សហជីព​​មាន​​ទឡ្ហីករណ៍​មួយ​ទៀត​ដែល​បង្ហាញ​ថា ​និយោ​ជកមាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​គោល​ឱ្យ​កម្មករ​ឆ្នាំ​២០២២

ដោយ ម៉ៅ សុធានី
2021.09.19
សហជីព​​មាន​​ទឡ្ហីករណ៍​មួយ​ទៀត​ដែល​បង្ហាញ​ថា ​និយោ​ជកមាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​គោល​ឱ្យ​កម្មករ​ឆ្នាំ​២០២២ លោក អាត់ ធន់ ប្រធាន​​​​​សហភាព​ការងារ​កម្ពុជា និងកម្មករកាត់ដេរនៅកម្ពុជា។
រូប៖ RFA

មេដឹក​នាំ​សហជីព​មាន​ហេតុ​ផល​មួយ​ទៀត​ដែល​បង្ហាញ​ថា និយោជកមាន​លទ្ធភាព​ដំឡើង​ប្រាក់​ខែ​គោល​ឱ្យ​កម្មករ​ឆ្នាំ​២០២២ ដែល​ស្រប​ទៅ​នឹងរបាយ​ការណ៍​ស្រាវ​​ជ្រាវ​​របស់​សហជីព។​ ពួក​គេ​លើក​ឡើង តាម​ការ​អះ​អាងរបស់​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ប្រកាស​ថា​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​អ៊ីប៊ីអេ (EBA) មិន​សំខាន់​សម្រាប់​កម្ពុជា​តទៅ​ទៀត​ទេ ព្រោះ​រោង​ចក្រ សហ​គ្រាស និង​វិស័យ​កាត់​ដេរ​ដំណើរ​ធម្មតា​ដោយ​អ្នក​បញ្ជា​ទិញ​និង​នាំ​ចេញ​កើន​ឡើង។

មន្រ្តី​​សហជីព​​ថា​កត្តា​សេដ្ឋកិច្ច​និង​សង្គម និង​ការ​អះអាង​ប្រមុខ​រដ្ឋា​ភិបាលបង្ហាញ​ថា ​នយោជក​ពិត​ជា​មាន​លទ្ធភាព​ដំឡើង​ប្រាក់​ឈ្នួល​បាន​ជាង​២២ដុល្លារ​អាមេរិក​ដល់​​កម្មករ​​វិស័យ​​វាយ​​នភណ្ឌ និង​ផលិត​ស្បែក​​ជើង​ឆ្នាំ​បន្ទាប់ដោយ​មិន​ប៉ះ​ពាល់​និយោជក​ឡើយ​ ដោយ​យោង​តាម​បញ្ហា​​ជាក់​​ស្តែង​​និង​​ហេតុ​ផល​ត្រឹម​ត្រូវ។

