សហជីព​កម្មករ​ទាម​ទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឱ្យ​បាន​ចំនួន ២១៨​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥

ដោយ សុជីវី
2024.08.30
សហជីព​កម្មករ​ទាម​ទារ​ឱ្យ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ឱ្យ​បាន​ចំនួន ២១៨​ដុល្លារ​សម្រាប់​ឆ្នាំ​២០២៥ កម្មកររោងចក្រមួយកន្លែងនៅរាជធានីភ្នំពេញ ចេញសម្រាក​ម៉ោងបាយថ្ងៃត្រង់ កាលពីថ្ងៃទី១ កញ្ញា ២០២៣។
រូប​៖ ពលរដ្ឋផ្ដល់ឱ្យ

ក្រុម​សហជីព​កម្មករ​ព្រមព្រៀងគ្នា​ជារួម​ថា​នឹង​ដាក់​តួលេខ​ចំនួន ២១៨​ដុល្លារ សម្រាប់​ការ​ទាមទារ​ប្រាក់​ឈ្នួល​គោល​ឱ្យ​កម្មករនិយោជិត​ក្នុង​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ផលិត​ស្បែកជើង សម្រាប់​ឆ្នាំ​២០២៥។

ការ​កំណត់​តួលេខ​ចំនួន ២១៨​ដុល្លារ នេះ​ធ្វើឡើង​ក្រោយ​សហជីព​តំណាង​ភាគី​កម្មករ​ចំនួន​១៧ បាន​ជួប​ប្រជុំ​គ្នា​កំណត់​តួលេខ​ប្រាក់​ឈ្នួល​គោល ដើម្បី​ត្រៀមខ្លួន​ចូល​ចរចា​ជាមួយ​ភាគី​តំណាង​និយោជក និង​ភាគី​រដ្ឋាភិបាល នៅ​ថ្ងៃទី​២៩ ខែ​សីហា។

ក្រុម​សហជីព​កម្មករ​រំពឹង​ថា កិច្ចប្រជុំ​ត្រីភាគី ដែល​នឹង​ធ្វើជា​បន្តបន្ទាប់​នៅក្នុង​ខែកញ្ញា​ខាងមុខ​នឹង​ព្រមព្រៀង​ផ្ដល់​ប្រាក់​ឈ្នួល​គោល​សម្រាប់​កម្មករ​នៅក្នុង​ឆ្នាំ​២០២៥​ខាងមុខ​ឱ្យ​បាន​២១៨​ដុល្លារ​ទៅតាម​ការ​ទាមទារ​របស់​ក្រុម​សហជីព។

តាម​គម្រោង​កិច្ចប្រជុំ​ត្រីភាគី​ចរចា​ប្រាក់​ឈ្នួល​នឹង​ធ្វើ​ជា​លើក​ទី​២ នៅ​ថ្ងៃទី​២៩ ខែ​សីហា ស្អែក​នេះ ហើយ​ការចរចា​នឹង​បញ្ចប់​នៅ​ចុងខែ​កញ្ញា ដើម្បី​កំណត់​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​២០២៥។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា តួលេខ ២១៨ ដែល​សហជីព​ទាមទារ​នេះ ទទួល​បាន​ការព្រមព្រៀង​គ្នា​ជា​ឯកច្ឆន្ទ​ក្នុងចំណោម​តំណាង​សហជីព​កម្មករ​ចំនួន​១៧ ដែល​ជា​អ្នក​ត្រូវ​ចូលរួម​ចរចា​ត្រីភាគី​។ លោក ស៊ីណា បន្ត​ថា ភាគី​សហជីព​បាន​ផ្អែកលើ​កត្តា​សំខាន់ៗ​ចំនួន​រួម​ទាំង​លក្ខខណ្ឌ​ជីវភាព​កម្មករ​ផង ដើម្បី​សម្រេច​ដាក់​តួលេខ​ថ្មី​នេះ​។​

លោក ប៉ាវ ស៊ីណា៖ «រួមទាំង​យើង​ក៏​មាន​យើង​ក៏​មាន​របាយការណ៍​មួយ​ចំនួន ដែល​ជា​របាយការណ៍​របស់​ភាគី​សហជីព ដែល​យើង​មើល​ឃើញ​ថា ការ​រក​ឃើញ​វា​មិន​ខុសគ្នា​ប៉ុន្មាន​ឡើយ​គឺ​លម្អៀង​គ្នា​បន្តិចបន្តួច​។ ដូច្នេះ​សហជីព​យើង​រំពឹង​ទុក​ថា តួលេខ​សម្រាប់​ចរចា​ឆ្នាំ​២០២៥​នេះ​អាច​មាន​លទ្ធភាព​អាច​មាន​លទ្ធភាព​ល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២៤​នេះ»

ក្នុង​ឆ្នាំ ២០២៤​នេះ ប្រាក់​ឈ្នួល​គោល ឬ​ប្រាក់​ឈ្នួល​អប្បបរមា​របស់​កម្ម​ករ​មាន​ចំនួន ២០៤ ដុល្លារ បើ​ប្រៀបធៀប​នឹង​តួលេខ​ថ្មី ២១៨ នេះ​មានន័យថា ប្រាក់​ឈ្នួល​គោល​កម្មករ​អាច​ឡើង​បាន​១៤ ដុល្លារ​ប្រសិនបើ​មានការ​ព្រមព្រៀងគ្នា។

