UNDP រក​ឃើញ​​ថា វិបត្តិ​ជំងឺ​កូវីដ​-១៩ បណ្តាល​​ឱ្យ​កម្ពុជា​​បាត់បង់​​រំហូរ​ហិរញ្ញប្បទាន​​សរុប​​ប្រមាណ ៣,៦ ពាន់លាន​ដុល្លារ​ក្នុង​​ឆ្នាំ​២០២០​

0:00 / 0:00

អង្គការ​​កម្មវិធី​​អភិវឌ្ឍន៍​​សហប្រជាជាតិ យូអិនឌីភី (UNDP) ប្រចាំ​កម្ពុជារកឃើញថា វិបត្តិ​ជំងឺកូវីដ១៩ បាន​បណ្តាល​ឱ្យ​កម្ពុជា​បាត់បង់រំហូរ​ហិរញ្ញប្បទាន​សរុប​ប្រមាណ ៣ពាន់​ ៦រយ​លាន​ដុល្លារ ក្នុង​ឆ្នាំ២០២០ កន្លងទៅ។ អង្គការ​ដដែល​នេះ​ថា ចំណូល​ក្នុងស្រុក​កាន់តែ​ក្លាយ​ជា​ប្រភព​ហិរញ្ញប្បទាន​សំខាន់​បំផុត​សម្រាប់​ការអភិវឌ្ឍន៍​ជាតិ។ អ្នកជំនាញ​លើកឡើង​ថា កម្ពុជា​ចាំបាច់​ត្រូវ​ពង្រឹង​សេដ្ឋកិច្ច​វិស័យ​ឯកជន​ឱ្យ​បាន​កាន់តែ​រឹងមាំ និង​ធន់​បន្ថែមទៀត ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ជាតិ ជាពិសេស​ស្របពេល​ដែល​វិបត្តិ​ជំងឺកូវីដ១៩ កំពុង​អូសបន្លាយ ខណៈ​ចំណូល​ពី​វិស័យ​សាធារណៈ​របស់​រដ្ឋ​កំពុង​ធ្លាក់ចុះ។

ការបាត់បង់​រំហូរ​ហិរញ្ញប្បទាន​នៅ​កម្ពុជា​រហូតដល់​ទៅ​ប្រមាណ ៣ពាន់ ៦រយ​​លាន​ដុល្លារ​នេះ គឺ​ស្មើនឹង​ជិត ២០% (១៩,៨%) នៃ​រំហូរ​ហិរញ្ញវត្ថុ​សរុប​សម្រាប់​ឆ្នាំ២០២០ ដែល​​កម្ពុជា​គួរ​សម្រេច​បាន​ជាង ១៨ពាន់​លាន​ដុល្លារ (១៨,២២ ពាន់​លាន​ដុល្លារ) ប្រសិន​បើ​គ្មាន​វិបត្តិ​ជំងឺកូវីដ១៩។ នេះ​បើ​ផ្អែក​តាម បាយការណ៍​ចុងក្រោយ​របស់​អង្គការ​យូអិនឌីភី ស្តីពី «ការវាយតម្លៃ​លើ​ធនធាន​ហិរញ្ញប្បទាន​សម្រាប់​ការអភិវឌ្ឍ​នៅ​កម្ពុជា» ទើប​នឹង​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១៦ ខែ​កក្កដា។

បើ​តាម​អង្គការ​យូអិនឌីភី ប្រភព​ហិរញ្ញប្បទាន​ចម្បងៗ ​ដែល​កម្ពុជា​អាច​ទទួលបាន​រួមមាន៖ ចំណូល​ក្នុង​ស្រុក វិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) ការវិនិយោគ​របស់​វិស័យ​ឯកជន​ក្នុងស្រុក ការផ្ញើប្រាក់​ពី​ពលរដ្ឋខ្មែរ​នៅ​ក្រៅប្រទេស កម្ចីជំនួយ​ឥត​សំណង អង្គការ​មិនមែន​រដ្ឋាភិបាល កិច្ចសហប្រតិបត្តិការ South-South Cooperation និង​មូលនិធិ​អាកាសធាតុ​ជាដើម។ អង្គការ​នេះ​វាយតម្លៃ​ថា ប្រភព​ហិរញ្ញប្បទាន​ដែល​រង​ផលប៉ះពាល់​ខ្លាំង​ជាងគេ រួមមាន ចំណូល​នៅក្នុង​ស្រុក ការវិនិយោគ​ដោយ​ផ្ទាល់​ពី​បរទេស (FDI) និង​ការវិនិយោគ​ក្នុងស្រុក​ពី​ប្រភព​ឯកជន។

