មន្ត្រី​អាដហុក​និង​សហគមន៍​ការពារ​ព្រៃឈើ​រង​ការ​ប្ដឹង​ផ្ដល់​ថា​បង្កើត​តំបន់​អបគមន៍

ដោយ យន់ សាមៀន
2018-12-25
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
មន្ត្រី​កម្មវិធី​បណ្ដាញ​សហគមន៍​នៃ​សមាគម​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ ក្នុង​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០១៧។
RFA

តំណាង​អយ្យការ​ខេត្ត​រតនគិរី កោះហៅ​ជនជាតិ​ដើម​ភាគតិច​ទំពួន ៨​នាក់ និង​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក (Adhoc) មួយ​រូប ដែល​សកម្ម​ការពារ​ធនធាន​ធម្មជាតិ​ឲ្យ​បំភ្លឺ នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ ក្នុង​សំណុំរឿង​បង្កើត​តំបន់​អបគមន៍ គំរាមកំហែង​សមត្ថកិច្ច បង្កើត​សហគមន៍​ឲ្យ​ប្រឆាំង​អាជ្ញាធរ និង​ការ​ញុះញង់ ឲ្យ​ពលរដ្ឋ​កាប់​បំផ្លាញ​ព្រៃឈើ។ អ្នកភូមិ​សង្ស័យ​ថា អាជ្ញាធរ​មូល​ភូមិ​-​ឃុំ អភិបាលស្រុក ប្រធាន​មន្ទីរ​បរិស្ថាន សមត្ថកិច្ច និង មន្ត្រី​ឧទ្យានុរក្ស គឺជា​ដើម​បណ្ដឹង​លើ​សំណុំ​រឿង​នេះ។

តំណាង​ជនជាតិ​ដើម​ភាគតិច​ទំពួន ៨​នាក់ រស់នៅ​ភូមិ​សមុទ្រ​ក្រោម ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី និង​មន្ត្រី​ជាន់ខ្ពស់​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បាន​ចូលខ្លួន​ទៅ​ស្រាយ​បំភ្លឺ​នៅ​ចំពោះ​មុខ​តំណាង​អយ្យការ​ខេត្ត​នេះ​រួចហើយ កាលពី​ព្រឹក​ថ្ងៃទី២៥ ខែ​ធ្នូ។ ពួកគេ​ចាត់ទុកថា ពាក្យ​បណ្ដឹង​នេះ ពុំ​មែន​ជា​ដំណោះស្រាយ​រក​យុត្តិធម៌ ទប់ទល់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះ​ទេ ថែមទាំង​គំរាម​ស្មារតី​អ្នក​ឈឺឆ្អាល​រឿង​បាត់បង់​ធនធានធម្មជាតិ​ទៅវិញ។

