ពលរដ្ឋ ៨សហគមន៍ក្នុងខណ្ឌមានជ័យ និងក្រុមយុវជនស្ម័គ្រចិត្ត បានសហការជាមួយអង្គការទស្សនៈពិភពលោក (World Vision) និងអ្នកពាក់ព័ន្ធជិត ២០០នាក់ បាននាំគ្នាដើរសម្អាតបរិស្ថាននៅក្នុងសង្កាត់ស្ទឹងមានជ័យ ដើម្បីរួមចំណែកធ្វើឲ្យបរិស្ថានទីក្រុងមានអនាម័យល្អ សោភណភាព និងផ្សព្វផ្សាយពីផលប៉ះពាល់នៃសំរាមដល់ពលរដ្ឋ។
ពលរដ្ឋ ៨សហគមន៍នៅក្នុងខណ្ឌមានជ័យ ដែលបានចូលរួមសកម្មភាពសម្អាតបរិស្ថាននៅក្នុងសង្កាត់ស្ទឹងមានជ័យ នៅថ្ងៃទី៧ ខែមិថុនា ដើម្បីអបអរទិវាបរិស្ថានពិភពលោក និងចង់ឲ្យទីក្រុងភ្នំពេញក្លាយទៅជាទីក្រុងស្អាត។
ពលរដ្ឋ ៨សហគមន៍នៅក្នុងខណ្ឌមានជ័យ សង្គមស៊ីវិល និងអាជ្ញាធរសង្កាត់ស្ទឹងមានជ័យ បានធ្វើសកម្មភាពសម្អាតសំរាមនៅចំណុចស្ពានស្ទឹងមានជ័យ និងចំណុចមួយចំនួនទៀតនៅក្នុងសង្កាត់នេះ ពិសេសចង់សម្អាតនៅសង្កាត់ស្ទឹងមានជ័យ ដែលមានបរិស្ថានមិនទាន់ស្អាតនៅឡើយ។
អ្នកសម្របសម្រួលគម្រោងសុវត្ថិភាពដីធ្លី នៃអង្គការទស្សនៈពិភពលោក និងជាអ្នកដឹកនាំសកម្មភាពសម្អាតបរិស្ថាននេះ លោក នី វាសនា បានឲ្យដឹងថា សកម្មភាពសម្អាតបរិស្ថានរបស់ពលរដ្ឋសហគមន៍នៅពេលនេះ ធ្វើឡើងដើម្បីអបអរទិវាបរិស្ថានពិភពលោក និងចង់បង្ហាញថា ការរួមចំណែករបស់សហគមន៍ក្នុងការសម្អាតបរិស្ថាន គឺជារឿងសំខាន់។ លោក នី វាសនា មានប្រសាសន៍ទៀតថា សកម្មភាពរបស់សហគមន៍ផ្ដោតសំខាន់ខ្លាំងក្នុងសង្កាត់ស្ទឹងមានជ័យ ព្រោះសង្កាត់នេះកំពុងប្រឈមនឹងបញ្ហាបរិស្ថានច្រើនជាងសង្កាត់ ឬខណ្ឌដទៃនៅក្នុងទីក្រុងភ្នំពេញ៖ «ពលរដ្ឋនៅក្នុងសង្កាត់ស្ទឹងមានជ័យ ភាគច្រើនពួកគាត់រស់នៅក្បែរលូទឹកស្អុយ ដែលគេហៅថាស្ទឹងខ្មៅ ក្លិនស្អុយ ដូច្នេះហើយទើបយើងធ្វើសកម្មភាពនៅសង្កាត់ស្ទឹងមានជ័យ»។
ពលរដ្ឋសហគមន៍នៅក្នុងខណ្ឌមានជ័យ ដែលចូលរួមសកម្មភាពសម្អាតបរិស្ថាននេះ បានសម្ដែងក្តីព្រួយបារម្ភថា សង្កាត់ស្ទឹងមានជ័យ កំពុងប្រឈមនឹងបញ្ហាការចោលសំរាមគ្មានសណ្ដាប់ធ្នាប់ ការកកស្ទះប្រព័ន្ធលូ ភាពអសកម្មក្នុងការប្រមូលសំរាមរបស់ក្រុមហ៊ុន មិនមានកន្លែងទុកដាក់សំរាម ឬវេចខ្ចប់សំរាមមិនបានត្រឹមត្រូវ។ ពលរដ្ឋសហគមន៍លើកឡើងថា កត្តាទាំងនេះបណ្ដាលឲ្យស្ទះលូលិចផ្លូវ និងលំនៅឋានប្រជាពលរដ្ឋ ប៉ះពាល់ដល់សុខភាពពលរដ្ឋដោយសារតែក្លិនស្អុយរបស់សំរាម បង្កផលលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋ លើសពីនេះធ្វើឲ្យកកស្ទះចរាចរណ៍ពេលមានភ្លៀងម្តងៗ។

ជាមួយគ្នានេះដែរ ប្រធានក្លឹបយុវជន និងសមាជិកសហគមន៍ម្នាក់នៅក្នុងសង្កាត់ស្ទឹងមានជ័យ លោក ជា ប៊ុន ហុង និយាយថា ពលរដ្ឋរស់នៅក្នុងសង្កាត់ស្ទឹងមានជ័យ ពិសេសក្បែរប្រឡាយទឹកស្អុយ ចង់បានបរិស្ថានស្អាតក្នុងការរស់នៅ គ្មានសំរាម និងភាពកខ្វក់។ លោកបន្តថា សកម្មភាពរបស់ពលរដ្ឋសង្កាត់ស្ទឹងមានជ័យ គឺចង់បង្ហាញថា ពលរដ្ឋមិនមែនជាចំណែកធ្វើឲ្យមានបញ្ហាបរិស្ថានមិនស្អាតនោះទេ គឺពលរដ្ឋចង់បានបរិស្ថានស្អាត។ សមាជិកសហគមន៍រូបនេះ ស្នើឲ្យអាជ្ញាធរពាក់ព័ន្ធអន្តរាគមន៍ទៅដល់ក្រុមហ៊ុន កុំឲ្យយឺតយ៉ាវប្រមូលសំរាម ត្រូវដាក់ធុងសំរាមតាមទីសាធារណៈឲ្យបានច្រើន និងអប់រំពលរដ្ឋឲ្យចេះទុកដាក់ប្រភេទសំរាម ដើម្បីគេចផុតពីធុំក្លិនមិនល្អប៉ះពាល់ដល់សុខភាព។
ចំណែកប្រធានការពារភូមិមានជ័យ១ នៅក្នុងសង្កាត់ស្ទឹងមានជ័យ លោក កែវ គឹមហោ បានឲ្យដឹងថា កន្លងមកអាជ្ញាធរសង្កាត់មានជ័យ តែងបានធ្វើសកម្មភាពសម្អាតបរិស្ថាន ដើម្បីបង្ហាញការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពលរដ្ឋ។ លោកថា អាជ្ញាធរនឹងបន្តកិច្ចសហការ និងស្ថាប័នពាក់ព័ន្ធ ដើម្បីរក្សាបរិស្ថានឲ្យបានប្រសើរឡើង៖ «អាជ្ញាធរសង្កាត់ស្ទឹងមានជ័យ ក៏ដូចជាសាលារាជធានីភ្នំពេញ និងរដ្ឋាភិបាល នឹងខិតខំធ្វើសកម្មភាពសម្អាតបរិស្ថាននៅក្នុងសង្កាត់ស្ទឹងមានជ័យ បន្ថែមទៀត»។
យុទ្ធនាការផ្សព្វផ្សាយបញ្ហាបរិស្ថាន និងសម្អាតសំរាមរបស់ពលរដ្ឋសហគមន៍ខណ្ឌមានជ័យ ប្រមូលបានសំរាម និងវេចខ្ចប់បានជាង ៣០០ថង់។ ពលរដ្ឋសហគមន៍ខណ្ឌមានជ័យ អះអាងថា នឹងបន្តសកម្មភាពសម្អាតបរិស្ថានបន្តទៀត ដើម្បីជំរុញពលរដ្ឋចូលរួមកាន់តែខ្លាំង ដើម្បីថែរក្សាបរិស្ថាននៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
