បុគ្គលិកស៊ីនទ្រីជិត ៥០០នាក់ តវ៉ានៅមុខក្រុមហ៊ុនទាមទារទូទាត់ប្រាក់អត្ថប្រយោជន៍របស់ពួកគេ
2020.10.04

បុគ្គលិកក្រុមហ៊ុនប្រមូលសំរាម ស៊ីនទ្រី ខេមបូឌា (Cintri Cambodia) ប្រមាណជិត ៥០០នាក់ តវ៉ានៅមុខក្រុមហ៊ុនស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយទាមទារឲ្យថៅកែទូទាត់ប្រាក់បញ្ចប់កិច្ចសន្យា មុនការដេញថ្លៃក្រុមហ៊ុនថ្មី ដោយសារពួកគេព្រួយបារម្ភពីហានិភ័យនៃការបាត់បង់ប្រាក់អត្ថប្រយោជន៍ និងអស្ថិរភាពការងារ។ មន្ត្រីសិទ្ធិការងារថា រដ្ឋាភិបាល និងម្ចាស់ក្រុមហ៊ុនគួរធ្វើយ៉ាងណា ធានាឲ្យក្រុមកម្មករមានសុវត្ថិភាពការងារក្នុងអំឡុងពេលបច្ចុប្បន្ន ដើម្បីឲ្យពួកគេអាចជឿទុកចិត្តបាន។
ប្រធានសហជីពវិស័យទេសចរ នៃក្រុមហ៊ុនស៊ីនទ្រី និងជាតំណាងកម្មករស៊ីនទ្រី លោក កៅ សាវ៉ាត ឲ្យអាស៊ីសេរីដឹងថា ការតវ៉ារបស់ក្រុមកម្មករប្រមូលសំរាមនេះ គឺដោយសារតែពួកគេបារម្ភខ្លាចបាត់បង់ប្រាក់អត្ថប្រយោជន៍របស់ពួកគេ ដែលធ្វើជាយូរឆ្នាំមកហើយ ដោយក្នុងម្នាក់ៗ ពី៥ឆ្នាំ ទៅដល់ជាង២០ឆ្នាំ។ លោកបន្តថា ពួកគេបារម្ភពីស្ថិរភាពការងារ បន្ទាប់ពីគម្រោងដេញថ្លៃក្រុមហ៊ុនស៊ីនទ្រីថ្មីចំនួន ៣ក្រុមហ៊ុនបន្ថែមទៀតដែលរដ្ឋាភិបាលបានប្រកាសកន្លងមកនេះ ខិតជិតមកដល់ ដែលធ្វើឲ្យពួកគេភ័យខ្លាច និងពិបាកក្នុងការទាមទារប្រាក់អត្ថប្រយោជន៍របស់ពួកគេ មិនដឹងទាមទារពីក្រុមហ៊ុនណា។
ក្រុមកម្មករស្នើសុំឲ្យថៅកែក្រុមហ៊ុនស៊ីនទ្រី បើកប្រាក់អត្ថប្រយោជន៍ឲ្យពួកគេចំនួន ៥ចំណុចដូចជា ប្រាក់បំណាច់អតីតភាពការងារ ប្រាក់សងជំងឺចិត្ត ប្រាក់ជួសឲ្យការជូនដំណឹង ប្រាក់ខែចុងក្រោយ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំដែលនៅសល់។
លោក កៅ សាវ៉ាត អះអាងថា ប្រាក់អត្ថប្រយោជន៍របស់កម្មករក្នុងម្នាក់ៗ មិនតិចជាង មួយពាន់ដុល្លារ (១ ០០០$) នោះទេ ទើបពួកគេព្រួយបារម្ភពីភាពមិនច្បាស់លាស់ចំពោះក្រុមហ៊ុនមួយនេះក្នុងការទូទាត់សងជូនពួកគេវិញ៖ «កម្មករគាត់បារម្ភខ្លាចក្រុមហ៊ុនមានការផ្លាស់ប្តូរ ប្រែប្រួលយ៉ាងម៉េច