ផលិតផល​នាំចេញ​ទៅ​អាមេរិក​កើនឡើង​ជាង​១១% នៅ​ខែ​មករា ឆ្នាំ​២០២៤ បើ​ធៀប​កាល​ពី​ឆ្នាំមុន

ដោយ ម៉ៅ សុធានី
2024.04.19
ផលិតផល​នាំចេញ​ទៅ​អាមេរិក​កើនឡើង​ជាង​១១% នៅ​ខែ​មករា ឆ្នាំ​២០២៤ បើ​ធៀប​កាល​ពី​ឆ្នាំមុន កំពង់ផែ​ខេត្ត​ព្រះសីហនុ​ រូបពីកាលពីថ្ងៃទី៣១ មករា ២០២៤។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

កម្ពុជា​នាំចេញ​ផលិតផល​វាយនភ័ណ្ឌ​ទៅ​សហរដ្ឋអាមេរិក ចំនួន​ទឹកប្រាក់​ជិត ៦៣០​លាន​ដុល្លារ ក្នុង​ខែ​មករា ឆ្នាំ​២០២៤ ដែល​កើនឡើង​ជាង​១១% បើ​ធៀប​រយៈពេល​ដូចគ្នា កាល​ពី​ឆ្នាំ​២០២៣ ដែល​មាន​ទឹកប្រាក់ ៥៦២​លាន​ដុល្លារ។

ក៏​ប៉ុន្តែ​ការ​នាំ​ចូល​ពី​សហរដ្ឋអាមេរិក​មក​កម្ពុជា​វិញ នៅ​ខែ​មករា​ឆ្នាំ​២០២៤ មាន​ទឹកប្រាក់​ជាង ១៧​លាន​ដុល្លារ ($17.25 million) គឺ​ថយ​ចុះ​៨% បើ​ធៀប​ក្នុង​ខែមករា​ដូចគ្នា កាល​ពី​ឆ្នាំ​២០២៣។

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) ឲ្យ​ដឹង​ថា ទំហំ​ការ​ផ្លាស់ប្តូរ​ពាណិជ្ជកម្ម​នៃ​ប្រទេស​ទាំងពីរ មាន​ទឹកប្រាក់​ជាង ៩​ពាន់​ដុល្លារ ($9.15 billion) ក្នុង​ឆ្នាំ​២០២៣ គឺ​ថយ​ចុះ ១,% បើ​ធៀប​កាលពី​អំឡុង​ឆ្នាំ​២០២២។ កម្ពុជា​នាំ​ចេញ​ទំនិញ​ទៅ​សហរដ្ឋអាមេរិក ចំនួន​ជិត​៩ ពាន់​លាន​ដុល្លារ ($8.9 billion) ហើយ​កម្ពុជា​នាំចូល​ទំនិញ​ពី​អាមេរិក​វិញ ចំនួន ២៥៧​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២៣។

ផលិតផល​នាំចេញ​ទៅ​សហរដ្ឋអាមេរិក រួមមាន សំលៀកបំពាក់ ស្បែកជើង កា​បូត កង់ និង​ផលិតផល​កសិកម្ម ជាដើម​។ ចំណែក​ការ​នាំ​ចូល​ពី​អាមេរិក មក​កម្ពុជា​វិញ មាន​រថយន្ត ម៉ាស៊ីន គ្រឿង​អេឡិចត្រូនិក និង​ឧបករណ៍​បរិក្ខារ​ពេទ្យ។

ក្នុង​ជំនួប​រវាង​អតីត​ឯកអគ្គរដ្ឋទូត​អាមេរិក លោក ប៉ាទ្រីក ម័រហ្វី (Patrick Murphy) ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម អ្នកស្រី ចម និមល កាលពី​ខែ​កញ្ញា ឆ្នាំ​២០២៣ អ្នកស្រី​បាន​ស្នើ​សុំ​ឲ្យ​សហរដ្ឋអាមេរិក លើកទឹកចិត្ត​ក្រុមហ៊ុន​បញ្ជា​ទិញ បង្កើន​ការ​នាំ​ចូល​ទំនិញ​មក​អាមេរិក និង​បង្កើន​ការ​ដាក់​ទុន​បន្ថែម​ទៀត ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​កម្ពុជា និង​សហរដ្ឋអាមេរិក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។