ក្រុមហ៊ុន​បញ្ជា​ទិញ​ចំនួន២០ ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ឡើង​វិញ

ដោយ​ សន ចាន់រដ្ឋា
2019.05.03
អ្នក​បញ្ជាទិញ​ម៉ាក​ល្បីៗ ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ផលិតផល​ម៉ាក​យីហោ​ល្បីៗ ចំនួន២០ ដែល​ទាមទារ​ឱ្យ​របប​ក្រុង​ភ្នំពេញ ស្ដារ​ស្ថានភាព​សិទ្ធិមនុស្ស​ឡើង​វិញ កាល​ពី​ថ្ងៃ​ទី២ ខែ​មេសា ឆ្នាំ២០១៩។
រូប៖ ហ្វេសប៊ុក

ក្រុម​ហ៊ុន​ផលិត​ផល​ម៉ាក​យីហោ​ល្បីៗ ទាមទារ​ឱ្យ​របប​លោក ហ៊ុន សែន ឆ្លើយ​តប​ទៅ​នឹង​សំណើ​របស់​ពួក​គេ​ជុំ​វិញ​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ដែល​ពួក​គេ​បាន​លើក​ឡើង​កាល​ពី​ចុង​ឆ្នាំ២០១៨ កន្លង​ទៅ។ ក្រុមហ៊ុន​ទាំង​នោះ​ព្រួយ​បារម្ភ​ថា កម្ពុជា​នឹង​បាត់​បង់​ប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​នាំ​ចេញ​ទំនិញ​ទៅ​ទីផ្សារ​អន្តរជាតិ ប្រសិន​បើ​ស្ថានភាព​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ នៅ​តែ​យ៉ាប់យ៉ឺន​ដូច​ពេល​បច្ចុប្បន្ន​នេះ។ សហជីព​ឯករាជ្យ​ថា សេចក្ដី​ថ្លែង​ការណ៍​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ នេះ គឺ​ជា​រឿង​មួយ​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ។

ក្រុមហ៊ុន​ធំៗ ដែល​បញ្ជា​ទិញ​ផលិត​ផល​វាយនភណ្ឌ​ពី​កម្ពុជា ព្រមាន​ថា ស្ថាន​ភាព​សិទ្ធិមនុស្ស​ និង​សិទ្ធិ​ការងារ​ កំពុង​រុញ​ច្រាន​កម្ពុជា ​ឱ្យ​ជួប​ប្រទះ​​នឹង​ហានិភ័យ​នៃ​ការ​បាត់​បង់​​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​ពី​ទីផ្សារ​អន្តរជាតិ។

ក្រុម​ហ៊ុន​បញ្ជាទិញ​ធំៗ អះអាង​បែប​នេះ បន្ទាប់​ពី​សហភាព​អឺរ៉ុប​ប្រកាស​ពី​ដំណើរ​ការ​ពិចារណា​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ក្រោម​កម្មវិធី​ “ទំនិញ​គ្រប់មុខ​លើក​លែង​គ្រឿង​សព្វាវុធ” ឬ EBA។ ចំណែក​ឯ​សមាជិក​សភា​សហរដ្ឋ​អាមេរិក​វិញ ក៏​បាន​ស្នើ​ច្បាប់​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ ឬGSP ពី​កម្ពុជា​ដែរ។ ពួក​គេ​ថ្លែង​ទៀត​ថា រឿង​ទាំង​អស់នេះ​​កើត​ឡើង​ដោយ​សារ​តែ​ការ​មិន​គោរព​ស្តង់ដារ​ការងារ និង​បញ្ហា​ផ្សេង​ទៀត​ទាក់ទង​នឹង​ការ​មិន​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។

ក្រុមហ៊ុន​ធំៗ ទាំងនោះ​ មាន​ដូច​ជា អាឌីដាស (Addidas) ណៃគី (Nike) ហ្គែប (Gap Inc.) លីវ៉ាយ (Levi Strauss & Co.) ញូបាលែន (New Balance) អាន់ឌើ អាមើរ (Under Armour) និង វីអេហ្វ (VF) ព្រម​ទាំង​ក្រុមហ៊ុន​ទិញ​សំលៀក​បំពាក់ ស្បែក​ជើង និង​របស់​របរ​ធ្វើ​ដំណើរ​ពី​កម្ពុជា​ផ្សេង​ទៀត សរុប​ទាំង​អស់ ចំនួន ២០ក្រុមហ៊ុន។