ប្រធាន​​​​​សហភាព​ការងារ​កម្ពុជាលោក អាត់ ធន់ មាន​​​ប្រសាសន៍​​ការ​ចរចាប្រាក់​ឈ្នួល​គោល​សម្រាប់​ឆ្នាំ​២០២២ សហជីព​ផ្អែក​លើ​បញ្ហា​អតិផរ​ណា​លើ​ទីផ្សារ​កើនឡើង​​ ២,% តម្រូវ​ការ​រស់​នៅ​របស់​កម្មករ​ចំណាយ​កើន​ឡើង​ ៤និងផលិតភាព​កើន​ឡើង ជា​ពិសេស​រដ្ឋា​ភិបាល​លុប​ចោល​ថ្ងៃ​ឈប់​សម្រាក​ថែមទៀត​ដែល​ធ្វើ​ឱ្យ​បាត់​បង់​កម្មករ​ផល​ប្រយោជន៍។ លោក​បន្ត​ថា​ ភាគី​​និយោ​ជក​លើ​​កហេតុ​​ផល​​វិបត្តិ​​ជំងឺ​កូវីដ-១៩ ផល​ប៉ះ​ពាល់​ដល់​ទី​ផ្សារ​មុខ​របរ​និង​អាជីវ​កម្មដោយ​មិន​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ ហើយ​លើស​ពី​នេះ​បែរ​ជា​ស្នើ​បន្ថយប្រាក់​ខែ​គោល​របស់​កម្មករ​រហូត​ដល់​ទៅ​ជាង​ ៨ ដុល្លារ​ទៅ​វិញ។ ប៉ុន្តែ​ហេតុ​ផលទាំង​នោះ​ផ្ទុយ​ទៅ​នឹង​ការ​ដែល​​និយោជក​ខ្លួន​ឯង​លើក​ឡើង​អំពី​ការ​ខ្វះ​ខាតកម្លាំង​ពល​កម្ម ស្រប​ពេល​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​អះ​អាង​ចំណុចវិជ្ជ​មាន​នៃ​ដំណើរ​ការ​វិស័យ​នេះ​ផង​ដែរ៖ «ភាគ​ច្រើន​អ្នក​នយោ​បាយ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត ​គឺ​តែងតែ​ផ្តល់​ច្រើន​ជាង​មុន​ដែល​ទាញ​អារម្មណ៍​កម្មករ ឆ្នាំ​នេះជា​យុទ្ធ​សាស្រ្ត​របស់យើង​ចរចា​សុទ្ធ​ដោយ​មិន​បាន​មិន​មាន​ឥទ្ធិ​ពល​អ្វី​ទេ ហើយ​កម្មករ​ក៏​មិន​មានលទ្ធ​ភាព​ក្នុង​ការ​តវ៉ា​ជា​សាធារណៈ​អី​ដែរ ចឹង​យើង​ត្រូវ​ប្រើ​វិធី​គ្រប់​យ៉ាង​ដើម្បីធ្វើ​ការ​ចរចា​បាន​ប្រយោជន៍​ដល់​កម្មករ»

លោក​​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ទី​១៧ ខែកញ្ញា​ថា ​រដ្ឋ​ភិបាល​របស់លោក​មិន​ខ្វល់​ការ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ (EBA) របស់​សហ​ភាព​អឺរ៉ុបឡើយ ហើយ​លោក​អះអាង​ថា​ រោង​ចក្រ សហគ្រាស​នៅ​កម្ពុជា​បើក​ដំណើរ​ធម្មតា ជា​ពិសេស​ការ​បញ្ជា​ទិញ​និង​នាំ​ចេញ​កើន​ឡើង​ដោយ​រោង​ចក្រ​ផលិត​មិនទាន់​ផង៖ «រោង៤​ដែល​ធ្លាប់​តែ​ដេរ​ម៉ាស់​ឥឡូវ​បង្វិល​ទៅ​ដេរ​ខោ​អាវសម្រាប់​ការ​នាំ​ចេញ​ពី​ព្រោះ​បញ្ជា​ទិញ​យ៉ាង​ច្រើន រឿង​អ៊ីប៊ី​អេ ឬ​មិន​អ៊ីប៊ី​អេ​អត់សំខាន់​ទេ​សម្រាប់​កម្ពុជា​ទេ កម្ពុជា​នាំ​ចេញ​ឥឡូវ​រោង​ចក្រ​វា​មិន​ត្រឹម​តែ​បិទរោង​ចក្រ​តែ​រោង​ចក្រ​បើក​ថ្មី​វាច្រើន​ទៅ​ទៀត»

