សហជីពបារម្ភពីសុខភាពរបស់កម្មកររោងចក្រ ដែលបណ្ដាលមកពីការទទួលទានមិនបានគ្រប់គ្រាន់ និងមានជាតិគីមី ដែលបណ្ដាលឱ្យពួកគាត់ធ្លាក់ខ្លួនឈឺ ស្របពេលដែលជីវភាពកំពុងមានភាពយ៉ាប់យ៉ឺន។ ពួកគាត់ស្នើឱ្យរដ្ឋាភិបាលលើកកម្ពស់ជីវភាពកម្មករតាមរយៈការដំឡើងប្រាក់ខែគោល និងផ្សព្វផ្សាយការយល់ដឹងឱ្យពួកគាត់យកចិត្តទុកដាក់លើការរៀបចំរបបអាហារ។
សហជីពបារម្ភថា ដោយសារកម្រៃប្រាក់ឈ្នួលតិច និងជាប់កាតព្វកិច្ចសងបំណុលធនាគារ កម្មកររោងចក្រកាត់ដេរមួយចំនួន ហាក់មិនសូវខ្វល់ខ្វាយពីបញ្ហារបបអាហារ សុខភាពនោះទេ។
ប្រធានសហជីពស្មារតីកម្មករនៃរោងចក្រសិនតៃ ហ្គាមែន ខេមបូឌា (Zhen Tai Garment Cambodia) លោក គឹម សុភេន ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២១ តុលា ថា ការទទួលទានអាហាររបស់កម្មកររោងចក្រកាត់ដេរ ភាគច្រើនគឺដើម្បីតែបំពេញក្រពះ និងការស្រេកឃ្លានប៉ុណ្ណោះ ដោយពួកគាត់មិនបានគិតគូរពីផលប៉ះពាល់សុខភាព ឬសារធាតុចិញ្ចឹមឡើយ។ លោកបន្តថា ដោយសារតែការបរិភោគអាហារមិនសមរម្យ កម្មករភាគច្រើនបានផឹកភេសជ្ជៈកំប៉ុង ដើម្បីបំពេញថាមពល និងកាត់បន្ថយការងងុយដេក ដែលធ្វើឱ្យកម្មករមួយចំនួន មានជំងឺរលាកក្រពះ និងលើសជាតិស្ករជាដើម។ លោកបញ្ជាក់ថា ជាមធ្យម កម្មករខ្លះ ផឹកភេសជ្ជៈប៉ូវកម្លាំង១ កំប៉ុងក្នុងមួយថ្ងៃ ខ្លះ ២កំប៉ុង និងខ្លះទៀតរហូតដល់ ៣កំប៉ុងក្នុងមួយថ្ងៃ។
លោក គឹម សុភេន៖ «សម្រាប់ម្ហូបអាហារដឹងស្រាប់ហើយ នៅតាមរោងចក្រមិនជាល្អអ្វីប៉ុន្មានទេ។ បើធៀបនឹងការចំណាយរបស់គាត់ ម៉េចគាត់ហ៊ានហូបរបស់ល្អៗច្រើនអ្វីដែលឆ្ងាញ់ៗទៅ។ គាត់ចំណាយបានត្រឹមតែម្ហូបណាដែលទប់ៗត្រឹមតែចំណូលរបស់គាត់សល់ខ្លះ ហើយគាត់បានហូបខ្លះទេ។ រឿងហូបឱ្យបានបរិបូរណ៍គ្រប់គ្រាន់ គឺមិនអាចទេ។ យើងបានរបស់ល្អៗណាហូបកើត?របស់ល្អៗវាថ្លៃ»។
នៅមុខរោងចក្រនានាក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្ដាខេត្តមួយចំនួន គេតែងឃើញមានអាជីវករលក់ចំណីអាហារ ដូចជាម្ជូរ លៀសហាល ជ្រក់ ប្រហិតចៀន ផ្លែឈើ បាយម្ហូបស្រាប់ និងភេសជ្ជៈកំប៉ុង នៅម៉ោងដែលកម្មករសម្រាកពេលថ្ងៃត្រង់ និងពេលល្ងាច។ ប៉ុន្តែតូបលក់ដូរចំណីអាហារមួយចំនួនមិនសូវមានការរៀបចំទុកដាក់ប្រកបដោយអនាម័យនោះទេ ដោយពួកគាត់ដាក់លក់នៅលើចិញ្ចើមផ្លូវ មានដីហុយ ផ្សែងឡានម៉ូតូ និងមានរុយរោមទៀតផង។ លើសពីនេះ អាជីវករខ្លះយកតែរបស់មានតម្លៃថោក មិនសូវមានគុណភាព ឬមានជាតិគីមីខ្លាំង លក់ឱ្យកម្មករដែលមានលុយកាក់តិចតួចសម្រាប់ទិញអាហារបរិភោគ។
