ពលរដ្ឋ​រង​គ្រោះ​ដោយ​ទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ​កំពុង​រស់​នៅ​ក្នុង​ស្ថានភាព​លំបាក (ភាគ​ទី១)

ដោយ ជី វិតា
2019-06-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
មណ្ឌលសុខភាព ឃុំ​​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង
មណ្ឌលសុខភាព ឃុំ​​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង
RFA

ជន​ជន​ដើម​ភាគតិច​ព្នង​ដែល​រងគ្រោះ​ដោយ​ទំនប់​សេសាន​ក្រោម​ពីរ​ កំពុង​ប្រឈម​បញ្ហា​ជា​ច្រើន​នៅ​លើ​តំបន់​ទី​ទួល​ក្បែរ​ភូមិ​ចាស់​ដែល​លិចលង់

កាល​ពី​ពេល​ថ្មីៗនេះ វារី​អគ្គិសនី​សេសាន​ក្រោម​ពីរ ដែល​ជា​ផ្នែក​​មួយ​នៃ​គម្រោង «ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ» របស់​រដ្ឋាភិបាល​​ចិន​ ​ត្រូវ​បាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន ហៅ​កាត់​ថា អេអាយអាយប៊ី (AIIB) ដែល​ផ្ដល់​ប្រាក់​កម្ចី​ដល់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដ៏​ធំ​ជាង​គេ​មួយ​នេះ ​ហៅ​​​គម្រោង​ដ៏​ចម្រូង​ចម្រាស​នេះ​ថា​ជា «បទ​ពិសោធន៍​ជោគជ័យ» របស់​ខ្លួន។ ក៏​ប៉ុន្តែ​ សម្រាប់​ពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​សារ​ការ​បណ្ដេញ​ចេញ​ពី​លំនៅឋាន ដោយសារ​ទំនប់​នេះ​វិញ ពួក​គាត់​យល់​​ថា វា​ជា​បទ​ពិសោធន៍​ដ៏​ឈឺ​ចាប់។

តើ​ពលរដ្ឋ​រងគ្រោះ​ដោយ​សារ​គម្រោង​អភិវឌ្ឍ​ដែល​ជា​ផ្នែក​មួយ​នៃ​គំនិត​ផ្ដួចផ្ដើម​ «ខ្សែ​ក្រវាត់​មួយ​ ផ្លូវ​មួយ​» របស់​រដ្ឋាភិបាល​ចិន​កំពុង​ជួប​ប្រទះ​បញ្ហា​អ្វីខ្លះ?

«ថ្ងៃ​ទី​១៧ ខែ​១០ ២០១៧ គឺ​ទឹក​ចាប់​ផ្ដើម ចូល​ក្រោម​ភូមិ ថ្ងៃ​ទី១៨​ ដល់​ស្រែ ដល់​ទី១៩ លិច​ពេញ​ភូមិ​តែ​ម្ដង។ ពលរដ្ឋ​ខ្លះ​បាន​ដឹក​ទ្រព្យ​សម្បត្តិ​ចេញ អ្នក​ខ្លះ​ដឹក​ជញ្ជូន​មិន​ទាន់។ មាន​គ្រួសារ​ខ្លះ​គាត់​ស្ដាយ​ រហូត​ដល់​អ្នក​ខ្លះ​ស្រក់​ទឹក​ភ្នែក ដោយ​សារ​ការ​អភិវឌ្ឍ​ប្រៀប​បាន​នឹង​ការ​ធ្វើ​បាប​ពួកគាត់»

នេះ​គឺជា​ការ​រំឭក​ឡើង​វិញ​របស់​តំណាង​ជន​ជាតិ​ដើម​​ភាគ​តិច​ព្នង​ភូមិ​ក្បាល​រមាស លោក​ ប្រ៉ាច រិទ្ធី អំពី​ទិដ្ឋភាព​នៃ​ពេល​ទឹក​ចាប់ផ្ដើម​ជន់​លិច​ភូមិឋាន​ចាស់​របស់​ពួកគាត់ ​ នៅ​​ពេល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ក្នុង​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​បាន​បិទទ្វារ​ទឹក។