ពាក់​ព័ន្ធ​នឹង​រឿង​នេះ​ដែរ ​​​​សម្ព័ន្ធ​​​​​សហ​ជីព​​​​​កម្ពុជាអ្នកស្រី យ៉ាង សុភ័ណ្ឌ មាន​​ប្រសាសន៍​​ថា ការ​អះ​អាង​របស់​លោក ហ៊ុន សែន ស្រប​ទៅ​នឹង​របាយ​ការណ៍ក្រុម​សហ​ជីព គឺ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ការ​ជជែក​ប្រាក់​ឈ្នួល​គោល​ខាង​មុននេះ។ អ្នក​ស្រី​យល់​ថា ​ប្រសិន​បើ​រដ្ឋា​ភិបាល​រក្សាប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​ពី​សហភាព​អឺរ៉ុប​នឹង​ធ្វើ​ឱ្យ​ស្ថាន​ភាព​វិស័យ​កាត់​ដេរ​ដំណើរ​ល្អ​ប្រសើរ​បន្ថែម​ទៀត៖ «ការ​ពិត​បើ​គាត់​យល់​ថា ​មិន​ចំណេញ​ទៅ​លើ​វិស័យ​ហ្នឹង​ទេ គាត់​គួរ​បង្ហាញ​នូវ​របាយ​ការណ៍​ជាក់​លាក់​ថា ​ឥឡូវ​រោង​ចក្រ​របស់​គាត់​ឬ​ស្ថានភាព​នៅ​ក្នុង​វិស័យ​ហ្នឹង​មាន​ការ​ខាត​យ៉ាង​មិច ក្នុង​នាម​និយោជក​គាត់​ខាត​បង់ឆ្នាំ​នេះ​ប៉ុន្មាន​ចឹង​មក​កាន់​សហជីព​មកពី​ព្រោះ​សហជីព​ក៏​ចង់​ដឹង​អំពី​បញ្ហាហ្នឹង​ដែរ យើង​ចរចា​ប្រាក់​ឈ្នួល​ចង់​ឱ្យវិស័យ​នេះ​មាន​និរន្តរភាព​យើង​ចង់​ឱ្យកម្មករ​មាន​ប្រាក់​ឈ្នួល​ដែល​អាច​រស់​បាន​ហើយ​យើង​ក៏​មិន​ចង់​ឃើញ​​វិស័យហ្នឹង​ស្លាប់​ដែរ »

ក្រុម​សហជីព​នៅ​​តែ​​រក្សា​​គោល​ជំហរ​​សុំ​ដំឡើង ២២,២ ដុល្លារ​​អាមេរិក ឬ​​ស្មើ ​ប្រាក់​​ឈ្នួល​​គោល​​របស់​​កម្មករ​​និយោជាង​ ២១៤​ដុល្លារ (២១៤,) ​ក្នុង​មួយ​ខែ​ដែល​ធ្វើ​​ឡើង​​​ត្រឹម​​ត្រូវ​​​តាម​​ស្ថាន​​ភាព​សេដ្ឋកិច្ច​​និង​​សង្គម​​ដោយ​​មិន​​ប៉ះ​​ពាល់​ដល់​​និយោ​ជក​​ឡើយ។  ទោះ​ជា​យ៉ាង​ណា​ភាគី​ទាំង​អស់​គ្រោង​ជួប​ប្រជុំ​គ្នាដើម្បី​​ការ​ចរចា​ប្រាក់​​ឈ្នួល​​គោល​​សម្រាប់​​កម្មករ​​នៅ​​ឆ្នាំ​២០២២ ម្តង​ទៀត នៅ​ថ្ងៃទី​២១ ខែ​កញ្ញា​ខាង​មុខ។

វិទ្យុ​​​អាស៊ី​​​​​​​​​​​​សេរី​​​​​​​​​​​មិន​​​​​​​​​​អាច​​​​​​​​​​​ទាក់​​​​​​​​​​​ទង​​​​​​​​អ្នក​​​​​នាំ​​​​ពាក្យ​​​​​ក្រសួង​​​​​ការ​​​​​ងារ និង​​​​បណ្តុះ​​​​បណ្តាល​វិជ្ជា​​​​ជីវៈលោក ហេង សួរ ដើម្បី​​​​​​​​​បញ្ជាក់​​​​ជុំវិញ​​​​ការ​អះ​អាង​​​របស់​លោក​នាយក​រដ្ឋមន្រ្តី​បាន​ទេ ​​នៅ​​​​​​​​ថ្ងៃ​​​​​​ទី​​​​១៨ ខែកញ្ញា ដោយ​​​​​​​​​ទូរ​​​ស័ព្ទ​​​​​​​​ចូល​​​​​ពុំ​​​​​​​​មាន​​​​​​​​​អ្នក​​​​​​​​​ទទួល។ ចំណែក​អគ្គ​​​​លេខា​​​​ធិការ​​​​សមា​គម​​រោង​​​​ចក្រ​​​​កាត់​​​​ដេរ​​​​នៅ​​​​កម្ពុជាលោក ខេន លូ ប្រាប់​​ថា​លោក​​កំពុង​នៅ​ក្រៅ​ប្រទេស។

