សកម្មជនសង្កេតឃើញថា រដ្ឋាភិបាលហាក់មិនបានយកចិត្តទុកស្រាវជ្រាវរកការពិត ពាក់ព័ន្ធការនាំចូលមាសសុទ្ធមានតម្លៃរាប់ពាន់ដុល្លារមកកម្ពុជា។ មកដល់ពេលនេះ គេសង្កេតឃើញថា កម្ពុជាមិនទាន់មានវិធានការរៀបចំចុះបញ្ជីបង់ពន្ធជូនរដ្ឋ ខណៈមាសទាំងនោះ ត្រូវក្រុមឈ្មួញ និងមន្ត្រីពុករលួយក្នុងជួររដ្ឋាភិបាល រត់ពន្ធបន្តចេញបន្តទៅក្រៅប្រទេស។ ការលើកឡើងនេះ ស្របពេលអាជ្ញាធរព្រំដែនប្រទេសវៀតណាម បន្តរកឃើញករណីរត់ពន្ធមាសខុសច្បាប់រាប់គីឡូចេញពីទឹកដីកម្ពុជា។
កម្ពុជា ត្រូវបានគេចាត់ទុកថា ជាឋានសួគ៌ នៃក្រុមអ្នករត់ពន្ធមាសចេញទៅក្រៅប្រទេសយ៉ាងអនាធិបតេយ្យ។ ថ្មីៗ នេះ គេរកឃើញពីភាពមិនប្រក្រតីជាបន្តបន្ទាប់ នៃការនាំមាសរាប់រយតោនពីប្រទេសសិង្ហបុរីចូលមកកម្ពុជា ហើយមិនបានចុះបញ្ជីបង់ពន្ធជូនរដ្ឋនោះទេ ដែលករណីនេះធ្វើឱ្យកម្ពុជាបាត់បង់ចំណូលថវិកាជាតិរាប់រយលានដុល្លារ ខណៈក្រុមអ្នករត់ពន្ធ ត្រូវបានគេជឿជាក់ថា មានទំនាក់ទំនងជាមួយក្រុមអ្នកមានអំណាចក្នុងជួររដ្ឋាភិបាល។
មាសទាំងនោះ គេនាំចេញពីប្រទេសសិង្ហបុរីចូលមកកម្ពុជា មុននឹងរត់ពន្ធបន្តទៅកាន់ប្រទេសវៀតណាម។ នេះបើតាមការចុះផ្សាយរបស់កាសែត អាស៊ី ថាមស៍ (Asia Times) របស់ទីក្រុងហុងកុង។
កាលពីថ្ងៃទី២៥ កក្កដា អាជ្ញាធរព្រំដែនប្រទេសវៀតណាម នៅខេត្ត អាន យ៉ាង (An Giang) ជាប់ព្រំប្រទល់ខេត្តកណ្ដាលរបស់កម្ពុជា បង្ក្រាបបានករណីរត់ពន្ធមាសខុសច្បាប់ចំនួន ១៩គីឡូក្រាម ចេញពីភាគីកម្ពុជា ដែលដឹកតាមទូកតាមដងទន្លេមេគង្គ ខណៈអាជ្ញាធរវៀតណាម កំពុងពង្រីកការស៊ើបអង្កេតលើករណីជួញដូរមាសឆ្លងដែន។ នេះបើតាមបណ្ដាញសារព័ត៌មានវៀតណាម វីអ៊ិន អ៊ិចហ្វ្រេស (VN Express) ចុះផ្សាយកាលពីថ្ងៃទី២៧ កក្កដា។
ប្រភពនេះបន្តថា អ្នករត់ពន្ធពីរនាក់ ក្នុងនោះមានម្នាក់អាយុ ៦០ឆ្នាំ និងម្នាក់ទៀត អាយុ ២២ឆ្នាំ។ អ្នកទាំងពីរនោះបានសារភាពថា ពួកគេបានរត់ពន្ធមាសទាំងនោះចេញពីកម្ពុជា ដើម្បីយកទៅលក់នៅផ្សារក្នុងខេត្ត អាង យ៉ាង។
ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីមន្ត្រីភាគីកម្ពុជា ដូចជា អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិលោក ឆាយ គឹមខឿន និងស្នងការនគរបាលខេត្តកណ្កាល លោក លោក ឈឿន សុចិត្ត បានទេ នៅថ្ងៃទី២៨ កក្កដា។
អាជ្ញាធរវៀតណាម កំពុងបង្កើនការបង្ក្រាបលើករណីរត់ពន្ធមាសខុសច្បាប់ចេញពីកម្ពុជា បានជាបន្តបន្ទាប់ ទាំងផ្លូវទឹក និងផ្លូវគោក។ ទាក់ទងករណីរត់ពន្ធមាសចេញកម្ពុជានេះដែរ កាលពីខែវិច្ឆិកា ឆ្នាំ២០២០ មានពលរដ្ឋខ្មែរជាច្រើននាក់ ត្រូវបានអាជ្ញាធរវៀតណាមចាប់ឃុំខ្លួននៅទឹកដីវៀតណាម ពីបទរត់ពន្ធមាសដុំខុសច្បាប់ ៥១គីឡូ ចូលទៅកាន់ទឹកដីវៀតណាម។ ចំណែកកាលពីឆ្នាំ២០១៧ ពលរដ្ឋខ្មែរម្នាក់ ក៏ត្រូវបានតុលាការនៅខេត្ត អាង យ៉ាង ប្រទេសវៀតណាម កាត់ទោសដាក់ពន្ធនាគារ ៦ឆ្នាំ ពីបទរត់ពន្ធមាសខុសច្បាប់ដូចគ្នានេះ។