អង្គការ​នេះ រកឃើញថា នៅឆ្នាំ២០២០ ដោយសារតែ​ផលប៉ះពាល់​នៃ​វិបត្តិ​ជំងឺកូវីដ១៩ ចំណូល​ក្នុងស្រុក​របស់​រដ្ឋ​បាន​ធ្លាក់ចុះ​ជាង ២៣% (-២៣,៦%) ការវិនិយោគ​ផ្ទាល់​ពី​បរទេស (FDI) បាន​ធ្លាក់ចុះ ៣១% (-៣១%) រីឯ​ការវិនិយោគ​របស់​វិស័យ​ឯកជន​ក្នុងស្រុក​បាន​ធ្លាក់ចុះ​ជាង ១៦% (-១៦,៣%)។ ដោយឡែក​ការផ្ញើ​ប្រាក់​របស់​ពលរដ្ឋ​ខ្មែរ​ជាពិសេស​ពលករ​ខ្មែរ​នៅ​ក្រៅប្រទេស បាន​ធ្លាក់ចុះ​មកនៅ​ជាង ១ពាន់ ៣រយ​​លាន​ដុល្លារ (១.៣០៦ លាន​ដុល្លារ) ដែល​គួរ​តែ​ទទួល​បាន​ជាង ១ពាន់ ៦រយ​​លាន​ដុល្លារ (១.៦៣៦,៩) ប្រសិន​បើ​គ្មាន​វិបត្តិ​កូវីដ១៩។

នាយក​អង្គការ​យូអិនឌីភី​ប្រចាំកម្ពុជាលោក នីក បេរេសហ្វ័ដ (Nick Beresford) មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ប្រភព​ចំណូល​ក្នុង​ស្រុក​កាន់​តែ​​មាន​សារៈសំខាន់​ខ្លាំងឡើងៗ ហើយ​កម្ពុជា​អាច​ងើប​ចេញ​ពី​ឋានៈ​ជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍ​តិចតួច​នៅ​ចុង​ទសវត្សរ៍ ២០២០។ លោកថា ពេលនោះហើយ គឺជា​ពេលវេលា​ដែល​កម្ពុជា​ត្រូវ​ត្រៀម​ប្រភព​ហិរញ្ញប្បទាន​ថ្មី​ផ្សេងៗទៀត ដូចជា​លទ្ធភាព​នៃ​ការចេញ​សញ្ញាប័ណ្ណ​ជា​ប្រាក់រៀល ជាដើម។

រីឯ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក រស់ សីលវ៉ា ថ្លែង​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​ថា រដ្ឋាភិបាល​កំពុង​ពិចារណា​កៀរគរ​ប្រភព​ហិរញ្ញប្បទាន​ផ្សេងទៀត ដោយ​មាន​គម្រោង​ផ្សព្វផ្សាយ​ផែនការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​ក្រោយ​វិបត្តិ​ជំងឺកូវីដ១៩ សម្រាប់​ឆ្នាំ២០២១-២០២៣។