ការ​ក្រើន​រំឭក​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំង​នេះ ធ្វើ​ឡើង​តាម​រយៈ​លិខិត​រួម​គ្នា​មួយ​ នៅ​ថ្ងៃ​ទី២ ឧសភា ជូន​ចំពោះ​មេដឹកនាំ​របប​ក្រុង​ភ្នំពេញ​លោក ហ៊ុន សែន។ ក្រុម​ហ៊ុន​បញ្ជា​ទិញ​ទាំង​នោះ បញ្ជាក់​ថា ​ពួក​គេ​បាន​លើក​ឡើង​ពី​ក្ដី​បារម្ភ​នេះ​ប្រាប់​ទៅ​របប​ក្រុង​ភ្នំពេញ​ជា​ច្រើន​ដង​មក​ហើយ ហើយ​ក៏​មាន​ភ្ជាប់​មក​ជាមួយ​នូវ​សំណើ​ចង់​ឃើញ​ការ​កែប្រែ​ស្ថានភាព​នេះ​ដែរ ក៏​ប៉ុន្តែ​មក​ទល់​ពេល​នេះ ពួក​គេ​មិន​បាន​ទទួល​ការ​ឆ្លើយ​តប​ណាមួយ​ពី​របប​ក្រុង​ភ្នំពេញ​ឡើយ។

ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ អះអាង​ថា ពួក​គេ​នៅ​តែ​រង់​ចាំ​ការ​ឆ្លើយ​តប​ពី​របប​ក្រុង​ភ្នំពេញ ហើយ​ក៏​រង់​ចាំ​ធ្វើ​ការ​ជាមួយ​របប​នេះ​ផង​ដែរ ដើម្បី​ធានា​​អនាគត​ដ៏​ភ្លឺ​ស្វាង​របស់​កម្មករ​ខ្មែរ និង​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​របប​ក្រុង​ភ្នំពេញ លោក ផៃ ស៊ីផាន និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សុំ​ការ​ឆ្លើយ​តប​ទៅ​នឹង​កង្វល់​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ​ទាំង​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី៣ មេសា ដោយ​ពួក​លោក​មិន​លើក​ទូរស័ព្ទ។ ចំណែក​អគ្គលេខាធិការ​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ វិញ បដិសេធ​ផ្ដល់​សម្ភាស ដោយ​លោក​បញ្ជាក់​ថា កំពុង​ជាប់​រវល់។

ប្រធាន​សហភាព​សហជីព​កម្ពុជា លោក រ៉ុង ឈុន ថ្លែង​ថា រដ្ឋាភិបាល​កម្ពុជា​មិន​អាច​ព្រងើយ​កន្តើយ​ចំពោះ​កង្វល់​របស់​ក្រុមហ៊ុន ទាំង​នេះ​ឡើយ ព្រោះ​ពួក​គេ​ជា​អ្នក​បញ្ជា​ទិញ​ផលិត​ផល​វាយនភណ្ឌ​ពី​កម្ពុជា ក្នុង​ទ្រង់ទ្រាយ​ធំ ដែល​មាន​ទឹក​ប្រាក់​ដល់​រាប់​ពាន់​លាន​ដុល្លារ​អាមេរិក។ លោក​បន្ត​ថា ប្រសិន​បើ​ពួក​គេ​បញ្ឈប់​ការ​បញ្ជាទិញ នោះ​កម្មករ​រាប់​សែន​នាក់​នឹង​អត់​ការងារ​ធ្វើ ដូច្នេះ​លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​ស្ដារ​ស្ថានការណ៍​សិទ្ធិមនុស្ស និង​សិទ្ធិ​ការងារ ឱ្យ​បាន​ប្រសើរ​ឡើង​វិញ តាម​អនុសាសន៍​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ និង​សហភាព​អឺរ៉ុប៖ «ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ ប្រសិន​បើ​គេ​ឈប់​បញ្ជា​ទិញ​ហើយ យើង​មិន​អាច​នាំ​ចូល​ទៅ​បាន​ទេ។ ពេល​ហ្នឹង​កម្ពុជា​យើង​ត្រូវ​ចប់​តែ​ម្ដង ហើយ​កម្មករ​ជាង ៨០ម៉ឺន​នាក់ អត់មាន​ការងារ​ធ្វើ ហើយ​អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​តាម​រយៈ​កម្មករ​ហ្នឹង រាប់​លាន​នាក់​នឹង​មាន​ផល​ប៉ះពាល់។ អ៊ីចឹង​យើង​មើល​ឃើញ​ថា វា​មាន​ទំហំ​ធំ​ណាស់។ រដ្ឋាភិបាល​ត្រូវ​តែ​គិត​ឡើង​វិញ ជុំវិញ​បញ្ហា​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​នេះ»