«សេសាន​ក្រោម​ពីរ» ជា​ទំនប់​វារីអគ្គិសនី​ធំ​ជាង​គេ​បំផុត​របស់​កម្ពុជា ​ស្ថិត​នៅ​ចម្ងាយ​១គីឡូ​ម៉ែត្រ​កន្លះ​ពី​ចំណុច​ប្រសព្វ​រវាង​ទន្លេ​សេសាន និង​ទន្លេ​ស្រែ​ពក ដែល​ជា​ដៃ​ទន្លេ​មេគង្គ។ វា​ជា​ទំនប់​វារីអគ្គិសនី​ទី៧ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ចិន។ ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ គឺ​ជា​ការ​វិនិយោគ​រួម​គ្នា​ក្នុង​ទឹក​ប្រាក់​ជិត ៨០០លាន​ដុល្លារ​អាមេរិក របស់​ក្រុមហ៊ុន​ចំនួន​បី រួម​មាន ក្រុមហ៊ុន​ចិន​ឈ្មោះ ហាយ​ដ្រូ​ឡាង​ឆាន អ៊ិនធើណេសិនណល អេណឺជី (Hydrolancang International Energy) ​(មាន​ភាគ​ហ៊ុន ៥១%) ក្រុមហ៊ុន​រ៉ូយ៉ាល់ គ្រុប (Royal Group) របស់​លោក គិត ម៉េង (មាន​ភាគ​ហ៊ុន ៣៩%) និង​ក្រុមហ៊ុន​វៀតណាម អ៊ី.វី.អិន (EVN) (មាន​ភាគ​ហ៊ុន ១០%)

ក្រោយ​ចំណាយ​ពេល​សាងសង់​អស់​ជាង ៤​ឆ្នាំ ទំនប់​នេះ ​ត្រូវ​បាន​ដាក់​សម្ពោធ​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​ទី១៧ ខែ​ធ្នូ ឆ្នាំ​២០១៨ ។

ទំនប់​បង្ក​ផល​ប៉ះពាល់​ដល់​ផ្ទៃ​ដី​​ជាង​បី​ម៉ឺន​ហិកតារ (៣៣.៥០០ហិកតារ) ក្នុង​នោះ លំនៅឋាន​របស់​​ពលរដ្ឋ​ជិត​ ៥.០០០នាក់ ឬ​ជាង ៨០០គ្រួសារ ​ត្រូវ​លិច​លង់។ ពលរដ្ឋ​ជាច្រើន​បាន​បង្ខំ​ចិត្ត​ចាក​ចេញ​ពី​ភូមិ​ស្ថាន​ ដែល​ពួក​គេ​​ធ្លាប់​រស់​នៅ​ជា​យូរ​មក​ហើយ​នោះ ទៅ​តាំង​ទីលំនៅ​នៅ​តំបន់​ថ្មី ដែល​ក្រុមហ៊ុន​ និង​អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង​រៀបចំ​ឲ្យ។

អ្នក​ភូមិ​អះអាង​ថា ​​ពលរដ្ឋ​ ៥២គ្រួសារ នៅ​ឃុំ​​ក្បាលរមាស និង ៧២គ្រួសារ​ទៀត​នៅ​ឃុំ​ស្រែគរ​នៅ​តែ​ប្រកាន់​ជំហរ​​​មិន​ព្រម​ផ្លាស់​ទៅ​រស់​នៅ​លើ​ដី​ដែល​ក្រុមហ៊ុន​ផ្ដល់​ឲ្យ ដោយ​សារ​ពួក​គេ​ចង់​រស់​នៅ​ក្បែរ​ភូមិ​ដូនតា​របស់​ពួកគេ និង​បារម្ភ​ថា ការ​រស់​នៅ​ទីតាំង​ថ្មី​នោះ​នឹង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ពួកគេ​កាន់​តែ​ដុនដាប។