សហជីព​អះអាង​ថា ដើម្បី​កំណត់​តួលេខ​ថ្មី​នេះ ពួកគេ​បាន​ពិនិត្យមើល​លើ​លក្ខណវិនិច្ឆ័យ​ចំនួន​៧ ដែល​រួមមាន​៖ កត្តា​សង្គម ដែល​សំដៅ​ទៅលើ​ចំនួន​សមាជិកគ្រួសារ​ដែល​កម្មករ​ត្រូវ​រ៉ាប់រង អតិផរណា និង​ការ​ចំណាយ​លើ​ការរស់នៅ កត្តាសេដ្ឋកិច្ច ផលិតភាព ភាព​ប្រកួតប្រជែង ទីផ្សារ​ការងារ និង​ប្រាក់ចំណេញ​ខាង​វិស័យ​។ ក្នុង​ផ្នែក​អតិផរណា​គ្រប់​ភាគី​បាន​រក​ឃើញ​ថា នឹង​មាន​ចំនួន ២,% ក្នុង​ឆ្នាំ​២០២៥ ផ្នែក​ផលិតភាព​គឺ​មាន ២,% និង​ប្រាក់ចំណេញ​ខាង​វិស័យ ខាង​សហជីព​ទាមទារ​ឱ្យ​ផ្ដល់​ឱ្យ​កម្មករ​ចំនួន​២% ដែរ។

វិទ្យុ​អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង​តំណាង​ភាគី​និយោជក និង​តំណាង​ភាគី​រដ្ឋាភិបាល ដើម្បី​សុំ​ការ​ឆ្លើយ​តប​នឹង​ការ​ទាមទារ​របស់​ក្រុម​សហជីព​នេះ​បាន​នៅឡើយ​ទេ​នៅ​ថ្ងៃទី២៨ ខែ​សីហា។

បើ​ទោះជា​យ៉ាងណា​តួលេខ​២១៨​នេះ​នៅ​មិនទាន់​អាច​ចាត់ទុកថា ជា​ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករនិយោជិត​នៅឡើយ​ទេ។

អនុប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា ហៅ​កាត់​ថា ស៊ី​ខៅឌូ CCAWDU លោក អាត់ ធន់ លើកឡើង​ថា ការសិក្សា​របស់​សហជីព​បាន​រក​ឃើញ​ថា ប្រាក់​ឈ្នួល​សមរម្យ​សម្រាប់​កម្មករ​ក្នុង​ឆ្នាំ​២០២៥ គឺ​គួរ​បន្ថែមចំនួន​២៥ ដុល្លារ​ទៅលើ​ប្រាក់​ឈ្នួល​ក្នុង​ឆ្នាំ​២០២៤ ដែល​មាន​ស្រាប់​ចំនួន ២០៤ ដុល្លារ។

«សម្រាប់​កម្មករ​យើង​ពេល​បច្ចុប្បន្ន​នេះ បើ​មិន​មាន​ប្រាក់​ឈ្នួល​២៣០ ឬក៏​២៥០ ដុល្លារ​ទេ​គឺ​ចាយ​មិន​គ្រាន់​ទេ​។ អ្វី​ដែល​គាត់​មាន​ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​គាត់​ធ្វើការ​បន្ថែម​ម៉ោង ឬក៏​គាត់​ធ្វើការ​ស៊ី​បុង ឬក៏​គាត់​ថែម​វេន ដើម្បី​យក​លុយ​បង្គ្រប់ ដែល​មិនមែន​គាត់​ចង់​ធ្វើការ​ថែម​ម៉ោង​ទេ ប៉ុន្តែ​គឺ​គាត់​ចង់បាន​លុយ​បន្ថែម​ហ្នឹងឯង»

ជា​ញឹកញយ​ក្រុម​កម្មករ​ត្អូញត្អែរ​ថា ពួកគាត់​ខិតខំ​ធ្វើការ​ថែម​ម៉ោង​ច្រើន​ទើប​អាច​បាន​ប្រាក់កម្រៃ​បន្ថែម​តិចតួច​ផ្គត់ផ្គង់​គ្រួសារ​។ ពួកគាត់​អះអាង​ទៀត​ថា ប្រាក់​ឈ្នួល​គោល​បើ​អាច​ដំឡើង​បាន ២៥០ ដុល្លារ​ក្នុង​មួយ​ខែ​ទើប​អាច​ឱ្យ​ពួក​គាត់​រស់​បាន​សមរម្យ​ស្របតាម​តម្លៃ​ទំនិញ​តាម​ទីផ្សារ​។ គិត​ត្រឹម​ចុងឆ្នាំ​២០២៣ មាន​កម្មករ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ស្បែកជើង​ជាង​៧​សែន​នាក់​ដែល​ភាគច្រើន​ជា​ស្ត្រី​។ ប្រាក់ចំណូល​របស់​កម្ម​ករ​ក្នុង​វិស័យ​នេះ​បាន​រង​ផល​ប៉ះពាល់ នៅ​ក្រោយ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ចំនួន ២០​ភាគរយ​ក្នុង​ឆ្នាំ​២០២០ ហើយ​ក្នុង​ឆ្នាំ​ដដែល​នោះ​សហរដ្ឋអាមេរិក​បាន​ផ្អាក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (GSP) ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​វិនិយោគ​ទុន​ក្នុង​វិស័យ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។