សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​នាំ​ឲ្យ​ខ្ជះខ្ជាយ​ថវិកាជាតិ

ដោយ សេក បណ្ឌិត
2020.11.25
ប្រជុំ​គណៈរដ្ឋមន្ត្រី ដំបូង អាណត្តិ​ទី៦ 090718 កិច្ចប្រជុំ​ដំបូង​នៃ​គណៈរដ្ឋមន្ត្រី អាណត្តិ​ទី៦ ដែល​ដឹកនាំ​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០១៨។
រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន

ក្រុម​សង្គម​ស៊ីវិល​ចំនួន ១១​ស្ថាប័ន ចេញ​សេចក្ដី​ថ្លែងការណ៍​រួមគ្នា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កាត់បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់​នានា ដែល​នាំ​ឲ្យ​ខ្ជះខ្ជាយ ថវិកាជាតិ ឆ្នាំ​២០២១​។ មន្ត្រី​រដ្ឋាភិបាល​អះអាង​ថា រាល់​ការ​ចាយវាយ​ទាំងអស់ មាន​ខ្ទង់​ចំណាយ​ត្រឹមត្រូវ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ដល់​ការ​​អភិវឌ្ឍ​របស់​ប្រទេសជាតិ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល សង្កេតឃើញ​ថា ថវិកាជាតិ សម្រាប់​ឆ្នាំ​២០២១ មានការ​ថយ​ចុះ​ជា​មធ្យម​ប្រមាណ​បួន ()​ភាគរយ បើ​ធៀប​នឹង​ថវិកាជាតិ ឆ្នាំ​២០២០​។ ប៉ុន្តែ​អ្វី ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​កត់សម្គាល់ គឺ​ថវិកា សម្រាប់​ចំណាយ​នៅ​ថ្នាក់ក្រោម​ជាតិ បាន​ធ្លាក់​ចុះ ជាង​ឆ្នាំមុន ចំនួន​២២,៥​ភាគរយ​។ ការកាត់បន្ថយ​ការ​ចំណាយ​សម្រាប់​ថ្នាក់ក្រោម​ជាតិ​បែបនេះ បង្កើត​ជា​ក្ដី​បារម្ភ​ថា ការ​អភិវឌ្ឍ​នៅ​ថ្នាក់​ឃុំ និង​ស្រុក នឹង​មាន​ការ​យឺតយ៉ាវ ហើយ​គម្រោង​វិនិយោគ​ឃុំ​សង្កាត់ មួយ​ចំនួន នឹង​ត្រូវ​ពន្យារពេល។

ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល ចុះ​ថ្ងៃ​ទី​២០ វិច្ឆិកា ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ បាន​ព្រួយបារម្ភ​ថា រដ្ឋាភិបាល អាច​នឹង​ចាយវាយ​មិន​ចំ​គោលដៅ ដែល​អាច​ធ្វើ​ឲ្យ​រដ្ឋាភិបាល ត្រូវ​ខ្ចី​លុយ​បរទេស​បន្ថែម​ទៀត ខណៈ​រដ្ឋាភិបាល មាន​គម្រោង​ខ្ចី​លុយ​បរទេស បន្ថែម​ទៀត សម្រាប់​ច្បាប់​ថវិកាជាតិ ឆ្នាំ​២០២១​។ សង្គម​ស៊ីវិល​ទាំង​១១​ស្ថាប័ន ជំរុញ​ឲ្យ​រដ្ឋាភិបាល និង​រដ្ឋសភា កាត់បន្ថយ​ការ​ចំណាយ​ក្នុង​វិស័យ​ការពារ​ជាតិ សន្តិសុខ និង​សណ្ដាប់ធ្នាប់​សាធារណៈ តែ​ត្រូវ​យកចិត្តទុកដាក់ ចំពោះ​វិស័យ​សេដ្ឋកិច្ច និង​សង្គម ឲ្យ​បាន​ច្រើន​វិញ។

ប្រធាន​កម្មវិធី នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក អ៊ឹម នរិន្ទ ប្រាប់​អាស៊ីសេរី​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល តែងតែ​បង្ហាញ​ក្ដី​កង្វល់ និង​បាន​ដាក់​សំណើ​ទាក់ទង នឹង​ច្បាប់​ថវិកាជាតិ ទៅ​រដ្ឋាភិបាល និង​រដ្ឋសភា​រាល់​ឆ្នាំ ដើម្បី​ស្នើសុំ​ឲ្យ​បង្ហាញ តម្លាភាព​ទាក់ទង​នឹង​ការ​ប្រមូល​ចំណូល និង​ការ​ចំណាយ ជា​រៀងរាល់​ឆ្នាំ។

