សកម្មជន​ការពារ​ព្រៃឈើ​ម្នាក់​នៅ​ខេត្ត​មណ្ឌលគិរី​ត្រូវ​បាន​មន្ត្រី​បរិស្ថាន​គំរាម​ប្ដឹង​ដាក់គុក

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ព្នង​ម្នាក់​រស់នៅ​ខេត្ត​មណ្ឌលគិរី លោក គ្រើង តុលា ចោទ​នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំណាមលៀរ លោក វធ សារុំ ថា បាន​គំរាម​ចាប់​លោក​ដាក់គុក និង​ប្រមាថ​អាយុជីវិត​របស់​លោក​ថែមទៀត បន្ទាប់​ពី​លោក បាន​លាតត្រដាង​ភាព​អសកម្ម របស់​មន្ត្រី​នគរបាល​យុត្តិធម៌​រូប​នេះ​ថា មិន​អើពើ​បង្ក្រាប​បទល្មើស​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន។

លោក គ្រើង តុលា សម្ដែង​ការ​សោកស្ដាយ​ដែល​នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ លោក វុធ សារុំ ថា មិន​យកចិត្តទុកដាក់ បំពេញ​តួនាទី​អនុវត្ត​ច្បាប់​ព្រៃឈើ ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន បើ​ទោះ​បី​ជា​ពួកគេ បាន​ផ្ដល់​ព័ត៌មាន និង​ទីតាំង​កាប់​ទន្ទ្រានព្រៃ​អភិរក្ស​អស់​ជាច្រើន​ហិកតារ​ក្តី កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក​អះអាង​ថា ផ្ទុយទៅវិញ មន្ត្រី​ជំនាញ​រូប​នេះ បាន​គំរាម​លោក បន្ទាប់ពី​លោក លាតត្រដាង ភាព​អសកម្ម​មន្ត្រី​នគរបាល​យុត្តិធម៌​រូប​នេះ តាម​បណ្ដាញ​សង្គម ដោយមាន​ភ្ជាប់​រូបថត លោក វុធ សារុំ ពាក់​ឯកសណ្ឋាន​មន្ត្រីរាជការ និង​រូប​ព្រៃឈើ​ដែល​គេ​កាប់​ទន្ទ្រាន យក​ដី​ធ្វើជា​កម្មសិទ្ធិ​៖ «សម្រាប់​ខ្ញុំ​មិន​អាច​ទទួលយក​បានទេ នៅ​ពេល​ដែល​គំរាម​សុទ្ធតែ​គុក ច្រវាក់ សុទ្ធតែ​អាងខ្នង ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ​។ គួរតែ​គ្រាន់តែ​លើកទឹកចិត្ត​ថា ការ​រាយការណ៍​ថ្ងៃមុន ដោយសារ​បង​រវល់ បង​សុំទោស ឥឡូវ​សុំ​ឱ្យ​សហការ​ម្តង​ទៀត​។ ខ្ញុំ​ចង់បាន​អ៊ីចឹង​។ វា​មិនមែន​ថា នៅ​ពេល​ដែល​យើង​សុំ​អន្តរាគមន៍ សម្រាប់​តែ​គាត់​ដាក់ យក​មក​ថា អ្នកឯង​តួនាទី​ស្អី បាន​ខ្ញុំ​ទៅ​អន្តរាគមន៍។ ចុះ​អ្នកឯង​ស៊ីប្រាក់ខែ​ខ្ញុំ ក្រែង​លុយ​ហ្នឹង បាន​ពលរដ្ឋ​បង់ពន្ធ ?»។​