មន្ត្រី​ពង្រឹង​សិទ្ធិ​អំណាច​សហគមន៍ នៃ​សមាគម​អាដហុក លោក ប៉ែន ប៊ុណ្ណារ៍ បញ្ជាក់​ប្រាប់​អាស៊ីសេរី​ថា សំណុំ​រឿង​នេះ ទំនងជា​អាជ្ញាធរ​មូលដ្ឋាន មន្ត្រី​បរិស្ថាន និង​ប្រធាន​មន្ទីរ​បរិស្ថាន គឺជា​ដើម​បណ្តឹង ខណៈ​កន្លងទៅ លោក និង​សហគមន៍​ធ្លាប់​ប្ដឹង​អាជ្ញាធរ​ទាំងនោះ​ទៅ​តំណាង​អយ្យការ​ដែរ តែ​ពុំ​ទទួល​លទ្ធផល។ លោក​សំណូមពរ​ឲ្យ​តំណាង​អយ្យការ​ខេត្ត​នេះ ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ​ជាក់ស្ដែង ដែល​ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ត្រូវ​បាន​គេ​កាប់​បំផ្លាញ​គ្រប់​ទម្រង់ ជាពិសេស​ការទិញ​លក់​ដី​ព្រៃ​អភិរក្ស បម្លែង​ជា​ដី​កម្មសិទ្ធិ​ខុសច្បាប់។ លោក​បន្ថែម​ថា សមាគម​អាដហុក នឹង​ត្រៀម​ដាក់​មេធាវី ពីរ​រូប លើ​សំណុំរឿង​នេះ៖ «យើង​ពេញ​ចិត្តនឹង​ការ​ចូល​ទៅ​ឆ្លើយ​បំភ្លឺ​គ្រប់​ដំណាក់កាល​ទាំងអស់ បើ​ទោះ​បី​ជា​យើង ពុំ​ទាន់​បាន​ទទួល​យុត្តិធម៌ ព្រោះ​សហគមន៍​យើង​ទាំងអស់​ដាច់ខាត​គ្មាន​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ហើយ​គាត់​ធ្លាប់​ផ្ដល់​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ក៏ប៉ុន្តែ​ព្រៃ​បាន​វិនាស។ ថ្ងៃនេះ​ក៏​មាន​ត្រាក់ទ័រ និង​គ្រឿងយន្ត​ចូល​ទៅ​ឈូស​ឆាយ​បន្ត​ទៀត»

ព្រះរាជអាជ្ញា​អម​សាលាដំបូង ខេត្ត​រតនគិរី លោក ជា ពេជ្រ បដិសេធ​មិន​ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី នៅ​ថ្ងៃ​ទី២៥ ខែ​ធ្នូ ដោយ​លោក​បញ្ជាក់​យ៉ាង​ខ្លី​ថា​មិន​បាន​ដឹង​រឿង​នេះ​ទេ។

រីឯ​ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​រតនគិរី លោក រ៉ា បូរ៉ាឌី ក៏​មិន​អាច​ទាក់ទង​បាន​ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង គ្មាន​អ្នកទទួល​នៅ​ថ្ងៃ​ដដែល​នេះ។

តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ទំពួន ដែល​ចូល​ខ្លួន​ស្រាយ​បំភ្លឺ​រឿង​នេះ លោក ឆន ផល្លា ចាត់​ទុក​ពាក្យ​បណ្តឹង​នេះ គឺ​ផ្ទុយ​ពី​ការពិត ក្នុង​បំណង​គំរាមកំហែង​ឆន្ទៈ​សហគមន៍​ដែល​លះបង់​អាយុជីវិត​ការពារ​ព្រៃឈើ ដែល​ទទួលរង​ការ​កាប់​បំផ្លាញ​ឥត​ឈប់ឈរ។ លោក​ថា សហគមន៍​រក​ឃើញ​ភស្តុតាង និង​ឯកសារ​ជាច្រើន ដែល​បញ្ជាក់​ថា អាជ្ញាធរ​ភូមិ​-​ឃុំ និង​សមត្ថកិច្ច​ខ្លះ​មាន​ជាប់​ពាក់ព័ន្ធ​លក់​ឈើ​មូល​ក្នុង​ព្រៃ​អភិរក្ស​ឲ្យ​ជនជាតិ​វៀតណាម តម្លៃ ១ ម៉ឺន ៥ ពាន់​ដុល្លារ និង​ឃុបឃិត​គ្នា​ឈូស​ឆាយ​ទន្ទ្រានព្រៃ​អភិរក្ស​មក​ធ្វើជា​សម្បត្តិ​បុគ្គល​បែប​អនាធិបតេយ្យ គ្មាន​អាជ្ញាធរ​ជំនាញ​ណា​អើពើ៖ «ខ្ញុំ​បាន​លើក​ពី​ភស្តុតាង ដែល​មេភូមិ គាត់​ផ្ដិត​មេដៃ លក់​ព្រៃ​អភិរក្ស ក្នុង​ដែន​ជម្រក និង​ព្រៃ​លំផាត់ ប្រគល់​ឲ្យ​វៀតណាម​ហ្នឹង មួយ​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​គាត់​លក់​ឲ្យ​ហ្នឹង ធ្វើ​កិច្ចសន្យា​ហ្នឹង​។ ក្នុង​ដី​សហគមន៍​មាន​គេ​ឈូស​ឆាយ​ព្រៃ​លក់ និង​ខ្លះ​ដាំ​ចន្ទី​រួចហើយ​។ ខ្ញុំ​លើក​ភស្តុតាង​ហ្នឹង​ទៅ​ឲ្យ​ព្រះរាជអាជ្ញា»