តំណាង​សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ការ​ប្រមូល​ចំណូល​របស់​រដ្ឋាភិបាល​បាន​កើន​ឡើង ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ខណៈ​ការ​ចំណាយ ក៏​មាន​ច្រើន​ដែរ​។ លោក​បន្ត​ថា រដ្ឋាភិបាល​បាន​បង្ហាញ​តួលេខ​នៃ​ការ​ប្រមូល​ចំណូល​ប្រចាំ​ត្រីមាស ឬ​ប្រចាំ​ឆមាស ប៉ុន្តែ​រដ្ឋាភិបាល មិន​បាន​បង្ហាញ​តួលេខ​ចំណូល​លម្អិត នៃ​ការ​បង់ពន្ធ​របស់​បុគ្គល ឬ​ក្រុមហ៊ុន ស្ថាប័ន នីមួយៗ​ទេ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​មន្ទិល​សង្ស័យ៖ «​តម្លាភាព​កម្រិត​ណា អ៊ីចឹង​ណា ព្រោះ​យើង​ចង់​ដឹង​ថា អ្នក​ដែល​បង់ពន្ធ​ហ្នឹង គាត់​បាន​បង់​សមស្រប​ទៅ​នឹង​លទ្ធភាព​នៃ​ការ​បង់ពន្ធ​របស់​គាត់ ឬ​អត់​? អ៊ីចឹង ជា​ចំណែក​មួយ​ទាក់ទង​ទៅលើ​ការ​ប្រមូល​ពន្ធ ឬ​ការ​ប្រមូល​ចំណូល​ហ្នឹង​។ យើង​ចង់​ឲ្យ​មានការ​បញ្ចេញ​ព័ត៌មាន​ទៅលើ​អ្នក​បង់ពន្ធ ឬក៏​ក្រុមហ៊ុន ដែល​បង់ពន្ធ​ហ្នឹង ឲ្យ​កាន់តែ​ទូលំទូលាយ ដើម្បី​ឲ្យ​សង្គម​ស៊ីវិល​យើង​អាច​មើល​ឃើញ ប្រជាពលរដ្ឋ​យើង​អាច​មើល​ឃើញ កាន់តែ​ទុកចិត្ត​លើ​ការ​បង់ពន្ធ ព្រោះ​រាល់ថ្ងៃ​ហ្នឹង យើង​មើល​ឃើញ​ថា កាលណា យើង​ខ្វះ​ព័ត៌មាន​បង់​ហើយ យើង​តែងតែ​មាន​មន្ទិល ថា​រដ្ឋ​ហ្នឹង​យក​លុយ ទី​១ ថា​តើ​បង់ពន្ធ​បាន​ត្រឹមត្រូវ​ដូចគ្នា ឬក៏​អត់​? អ៊ីចឹង វា​នៅ​តែ​មាន​មន្ទិលសង្ស័យ​ពី​ប្រជាពលរដ្ឋ»

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក គឹម សុភៈ បានទេ នៅ​ថ្ងៃ​ទី​២៤ វិច្ឆិកា ដោយសារ លោក​មិន​លើក​ទូរស័ព្ទ​។ ប៉ុន្តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន អះអាង​ថា រដ្ឋាភិបាល បាន​អនុវត្ត​ការ​ប្រមូល​ពន្ធ និង​ការ​ចំណាយ បាន​ត្រឹមត្រូវ និង ចំណាយ​មាន​ប្រសិទ្ធភាព។

លោក​ពន្យល់​ថា សម្រាប់​ការ​ចំណាយ និង​កម្ចី នៅ​ឆ្នាំ​២០២១ នេះ រដ្ឋាភិបាល បាន​បញ្ជូន​សេចក្ដីព្រាងច្បាប់ ទៅ​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ មុន​នឹង​ឆ្លង​ទៅ​រដ្ឋសភា​។ លោក ថា រដ្ឋាភិបាល មាន​ខ្ទង់​កម្រិត នៃ​ការ​ខ្ចី​លុយ ពី​បរទេស​ត្រឹមត្រូវ មិនមែន​ធ្វើឡើង ដោយ​ខ្វះ​ការពិចារណា​ឡើយ៖ «ការចាយវាយ គឺ​ប្រកបដោយ​គណនេយ្យភាព ហើយ​និង​តម្លាភាព​ត្រឹមត្រូវ របស់​យើង​។ យើង​អត់​មាន​ចាយ ដើម្បី​លាក់បាំង ចាយ​ប៉ិន​នេះ ហើយ​លាក់បាំង គឺ​អត់​មាន​ទេ​។ ទី​២ អ្វី​ដែល​ជា​ប្រាក់​សន្សំ​របស់​យើង បង្ហាញ​អំពី​ចរិត​របស់​រដ្ឋាភិបាល ក្នុង​ការ​ប្រើប្រាស់​ផែនការ​របស់​យើង គឺ​យើង​អត់​មាន​ប្រើ​រំលោភ​ទេ»