កាល​ពី​ថ្ងៃ​ទី៣០ ខែ​មេសា​កន្លងទៅ លោកគ្រើង តុលា បាន​បង្ហោះ​សារ តាម​បណ្ដាញ​សង្គម​សរសេរ​ថា ក្រោម​ការគ្រប់គ្រង​របស់​លោក វុធ សារុំ នាយក​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ មាន​ការ​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស យ៉ាង​អនាធិបតេយ្យ ហើយ​លោក បាន​សុំ​កិច្ច​អន្តរាគមន៍ ពី​មេឃុំ​ដាក់​ដាំ អភិបាលស្រុក​ពេជ្រាដា និង​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា ប៉ុន្តែ​មន្ត្រី​នគរបាល​យុត្តិធម៌​ទាំងនោះ បាន​រុញ​ឱ្យ​លោក ប្តឹង​ទៅ​មន្ត្រី​ជំនាញ​វិញ។ បន្ទាប់​មក​លោក គ្រើង តុលា បាន​ប្ដឹង​រឿង​នេះ ទៅ​នាយក​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ណាមលៀរ លោក វុធ សារុំ ឱ្យ​ចាត់វិធានការ​ចាប់ អ្នក​កាប់​ទន្ទ្រាន​ដី​ព្រៃ​អភិរក្ស​ថ្មីៗ​នេះ មាន​ទំហំ ១០ ហិកតារ និង​ត្រូវ​ស៊ើបអង្កេត ការ​បាញ់​ថ្នាំ កំណត់​ព្រំប្រទល់​ដី​ព្រៃ​អភិរក្ស ត្រៀម​កាប់​ទន្ទ្រាន មាន​ប្រវែង ៥​គីឡូម៉ែត្រ​។ ប៉ុន្តែ​សំណើ​នេះ​ត្រូវ​បាន​បដិសេធ និង​ថែមទាំង​ស្តី​បន្ទោស​ថា ពលរដ្ឋ​គ្មាន​សិទ្ធិ​ការពារ​បទល្មើស​ព្រៃឈើ​ទៅវិញ។

ជនជាតិ​ដើម​ភាគតិច​ព្នង​លោក គ្រើង តុលា ចាត់​ទុក​ការ​គំរាម​នេះ ថា ជា​ការ​បំបាក់​ស្មារតី​ជនជាតិ​ដើម​ភាគតិច ដែល​លះបង់​អាយុជីវិត ពេល​វេលា ថវិកា​ផ្ទាល់ខ្លួន ការពារ​ធនធាន​ធម្មជាតិ​នៅ​សេសសល់​ចុងក្រោយ​។ លោក​អះអាង​ថា លោក វុធ សារុំ បាន​គំរាម​ប្ដឹង​លោក​ទៅ​តុលាការ ដោយ​អួត​ថា មាន​ព្រះរាជអាជ្ញា ជា​ពួកម៉ាក​របស់​គាត់​ទៀត​ផង។

ទោះជា​យ៉ាងណា សកម្ម​ការពារ​ព្រៃឈើ​រូប​នេះ​គាំទ្រ ពាក្យ​បណ្តឹង​នេះ ដែល​ជា​ឱកាស ឱ្យ​លោក​បកស្រាយ​ការពិត ព្រោះ​លោក​មាន​ភស្តុតាង និង​សាក្សី​ច្បាស់លាស់ បញ្ជាក់​ថា ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ បាន​ទទួលរង​ការ​កាប់​ទន្ទ្រាន​យ៉ាង​ខ្លាំង​ក្លា និង​អាច​ជាប់​ពាក់ព័ន្ធ​អំពើពុករលួយ៖ «ការ​គំរាម​របស់​គាត់ គោលបំណង​គាត់​ទី​១ គាត់​អាង​ពួក​ម៉ាក់​របស់​គាត់ ជា​ព្រះរាជអាជ្ញា គាត់​ចង់បាន​ខ្ញុំ​ដាក់គុក​តែម្ដង ប៉ុន្តែ​រឿង​កាំភ្លើង​ហ្នឹង គាត់​មិន​និយាយ​ឱ្យ​ចំ​ទេ។ គាត់​ថា មាន​អ្នក​ច្រើន​ណាស់ ស្លាប់​ដោយសារ​ការពារ​ព្រៃឈើ​។ ពេល​យើង​សុំ​កិច្ចសហការ ប្រែជា​ថា​យើង​ប្រឆាំង​នេះ​នោះ​។ តាម​ការពិត​យើង​ចង់បាន ព្រៃឈើ​យើង​គង់វង្ស​ទាំងអស់​គ្នា អ្នកមាន​លុយ​ឱ្យ​គាត់ គាត់​ឱ្យ​កាប់ អ្នក​គ្មាន​លុយ​ឱ្យ​គាត់​មិន​ឱ្យ​កាប់ អ្នកក្រ​កាន់តែ​អត់​ទៅ​។ អ្នក​អត់​កាន់តែ​អត់​ទៅ»។