កម្មករនៅរោងចក្រស្តារឡៃថ៏ (STARLIGHT APPAREL MANUFACTURING CO., LTD.) លោក រិន បូរ៉ា ឱ្យដឹងថា លោកបន្តថា ក្រុមកម្មកររោងចក្រ មិនមានលទ្ធភាពដើម្បីផ្លាស់ប្ដូរលក្ខខណ្ឌរបបអាហារប្រចាំថ្ងៃបានឡើយ ព្រោះលោក និងកម្មករឯទៀត ត្រូវកំណត់ការចំណាយទៅលើម្ហូបអាហារ ឱ្យតិចតួចបំផុត តាមដែលអាចធ្វើទៅបាន ដើម្បីសន្សំសំចៃប្រាក់សម្រាប់ចំណាយលើបន្ទប់ជួល ទឹកភ្លើង ការធ្វើដំណើរ សងធនាគារ និងផ្ញើទៅស្រុកកំណើត។ លោកប្រាប់ថា ជាមធ្យមកម្មករចំណាយលើបាយ និងម្ហូប ចំនួន ៣ពាន់រៀល ទៅ ៤ពាន់រៀលប៉ុណ្ណោះក្នុងមួយថ្ងៃ ដែលសម្លមួយថង់ មានតម្លៃ ១ពាន់ ទៅ១ពាន់ ៥រយរៀលប៉ុណ្ណោះ។
លោក រិន បូរ៉ា៖ «ពិបាកនិយាយណាស់បង បើសម្រាប់ពួកគាត់ៗ ហូបឱ្យតែឆ្អែតៗហ្នឹង។ សម្លមួយថង់១ពាន់ វាអត់មានរសជាតិអីដូចសម្លដែលយើងធ្វើហូបខ្លួនឯងនោះទេ។ គាត់ហូបឱ្យតែរួចមួយពេលៗហ្នឹង»។
ទោះជាយ៉ាងណា តំណាងសហជីព និងក្រុមកម្មករលើកឡើងថា កន្លងមកមន្ត្រីក្រសួងការងារ មិនធ្លាប់ចុះមកអង្កេតនៅពេលកម្មករអង្គុយបរិភោគអាហារច្រកថង់ និងប្រអប់ជុំគ្នានៅលើទីធ្លានោះទេ ជាពិសេសរដ្ឋមន្ត្រីក្រសួងការងារ លោក ហេង សួរ និងមន្ត្រីរបស់លោក ដែលបរិភោគអាហារថ្លៃៗពាសពេញតុនោះ បានត្រឹមតែទទួលទានអាហារជាមួយតំណាងសហជីព និងថ្នាក់ដឹកនាំរបស់រោងចក្រមួយចំនួនប៉ុណ្ណោះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន ដើម្បីបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ តុលា ដោយទូរស័ព្ទហៅចូលជាច្រើនដង តែពុំមានអ្នកទទួល។
ទាក់ទិនរឿងនេះ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ សង្កេតឃើញថា ការយល់ដឹងរបស់កម្មករលើរបបអាហារប្រចាំថ្ងៃនៅមានកម្រិត ដោយកម្មករមួយចំនួនជ្រើសរើសបរិភោគអាហារទិញស្រាប់ ដែលមិនសូវមានអនាម័យ និងជីវជាតិគ្រប់គ្រាន់ ខណៈមួយចំនួនត្រូវធ្វើការថែមម៉ោង ប៉ះពាល់ដល់ការសម្រាក បណ្ដាលឱ្យសុខភាពកាន់តែចុះទ្រុឌទ្រោម។ លោកបន្តថា បញ្ហាទាំងនេះ សុទ្ធសឹងបណ្ដាលមកពីកត្តាជីវភាពខ្វះខាត ដែលតម្រូវឱ្យរដ្ឋាភិបាល និងរោងចក្រ ដំឡើងប្រាក់ឈ្នួលសមរម្យដល់ពួកគាត់ ព្រមទាំងបញ្ចុះតម្លៃទំនិញលើទីផ្សារ ដើម្បីលើកកម្ពស់ជីវភាព និងសុខភាពរបស់កម្មករ។