ប៉ុន្តែ​លោក ហ៊ុន សែន និង​មន្ត្រី​របប​របស់​លោក​តែងតែ​ចាត់​ទុក​ការ​ជម្នះ​របស់​អ្នក​​ភូមិ​ទាំង​នោះ​ថា ​ដោយ​សារ​មាន​បរទេស និង​អង្គការ​សង្គម​ស៊ីវិល​ជា​អ្នក​​ញុះញង់៖ «ការ​កសាង​នៅ​កន្លែង​នេះ ប្រជា​ពលរដ្ឋ​របស់​យើង​ភាគ​ច្រើន​គាត់​គាំទ្រ​នូវ​គម្រោង​អភិវឌ្ឍន៍​នេះ ប៉ុន្តែ​នៅ​មាន​មួយ​ចំនួន គឺ​គេ​បាន​បង្កើត​ឡើង​នូវ​ស្ថានភាព​ដ៏​លំបាក​ក្រោម​ការ​ញុះញង់​របស់​ជន​បរទេស​ខ្លះ»

តំណាង​អ្នក​ភូមិ​ក្បាល​រមាស​៥២គ្រួសារ លោក ប្រ៉ាច រិទ្ធី​ ដែល​មិន​ព្រម​ទៅ​តាំង​ទីលំនៅ​លើ​ដី​ថ្មី​ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​អ្នក​ភូមិ​ក្បាល​រមាស​ ៣នាក់​ដែល​ធ្លាប់​សកម្ម​ក្នុង​ការ​ទាមទារ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​របស់​ខ្លួន​កំពុង​រង​គំនាប​ពី​តុលាការ៖ «គេ​ចោទ​ប្រកាន់​គាត់​ពាក់​ព័ន្ធ​នឹង​ការ​រារាំង​មន្ត្រី​សាធារណៈ។ យើង​គ្រាន់​តែ​ឲ្យ​ជនជាតិ​ដើម​ភាគ​តិច​យើង​ជួយ​រំលែក​ទុក្ខ​គ្នា​ទៅ​វិញ​ទៅ​មក។ សំខាន់​គឺ​យើង​ចង់​ថែ​រក្សា​វប្បធម៌​ និង​ទឹកដី​របស់​យើង។ យើង​មាន​ការ​តស៊ូ​មតិ​ជា​ច្រើន រហូត​ដល់​មាន​ការ​ចោទ​ប្រកាន់​ថា យើង​ប្រឆាំង​នឹង​ការ​អភិវឌ្ឍ​ទំនប់​សេសាន​ក្រោម​២។ យើង​មិន​មែន​ប្រឆាំង​ជាមួយ​ការ​អភិវឌ្ឍ​របស់​គាត់​ទេ។ សម្រាប់​ជនជាតិ​ដើម​ភាគ​តិច​យើង យើង​នៅ​តែ​ថែ​រក្សា​ព្រៃ​ដែល​សេសសល់​ពី​តំបន់​ទឹក​លិច ​ប្រពៃណី ហើយ​ពួកគាត់​នឹង​ស៊ូ​រស់​នៅ​នៅ​តំបន់​ភូមិ​ក្បាល​រមាស​ចាស់​នេះ​ដែល​យើង​នៅ​សល់។ រាល់​ថ្ងៃ​គឺ​យើង​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​ចុះ​បញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគ​តិច​ដែល​គាត់​កំពុង​រស់​នៅ ៥២គ្រួសារ ដើម្បី​ងាយ​ស្រួល​ដល់​គាត់​កាន់​កាប់ ក៏​ដូច​ជា​ការពារ​កុំ​ឲ្យ​ឈ្មួញ​ពី​ខាង​ក្រៅ​លួច​យក​ដី​គាត់ ហើយ​មួយ​ទៀត ទាក់​ទង​នឹង​ការ​ពន្លិច​ផ្ទះ​សម្បែង​ ផ្នូរ​ដូនតា ព្រៃ​ជំនឿ គឺ​យើង​នៅ​តែ​គិត។ ប៉ុន្តែ​យើង​ធ្វើ​មួយ​ជំហាន​សិន»

