សហភាពសហជីពកម្ពុជា ដែលដឹកនាំដោយលោក រ៉ុង ឈុន គ្រោងនឹងរៀបចំសន្និសីទសារព័ត៌មានមួយស្ដីពី ''យុទ្ធនាការដើម្បីរក្សា EBA''។ សេចក្តីប្រកាសព័ត៌មានចុះថ្ងៃទី២ ខែមករា បង្ហាញថា ក្នុងការឱកាសធ្វើសន្និសីទសារព័ត៌មាននោះ ក៏មានការជម្រាបជូនអំពីលទ្ធផលនៃការប្រមូលស្នាមមេដៃរបស់កម្មករ-កម្មការិនី ក្នុងគោលបំណងអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យប្រឹងប្រែងដោះស្រាយយ៉ាងណា ដើម្បីរក្សាទុក្ខ EBA ផងដែរ សម្រាប់ទ្រទ្រង់ស្ថិរភាពកំណើនក្នុងវិស័យឧស្សាហកម្មកាត់ដេរ។
សន្និសីទនេះនឹងរៀបចំនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៣ ខែមករា នៅទីស្នាក់ការសមាគម ស្ថិតក្នុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
សហភាពអឺរ៉ុប បានព្រមានដកហូតប្រព័ន្ធអនុគ្រោះពន្ធ «គ្រប់មុខទំនិញលើកលែងសព្វាវុធ» ឬហៅកាត់ថា EBA ពីកម្ពុជា ប្រសិនបើរដ្ឋាភិបាល លោក ហ៊ុន សែន នៅតែមិនព្រមស្ដារប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនោះទេ។ ការសម្រេចជាចុងក្រោយរបស់សហភាពអឺរ៉ុបថាត្រូវព្យួរ EBA ឬយ៉ាងណានោះ នឹងធ្វើឡើងនៅខែកុម្ភៈ ឆ្នាំ២០២០។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) ធ្លាប់អះអាងថា ការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងប៉ះពាល់ដល់កម្មករប្រមាណ ៧៥ម៉ឺននាក់ រួមនឹងគ្រួសាររបស់ពួកគេប្រមាណ ៣លាននាក់ទៀត ដែលកំពុងរស់នៅពឹងផ្អែកលើឧស្សាហកម្មកាត់ដេរ។ ចំណែកសហព័ន្ធស្រូវអង្ករកម្ពុជា ក៏ព្រមានដែរថា បើសហភាពអឺរ៉ុបដកប្រព័ន្ធអនុគ្រោះពន្ធ EBA នឹងធ្វើឲ្យប៉ះពាល់ដល់ធ្ងន់ធ្ងរដល់ប្រជាកសិករខ្មែរជាងកន្លះលានគ្រួសារ ព្រមទាំងធ្វើឲ្យឧស្សាហកម្មស្រូវអង្ករនឹងត្រូវបំផ្លាញខ្ទេចខ្ចី។
ជាមួយគ្នានេះ ស្ថាប័នហិរញ្ញវត្ថុធំៗ របស់ពិភពលោក បានព្រមានថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងត្រូវធ្លាក់ចុះពី ៧ភាគរយ ក្នុងឆ្នាំ២០១៩ មកនៅត្រឹម ៦,៥% ក្នុងឆ្នាំ២០២០ ដោយសារភាពមិនប្រាកដប្រជានៃបញ្ហាព្យួរប្រព័ន្ធអនុគ្រោះពន្ធ។ ក្នុងន័យនេះ កម្ពុជានឹងត្រូវខាតបង់យ៉ាងហោចណាស់ជិត ៧០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ឬស្នើជិត ២លានដុល្លារអាមេរិកក្នុងមួយថ្ងៃ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរប្រព័ន្ធអនុគ្រោះពន្ធនេះមែន។ នេះមិនទាន់រាប់ដល់ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់សហរដ្ឋអាមេរិក នៅឡើយទេ។
ទោះយ៉ាងណាក្តី រដ្ឋាភិបាលឯកបក្សរបស់លោក ហ៊ុន សែន តែងតែប្រកាសម្ដងហើយម្ដងទៀតថា មិនខ្វល់ពីរឿងបាត់បង់ EBAនោះទេ ព្រោះរដ្ឋាភិបាលបានត្រៀមលក្ខណៈរួចរាល់ហើយ សម្រាប់ពេលវេលានៃការបាត់បង់ EBA នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។