ក្រុមហ៊ុន​ដែល​បាន​សម្ដែង​កង្វល់ ភាគ​ច្រើន​សុទ្ធតែ​ជា​​អ្នក​បាន​​បញ្ជា​ទិញ​ផលិត​ផលវាយនភ័ណ្ឌ​ តាំងតែ​វិស័យ​កាត់​ដេរ​កម្ពុជា ​ចាប់​កំណើត​ឡើង​នៅ​ពាក់​កណ្ដាល​ទសវត្សរ៍​ឆ្នាំ១៩៩០ មក​ម្ល៉េះ ​ហើយ​កាល​ពី​ឆ្នាំមុន ទំនាក់​ទំនង​ពាណិជ្ជកម្ម​របស់​ពួក​គេ​ជាមួយ​ក្រុមហ៊ុន​​ផ្គត់ផ្គង់​នៅ​កម្ពុជា មាន​តម្លៃ​ជាទឹក​ប្រាក់​ដល់​ទៅ ៩,៥ពាន់​លាន​ដុល្លារ​អាមេរិក (USD $9.5 billion)

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថ្លែង​ថា ក្រុមហ៊ុន​បញ្ជា​ទិញ​នឹង​មិន​បញ្ឈប់​ការ​ទាម​ទារ​នេះ​ឡើយ ដរាបណា​អនុសាសន៍​របស់​ពួក​គេ​ដែល​ចង់​ឃើញ​ភាព​ប្រសើរ​ឡើង​នៃ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​នៅ​កម្ពុជា មិន​ត្រូវ​បាន​អនុវត្ត​ទេ​នោះ។ លោក​មើល​ឃើញ​ថា ក្រុមហ៊ុន​ដែល​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​គ្នា​នេះ​ សុទ្ធ​សឹង​តែ​ជា​ក្រុមហ៊ុន ដែល​បាន​បញ្ជា​ទិញ​ផលិត​ផល​ពី​កម្ពុជា ក្នុង​ចំនួន​ដ៏​ច្រើន និង​មាន​តម្លៃ​ថ្លៃ មិន​មែន​ជា​ក្រុមហ៊ុន​ធម្មតា​នោះ​ឡើយ។ លោក​បន្ត​ថា ជាទូទៅ​ ក្រុមហ៊ុន​ច្រើន​តែ​ផ្ដោត​ទៅលើ​ប្រាក់​ចំណេញ និង​ឱកាស​វិនិយោគ​កាន់​តែ​ច្រើន ក៏​ប៉ុន្តែ​ក្នុង​ករណី​កម្ពុជា ក្រុមហ៊ុន​ទាំង​នោះ​ក៏​ត្រូវ​ផ្ដោត​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​សិទ្ធិ​ការងារ​ជា​ចម្បង​ផង​ដែរ ដើម្បី​រក្សា​កេរ្តិ៍​ឈ្មោះ​របស់​ពួក​គេ។ លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា ព្យាយាម​រក​ដំណោះ​ស្រាយ​យ៉ាង​ណា ​ឱ្យ​កម្ពុជា​នៅ​តែ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​អនុគ្រោះ​ពន្ធ​លើ​ទីផ្សារ​អឺរ៉ុប និង​អាមេរិក តទៅទៀត៖ «នេះ​ជា​ឥរិយាបថ​មួយ​ល្អ​បំផុត​ហើយ ដែល​គេ​បង្ហាញ​ឱ្យ​យើង​ឃើញ ព្រោះ​អ្នក​បញ្ជាទិញ​ខ្លះ គេ​មិន​ទាំង​បង្ហាញ​ផង។ នៅ​ពេល​គេ​ដក ដក​គ្រឹប ពេល​គេ​ដាក់ ដាក់​គ្រឹប។ អ៊ីចឹង​អា​ហ្នឹង​ពិបាក​វិញ​ទេ។ ខ្ញុំ​មើល​ទៅ​ គឺ​ពួក​គេ​ដូច​ជា​នៅ​តែ​មាន​មនោសញ្ចេតនា​ក្នុង​ការ​បន្ត​ការងារ​ ឬក៏​វិនិយោគ​នៅ​ស្រុក​ខ្មែរ​តទៅទៀត។ អ៊ីចឹង​បាន​ថា ឱកាស​នេះ បើ​យើង​មាន EBA និង GSP បន្ត​ទៀត​ល្អ មាន​ន័យ​ថា ខាង​គេ​កាន់​តែ​គំហុក​មក​ស្រុក​យើង​កាន់​តែ​ច្រើន។ តែ​បើ​អត់​មាន មានន័យ​ថា គេ​អាច​នឹង​ពិចារណា ឬ​យើង​អាច​នឹង​ប្រឈម​អ្វី​ផ្សេង ដែល​យើង​មិន​អាច​ទស្សន៍ទាយ​ដឹង​ថា ទំហំ​យ៉ាង​ម៉េច​ទេ»