ប៉ុន្តែ​​លោក ខេន លូ ធ្លាប់​​ប្រាប់​​វិទ្យុ​​អាស៊ី​សេរី​​ថា ​ការ​ចំណាយ​របស់​​ភាគី​​​និយោ​ជក​​​​​កើន​​​ឡើង​ស្រប​​​ពេល​​​ដែល​​​ចំណូល​​​ថយ​​​ចុះ ហើយ​លោក​បាន​អះអាង​ថា ការ​នាំ​ចេញ​របស់​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​បាន​ធ្លាក់​ចុះ​ជាង ០,៥% បើ​ធៀបនឹង​៦ខែ​ដូច​គ្នា​ឆ្នាំ​២០២០។

ទោះ​​ជា​​យ៉ាង​​ណា របាយ​ការណ៍​​អគ្គ​នា​​យក​​​ដ្ឋាន​​​គយ និង​​​រដ្ឋករ​​​កម្ពុជា ​បាន​​បង្ហាញ​​​​តួ​លេខ​​​ទំហំ​​​​ពាណិជ្ជ​​​កម្ម​​​​អន្តរ​​​ជាតិ​​​​ក្នុង​​​ឆមាសទី១​ ឆ្នាំ​២០២១ ដោយ​​ការ​​នាំ​​​ចេញ​​​ផលិត​​​ផល​​​​កាត់​​​ដេរ​​​​មាន​​​ចំនួន​​​ជាង​ ៤ពាន់​៧​រយ​​​លាន​​​ដុល្លារ​​​អាមេរិក (,៧២១.)​ គឺ​​កើន​​​ឡើង​​​ជាង៤០លាន​​​ដុល្លារ​​​​អាមេរិក (៤០.)​ ស្មើ​​​ជិត​១ភាគ​​​រយ (.៩%)ធៀប​​​​នឹង​​​​រយៈ​​​ពេល​​​​ដូច​​​គ្នា​​​ឆ្នាំ​ ២០២០​។

កម្មករ​​​​រោង​​​​ចក្រ​​​​កាត់​​​​ដេរនៅ​​​​រាជ​​​ធានី​​​​ភ្នំពេញលោកស្រី​ ដោក សារ៉ាន់ ​ប្រាប់​ថា ស្ថាន​ភាព​បច្ចុប្បន្ន​កម្មករ​កំពុង​ជួប​បញ្ហា​ជីវភាព និង​បំណុល​ធានា​គារ ខណៈប្រាក់​ខែ​គោល​ពួក​គាត់​តិច​តួច ថៅ​កែ​កេង​ប្រវ័ញ្ច​អត្ថ​ប្រយោជន៍​ការ​ងារ និង​ទំនេញ​លើ​ទី​ផ្សេង​ឡើង​ថ្លែង​ទ្វេដង​ជា​ដើម។ លោក​ស្រី​គាំទ្រ​ការ​លើក​ឡើងរបស់​លោក​នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដើម្បី​កុំឱ្យ​ភាគី​ថៅ​កែ​និង​ក្រសួង​ការ​ងារលើក​​ហេតុ​​ផល​​គេច​វេះ​មិន​ដំឡើង​ប្រាក់​ខែ​គោល​ដល់​កម្មករ។ លោក​ស្រីសង្ឃឹម​ថា ការចរ​ចា​ប្រាក់​ឈ្នួល​ខាង​មុន​នេះ​ភាគី​ពាក់​ព័ន្ធ​នឹង​សម្រប​សម្រួលឱ្យ​កម្មករ​ទទួល​បាន​ប្រាក់​ខែ​គោល​ខ្ពស់៖ «បើ​ថៅ​កែ​ឆ្លើយ​ថា​សេដ្ឋកិច្ច​អត់​ដើរ​ក៏​ខ្ញុំ​អត់​ជឿ​ដែរ ពី​ព្រោះនាយក​រដ្ឋ​មន្រ្តី​ប្រកាស​ថា ​សេដ្ឋកិច្ច​ដើរ​ហើយ សេដ្ឋកិច្ច​ដើរ​ត្រូវ​តែ​ដំឡើង​ឱ្យកម្ម​ករ កម្មករ​អំឡុង​ពេល​ពីរ​ឆ្នាំ​នេះ​កម្មករ​ជាក់​ស្តែង​គាត់​លក់​ទ្រព្យ​សម្បត្តិផ្ទាល់​ខ្លួន ចង់​លក់​ដី​លក់​ផ្ទះ​តែ​​លក់​មិន​ចេញ​ខ្ញុំ​ផ្ទាល់​ខ្ញុំ​លក់​ម៉ូតូ​ខ្លួន​ឯង​អស់​មួយហើយ​ហ្នឹង​ដើម្បី​បង់​ធនា​គារ ចាយ​វាយ​ក្នុង​គ្រួសារ​ប្រចាំ​ថ្ងៃ​ខែ​ឱ្យ​កូន​ហូប»។