ជុំវិញ​ការរកឃើញ​អំពីការ​បាត់បង់​រំហូរ​ហិរញ្ញប្បទាន​នៅ​កម្ពុជា​រហូតដល់​ទៅ​ប្រមាណ ៣,៦ ពាន់​លាន​ដុល្លារ​ដោយសារ​តែ​វិបត្តិ​ជំងឺកូវីដ១៩នេះ នាយក​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI) បណ្ឌិត ឈាង វណ្ណារិទ្ធិ មាន​ប្រសាសន៍​ថា សេដ្ឋកិច្ច​កម្ពុជា​អាច​នឹង​រឹងមាំ និង​ធន់​បាន ប្រសិន​បើ​វិស័យ​ឯកជន​នៅ​កម្ពុជា​ខ្លាំង៖ « ក្នុង​សម័យ​វិបត្តិ គឺ​យើង​ធ្វើម៉េច​បើ​ផ្នែក​ឯកជន​ខ្លាំង សេដ្ឋកិច្ច​យើង​អាច​នៅ​ដំណើរការ​បាន ពីព្រោះថា សេដ្ឋកិច្ច​សាធារណៈ​រាង​យ៉ាប់ហើយ​ក្នុង​កាលៈទេសៈ​វិបត្តិ។ ចំណូល​ពន្ធ ចំណូល​អីហ្នុង​ក៏ប៉ះពាល់។ ដូច្នេះ បើ​យើង​មាន​វិស័យ​ឯកជន​មួយ​ដែល​រឹងមាំ ហើយ​ធន់​ទៅទៀត អញ្ចឹង​យើង​អាច​ទប់​នូវ​វិបត្តិ​នឹង​បាន​គួរសម​ដែរ »

បណ្ឌិត ឈាង វណ្ណារិទ្ធិ បន្តថា បញ្ហា​ប្រឈម​សម្រាប់​វិស័យ​ឯកជន​នៅ​កម្ពុជា​នាពេល​នេះ គឺ​ប្រមូលផ្តុំ​តែ​ទៅលើ​​វិស័យ​មួយ​ចំនួន ជាពិសេស​ទៅលើ​វិស័យ​អចលនទ្រព្យ និង​ដីធ្លី ដែល​វិស័យ​ទាំងនេះ​មិន​បាន​បង្កើត​ជា​ផលិតផល ឬ​សេវាកម្ម​ណាមួយ​ទៅដល់​សេដ្ឋកិច្ច​នោះទេ តែ​គ្រាន់តែ​ជា​ការប៉ាន់ស្មាន ឬ​ប្រមើលមើល​ថា​ អាចនឹង​មាន​ហាងឆេង​នាពេល​អនាគត​ប៉ុណ្ណោះ។ លោក​មើលឃើញ​ថា ការផ្តោតតែ​ទៅលើ​វិស័យ​នេះ មិន​បង្ក​លក្ខណៈ​យូរអង្វែង​ដល់​សេដ្ឋកិច្ច​ជាតិ​នោះទេ តែ​អាច​បង្ក​ជា​ហានិភ័យ​ខ្ពស់​ទៅវិញ។ រីឯ វិស័យ​ទេសចរណ៍​ទៀតសោត លោកថា ក៏រង​ការប៉ះ​ទង្គិច​ខ្លាំង ខណៈ​វិស័យ​កសិកម្ម​ដែល​រដ្ឋ​រំពឹង​ថា មាន​ភាពធន់​ស៊ាំ​នឹង​វិបត្តិ​កូវីដ-១៩ ក៏​នៅ​មាន​កម្រិត​នៅឡើយ​ដោយសារតែ​កម្ពុជា​នៅ​ខ្សោយ​ក្នុងការធ្វើ​កសិឧស្សាហកម្ម ឬ​កង្វះ​ការកែច្នៃ។ លោក​ផ្តល់​អនុសាសន៍​ថា កម្ពុជា​អាច​ឈាន​ទៅ​​ចាប់​យក​ការអភិវឌ្ឍ​លើ​វិស័យ​បច្ចេកវិជ្ជា​បៃតង ឬ Green Technology ដែល​​អាច​​បង្កើត​​ជា​សក្តានុពល​ដល់​សេដ្ឋកិច្ច​ជាតិ​នាពេល​អនាគត​បាន៖ « វិស័យ​មួយ​ទៀត​ដែល​ខ្ញុំ​មើលឃើញ​ថា វា​អាច​មាន​សក្តានុពល​គឺ Green Technology ។ ឃើញ​ការផលិត និង​ការនាំចេញ solar panel ឃើញ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ដែរ។ ឆ្នាំទៅ​ដូចបាន​ជា​ជាង ១០០លាន​អីដែរ។ បើប្រៀបធៀប​ជាមួយ​នឹង​វិស័យ​ផ្សេងៗ វា​នៅ​មាន​ភាគរយ​ទាប ក៏បុន្តែ​យើងឃើញ​ថា ឥឡូវ​ចលនា​ពិភពលោក​វាទៅ Green Technology ហើយនឹង Green Development ។ អញ្ចឹង បើ​ខ្មែរយើង leapfrog ទៅ​បច្ចេកវិជ្ជា​បៃតង​នេះ ខ្ញុំ​គិតថា​ យើង​មាន​ឱកាស​បង្កើត​ការងារ​ផង ហើយនឹង​សក្តានុពល​នាំចេញ​ផង »