លោក អាត់ ធន់៖ «ដោយសារពួកគាត់ចង់ថែមម៉ោង។ ប្រសិនបើមិនបានថែមម៉ោងទេ គឺគាត់អត់ចង់ធ្វើការនៅក្រុមហ៊ុនហ្នឹងទេ គឺដោយសារតែគាត់បានលុយតិចពេក។ ហើយតាមច្បាប់គឺអនុញ្ញាតឱ្យគាត់ធ្វើតែ ៨ម៉ោងទេ បើសិនជាថែមម៉ោង គឺបានត្រឹមតែ ២ម៉ោងប៉ុណ្ណោះក្នុងមួយថ្ងៃ ហើយទាល់តែមានការឯកភាពទៀត ហើយទាល់តែសុខភាពគាត់ល្អទៀត។ ប៉ុន្តែជាក់ស្ដែង គាត់បង្ខំចិត្តថែមគឺមិនមែនគាត់ចង់ធ្វើការទេ គឺគាត់ចង់បានលុយដើម្បីបង្គ្រប់ការលំបាករបស់គាត់ប៉ុណ្ណឹងឯង»។
ទន្ទឹមគ្នានេះ លោក អាត់ ធន់ បារម្ភថា ការបរិភោគអាហារគ្មានជីវជាតិ ឬមានជាតិគីមីជារៀងរាល់ថ្ងៃនេះ នឹងធ្វើឱ្យកម្មករមួយចំនួនធ្លាក់ខ្លួនឈឺ ដោយសារជំងឺលើសឈាម ទឹកនោមផ្អែម ខូចក្រលៀន ទៅថ្ងៃមុខ ខណៈមួយចំនួនខ្យល់គរសន្លប់ ឬស្លាប់តែម្នាក់ឯងនៅក្នុងបន្ទប់ជួលក៏មាន។
កាលពីថ្ងៃទី២៨ កញ្ញា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរចំនួន ៤ដុល្លារបន្ថែម ដែលសរុបប្រាក់ឈ្នួលអប្បបរមាប្រចាំខែគឺមានចំនួន ២០៤ដុល្លារសម្រាប់ឆ្នាំ២០២៤ ស្របពេលដែលកម្មករ និងសហជីពឯករាជ្យ មិនទាន់ពេញចិត្តនឹងតួលេខនេះនោះទេ។
របាយការណ៍របស់អង្គការសង់ត្រាល់ (CENTRAL) រកឃើញថា រោងចក្រមួយចំនួនបានកាត់បន្ថយបុគ្គលិកកម្មករជាមធ្យមពី ២០ទៅ ៣០ភាគរយ នៅឆ្នាំ២០២៣ នេះ ហើយកម្មករនិយោជិតមួយចំនួនធំបាត់បង់ប្រាក់ចំណូល ចន្លោះពី២៥ ទៅ ៣០ភាគរយ បើប្រៀបធៀបក្នុងឆ្នាំ២០២២ ដែលធ្វើឱ្យកម្មករត្រូវតែបង្ខំចិត្តកាត់បន្ថយរបបអាហារហូបចុកប្រចាំថ្ងៃ និងរងសម្ពាធវិបត្តិផ្លូវចិត្ត។
សហជីព និងមន្ត្រីសង្គមស៊ីវិលស្នើឱ្យរដ្ឋាភិបាលដំឡើងប្រាក់ឈ្នួលគោលដល់កម្មករបន្ថែម ដើម្បីលើកកម្ពស់ សុខភាព និងសុខុមាលភាព នៃការរស់នៅរបស់កម្មករ ដើម្បីផ្ដល់ឱ្យពួកគាត់នូវគុណតម្លៃនៃការរស់នៅសមស្របមួយក្នុងសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។