មាសដុំ ដែលត្រូវបានរត់ពន្ធខុសច្បាប់ ចូលទៅកាន់ប្រទេសវៀតណាមជាបន្តបន្ទាប់ ត្រូវបានគេសង្ស័យថា ជាមាសដែលកម្ពុជានាំចូលពីក្រៅប្រទេស ជាពិសេស ប្រទេសសិង្ហបុរី ដែលមានការរកឃើញថា មិនបានចុះបញ្ជីបង់ពន្ធត្រឹមត្រូវនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករទេ ។
សកម្មជនចលនាមាតាធម្មជាតិលោក ថុន រដ្ឋា ប្រាប់អាស៊ីសេរីនៅថ្ងៃទី២៨ កក្កដាថា មន្ត្រីរដ្ឋាភិបាលកម្ពុជាហាក់មិនចង់ស៊ើបអង្កេតបង្ហាញការពិតឡើយ ថ្វីត្បិតកន្លងមក ដែលក្រុមរបស់លោក បានរកឃើញភាពមិនប្រក្រតី នៃការនាំចូលមាសពីប្រទេសសិង្ហបុរីក្នុងតម្លៃរាប់ពាន់លានដុល្លារចូលមកកម្ពុជា ហើយមិនបានចុះបញ្ជីបង្ហាញពីតម្លាភាពនៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
លោកយល់ឃើញថា ការមិនយកចិត្តទុកដាក់របស់មន្ត្រីរដ្ឋាភិបាល ក្នុងការស៊ើបអង្កេតបង្ហាញការពិតជុំវិញរឿងនេះទៅកាន់ពលរដ្ឋ ហាក់បីដូចជាក្រុមមន្ត្រីមួយចំនួន ទទួលបានលាភសក្ការៈជុំវិញការនាំចូលមាសគេចពន្ធទាំងនេះ ឬក្រុមអ្នកនាំចូលទាំងនោះ អាចជាក្រុមអ្នកមានទ្រព្យសម្បត្តិមហាសាល ដែលចាំជួយយឹតយោងក្រុមអ្នកកាន់អំណាច។
ការលើកឡើងពីសកម្មជនរូបនេះ ខណៈក្រុមយុវជនចលនាមាតាធម្មជាតិ ធ្លាប់ប្រមូលបានទិន្នន័យស្ថិតិពាណិជ្ជកម្មអន្តរជាតិរបស់អង្គការសហប្រជាជាតិ (UN COMTRADE) ដែលស៊ីសង្វាក់គ្នានឹងទិន្នន័យរបស់រដ្ឋាភិបាលថៃ (Thailand) រដ្ឋាភិបាលសិង្ហបុរី (Singapore) និងរដ្ឋាភិបាលស្វីស (Switzerland) បង្ហាញថា ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩ កម្ពុជាបាននាំចូលមាសសុទ្ធ ១១៤តោន ក្នុងតម្លៃ១៦ពាន់លានដុល្លារពីសិង្ហបុរី ប៉ុន្តែ ភាគច្រើនមិនបានកត់ត្រាចូលបញ្ជី ដើម្បីបង់ពន្ធជាថវិកាចូលរដ្ឋឡើយ។
ប្រសិនបើរដ្ឋតម្រូវឱ្យបង់ពន្ធត្រឹមតែ ១០ភាគរយ នៃតម្លៃមាសដុំទាំងនោះ ដូចផលិតផលដទៃទៀត នោះរដ្ឋនឹងទទួលថវិកាបង់ពន្ធចំនួន ១.៦ពាន់លានដុល្លារ បើគិតពីឆ្នាំ២០១៥ ដល់ឆ្នាំ២០១៩។ ជុំវិញបញ្ហានេះ វិទ្យុអាស៊ីសេរីមិនអាចទាក់ទងសុំការបកស្រាយពីប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន បានទេ។
ក្រុមយុវជនមើលឃើញថា ជុំវិញភាពមិនប្រក្រតីនៃការនាំចូលមាសនេះ កម្រមានអ្នកតាមដាន និងឃ្លាំមើលឱ្យបានដិតដល់ណាស់ ពីព្រោះមន្ត្រីរដ្ឋាភិបាល ហាក់ព្យាយាមលាក់បាំងឧក្រិដ្ឋកម្មហិរញ្ញវត្ថុនេះ។ លើសពីនេះ ក្រុមយុវជន ដែលហ៊ានលើកឡើងរឿងនេះជាសាធារណៈ តែងរងការគំរាមកំហែង និងចាប់ដាក់ពន្ធនាគារជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។