ក្រុមអ្នកវិទ្យាសាស្ត្រពិភពលោក រកឃើញពូជសត្វ និងរុក្ខជាតិថ្មីៗ ចំនួន ១៥៧ជំពូក ក្នុងមហាតំបន់មេគង្គ រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ឬភូមា ថៃ និងវៀតណាម ក្នុងឆ្នាំ២០១៧។
អង្គការមូលនិធិសាកលសម្រាប់អភិរក្សធនធានធម្មជាតិ WWF ឲ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានផ្សាយថ្ងៃទី១២ ធ្នូនេះថា ក្នុងរបកគំហើញនោះ នៅកម្ពុជា មានជំពូកសត្វ និងរុក្ខជាតិថ្មីៗ ចំនួន ៨ ជំពូក ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្ររកឃើញ ខណៈនៅមីយ៉ាន់ម៉ា ឬភូមាមាន ៣៩ វៀតណាម ៥៨ ថៃ ៣៥ និងឡាវមាន ២៤ជំពូកសត្វ និងរុក្ខជាតិថ្មីៗ។ ក្នុងចំណោមជំពូកសត្វ និងរុក្ខជាតិថ្មីៗ ដែលក្រុមអ្នកវិទ្យាសាស្ត្រទើបនឹងរកឃើញទាំងនេះ ជារួម មាន ថនិកសត្វ ឬសត្វដែលចិញ្ចឹមកូនដោយទឹកដោះ មាន ៣ជំពូក ត្រី មាន ២៣ជំពូក សត្វដែលអាចរស់នៅលើគោកបាន និងក្នុងទឹកបាន មាន ១៤ជំពូក សត្វល្មូន មាន ២៦ជំពូក និងរុក្ខជាតិ មាន ៩១ជំពូក។
របាយការណ៍ចុងក្រោយ Living Planet Report របស់អង្គការ WWF ឲ្យដឹងថា ក្នុងរយៈពេល ៤០ ឆ្នាំចុងក្រោយ មានការធ្លាក់ចុះបរិមាណសត្វព្រៃក្នុងពិភពលោក រហូតដល់ទៅ ៦០ភាគរយ។ សម្រាប់មហាតំបន់មេគង្គ ការធ្លាក់ចុះនៃបរិមាណសត្វព្រៃនេះ រឹតតែអាក្រក់ ដោយសារតែមានការបំផ្លិចបំផ្លាញក្នុងទ្រង់ទ្រាយធំ នៃជម្រកសត្វព្រៃ និងការបរបាញ់សត្វព្រៃ ឬការនេសាទ ដែលមានលក្ខណៈជាឧស្សាហកម្មជាដើម នៅតាមកន្លែងជាច្រើននៅក្នុងតំបន់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
