជាលើកដំបូងកាលពីថ្ងៃទី១៦ ខែតុលា។
ពលរដ្ឋនៅខេត្តសៀមរាប ជាពិសេសអ្នករត់តាក់ស៊ីឬរ៉ឺម៉កម៉ូតូតែងសង្ឃឹមថា នៅពេលព្រលានយន្តហោះថ្មីនេះបើកឱ្យដំណើរការពួកគេអាចរកប្រាក់ចំណូលបានកាន់តែច្រើនពីការដឹកភ្ញៀវទេសចរនិងអ្នកដំណើរ។ ផ្ទុយទៅវិញ ពួកគេហាក់អស់សង្ឃឹមនៅពេលក្រុមហ៊ុនព្រលានយន្តហោះថ្មីនេះបែរជាមិនអនុញ្ញាតឱ្យពួកគេចូលដឹកភ្ញៀវបានដោយសេរីទៅវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