បណ្ឌិត ឈាង វណ្ណារិទ្ធិ វាយតម្លៃ​ថា ស្របពេល​ដែល​វិបត្តិ​ជំងឺកូវីដ១៩ កំពុង​អូសបន្លាយ​នាពេល​បច្ចុប្បន្ន​នេះ កម្ពុជា​ទំនងជា​ពិបាក​សម្រេច​បាន​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្តរភាព (SDGs) របស់​អង្គការ​សហប្រជាជាតិ ឱ្យបាន​ត្រឹមឆ្នាំ២០៣០ ​ខាងមុខ​នេះ​ណាស់ ជាពិសេស​គោលដៅ​បញ្ចប់​ភាពក្រីក្រ​ឱ្យ​បាន​ជាស្ថាពរ សម្រេច​សមភាព​យេនឌ័រ និង​ការអបរំ​ប្រកបដោយ​គុណភាព​សម្រាប់​មនុស្ស​គ្រប់រូប។

របាយការណ៍​អង្គការ​យូអិនឌីភី ឱ្យ​ដឹងថា ដោយសារតែ​វិបត្តិ​ជំងឺកូវីដ១៩ ក្នុងឆ្នាំ២០២០​កន្លងទៅ មាន​កម្មករ​រោងចក្រ​កាត់ដេរ ស្បែកជើង និង​ផលិតផល​ធ្វើដំណើរ​ជាង ១សែន ​៥ម៉ឺន​នាក់ (១៥០.០០០) បាន​បាត់បង់​ការងារធ្វើ។ ពលករ​ចំណាកស្រុក​ខ្មែរ ប្រមាណ​ជាង ៩ម៉ឺន​នាក់ (៩០.០០០) បាន​ត្រលប់​មក​ស្រុក​កំណើត​វិញ ខណៈ​អ្នកបម្រើ​ការងារ​ខាងវិស័យ​ទេសចរណ៍​ប្រមាណ​ជាង ១ម៉ឺន​ ៧ពាន់​នាក់ (១៧.០០០) បាន​បាត់បង់​ការងារធ្វើ។ អង្គការ​នេះថា នេះ​គេនៅ​មិនទាន់​ដឹង​ពី​តួលេខ​ជាក់លាក់​នៃ​ពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​ពី​វិស័យ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​នៅឡើយផង។

អង្គការ​យូអិនឌីភី ផ្តល់​អនុសាសន៍​ថា រដ្ឋាភិបាល​គួរ​ពង្រឹង​យន្តការ និង​សមត្ថភាព​ប្រមូល​ចំណូល អនុវត្ត​ការយកពន្ធ​ឱ្យ​បាន​តឹងរ៉ឹង​លើ​វិស័យ ឬ​ផលិតផល​ដែល​បង្ក​ផលប៉ះពាល់​ដល់​សង្គម​មាន ​ដូចជា ការលេងល្បែង​ស៊ីសង ឬ​កាស៊ីណូ ថ្នាំជក់ និង​គ្រឿងស្រវឹង ស្តា​កម្រិត​វិនិយោគ​ក្នុងស្រុក​របស់​វិស័យ​ឯកជន និង​វិនិយោគ​ផ្ទាល់​ពី​បរទេស ព្រមទាំង​ការកែ​លម្អ​ការកសាង​សមត្ថភាព និង​ការកែទម្រង់​ស្ថាប័ន​រដ្ឋ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។