កាល​​​​​ពី​​​​​ឆ្នាំ​​​​​២០២១ កន្លង​​​​​ទៅ​រដ្ឋា​​ភិបាល​​​​​បាន​​​​​ដំឡើង​​​​​ប្រាក់​​​​​ឈ្នួល​​​​​អប្បបរមា​សម្រាប់​​​​​កម្មករ​​​​​និយោ​ជិត​​​​​ផ្នែក​​​​​វាយ​​​ន​ភណ្ឌ​​​​​កាត់​​​​​ដេរ និង​​​​​ផលិត​​​​​ស្បែក​​​​​ជើង​​​​​ពី ១៩០​​​​​ដុល្លារ ទៅ ១៩២​​​​​ដុល្លារ​​​​​ក្នុង​​​​​មួយ​​​​​ខែ។ ​​​បើ​​​​​គិត​​​​​រួម​​​​​ទាំង​​​​​អត្ថ​​​​ប្រយោជន៍​​​ផ្សេងៗ​​​​​ដែល​​​​​មាន​​​​​ស្រាប់ ជា​​​​​មធ្យម​​​​​កម្មករ​​​​​និយោ​​​ជិត​​​​​ម្នាក់ៗ​​​​​ទទួល​​​​​បាន​​​​​ប្រាក់​ចំណូល​​​​​យ៉ាង​​​​​តិច​​​ពី ២៥០​​​​​ដុល្លារ​​​​​ដល់ ៣០០​​​​ដុល្លារ​​​​​ក្នុង​​​​​មួយ​​​​​ខែ។ ការស្រាវ​ជ្រាវ​របស់​សហជីព​រក​ឃើញ​​ថា ​​ក្នុង​​​សមាជិក​​គ្រួសារ​​​ដែល​​​មាន​​​គ្នា ៥នាក់ គឺ​មាន​​សមាជិក​​​តែ ២នាក់​​​ប៉ុណ្ណោះ ដែល​​រក​​​ប្រាក់​​​ចំណូល​​​សម្រាប់​​ផ្គត់​​ផ្គង់​​ក្នុង​គ្រួសារ​។ រីឯ​ប្រាក់​ចំណូល​ទៀត​សោត ក៏​មាន​ចំនួន​តិច​តួច មិន​អាច​ទ្រទ្រង់​ក្នុងជីវភាព​រស់​នៅឲ្យ​បាន​សមរម្យ​នោះ​ទេ ដោយ​សារ​ពួក​គេ​ត្រូវ​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ សង​ប្រាក់​​បំណុល​ធនាគារ​និង​មីក្រូ​ហិរញ្ញវត្ថុ និង​ចំណាយ​លើ​​ការ​ឈឺ​ថ្កាត់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។