អញ្ចឹងសំណូមពររបស់គាត់ គាត់ស្នើឲ្យក្រុមហ៊ុនទូទាត់បំណាច់ឆ្នាំ Clear ចោលឲ្យអស់មួយសារ ហើយបើសិនជាក្រុមហ៊ុនទទួលយកធ្វើការវិញ គាត់នឹងធ្វើការវិញជាធម្មតា តែបើសិនជាក្រុមហ៊ុន គាត់បញ្ចប់កិច្ចសន្យារបស់គាត់ អាហ្នឹងក៏គាត់មិនមានសិទ្ធិតវ៉ាអីដែរ ព្រោះយើងទទួលអត្ថប្រយោជន៍ពីក្រុមហ៊ុនរួចរាល់អស់ហើយ»។
ការតវ៉ារបស់កម្មករប្រមូលសំរាមនេះ មានរយៈពេល២ថ្ងៃមកហើយ ហើយនៅថ្ងៃទី០៣ តុលា នេះ ក្រសួងការងារផ្នែកដោះស្រាយវិវាទ អភិបាលខណ្ឌ សាលាក្រុង និងម្ចាស់ក្រុមហ៊ុនស៊ីនទ្រី បានមកជួបតំណាងកម្មករ ប៉ុន្តែមិនមានលទ្ធផលអ្វីនោះទេ ទើបពួកគេបន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុនបន្តទៀត និងផ្អាកធ្វើការប្រមូលសំរាមក្នុងរាជធានីភ្នំពេញមួយរយៈ រហូតមានដំណោះស្រាយជូនពួកគេ ទើបពួកគេព្រមចូលធ្វើការវិញ។
កាលពីចុងឆ្នាំ២០១៩ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានរិះគន់ម្ដងរួចមកហើយពីក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី ថា ជាក្រុមហ៊ុនគ្មានសមត្ថភាពប្រមូលនិងគ្រប់គ្រងសំរាម ហើយរដ្ឋាភិបាលនឹងដកយកក្រុមហ៊ុននេះមកគ្រប់គ្រងរួមទាំងបុគ្គលិក ហើយនឹងទូទាត់សងទៅក្រុមហ៊ុននូវអ្វីទាំងឡាយណាដែលក្រុមហ៊ុនបានចំណាយលុយទិញដូចជាឡានដឹកសំរាមជាដើម គឺមិនឱ្យក្រុមហ៊ុនខាតទេ និងបើកឱកាសដល់ក្រុមហ៊ុនផ្សេងៗដែលមានលទ្ធភាព និងសមត្ថភាពយ៉ាងហោចណាស់៤ ដើម្បីចូលរួមដេញថ្លៃវិនិយោគលើការងារប្រមូល និងគ្រប់គ្រងសំរាមក្នុងរាជធានីភ្នំពេញឱ្យបានល្អ។
ក្រោយមក មានក្រុមហ៊ុនជប៉ុន ចំនួន ៣ ចាប់អារម្មណ៍មកវិនិយោគលើប្រព័ន្ធគ្រប់គ្រងសំរាម និងចូលរួមដេញថ្លៃប្រមូល និងដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ ក្នុងជំនួបរវាង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមី ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) កាលពីថ្ងៃទី១២ កុម្ភៈ ឆ្នាំ២០២០។
