ប្រទេសចិនចុះហត្ថលេខាចែករំលែកព័ត៌មានទឹក ក្នុងរយៈពេលពេញ ១ឆ្នាំ ជាមួយគណៈកម្មការទន្លេមេគង្គ។ ការចុះហត្ថលេខានេះ កើតមានឡើងក្រោយប្រទេសចិនបានសន្យាចែករំលែកព័ត៌មានទឹក ដល់បណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គខ្សែទឹកខាងក្រោម ក្នុងអំឡុងពេលកិច្ចប្រជុំមេគង្គ-ឡានឆាង លើកទី៣ និងក្រោយពេលដែលសហរដ្ឋអាមេរិកបានរិះគន់ជាចំហរថា ចិនបានរាំងខ្ទប់ទឹកនៅខ្សែទឹកខាងលើនៃអាងទន្លេមេគង្គ តាមរយៈទំនប់វារីអគ្គិសនីដ៏សម្បើមរបស់ខ្លួន។
ភាគីចិនសន្យាថា ខ្លួននឹងចែករំលែកព័ត៌មានជលសាស្ត្រ ឬពាក់ព័ន្ធនឹងទឹកទន្លេមេគង្គ ក្នុងរយៈពេលពេញ១ឆ្នាំ ២០២១ ដល់បណ្ដាប្រទេសនៅតំបន់ខ្សែទឹកខាងក្រោមទន្លេមេគង្គ។ ការចែករំលែកព័ត៌មាននេះ ធ្វើឡើងតាមរយៈយន្តការគណៈកម្មការទន្លេមេគង្គ MRC ពោលគឺមិនមែនតាមរយៈយន្តការមេគង្គ-ឡានឆាងដែលចិនជាអ្នកបង្កើតនោះទេ។ នេះបើតាម តាមរយៈកិច្ចព្រមព្រៀងដែលចិនទើបនឹងចុះហត្ថលេខានៅថ្ងៃទី២២ តុលា ជាមួយគណៈកម្មការទន្លេមេគង្គ។
ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំមួយតាមវីដេអូ ខនហ្វឺរេន (Video Conference) អំពីភាពជាដៃគូកិច្ចសន្ទនារបស់គណៈកម្មការទន្លេមេគង្គ រវាងក្រសួងធនធានទឹករបស់ចិន ជាមួយនឹង គណៈកម្មការទន្លេមេគង្គ។
លេខាធិការគណៈកម្មការទន្លេមេគង្គ បណ្ឌិត អាន ពេជ្រហត្ថដា ហៅការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករម្លែកព័ត៌មានទឹកនេះថា គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងគណៈកម្មការទន្លេមេគង្គ។ លោកបន្ថែមថា ការប្រតិបត្តិហេដ្ឋារចនាសម្ព័ន្ធនានានៅលើផ្ទៃអាង និងដៃទន្លេមេគង្គ បាននាំឲ្យមានភាពប្រែប្រួលដល់លំហូរទឹកទន្លេ និងកម្រិតហក់ឡើងចុះនៃទឹកទន្លេ ដែលអាចបង្កផលប៉ះពាល់ដល់សហគមន៍នៅតាមដងទន្លេនេះ ដូច្នេះហើយ ការចម្លែកទិន្នន័យប្រតិបត្តិការនៃហេដ្ឋារចនាសម្ព័ន្ធនៅលើទន្លេមេគង្គឲ្យបានកាន់តែច្រើន នឹងចូលរួមចំណែកផ្ដល់សារសំខាន់ដល់ការគ្រប់គ្រងទន្លេមេគង្គ។
អាស៊ីសេរី បានព្យាយាមទាក់ទងមន្ត្រីផ្នែកទំនាក់ទំនងនៃគណៈកម្មការទន្លេមេគង្គដែលមានមូលដ្ឋាននៅប្រទេសឡាវ លោក មាស សុភ័ក្រ ដើម្បីសុំពន្យល់បន្ថែមអំពីខ្លឹមសារនៃកិច្ចព្រមព្រៀងជាមួយភាគីចិននេះ និងថាតើបន្ទាប់ពីផុតសុពលភាពនៃកិច្ចព្រមព្រៀងនេះទៅ ចិននឹងនៅតែបន្តចែករំលែកព័ត៌មានទឹកដដែលនេះ ដល់គណៈកម្មការទន្លេមេគង្គ ដែរយ៉ាងណា ក៏ប៉ុន្តែលោកពុំលើកទូរស័ព្ទកាលពីថ្ងៃទី២២ តុលា។ យ៉ាងណា សេចក្ដីប្រកាសព័ត៌មានរបស់គណៈកម្មការទន្លេមេគង្គឲ្យដឹងថា តាមរយៈកិច្ចព្រមព្រៀងនេះ ចិនចែកចាយព័ត៌មានជលសាស្ត្រ បានមកតែពីស្ថានីយចំនួន២ នៃវារីអគ្គិសនីនៅខ្សែទឹកខាងលើរបស់ខ្លួនតែប៉ុណ្ណោះ ខណៈចិនមានវារីអគ្គិសនីកំពុងប្រតិបត្តិនៅលើខ្សែទឹកខាងលើនៃទន្លេមេគង្គនេះ រហូតដល់ទៅ១១ និងគ្រោងសាងសង់ទំនប់វារីអគ្គិសនីជាច្រើនបន្ថែមទៀតនៅលើផ្ទៃទន្លេនេះ។
ការចែករំលែកនេះ ធ្វើឡើងពីរដងក្នុងមួយថ្ងៃ ដែលក្នុងនោះ រួមមាន ទិន្នន័យអំពីកម្រិតភ្លៀងធ្លាក់ និងទិន្នន័យអំពីកម្រិតទឹកទន្លេ។ ទន្ទឹមនឹងនេះ ប្រទេសចិន ក៏យល់ព្រមចែករម្លែកព័ត៌មានបន្ទាន់ពាក់ព័ន្ធនឹងការកើនឡើង ឬធ្លាក់ចុះកម្រិតទឹកខុសពីប្រក្រតី និងការបង្ហូរទឹក ព្រមទាំងព័ត៌មានពាក់ព័ន្ធដទៃទៀត អំពីកត្តានានាដែលអាចបណ្ដាលឲ្យកើតមានគ្រោះទឹកជំនន់ភ្លាមៗទៅដល់តំបន់ខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ។
ក្នុងរយៈពេល ១៨ឆ្នាំកន្លងទៅ ចិនធ្លាប់បានចែកចាយព័ត៌មានអំពីកម្រិតទឹក និងទិន្នន័យភ្លៀងធ្លាក់ តែក្នុងអំឡុងខែមិថុនា ដល់ខែតុលា នៃរដូវទឹកជំនន់តែប៉ុណ្ណោះ ហើយព័ត៌មាននេះ បានមកពីស្ថានីយចំនួន២ នៃវារីអគ្គិសនីនៅខ្សែទឹកខាងលើរបស់ខ្លួនតែប៉ុណ្ណោះ។
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងចែករំលែកព័ត៌មានទឹកជាមួយគណៈកម្មការទន្លេមេគង្គនាពេលនេះ កើតឡើងក្នុងរយៈពេលមិនដល់២ខែផង ក្រោយកិច្ចប្រជុំកំពូលមេគង្គ-ឡានឆាងលើកទី៣ បានបិទបញ្ចប់ទៅដោយគ្មានដំណោះស្រាយជាក់លាក់លើបញ្ហាវិបត្តិទឹក ឬសន្តិសុខទឹកនៅតំបន់ទន្លេមេគង្គ។ យន្តការមេគង្គ-ឡានឆាងដែលចិនជាអ្នកគ្រប់គ្រងនេះ ត្រូវអ្នកជំនាញរិះគន់ថា គ្មានប្រសិទ្ធភាព ពោលគឺមិនខុសអ្វីពីឲ្យ «កញ្ជ្រោងចាំយាមទ្រុងមាន់» នោះទេ ព្រោះចិនជាអ្នកគ្រប់គ្រងវារីអគ្គិសនីដ៏សម្បើមនៅខ្សែទឹកខាងលើស្រាប់។
ឆ្លើយតបនឹងឥទ្ធិពលរបស់ចិននៅតំបន់ទន្លេមេគង្គនេះ សហរដ្ឋអាមេរិក បានបង្កើនភាពពាក់ព័ន្ធរបស់ខ្លួននៅក្នុងតំបន់មេគង្គតាមរយៈការបង្កើតយន្តការនៃភាពជាដៃគូរវាងតំបន់មេគង្គ និងសហរដ្ឋអាមេរិក ជាលើកដំបូង ហើយបានទម្លាក់ថវិកាជាង ១៥០លានដុល្លារដល់ប្រទេសក្នុងតំបន់ខ្សែទឹកខាងក្រោមនៃទន្លេមេគង្គ។ សហរដ្ឋអាមេរិក បានចោទប្រកាន់ជាចំហរថា បក្សកុម្មុយនិស្តចិនបានសម្រេចជាឯកតោភាគីរាំងខ្ទប់ទឹកនៅខ្សែទឹកខាងលើទន្លេមេគង្គបង្កឲ្យមានគ្រោះរីងស្ងួតខ្លាំងមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រនៃប្រទេសតំបន់មេគង្គ។ សហរដ្ឋអាមេរិកបានជំរុញឲ្យប្រទេសនានាក្នុងតំបន់មេគង្គ ទាមទារឲ្យបក្សកុម្មុយនិស្តចិនគោរពការសន្យារបស់ខ្លួនក្នុងការចែករំលែកព័ត៌មានអំពីទឹកជាសាធារណៈរយៈពេលពេញមួយឆ្នាំ រួមទាំងទិន្នន័យពាក់ព័ន្ធនឹងការសាងសង់ និងប្រតិបត្តិការទំនប់វារីអគ្គិសនីផងដែរ តាមរយៈការប្រើប្រាស់យន្តការគណៈកម្មការទន្លេមេគង្គMRC៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។