សហគមន៍នេសាទនៅស្រុកឯកភ្នំ ខេត្តបាត់ដំបង និងមន្ត្រីអភិរក្សធនធានជលផលតំបន់បឹងទន្លេសាប កំពុងព្រួយបារម្ភពីភ្លើងឆេះព្រៃលិចទឹកតំបន់ស្នូល ដែលជាដែនជម្រកសំខាន់របស់សត្វស្លាប និងមច្ឆជាតិ។ ការព្រួយបារម្ភនេះ ដោយសារភ្លើងឆេះព្រៃកាន់តែខ្លាំងឡើង ហើយអាជ្ញាធរពាក់ព័ន្ធនៅពុំមានវិធានការទប់ស្កាត់ភ្លើងឆេះព្រៃឲ្យមានប្រសិទ្ធភាពនៅឡើយ។
ប្រជាសហគមន៍នេសាទស្រុកឯកភ្នំ ស្នើឲ្យថ្នាក់ដឹកនាំរដ្ឋាភិបាលកម្ពុជា និងអង្គការសង្គមស៊ីវិលពាក់ព័ន្ធនានា រួមគ្នាទប់ស្កាត់ព្រៃលិចទឹកតំបន់បឹងទន្លេសាបជាបន្ទាន់ ដើម្បីរក្សាព្រៃជម្រកសត្វ និងមច្ឆជាតិរស់នៅ។
ប្រជាសហគមន៍នេសាទភូមិអន្លង់តាអួ ឃុំកោះជីវាំង ស្រុកឯកភ្នំ គឺលោក តុន ណៃ។ លោកឲ្យដឹងនៅថ្ងៃទី២៨ មេសា ថា ភ្លើងឆេះព្រៃលិចទឹកតំបន់ស្នូលដែនជម្រកសត្វស្លាបដ៏ធំនៅបឹងទន្លេសាប នៅចំណុចព្រែកដា នៃឃុំកោះជីវាំង ធ្វើឲ្យហិនហោចអស់ព្រៃរាប់ពាន់ហិកតារ។ លោកអះអាងថា ភ្លើងឆេះព្រៃខ្លាំងចាប់ពីថ្ងៃទី២៤ មេសា រហូតមក ហើយបណ្ដាលឲ្យសត្វពស់ ស្វា អណ្ដើក និងសត្វស្លាបមួយចំនួនទៀត បានងាប់រាប់រយក្បាលស្អុយពេញព្រៃ។ លោកព្រួយបារម្ភខ្លាចហិនហោចជម្រកសំខាន់របស់សត្វស្លាបក្នុងរយៈពេលដ៏ខ្លីខាងមុខ៖ « ខ្ញុំសោកស្ដាយព្រៃលិចទឹកណាស់ តែខ្ញុំមិនដឹងធ្វើយ៉ាងណា ដើម្បីទប់ស្កាត់មិនឲ្យភ្លើងឆេះរាលដាលទៅមុខទៀតបាននោះទេ »។
ទាក់ទងនឹងបញ្ហានេះ នាយកគ្រប់គ្រងព្រៃលិចទឹកតំបន់ស្នូលព្រែកទាល់ លោក ឡុង ខេង ទទួលស្គាល់ថា ពិតជាមានភ្លើងឆេះព្រៃតំបន់ដែនជម្រកសំខាន់របស់សត្វបក្សីនៅបឹងទន្លេសាបប្រាកដមែន។ លោកអះអាងថា អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋាន បានសហការគ្នាចុះពន្លត់ភ្លើងឆេះព្រៃលិចទឹកជាបន្តបន្ទាប់ដែរ តែមិនអាចទប់ស្កាត់បាន។ លោកក៏សម្ដែងការព្រួយបារម្ភភ្លើងឆេះព្រៃជម្រកសត្វនេះដូចគ្នា ក៏ប៉ុន្តែលោកថាគ្មានលទ្ធភាពដើម្បីទប់ស្កាត់ភ្លើងនោះបាន៖ « យើងបានដាក់ម៉ាស៊ីនបូមទឹកចំនួន ១០គ្រឿង ដើម្បីជួយពន្លត់ភ្លើងកាត់បន្ថយមិនឲ្យរាលដាលទៅមុខទៀត ប៉ុន្តែយើងមិនអាចទប់ស្កាត់ភ្លើងឆេះទាំងស្រុងនោះទេ។ បើទប់ស្កាត់ទាំងស្រុង ទាល់តែមានយន្តហោះសម្រាប់ពន្លត់ភ្លើង ទើបអាចជួយបាន »។
មន្ត្រីសម្របសម្រួលនៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលតំបន់បឹងទន្លេសាប អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ភ្លើងឆេះព្រៃលិចទឹកឆ្នាំនេះមានសភាពខ្លាំងក្លាជាងឆ្នាំមុនៗ ជាពិសេសនៅតំបន់ស្នូលសំខាន់ដែនជម្រកសត្វស្លាប និងមច្ឆជាតិបឹងទន្លេសាបតែម្ដង។ អ្នកស្រីពន្យល់ថា ប្រជាសហគមន៍ និងអាជ្ញាធរមូលដ្ឋាន មិនអាចទប់ស្កាត់ភ្លើងឆេះព្រៃលិចទឹកបានទេ ប្រសិនបើអាជ្ញាធរថ្នាក់ជាតិ និងមន្ត្រីពាក់ព័ន្ធមិនជួយពួកគាត់នោះ៖ « ហើយសំខាន់ជាងគេ គឺប្រជាពលរដ្ឋខ្លួនឯង ក៏ត្រូវយល់ដឹងអំពីប្រយោជន៍ព្រៃលិចទឹក និងជួយថែរក្សាព្រៃដែរ ពីព្រោះបើបាត់បង់ព្រៃលិចទឹក នឹងប៉ះពាល់ខ្លាំងដល់ប្រជាពលរដ្ឋរស់នៅតំបន់នោះមិនអាចរកប្រាក់ចំណូលពីរបរនេសាទបាននោះទេ »។
ព្រៃលិចទឹកតំបន់ស្នូលបឹងទន្លេសាប ដែលជាដែនជម្រកសត្វស្លាបផងនោះ មានផ្ទៃដីប្រមាណជាង ២ម៉ឺន ១ពាន់ហិកតារ។ នាយកតំបន់ឲ្យដឹងថា រយៈពេលប្រមាណ ២ខែមកនេះ ភ្លើងឆេះព្រៃតំបន់ស្នូលអស់ប្រមាណ ២ពាន់ហិកតារ ហើយភ្លើងចេះតែបន្តឆេះមិនទាន់រលត់នៅឡើយ។ ប្រជាពលរដ្ឋអះអាងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនចុះទប់ស្កាត់ទាន់ពេលទេ ភ្លើងនឹងឆេះជម្រកសត្វស្លាបអស់ក្នុងរយៈពេលប្រមាណ ១ខែខាងមុខទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។