អាស៊ីសេរីបានព្យាយាមទាក់ទងទៅ អភិបាលក្រុងភ្នំពេញ លោក ឃួង ស្រេង និងអ្នកនាំពាក្យរបស់សាលារាជធានីភ្នំពេញ ដើម្បីសាកសួរអំពីរឿងនេះ តែពុំមានអ្នកទទួលទូរស័ព្ទ។
រីឯអនុប្រធានក្រុមហ៊ុនស៊ីនទ្រី លោក សុខ ហួត បញ្ជាក់ថា លោកមិនទាន់ត្រៀមខ្លួនរួចក្នុងការឆ្លើយតបនឹងសំនួរអ្នកកាសែតនោះទេ រួចចុចផ្ដាច់ទូរស័ព្ទ៖ «ខ្ញុំកំពុងតែធ្វើការសម្របសម្រួល អត់ទានមានពេល។ អាចខលទៅអាជ្ញាធរ ខលទៅក្រសួងទៅ ខ្ញុំអត់ទាន់ត្រៀមរួចសម្រាប់ឆ្លើយ »
អ្នកគ្រប់គ្រងកម្មវិធីនៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ មានប្រសាសន៍ថា ការតវ៉ានេះដោយសារពួកគេបារម្ភថា ប្រសិនបើមានការដេញថ្លៃក្រុមហ៊ុនថ្មីបន្ថែមទៀតនោះ ពួកគេអាចនឹងប្រឈមនឹងការបាត់បង់ការងារ និងលក្ខខណ្ឌដែលគាត់ទទួលបានពីក្រុមហ៊ុនស៊ីនទ្រី ខណៈពេលដែលសាលាក្រុងភ្នំពេញ មិនបានបង្ហាញពីការជឿទុក្ខចិត្តទៅលើលក្ខខណ្ឌការងារទាំងនោះ ហើយការបាត់បង់សិទ្ធិផ្ដាច់មុខក្នុងការប្រមូលសំរាមក្នុងរាជធានីភ្នំពេញ ដែលអាចធ្វើឲ្យកម្មករទាំងអស់ប្រឈមបញ្ហានៅពេលខាងមុខទៀត។ លោកបន្តថា រាជរដ្ឋាភិបាល និងសាលាក្រុង ត្រូវកំណត់ឲ្យមានពេលវេលាជាក់លាក់ និងលក្ខខណ្ឌជាក់លាក់ក្នុងការកំណត់ដាក់ឲ្យមានការដេញថ្លៃពីក្រុមហ៊ុនផ្សេងទៀតដែលឈរឈ្មោះក្នុងការប្រកួតប្រជែង ត្រូវមានតម្លាភាព ហើយត្រូវមានការចូលរួមពីកម្មករស៊ីនទ្រីទាំងនេះ៖ «រាជរដ្ឋាភិបាលត្រូវតែធានាថា កម្មករនិយោជិតដែលក្រុមហ៊ុនទទួលបាននៃសិទ្ធិផ្តល់សេវាហ្នឹង គាត់ត្រូវតែធានាអំពីប្រាក់ឈ្នួល លក្ខខណ្ឌការងារហ្នឹងសមរម្យ អញ្ចឹងអ្វីដែលគាត់បារម្ភហ្នឹងគឺរឿងត្រង់ហ្នឹង បារម្ភខ្លាចក្រុមហ៊ុនថ្មីមកហ្នឹង លក្ខខណ្ឌការងាររបស់គាត់ វាអាចថា ពិបាកជាងមុន ឬក៏ប្រាក់ឈ្នួលរបស់គាត់ហ្នឹងអាចទាបជាងមុន អត្ថប្រយោជន៍ដែលគាត់ធ្លាប់ទទួលបានហ្នឹង វាអាចទាបជាងមុន អាហ្នឹងដែលជាក្តីបារម្ភសម្រាប់ពួកគាត់»។
ក្រុមអ្នកតវ៉ា ស្នើឲ្យរដ្ឋាភិបាលជំរុញទៅម្ចាស់ក្រុមហ៊ុន ឲ្យជួយទូទាត់ប្រាក់បញ្ចប់កិច្ចសន្យាជូនពួកគេមុនកាលកំណត់ ហើយពួកគេនឹងបន្តធ្វើការ និងពង្រឹងការអនុវត្តការងារបន្តទៀត ឲ្យកាន់តែប្រសើរ៕