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក លោក ឌិន ខន្នី យល់ថា ពាក្យ​បណ្តឹង​នេះ ជា​ការ​គំរាមកំហែង​សិទ្ធិ​បញ្ចេញមតិ ការពារ​ធនធានធម្មជាតិ និង​រារាំង​សហគមន៍​មិន​ឲ្យ​ឈឺឆ្អាល​រឿង​បទល្មើស​ព្រៃឈើ។ លោក​មាន​ជំនឿ​ថា តំណាង​អយ្យការ និង​តុលាការ​ខេត្ត​នេះ នឹង​ស្វែងរក​យុត្តិធម៌​ជូន​សកម្មជន​បរិស្ថាន និង​មន្ត្រី​អាដហុក ខណៈ​ដែល​ឯកសារ​ជាច្រើន​ដែល​សហគមន៍​ប្រមូល​បាន ជា​ភស្តុតាង​សំខាន់ ងាយស្រួល​ឲ្យ​តុលាការ​ស៊ើបអង្កេត​រក​ការពិត ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ពលរដ្ឋ៖ «នេះ​វា​ជា​​ករណី​ប្ដឹង​ដើម្បី​គំរាមកំហែង ប្ដឹង​ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​គាត់​ការពារ​បរិស្ថាន ពុំ​មែន​ប្ដឹង​ដើម្បី​រក​យុត្តិធម៌​ការ​កាប់​បំផ្លាញ​បរិស្ថាន ព្រោះ​ពួកគាត់​នរណា​ក៏​ដឹង​ដែរ​ថា ជា​អ្នកការពារ​បរិស្ថាន»

លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់​ថា ខ្លឹមសារ​ច្បាប់​ព្រហ្មទណ្ឌ បុគ្គល​គ្រប់រូប​នៅ​គ្រា​ប្រទះឃើញ​បទល្មើស​ឧក្រិដ្ឋ ហើយ​មិន​ប្ដឹង​បរិហារ គឺ​ជន​នោះ​នឹង​ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល។

កាលពី​ចុង​ឆ្នាំ​២០១៧ តំណាង​អ្នកភូមិ​សមុទ្រក្រោម ចំនួន ៩ នាក់ បាន​ដាក់​បណ្ដឹង​បរិហារ​ក្រុម​មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​បរិស្ថាន ៧​នាក់​ដែល​អ្នកភូមិ​ចាត់ទុកថា បាន​អនុគ្រោះ​ឲ្យ​កើតមាន​បទល្មើស​ព្រៃឈើ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​ជូន​អយ្យការ​សាលាដំបូង​ខេត្ត​រតនគិរី។ សំណុំ​រឿង​នេះ​សហគមន៍​រក​ឃើញ​កិច្ចសន្យា​ទិញ​លក់​ឈើ​មូល​ប្រព្រឹត្ត​ឡើង ដោយ​មេភូមិ និង​អនុ​ប្រធាន​ភូមិ។ តែ​មក​ទល់​ពេលនេះ សំណុំ​រឿង​នេះ ត្រូវ​បាន​តំណាង​អយ្យការ​ខេត្ត​រតនគិរី តម្កល់ទុក​ឥត​ចាត់ការ ហើយ​សហគមន៍​ត្រៀម​ប្ដឹង​ទាស់​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ពេល​ឆាប់ៗ​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល