ជំងឺកូវីដ១៩ កំពុងឆ្លងកាន់តែច្រើនតាមបណ្ដារោងចក្រទាំងនៅក្នុងក្រុងភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ការឆ្លងនេះ គឺក្រោយពេលអាជ្ញាធរបានបន្ធូរបន្ថយតំបន់បិទខ្ទប់ ឲ្យនៅរួមតូចបំផុត និងបើកផ្លូវឲ្យពលរដ្ឋអាចធ្វើដំណើរឆ្លងខេត្តដោយសេរី និងអនុញ្ញាតឲ្យបើកដំណើការការងារនិងអាជីវកម្មឡើងវិញ។
ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ ព្រួយបារម្ភថា ស្ថានភាពឆ្លងតាមរោងចក្រ នឹងកាន់តែធ្ងន់ធ្ងរជាងនេះទៅទៀត បើសិនជាអាជ្ញាធរមិនចាត់វិធានការបិទរោងចក្រ ដែលកំពុងឆ្លងជំងឺកូវីដ១៩ ទាំងស្រុងជាបន្ទាន់ទេ។ ជាមួយនឹងការជំរុញនេះ លោកស្នើសុំឲ្យក្រសួងការងារអន្តរាគមន៍ទៅថៅកែ កុំឲ្យកាត់ប្រាក់ឈ្នួល និងត្រូវរក្សាប្រាក់អត្ថប្រយោជន៍ទាំងអស់ឲ្យកម្មករក្នុងពេលផ្អាកការងារនោះ។ លោកក៏ស្នើសុំឲ្យក្រសួងការងារជួយទំនុកបម្រុងស្បៀងអាហារសម្រាប់កម្មករក្នុងពេលផ្អាកការងាររយៈពេលខ្លីនេះដែរ៖ « ផ្អាកវាប៉ះពាល់ហើយ ធម្មតាឥវ៉ាន់បញ្ជូនមិនទាន់ទៅឲ្យក្រុមអ្នកបញ្ជាទិញ។ វាអាចផ្ទេរពីក្រុមហ៊ុនមួយ ទៅក្រុមហ៊ុនមួយ ហើយវាអាចធ្វើឲ្យគរ ឬក៏ស្ទះ អាខ្សែសង្វាក់ផលិតកម្ម Order នៅខែបន្តៗទៀត។ ចំណែកកម្មករ អត់មានលុយ តែផ្អាកទៅអត់មានលុយ។ ដល់អ៊ីចឹងបានថា ផ្អាកតែកន្លែងណាដែលកើត ខ្ញុំគិតថា វាជាវិធីមួយដែរ ធ្វើម្ដេចតាមដានឲ្យច្បាស់លាស់ ហើយចាប់ផ្ដើមផ្អាកមួយសប្ដាហ៍ដំបូងសិនទៅ ដើម្បីរកមើលប្រភពចម្លង ហើយនិងទំនាក់ទំនង។ បន្ទាប់មកយើងអាចកាត់ផ្ដាច់បានហើយ។ ត្រូវផ្អាក ឬក៏ត្រូវឲ្យដំណើរការឡើងវិញបានហើយ»។
របាយការណ៍របស់អាជ្ញាធរខេត្តមួយចំនួនបង្ហាញថា តួលេខមួយរយៈចុងក្រោយនេះ គឺអ្នកឆ្លងជំងឺកូវីដ១៩ ភាគច្រើននៅតាមរោងចក្រ ដូចជា ក្នុងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួននៅក្រុងបាវិត ខេត្តស្វាយរៀង រោងចក្រជាច្រើននៅខេត្តកំពង់ឆ្នាំង ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងនៅខេត្តព្រះសីហនុ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈលោក ហេង សួរ និងអ្នកនាំពាក្យក្រសួងសុខាភិបាលអ្នកស្រី ឱ វណ្ណឌីន និង លោក លី សុវណ្ណ បានទេ នៅថ្ងៃទី២៤ ខែឧសភា ពាក់ព័ន្ធនឹងការឆ្លងជំងឺកូវីដ១៩ នៅតាមរោងចក្រនេះ។
ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញនៅរសៀលថ្ងៃទី២៤ ខែឧសភា បានចេញសេចក្តីជូនដំណឹងដោយបង្ហាញអត្តសញ្ញាណអ្នកជំងឺកូវីដ១៩ ចំនួន ២៤៥ នាក់ ដែលបានរកឃើញថ្មី ក្នុងនោះភាគច្រើនលើសលុប គឺជាកម្មករោងចក្រ ហើយក៏មានករណីឆ្លងដល់ព្រះសង្ឃជាលើកដំបូងផងដែរ។ ចំណែកនៅឯខេត្តស្វាយរៀងវិញរដ្ឋបាលខេត្តនេះបានចេញសេចក្តីជូនដំណឹងកាលពីថ្ងៃ២៣ ខែឧសភាដោយបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដជាងមួយរយ (១០១) នាក់ ដែលសុទ្ធសឹងតែជាកម្មករនៅរោងចក្រយូលី (YOU LI INTERNATIONAL (CAMBODIA) GARMENTS CO., LTD.) នៅខេត្តស្វាយរៀង។
សន្តិសុខរោងចក្រយូលី (YOU LI) នៅក្រុងបាវិត ខេត្តស្វាយរៀងលោក ប៉ោ វ៉ាន់នី ឲ្យអាស៊ីសេរីដឹងថា មានអគារចំនួន ២ ក្នុងរោងចក្រ ត្រូវបានបិទខ្ទប់ មិនឲ្យកម្មករចេញក្រៅដាច់ខាត។ លោកថា អាជ្ញាធរ តម្រូវឲ្យកម្មករក្នុងអគារទាំង ២ ដែលក្នុងនោះ មានប្រពន្ធរបស់លោកម្នាក់ផង ត្រូវបានយកសំណាកទៅពិនិត្យ និងស្នាក់នៅក្នុងអគារមួយរយៈ រហូតដល់មានការអនុញ្ញាត ទើបអាចចេញក្រៅអគារបាន។ សន្តិសុខរូបនេះ ឲ្យដឹងទៀតថា កម្មករនៅអគារផ្សេងទៀត ក្នុងរោងចក្រ កំពុងធ្វើការធម្មតា និងអាចធ្វើដំណើរទៅផ្ទះបាន៖ « ចេះតែមានការបារម្ភខ្លះ គ្រាន់តែថា បើយើងតក់ស្លុតខ្លាំង ក៏វាពិបាកដែរណា។ អ៊ីចឹងហើយ យើងធ្វើធម្មតា។ កម្មករ ដែលរកឃើញ ( ឆ្លងកូវីដ ) គឺគាត់យកទៅ ខាងក្រសួងសុខាភិបាល។ ប៉ុន្តែអ្នកដែលធ្វើចត្តាឡីស័ក ១៤ថ្ងៃហ្នឹង គឺគ្រាន់តែកម្មករ ដែលសង្ស័យទេ។ ដល់អ៊ីចឹង គេគ្រាន់តែឃុំទៅនៅហ្នឹង អត់ឲ្យទៅណាទេ»។
ចំណែកកម្មករតាមរោងចក្រផ្សេងទៀត ដែលមិនមានករណីឆ្លងជំងឺកូវីដ១៩ ចូលដល់ ក៏បង្ហាញការបារម្ភពីការឆ្លងដែរ។ កម្មការិនីម្នាក់ ធ្វើការនៅរោងចក្រ ជេ ឌី (JD) នៅស្រុកបាទី ខេត្តតាកែវ កញ្ញា ណុប សុផា ថ្លែងថា នាងទ្រាំធ្វើការទាំងអារម្មណ៍ភ័យខ្លាចឆ្លងជំងឺកូវីដ១៩។ កញ្ញាអះអាងថា កម្មករទាំងអស់ គ្មានលទ្ធភាព ឈប់សម្រាកទេ ទើបបង្ខំចិត្តនាំគ្នាមកធ្វើការដូចធម្មតា។ កម្មការិនីរូបនេះស្នើថា ក្នុងករណីរោងចក្រជេឌី មានកម្មករឆ្លងជំងឺកូវីដ១៩ គឺសុំឲ្យក្រសួងការងារជួយអន្តរាគមន៍ឲ្យកម្មករបានឈប់សម្រាក ធ្វើចត្តាឡីស័ក ដោយកុំកាត់ប្រាក់ឈ្នួលរបស់ពួកគាត់៖ « ពួកខ្ញុំ ការងារមានតិចៗធ្វើ អត់មានម៉ោងថែមទេ ធ្វើធម្មតាអ៊ីចឹងណា។ សម្រាប់អគារគេអ្នកកើត ដូចថា ធម្មតាអគារវាធំ មួយទាំងមូល។ អ៊ីចឹង ចំណុចណាដែលកើត ហើយចំណុចណា ដែលមានពាក់ព័ន្ធគឺគេឲ្យពួកគាត់ហ្នឹងផ្អាក។ តែកន្លែងណា អត់មានពាក់ព័ន្ធគេ ឲ្យគាត់នៅធ្វើ។ តែគ្រាន់ថា ចេញម៉ោង ៤ អ៊ីចឹងទៅណា។ អាហ្នឹង វាដើរទន្ទឹមគ្នា អាខ្លាច ហើយនិងអត់លុយហ្នឹង»។
ជុំវិញការឆ្លងនេះ អាស៊ីសេរី បានព្យាយាមសុំការបញ្ជាក់ពីអគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជាលោក ខេន លូ តែទូរស័ព្ទរោទ៍គ្មានអ្នកទទួល។ ដោយឡែក អគ្គលេខាធិការរងសមាគមស្បែកជើងលោក ងួន ចាន់ណារ៉ា ប្រាប់ថា ខាងលោក មិនទាន់មានតួលេខជាក់លាក់ ពីការឆ្លងនេះទេ។ លោកបញ្ជាក់ថា សមាជិកទាំងអស់ នឹងស្ដាប់តាមការណែនាំរបស់ក្រសួងការងារជានិច្ច ខណៈការឆ្លងថ្មីៗនេះ មិនទាន់ប៉ះពាល់ ដល់សង្វាក់ផលិតកម្មការផលិតស្បែកជើងនៅឡើយទេ៖ « បើសិនជាមានវិជ្ជមាននៅក្នុងខ្សែសង្វាក់ផលិតកម្មមួយណា គឺយើងអនុវត្តតាមក្រសួងក្នុងការស្វែងរកអ្នកដែលទាក់ទងផ្ទាល់ និងប្រយោគ។ អ៊ីចឹង យើងអាចនឹងផ្ដាច់សង្វាក់ផលិតកម្មព្យួរមួយរយៈ មួយ Line ហ្នឹងទៅ ហើយអ្នកមិនប៉ះពាល់ នៅដំណើរការធម្មតា»។
រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះចំនួនអ្នកស្លាប់និងអ្នកឆ្លងជំងឹកូវីដចាប់ផ្តើមកើនឡើងវិញជាបន្តបន្ទាប់ហើយអ្នកឆ្លងភាគច្រើនគឺជាកម្មកររោងចក្រ។ សេចក្ដីជូនព័ត៌មានប្រចាំថ្ងៃ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ ខែឧសភា បង្ហាញថា អ្នកជំងឺកូវីដ១៩ ចំនួន ៣ នាក់ទៀតស្លាប់។ ចំនួននេះ បានធ្វើឲ្យអ្នកស្លាប់សរុប កើនដល់ជិតពីររយ (១៧៩) នាក់។ ចំណែកអ្នកឆ្លងថ្មី នៅថ្ងៃដដែលនេះ មានជិតប្រាំមួយរយ (៥៥៦) នាក់។ អ្នកជំងឺជាសះស្បើយជាងប្រាំមួយរយ (៦៥៨) នាក់។ មកដល់ពេលនេះ កម្ពុជាបានរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ ជាងពីរម៉ឺន (២៥.៧៦១)នាក់ ហើយបានព្យាបាលជាសះស្បើយ ជាងពាក់កណ្ដាល (១៨.៣៥៩នាក់)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។