កាល​​ពី​ចុង​ឆ្នាំ២០១៨ កន្លងទៅ តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ធំៗ បាន​អំពាវនាវ​ឱ្យ​របប​លោក​ក្រុងភ្នំពេញ ទម្លាក់​ចោល​បទ​ចោទ​ប្រកាន់​បែប​នយោបាយ​ប្រឆាំង​នឹង​ថ្នាក់​ដឹក​នាំ​សហជីព។ បន្ថែម​ពី​លើ​នេះ ពួកគេ​បាន​ជំរុញ​ឱ្យ​របប​លោក ហ៊ុន សែន ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព និង​បទបញ្ញត្តិ​ទាំង​ឡាយ ដែល​រារាំង​កម្មករ​មិន​ឱ្យ​បង្កើត និង​ចូលរួម​ជាមួយ​សហជីព​បាន​​ដោយ​សេរី។ ពួក​គេ​ក៏​បាន​ដាស់តឿន​របប​ក្រុង​ភ្នំពេញ​ឱ្យ​​អនុវត្ត​សិទ្ធិ​ការងារ​ឱ្យ​បាន​ល្អ​ប្រសើរ​ផង​ដែរ ដើម្បី​ឱ្យ​ចំណែក​ទីផ្សារ​កម្ពុជា​អាច​រីកចម្រើន​ឡើង និង​មាន​និរន្ត​ភាព។ ពួកគេ​បាន​ព្រមាន​ចំៗ ថា ប្រសិនបើ​កម្ពុជា​ពិតជា​​ចង់​រក្សា​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុន​ម៉ាក​យីហោ​អន្តរជាតិ​ល្បីៗ មែន​នោះ របប​នេះ​ត្រូវ​តែ​គោរព​ឱ្យ​បាន​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ។

ទោះ​ជា​យ៉ាង​ណា ជា​ច្រើន​ខែ​មក​នេះ របប​ក្រុង​ភ្នំពេញ​មិន​បាន​ឆ្លើយ​តប​ឱ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​សំណើ​ទាំង​នេះ​ឡើយ ហើយ​អ្វី​ដែល​របប​នេះ​កំពុង​ធ្វើ​នោះ គឺ​ការ​អនុវត្ត​កំណែទម្រង់​ទាក់​ទាញ​ចិត្ត​អ្នក​វិនិយោគ​ទៅ​វិញ។ ក្រៅ​ពី​នេះ របប​ក្រុង​ភ្នំពេញ​ក៏​បាន​ស្វះ​ស្វែង​រក​អន្តរាគមន៍​ពី​ប្រទេស​ចិន​ ដើម្បី​ឱ្យ​ជួយ​ទប់​ទល់​នឹង​ស្ថានភាព​ដែល​កម្ពុជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​ទីផ្សារ​សហភាព​អឺរ៉ុប​ផង​ដែរ។

សហជីព​ឯករាជ្យ និង​អ្នក​ឃ្លាំមើល​សង្គម​យល់​ឃើញ​ស្របគ្នា​ថា ប្រទេស​ចិន​នឹង​មិន​មាន​លទ្ធភាព​ស្រោច​ស្រង់​ស្ថានការណ៍​ដែល​កម្ពុជា​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នោះ​ឡើយ។ ពួក​គេ​ថា ​ដំណោះស្រាយ​តែមួយ​គត់​ដែល​ត្រូវ​ធ្វើ​នោះ គឺ​ការ​ស្ដារ​ប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​ឡើង​វិញ ប្រសិនបើ​របប​ក្រុង​ភ្នំពេញ ឱ្យ​តម្លៃ​លើ​ផល​ប្រយោជន៍​ជាតិ​ជាធំ និង​គិត​គូរ​វែង​ឆ្ងាយ​ដល់​អនាគត​របស់​ពលរដ្ឋ​ខ្លួន​ឯង​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។