កាល​ពី​ឆ្នាំ​២០១៦ មុន​ពេល​បិទ​ទ្វារ​ទំនប់ទឹក អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​ស្ទឹងត្រែង​លោក ម៉ែន គុង បាន​អះអាង​​ថា អាជ្ញាធរ​ខេត្ត​នឹង​មិន​បំពាន​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច​ឡើយ។ លោក​ថា អាជ្ញាធរ​នឹង​រៀប​ចំ​ដី​ព្រៃ​សហគមន៍​នៅ​តំបន់​ថ្មី​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ទាំង​នោះ​ ហើយ​នឹង​ធ្វើ​ឲ្យ​​​ពួក​គេ​មាន​ការ​រស់​នៅ​ប្រសើរ​ជាង​មុន៖ «យើង​នឹង​រៀបចំ​កំណត់​ផែនទី​សហគមន៍​ព្រៃឈើ​ហ្នឹង​សម្រាប់​គាត់​នៅ​ទីតាំង​ថ្មី ហ្នឹង​ទៀត។ ប៉ុន្តែ​នៅ​ក្នុង​កំឡុង​ពេល​ហ្នឹង​ បើ​សិន​ថា គាត់​នៅតែ​អាស្រ័យ​ផល​ពី​សហគមន៍​ហ្នឹង​បាន គាត់​អាស្រ័យ​ផល​ចុះ។ យើង​អត់​មាន​ទៅ​ហាម​ឃាត់​គាត់​ទេ។ សូម្បី​ដី​កសិកម្ម​របស់​គាត់​នៅ​សហគមន៍​របស់​គាត់​នៅ​ទីតាំង​ចាស់ បើ​គាត់​ថា នៅ​បង្ក​បង្កើន​ផល គាត់​បង្ក​បង្កើន​ផល​ចុះ»

ចាប់​តាំងពី​ដើម​ឆ្នាំ​២០១៨ មក អាជ្ញាធរ​ខេត្ត​ស្ទឹងត្រែង និង​តំណាង​ក្រុមហ៊ុន ​​បាន​សន្យា​ចុះ​បញ្ជី​ដី​សមូហភាព​ជូន​សហគមន៍​ជនជាតិ​ដើម​ភាគតិច ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ចាំបាច់ ដូច​ជា ផ្លូវ​ថ្នល់ សាលារៀន មន្ទីរពេទ្យ ស្រះ​ទឹក ​ជូន​អ្នក​ភូមិ​នៅ​នៅ​តំបន់​ទី​ទួល ដែល​មិន​ព្រម​ចាកចេញ​ទៅ​នៅ​តំបន់​ថ្មី។ ប៉ុន្តែ​តំណាង​អ្នក​ភូមិ​ក្បាលរមាស​ លោក ប៉្រាច រិទ្ធី យល់​ថា អាជ្ញាធរ​ហាក់​គោរព​ពាក្យ​សន្យា​បាន​តិចតួច​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​​អ្នក​ភូមិ​ នៅ​តែ​ព្រួយ​​បារម្ភ​ខ្លាច​អាជ្ញាធរ​​បណ្ដេញ​ពួកគេ​ចេញ​ពី​តំបន់​ទី​ទួល​បច្ចុប្បន្ន​នៅ​ថ្ងៃ​ណាមួយ៖ «ដូច​ជួសជុល​ផ្លូវ​អ៊ីចឹង ជួសជុល​មែន តែ​ភ្លៀង​តែ​ប៉ុន្មាន​សា ផ្លូវ​ហ្នឹង​ដាច់​អស់​បាត់​ហើយ​ហ្នឹង។ យើង​ឃើញ​ថា ផ្លូវ​ហ្នឹង​អាយុ​ប្រហែល​មិន​បាន​១​ឆ្នាំ​ទេ ខូច​អស់​បាត់​ហើយ មួយ​វស្សា​ហ្នឹង។ មួយ​ទៀត​ប៉ុស្តិ៍​​សុខភាព​មាន​ តែ​អត់​មាន​បុគ្គលិក ដល់​ពេល​មាន​ប៉ុស្តិ៍​ហ្នឹង ដូច​អត់​មាន​ដដែល​ហ្នឹង។ ពេល​ឈឺ ទៅ​ពេទ្យ​ឯកជន​ដដែល​ហ្នឹង។ ការ​ទំនាក់ទំនង​ក៏​ពិបាក មិន​សូវ​មាន​សេវា​ទូរស័ព្ទ ដូច​នៅ​ភូមិ​ចាស់ ពេល​ឈឺថ្កាត់​មាន​អាសន្ន​ពិបាក​ទំនាក់ទំនង។ ទីតាំង​ថ្មី​ជិត​ក្រុង​ជាង​ភូមិ​ចាស់​មែន តែ​ពិបាក​នៅ​តែ​ពិបាក។ ឧទាហរណ៍​ស្ត្រី​ឆ្លង​ទន្លេ គាត់​ពិបាក ក្រុមហ៊ុន​បាន​ជួសជុល​ផ្លូវ​ឲ្យ​តែ​មិន​មែន​ជា​ផ្លូវ​រឹងមាំ​ឡើយ។ ពេល​ឈឺ​ទៅ​ពេទ្យ​ឯកជន​តាម​ផ្ទះ​ បើ​ឈឺ​ខ្លាំង​ទៅ​ពេទ្យ​ខេត្ត ទៅ​រតនគិរី​ក៏​ឆ្ងាយ ទៅ​ស្ទឹងត្រែង​ក៏​ឆ្ងាយ»