ប៉ុន្តែ នាយក​ប្រតិបត្តិ​អង្គការ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ការ​ចំណាយ​ថវិកា​របស់​រដ្ឋាភិបាល នា​ពេល​កន្លងមក មិន​សូវ​មាន​ប្រសិទ្ធភាព និង​មិនសូវ​ទទួល​បាន​ការ​ជឿ​ជាក់​ពី​ពលរដ្ឋ​ទេ​។ លោក សន ជ័យ យល់​ថា ច្បាប់​ថវិកាជាតិ​មួយ​ដ៏​ល្អ គឺ​ត្រូវ​សួរ​ពលរដ្ឋ​នៅ​មូលដ្ឋាន និង​គិតគូរ​ពី​ផលប្រយោជន៍ និង​ការអភិវឌ្ឍន៍​នៅ​ថ្នាក់​មូលដ្ឋាន​ឲ្យ​បាន​ច្រើន និង​ជា​ចម្បង។

ចំពោះ​ការខ្ចី​បំណុល​បរទេស​វិញ លោក សន ជ័យ សង្កេត​ឃើញ​ថា ប្រទេស​ជា​ដៃគូ​ធ្លាប់​ផ្ដល់​ជំនួយ និង​កម្ចី ឲ្យ​កម្ពុជា មួយ​ចំនួន បាន​ផ្អាក​ការ​ជួយ នៅ​រយៈពេល​ចុងក្រោយ​នេះ​។ ប៉ុន្តែ ប្រទេស​ចិន តែមួយគត់ ដែល​បាន​បង្កើន​ការ​ផ្ដល់​កម្ចី ដល់​កម្ពុជា​។ លោក​ថា ការ​បង្កើន​ប្រាក់កម្ចី​ផ្ដាច់មុខ ពី​ប្រទេស​កុម្មុយនិស្ត​តែមួយគត់ បែបនេះ ក៏​ជា​ក្ដី​បារម្ភ​របស់​កម្ពុជា​ដែរ៖ «រហូតដល់​ពេលនេះ យើង​មើល​ទៅ ទី​១​ផ្លូវការ គេ​ផ្អែកលើ​របាយការណ៍​សវន​កម្ម​ជាតិ​។ ប៉ុន្តែ​អាជ្ញាធរ​មួយ​នេះ នៅ​មាន​ចំណុច​ខ្វះខាត​ច្រើន​។ អ៊ីចឹង យើង​មិនទាន់​មាន​ការ​ជឿជាក់​ទាំង​ស្រុង ថា ប្រសិទ្ធភាព​ហ្នឹង បាន​១០០​ភាគរយ​ទេ គឺ​នៅ​ត្រូវការ​រៀន​សូត្រ​ស្វែងយល់​បន្ថែម​ទៀត ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការ​ចំណាយ​ហ្នឹង ឲ្យ​ស៊ីគ្នា នឹង​លទ្ធផល​ដែល​ទទួល​បាន»

ចំណូល​ថវិកាជាតិ ឆ្នាំ​២០២១ មាន​ចំនួន​ជិត​ប្រាំ​ពាន់​លាន (៤ ៩០២​លាន​)​ដុល្លារ​អាមេរិក (​ឬ​ស្មើ ១៩ ៩២៧ ១៨៦​លាន​រៀល​) ដែល​ស្មើ​ប្រមាណ​ជិត​ម្ភៃ (១៦,៩៦%)​ភាគរយ នៃ​ផលិតផល​ក្នុងស្រុក​សរុប (​ផ​.​ស​.​ស ឬ GDP)

ប៉ុន្តែ រដ្ឋាភិបាល​នឹង​ចំណាយ​ច្រើនជាង​ចំណូល ដូច​រាល់​ឆ្នាំ​ដែរ​។ នៅ​ឆ្នាំ​២០២១ រដ្ឋាភិបាល​នឹង​ចំណាយ​ប្រមាណ ប្រាំ​ពីរ​ពាន់ ប្រាំ​រយ​លាន​(៧ ៥០០​លាន​)​ដុល្លារ (​ឬ​ស្មើ​៣០ ៤៩១ ៣៣៦​លាន​រៀល​)​។ ថវិកា​ដែល​ត្រូវ​ចាយ​លើ​ចំណូល ជាង​ពីរ​រយ​លាន​(២ ៥៩៨​លាន​) ដុល្លារ​នេះ នឹង​ត្រូវ​ខ្ចី​ពី​បរទេស។

តែ​យ៉ាងណា ចំណាយ​សម្រាប់​ឆ្នាំ​២០២១ ថយ​ចុះ​ជាង​ឆ្នាំ​២០២០ ជិត​ពីរ (,%)​ភាគរយ ដោយ រដ្ឋាភិបាល អះអាង​ថា ដើម្បី​ធានា​លំនឹង​សង្គម និង​សេដ្ឋកិច្ច​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។