កាល​ពី​ថ្ងៃ​ទី២៥ ខែ​មេសា ជនជាតិ​ដើម​ភាគតិច ៦​នាក់ បាន​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ ចុះ​ល្បាត​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ នៅ​ចំណុច​លែង និង​ចំណុច​អាម​អូរទ្រី ក្នុង​ភូមិ​ពូត្រែង ឃុំ​ដាក់ដាំ ប្រទះឃើញ​ដី​ព្រៃ​អភិរក្ស​ប្រមាណ ១០​ហិកតារ ត្រូវ​គេ​កាប់​រុករាន​ក្នុង​ពេល​ថ្មីៗ​នេះ និង​មានការ​បាញ់ថ្នាំ​កំណត់​ព្រំ​ដី ត្រៀម​កាប់​ទន្ទ្រាន ប្រវែង ៥​គីឡូម៉ែត្រ។

អាស៊ីសេរី​បាន​ព្យាយាម ទាក់ទង នាយក​ដែន​ជម្រកសត្វព្រៃ​ភ្នំ​ណមលៀរ លោក វុធ សារុំ ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​ការ​ចោទប្រកាន់​នេះ តែ​ទូរស័ព្ទ​ហៅ​ចូល​ច្រើនដង​គ្មាន​អ្នកទទួល នៅ​ថ្ងៃ​ទី៤ ឧសភា។

ចំណែក​អ្នកនាំពាក្យ​សាលាខេត្ត​មណ្ឌលគិរី លោក សុក សេរ៉ា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

រីឯ​ប្រធាន​មន្ទីរ​បរិស្ថាន ខេត្ត​មណ្ឌលគិរី លោក កែវ សុភគ៌ បដិសេធ​មិន​អធិប្បាយ​រឿង​នេះ​ទេ ដោយសារ​ថា មិនទាន់​បាន​ទទួល​ព័ត៌មាន​នេះ​នៅ​ឡើយ​។ លោក​ថា មន្ត្រី​ឧទ្យានុរក្ស កំពុង​ប្រឹងប្រែង សហការ​ជាមួយ​សហគមន៍​មូលដ្ឋាន​បង្ក្រាប និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​គ្រប់​ប្រភេទ ឋិត​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំណាមលៀរ។ លោក​ថា បច្ចុប្បន្ន​មាន​មន្ត្រី​ឧទ្យានុរក្ស ៧​នាក់ កំពុង​ឈរជើង ការពារ​បទល្មើស​ព្រៃឈើ នៅ​ទីនោះ មាន​ទំហំ​ជាង ៣​ម៉ឺន​ហិកតារ​៖ «គ្រប់​ដែន​ជម្រក​ទាំងអស់ យើង​បាន​ចាត់ការ រាល់​សកម្មភាព​បទល្មើស​ដែល​កើតឡើង សកម្មភាព​រវាង​ដី​ព្រៃ ដាក់​អន្ទាក់​សត្វព្រៃ និង​កាប់​ឈើ​ជាដើម​។ អ៊ីចឹង​ការ​លើកឡើង​របស់​គាត់ ខ្ញុំ​មិន​ទាន់​ដឹង​ថា មាន​គោលបំណង អ្វី​ទេ​ ? ប៉ុន្តែ​បើ​និយាយ ពី​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ មាន​នាយក​ដែន និង​មន្ត្រី​ឧទ្យានុរក្ស​ទាំងអស់ ខិតខំ​ធ្វើ​ការងារ»។