ក្រៅពី​នេះ សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ក្បាល​រមាស​ កំពុង​ខ្វះខាត​ទឹក​ស្អាត​បរិភោគ​ និង​ប្រើប្រាស់​ជា​ចាំបាច់៖ «យើង​អត់​មាន​ទឹក​ស្អាត​ទេ គឺ​យើង​ប្រើប្រាស់​ទឹក​បាត​អាង មិន​មែន​ដូច​ភូមិ​ចាស់​ទេ យើង​ជាប់​មាត់ទន្លេ។ យើង​មិន​អាច​បរិភោគ​បាន​ទេ​ទឹក​ហ្នឹង។ យើង​អាច​ប្រើប្រាស់ លាង​ចាន ឬ​មួយ​ក៏​មុជ។ ទឹក​ផឹក​យើង​ទិញ​គេ។ ៣ពាន់​ក្នុង​មួយ​ធុង។ ពេល​ខ្លះ ៤ពាន់​តាម​ហាងឆេង​ឡើង​ចុះ ហើយ​គ្រួសារ​ខ្លះ​មិន​មាន​ប្រើ​ទេ ភាគ​តិច​ណាស់​ដែល​គាត់​ប្រើ​ទឹក​នេះ។ គ្រួសារ​ខ្លះ​គាត់​ប្រើ​ទឹក​បាត​អាង ដាំ​អ៊ីចឹង​ទៅ ដោយ​សារ​ជីវភាព​គ្រួសារ»

លោក​បន្ថែម​ថា ដោយ​សារ​ប្រភព​ទឹក​នៅ​ឆ្ងាយ​ពី​ផ្ទះ អ្នកភូមិ​ត្រូវ​ចំណាយ​ច្រើន​ក្នុង​ការ​ដឹក​ទឹក​បាត​អាង​មក​ប្រើប្រាស់​នៅ​តាម​ផ្ទះ៖ «នៅ​តំបន់​ទី​ទួល​នេះ គឺ​យើង​ប្រើប្រាស់​ថវិកា​ ដើម្បី​ទិញ​ប្រេង ជួន​កាល​ក្នុង​មួយ​ថ្ងៃ​ហ្នឹង​សម្រាប់​ដឹក​ទឹក៥ពាន់​ទៅ​៦ពាន់​ហើយ ដើម្បី​ទិញ​ប្រេង​ទៅ​ដឹក​ទឹក​ចម្ងាយ​ប្រហែល​ជា​ ១គីឡូដី»

ដោយ​សារ​បញ្ហា​ជីវភាព​ គ្រួសារ​តិចតួច​ប៉ុណ្ណោះ ដែល​មាន​លទ្ធភាព​បញ្ជូន​កូន​ទៅ​បន្ត​ការ​សិក្សា​នៅ​កម្រិត​អនុវិទ្យាល័យ៖ «សូម្បី​តែ​ផ្លែ​ស្វាយ​ ផ្លែ​អី​ហ្នឹង​ក៏​យើង​​ទិញ​គេ​ដែរ ផ្លែ​អំពិល​ក៏​យើង​ទិញ​គេ​ដែរ។ ​និយាយ​ឲ្យ​ចំ ទាំង​អស់​តែ​ម្ដង។ ចំណូល​នៅ​ទី​នេះ គឺ​យើង​ឃើញ​ថា យើង​បាន​ពី​អនុ​ផល​ព្រៃ​ឈឺ​ និង​ការ​នេសាទ ប៉ុន្តែ​ត្រី​មាន​កម្រិត​តម្លៃ​ទាបៗ ។ នៅ​ភូមិ​ចាស់​ យើង​មាន​ត្រី​រហូតដល់​ ៣០ដុល្លារ​ឡើង។ ដល់​ឥឡូវ​ត្រី​វា​សម្បូរ​មែន ប៉ុន្តែ​តម្លៃ​ទីផ្សារ​ គឺ​ថយ ចុះ​ អត់​មាន​ពូជ​តែ​ម្ដង​និយាយ​ឲ្យ​ចំ»

