មន្ត្រីឃ្លាំមើលបញ្ហាព្រៃឈើសមាគមអាដហុក (adhoc) អំពាវនាវឲ្យអាជ្ញាធរខេត្តរតនគិរី ស៊ើបអង្កេតលើកិច្ចសន្យាទិញលក់ឈើប្រណិតនៅក្នុងតំបន់ព្រៃស្រោង រវាងសហគមន៍ជនជាតិដើមភាគតិច និងឈ្មួញ។ មន្ត្រីជំនាញព្រៃឈើចាត់ទុកការទិញលក់នេះ ជាទង្វើខុសច្បាប់។
ឈើប្រណិតរាប់រយម៉ែត្រគូបនៅតំបន់គម្របព្រៃឈើ ក្នុងឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី រងការកាប់ធ្វើអាជីវកម្មដោយគ្មានការទទួលខុសត្រូវ។
អាជីវកម្មឈើប្រណិតនេះ ធ្វើឡើងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៣ រហូតមកដល់បច្ចុប្បន្ន ក្រោមកិច្ចព្រមព្រៀងរវាងសហគមន៍ជនជាតិដើមភាគតិចភូមិទុន និងប្រជាពលរដ្ឋជនជាតិខ្មែរឈ្មោះ សារឿន រស់នៅឃុំតាវែងក្រោម។
អ្នកសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឆាយ ធី ថ្លែងថា នេះជាកិច្ចព្រមព្រៀងផ្ទុយពីច្បាប់ ពីព្រោះសហគមន៍មិនមានសិទ្ធិលក់ឈើមានតម្លៃជាធនធានធម្មជាតិទ្រព្យសម្បត្តិរដ្ឋ ទៅឲ្យបុគ្គលណាឡើយ។ លោកបន្តថា ជនជាតិដើមភាគតិចមានសិទ្ធិថែរក្សាប្រើប្រាស់ និងអាស្រ័យផលព្រៃឈើជាលក្ខណៈប្រពៃណីតែប៉ុណ្ណោះ៖ «អាដហុក ក៏ធ្វើការស៊ើបអង្កេតករណីនេះដែរ បើសិនសហគមន៍ណាបានប្រព្រឹត្តដូចរបាយការណ៍ យើងនឹងអន្តរាគមន៍ទៅស្ថាប័នជំនាញ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់»។
របាយការណ៍អង្កេតរបស់សមាគមអាដហុក ខេត្តរតនគិរី រកឃើញកិច្ចព្រមព្រៀងមួយមានតម្លៃទឹកប្រាក់ ៣ពាន់ដុល្លារ ដែលឈ្មួញអ្នកទិញឈើបានប្រគល់ទៅឲ្យប្រជាពលរដ្ឋ ៤៥គ្រួសារ ជនជាតិដើមគ្រឹង ភូមិទុន ជាថ្នូរអនុញ្ញាតឲ្យឈ្មួញកាប់ឈើធ្នង់រយៈពេលមួយឆ្នាំនៅក្នុងព្រៃ។
ប្រធានសហគមន៍ភូមិទុន លោក ធី ព្រីន ទទួលស្គាល់ថា សមាជិកសហគមន៍ទាំងអស់គ្នាពិតជាឯកភាពឲ្យឈ្មួញចូលព្រៃកាប់ឈើ ដើម្បីយកប្រាក់។ លោកបន្តថា សហគមន៍ដឹងថា នេះជាអំពើខុសច្បាប់ ប៉ុន្តែព្រៃឈើនៅតំបន់នោះត្រូវគេចូលកាប់ធ្វើអាជីវកម្មអនាធិបតេយ្យច្រើនឆ្នាំកន្លងទៅ ហេតុនេះទើបសហគមន៍យល់ព្រមលក់ឈើក្នុងព្រៃ ដើម្បីយកប្រាក់អភិវឌ្ឍសហគមន៍៖ «អ្នកខ្លះគេភ័ន្តច្រឡំថា ខ្ញុំហ្នឹងហើយជាមេខ្លោង អ៊ីចេះអ៊ីចុះ តើខ្ញុំមានសិទ្ធិស្អី។ ប្រជាជនគេដឹងថា បើការងារខុសគេដឹងខុសហើយ ពីមុនគ្រញូង ធ្នង់ បេង នាងនួន ឈើក្រំ អ៊ីចឹងវាខុសហើយ ប៉ុន្តែគេនិយាយគ្នាក្នុងសហគមន៍ណា»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣ ខែកក្កដា មិនអាចស្វែងរកអ្នកជំនួញឈើ គឺលោក សារឿន សុំអធិប្បាយបញ្ហានេះបានទេ។
ដោយឡែកមេភូមិទុន លោក ប៉ាត ច្រាំង អះអាងថា អ្នកភូមិបានលក់ឈើយកប្រាក់សាងសង់សាលាប្រជុំភូមិ។ លោកបន្តថា នេះជាការឯកភាពគ្នារបស់សហគមន៍៖ «គេចង់បានដោះដូរ ប៉ុន្តែពួកខ្ញុំអត់មានស្អីធ្វើសាលារងភូមិ បើអ៊ីចឹងដោះដូរជាមួយពួកថៅកែហ្នឹង»។
ទាក់ទិនករណីនេះ នាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគិរី លោក ផាន់ ភិន អះអាងថា លោកនឹងចាត់មន្ត្រីស៊ើបអង្កេតករណីនេះ។ លោកបញ្ជាក់ថា កិច្ចសន្យាទិញលក់ព្រៃឈើដែលសហគមន៍ និងឈ្មួញបានព្រមព្រៀងគ្នា គឺជាបទល្មើសព្រៃឈើត្រូវផ្ដន្ទាទោសតាមច្បាប់៖ «អត់ទេ វិធានការឥឡូវអត់មានអប់រំស្អីទៀតទេ មានតែច្បាប់ហ្នឹងហើយ។ រឿងហ្នឹងៗខុសច្បាប់ហើយ ចាំមើលសិន ស៊ើបអង្កេតសិន យើងមានសិទ្ធិស្អីទៅលក់ឈើ»។
តំបន់គម្របព្រៃឈើនៅឃុំតាវែងក្រោម មានផ្ទៃដីប្រមាណ ៣ពាន់ហិកតារ លាតសន្ធឹងជាប់ទៅនឹងឧទ្យានជាតិវីរៈជ័យ។ សហគមន៍ភូមិទុន នឹងស្នើព្រៃតំបន់នោះទុកជាព្រៃត្រៀមបម្រុង និងជាព្រៃការពារសហគមន៍ ដើម្បីចុះបញ្ជីដីធ្លីសហគមន៍ជាកម្មសិទ្ធិសមូហភាពនៅពេលខាងមុខនេះ។
យ៉ាងនេះក្តី របាយការណ៍អង្កេតរបស់មន្ត្រីអាដហុក ដដែលឲ្យដឹងថា ព្រៃឈើតំបន់នោះមួយចំណែក ត្រូវសហគមន៍កាប់រានយកដី ចំណែកឈើមានតម្លៃរងការកាប់ធ្វើអាជីវកម្មអស់ស្ទើរគ្មានសល់នាពេលបច្ចុប្បន្ន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។