ប្រធាន​បណ្ដាញ​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ព្នង ខេត្ត​មណ្ឌលគិរី លោកស្រី ភ្លឹក ភីរម្យ សង្កេត​ឃើញ​ថា មន្ត្រី​ជំនាញ​មួយ​ចំនួន នៅ​ខេត្ត​មណ្ឌលគិរី ស្ពឹក និង​អសកម្ម ការពារ​ព្រៃឈើ បើ​ទោះ​បី​ជា​ពលរដ្ឋ​បាន​រាយការណ៍​ទៅ​មន្ត្រី​ពាក់ព័ន្ធ​ទាំងនោះ​ក្តី​។ លោកស្រី​បន្ថែម​ថា លោក គ្រើង តុលា គឺជា​បុគ្គល​ដែល​មាន​ភាព​ក្លាហាន ហ៊ាន​លាតត្រដាង​ពី​ភាព​សកម្ម​របស់​អាជ្ញាធរ ដែល​មិន​អើពើ​បង្ក្រាប​បទល្មើស​ព្រៃឈើ។ លោកស្រី​អះអាង​ថា ជនជាតិ​ដើម​ភាគតិច​ទាំងមូល ក្នុង​ខេត្ត​នេះ គាំទ្រ​សកម្មភាព​របស់ សកម្មជន​ការពារ​ព្រៃឈើ​រូប​នេះ​៖ «ខ្ញុំ​គាំទ្រ​អ្វី​ដែល​គាត់​ ( គ្រើង តុលា​ ) ធ្វើ យើង​ឃើញស្រាប់​ហើយ អាជ្ញាធរ​ស្រុក​យើង អត់​មាន​នរណា​សកម្ម​ទេ។ ការទប់ស្កាត់​របស់​បរិស្ថាន ប៉ុន្តែ​យើង​ត្រូវតែ​ប្រាប់​គាត់ ភាព​ខ្វះ​ចន្លោះ កុំ​ឱ្យ​មាន​ភាព​ខ្វះ​ចន្លោះ​អ៊ីចឹង​រហូតៗ​ពេក​។ ប្រសិនជា យើង​និយាយ ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ណាមលៀរ រហូត​ដល់ ក្រុមហ៊ុន​មេហ្គាផើស រហូត​ព្រំប្រទល់ ប្រទេស​វៀតណាម អស់​អា​លីង​ហ្មង ពេល​ជនជាតិ​ចាម​កាប់​ទន្ទ្រាន​ព្រៃឈើ អត់​មាន​ឈប់​ទេ អាជ្ញាធរ​ទាំងអស់​ហ្នឹង នៅតែ​ឱ្យ​គេ​កាប់​ទន្ទ្រាន​ព្រៃឈើ»។

លោក គ្រើង តុលា ធ្លាប់​ត្រូវ​បាន​ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​មណ្ឌល​កោះហៅ ចូល​ទៅ​បំភ្លឺ​កាលពី​ខែ​មេសា ទាក់ទិន​ពាក្យបណ្ដឹង​របស់​លោក ប៉ែត ភក្ត្រា ប្រធាន​ដែន​ជម្រក​សត្វព្រៃ​ស្រែពក ពី​បទ​បរិហារកេរ្តិ៍​ជា​សាធារណៈ និង​ផ្សព្វផ្សាយ​ព័ត​មាន​មិន​ពិត ក្រោយពី​លោក​បាន​លាតត្រដាង​ពី​សិប្បកម្ម​កែច្នៃ​ឈើ​ខុសច្បាប់​ជាច្រើន​កន្លែង និង​សកម្មភាព​កាប់​ទន្ទ្រានព្រៃ​អភិរក្ស​ជាង ១០០​ហិកតារ ដែល​មាន​ការ​ជាប់​ពាក់ព័ន្ធ​នឹង​លោក ប៉ែត ភក្ត្រា។

មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក(Adhoc) ខេត្តមណ្ឌលគិរី លោក អ៊ាង ម៉េលី យល់ថា ការ​លើក​ឡើង​របស់ លោក គ្រើង តុលា ដែល​រិះគន់​មន្ត្រី​អសកម្ម គឺជា​សិទ្ធិ​បញ្ចេញមតិ ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​៖ «រដ្ឋធម្មនុញ្ញ ក៏ដូចជា​ក្រមព្រហ្មទណ្ឌ​មាត្រា ៥២៨ និង ៥២៩ យើង​បាន​ដឹង​ហើយ អាជ្ញាធរ និង​សមត្ថកិច្ច​ជា​អ្នកគ្រប់គ្រង​ដែនដី​នៅ​មូលដ្ឋាន មាន​ព័ត៌មាន ឬ​ដឹង​ព័ត៌មាន​ថា ក្នុង​ដែនដី​របស់​ខ្លួន មាន​ប្រព្រឹត្ត​បទល្មើស ហើយ​គាត់​មិន​រាយការណ៍​ទៅ​តុលាការ អាហ្នឹង​គាត់​ត្រូវ​ទទួលខុសត្រូវ ចំពោះ​មុខ​ច្បាប់»។

ក្រមព្រហ្មទណ្ឌ​មាត្រា​៥២៨ ចែងថា មន្ត្រីរាជការ​សាធារណៈ មិន​ប្ដឹង​បរិហារ និង​មិន​អើពើ​បង្ក្រាប​បទល្មើស ឋិត​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគា​រ​ពី ១​ឆ្នាំ​ដល់ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ២​លាន​រៀល​ដល់ ៦​លាន​រៀល។

ដែន​ជម្រក​សត្វព្រៃ​ភ្នំណាមលៀរ ត្រូវ​បាន​បង្កើតឡើង​ដោយ​ព្រះរាជក្រឹត្យ ក្នុង​ឆ្នាំ​១៩៩៣ ឋិត​ក្នុងស្រុក​ដាក់​ដាំ និង​ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ជាប់​ព្រំដែន​វៀតណាម មាន​ផ្ទៃដី ជាង ៥​ម៉ឺន​ហិកតារ (៥០៩.៥៧) ប៉ុន្តែ​បច្ចុប្បន្ន​នៅ​សល់​ជាង ៣​ម៉ឺន​ហិកតារ ក្រោយពី​អាជ្ញាធរ​ខេត្ត​កាត់​ឆ្វៀល​ផ្នែក​ខ្លះ ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​ចែក​ជូន​ពលរដ្ឋ។ ព្រៃ​អភិរក្ស​មួយ​នេះ បាត់បង់​ឈើ​ប្រណីត​ទាំងស្រុង នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

ជនជាតិ​ដើម​ភាគតិច​រាយការណ៍​ថា ដែន​ជម្រក​សត្វព្រៃ​មួយ​នេះ បាន​ទទួលរង​ការ​កាប់​ទន្ទ្រានព្រៃ​យក​ដី ភាគច្រើន​ធ្វើឡើង​ដោយ​ជនជាតិ​ចាម អស់​ប្រមាណ​ជាង ៤​ពាន់​ហិកតារ និង​មាន​អ្នក​មាន​អំណាច​ខ្លះ គ្រប់គ្រង​ដី​ព្រៃ​អភិរក្ស​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៀត​ផង​។ ព្រៃ​អភិរក្ស​នេះ មាន​ទឹកជ្រោះ​ធ្លាក់ ៧​ជាន់ មាន​សត្វព្រៃ​រស់នៅ និង​មាន​សក្ដានុពល​ទេសចរណ៍​ធម្មជាតិ​ទៀត​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។