ចំពោះ​បញ្ហា​ខ្វះ​គ្រូពេទ្យ​ប្រចាំ​ការ​នៅ​ប៉ុស្តិ៍​សុខភាព អ្នកនាំពាក្យ​សាលាខេត្ត​ស្ទឹងត្រែង​ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ០៧ មិថុនា ថា អាជ្ញាធរ​ទើប​បាន​ប្រជុំ​សម្រេច​នា​ពេល​ថ្មីៗនេះ ថា​នឹង​​ចាត់​តាំង​មន្ត្រី​សុខាភិបាល​ពី​មណ្ឌល​សុខភាព​ឃុំ​ក្បាលរមាស​ថ្មី ឲ្យ​ទៅ​បម្រើការ​នៅ​ប៉ុស្ដ៍​សុខភាព​លើ​តំបន់​ទី​ទួល​នោះ​ក្នុង​ពេល​ឆាប់ៗ តែ​លោក​មិន​អាច​បញ្ជាក់​កាល​បរិច្ឆេទ​ជាក់លាក់​បាន​នៅឡើយ ។ ចំពោះ​ការ​ចុះ​បញ្ជី​ដី​សមូហភាព​វិញ លោក ម៉ែន គុង​ អះអាង​ថា ក្រសួង​មហាផ្ទៃ​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ​ជា​មួយ​ក្រសួង​ពាក់ព័ន្ធ៖ «យើង​បាន​រៀបចំ​ឯកសារ​ហ្នឹង​​បញ្ជូន​ទៅ​ដល់​ក្រសួង​មហាផ្ទៃ​រួច​ហើយ ហើយ​ក្រសួង​មហាផ្ទៃ​កំពុង​រៀបចំ​កិច្ច​ការងារ​ទាំងអស់​នេះ ហើយ​កិច្ច​ការងារ​នេះ​មិន​មែន​ស្រួល​ទេ​បង ព្រោះ​វា​ត្រូវ​ការ​ទាក់ទង​ទៅ​នឹង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។ អ៊ីចឹង​ត្រូវ​មក​ប្រជុំ​គ្នា​ហើយ​ពិនិត្យ​លើ​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​ហ្នឹង។ ហើយ​បើ​មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​សម្បទាន យើង​ត្រូវ​ឆ្វៀល​ម៉េច ត្រូវ​ធ្វើ​ទៅតាម​ផែនទី អ្វី​​​ដែល​បាន​អនុម័ត​ដោយ​ក្រុមការងារ ជាមួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ដែល​មាន​តំណាង​របស់​គាត់​ចូលរួម​ប្រជុំ​សម្រេច​នៅ​ក្នុង​មូលដ្ឋាន​កន្លង​មក​ហ្នឹង»

ទោះ​បី​ការ​រស់​នៅ​លើ​ទី​ទួល​សព្វថ្ងៃ​ប្រឈម​នឹង​បញ្ហា​យ៉ាង​ច្រើន​ក្ដី ក៏​តំណាង​​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ភូមិ​ក្បាល​រមាស​ លោក​ ប្រ៉ាច រិទ្ធី អះអាង​ថា សហគមន៍លោក​​នឹង​តស៊ូ​រស់​នៅ​​តំបន់​ភូមិ​ក្បាលរមាស​ចាស់​នេះ​ ដើម្បី​ថែ​រក្សា​ព្រៃ​ដែល​​សេសសល់​ពី​តំបន់​ទឹក​លិច និង​​ប្រពៃណី​របស់​ពួកគេ