ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថានខេត្តកំពង់ធំ ហាមក្រុមនិស្សិត និងព្រះសង្ឃជាង ៣០នាក់ មិនឱ្យចូលព្រៃឡង់

ក្រុមនិស្សិត ព្រះសង្ឃ និងពលរដ្ឋជាង ៣០នាក់ ខកចិត្តចំពោះឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ខេត្តកំពង់ធំថា បានរារាំងពួកគេមិនឱ្យចុះសិក្សាស្វែងយល់ពីស្ថានភាពព្រៃឡង់។ ពួកគេចាត់ទុកការរាំងនេះថា ឆ្លុះបញ្ចាំងថា ក្រសួងបរិស្ថានមិនបានផ្ដល់តម្លៃ និងលើកទឹកចិត្តឱ្យក្រុមនិស្សិត និងយុវជន ចូលរួមអភិរក្សព្រៃឈើ និងសិក្សាស្វែងយល់ ឱ្យបានទូលំទូលាយនោះទេ។
ក្រុមនិស្សិត ព្រះសង្ឃ និងពលរដ្ឋខេត្តកំពង់ធំ បង្ហាញការមិនពេញចិត្ត ចំពោះការរឹតត្បិតសិទ្ធិសេរីភាពពួកគេមិនឱ្យចូលព្រៃឡង់ ពីសំណាក់ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន។ ពួកគេចាត់ទុកការរារាំងនេះ ជាចេតនាចង់លាក់បាំងព័ត៌មាន និងបង្ហាញពីភាពអសកម្មរបស់ឆ្មាំអភិរក្សនៃក្រសួងបរិស្ថាន ក្នុងបេសកកម្មការពារព្រៃអភិរក្សមួយនេះ។
កាលពីថ្ងៃទី២០ ខែមីនា ក្រុមនិស្សិត ព្រះសង្ឃ និងសហគមន៍មូលដ្ឋានជាង ៣០នាក់ បានរួមគ្នាចុះល្បាតព្រៃឡង់ ក្នុងបំណងស្វែងយល់ពីស្ថានភាពព្រៃឈើ និងកត់ត្រាក្នុងឯកសារស្រាវជ្រាវ ដាក់បញ្ចូលក្នុងកម្មវិធីសិក្សា កិច្ចការសាលា ក៏ប៉ុន្តែឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ខេត្តកំពង់ធំ ៤នាក់ បានហាមឃាត់ពួកគេនៅចំណុចព្រៃលោកដោយលើកហេតុផលថា ជាបញ្ជាពីថ្នាក់លើ។
ពួកគេអះអាងថា មុនពេលចូលព្រៃឡង់ មាននគរបាលខេត្តកំពង់ធំជិត ១០នាក់ បានសួរនាំប្រើពាក្យសំដីមិនសមរម្យ និងកត់ឈ្មោះអ្នកចូលរួមទាំងអស់ ហើយតម្រូវឱ្យពួកគេសុំការអនុញ្ញាតពីអាជ្ញាធរស្រុកជាមុនសិន ទើបមានសិទ្ធិចូលព្រៃឡង់បាន។ ពួកគេក៏ធ្វើដំណើរសុំការអនុញ្ញាត ពីអាជ្ញាធរស្រុកសណ្ដាន់ ដោយបង្ហាញពីមូលហេតុ និងគោលបំណងចូលព្រៃឡង់ ទើបអាជ្ញាធរស្រុកអនុញ្ញាត។
និស្សិតម្នាក់មកពីរាជធានីភ្នំពេញ កញ្ញា សុ ផាន្នី ឱ្យដឹងនៅថ្ងៃទី២៤ មីនាថា ការរារាំងពួកគេមិនឱ្យចូលព្រៃឡង់ គឺបង្ហាញឱ្យឃើញថា អាជ្ញាធររដ្ឋាភិបាល មិនបានលើកទឹកចិត្តក្រុមយុវជន ចូលរួមការពារព្រៃឈើស្របតាមរដ្ឋធម្មនុញ្ញនោះទេ។ កញ្ញាថា គ្រាន់តែពួកគេចូលព្រៃឡង់បានតែមួយជ្រុង នៅចំណុចព្រៃលោក ឋិតក្នុងឃុំសណ្ដាន់ ស្រុកសណ្ដាន់ ឮសំឡេងម៉ាស៊ីនត្រង់សឺន័រអារឈើ ៣ទីតាំងផ្សេងគ្នា ដែលគេអារលក់ឱ្យក្រុមហ៊ុនឯកជន នៅជាប់ព្រៃឡង់៖ «ព្រៃឡង់ជាព្រៃមួយ ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាល បញ្ឈប់រាល់ការកាប់ឈើទាំងអស់ ប៉ុន្តែនៅពេលដែលពួកខ្ញុំទៅដល់ ត្រឹមតែ ២ភាគរយនៃព្រៃឡង់ទេ ឮសំឡេងអារឈើមកពីក្នុងហើយ ចុះទម្រាំដល់កន្លែងអារឈើកន្លែងជ្រៅ មានរឿងអីខ្លះទៅ ហើយទម្រាំតែពេលយប់ទៀត។ អ៊ីចឹងវាមិនកាន់តែច្រើនជាងហ្នឹង ហើយពួកគាត់ថា មិនទាន់បែងចែកតំបន់ស្នូល តែពួកខ្ញុំទៅដល់ គឺទៅដល់តំបន់ការពាររួចរាល់ហើយ ប៉ុន្តែតំបន់ការពារ នៅមានគេកាប់ឈើ នៅមានគេដឹកឈើ ពីក្នុងព្រៃឡង់ ២ទៅ ៣គោយន្តដែរ ថ្ងៃដែលពួកខ្ញុំទៅហ្នឹង»។
និស្សិតម្នាក់ទៀត លោក មឿន សុខណា បង្ហាញអារម្មណ៍សោកស្ដាយ ដែលមន្ត្រីបរិស្ថាន និងអាជ្ញាធរ អនុវត្តបទបញ្ជា ធំជាងរដ្ឋធម្មនុញ្ញ។ លោកថា ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន និងអាជ្ញាធរពាក់ព័ន្ធ បានរឹតបណ្ដឹងសកម្មភាពការពារព្រៃឈើរបស់ពលរដ្ឋ និងក្រុមយុវជន ច្រើនជាងពង្រឹងគោលនយោបាយអភិរក្សព្រៃឈើ និងអនុវត្តន៍ច្បាប់ព្រៃឈើ ។ លោកថា ព្រៃឡង់នៅតែទទួលរងគ្រោះជាបន្តបន្ទាប់ ព្រោះសកម្មភាពកាប់ឈើ និងដឹកជញ្ជូននៅតែកើតមានច្រើន៖ «ច្បាប់ដូចជាមានការរឹតបណ្ដឹងខ្លាំងណាស់ ដូចជា អាជ្ញាធរបែរជាមិនយកច្បាប់ហ្នឹងមកគោរព គាត់បែរជាយកបទបញ្ជាទៅប្រើវិញ។ នៅពេលដែលពួកគាត់រារាំងអ៊ីចឹង ពួកខ្ញុំគិតថា អាចមានបទល្មើសកាប់ព្រៃ ក្នុងព្រៃឡង់ លក្ខណៈធំទូលាយហ្មងបង ប្រហែលជាមានក្រុមហ៊ុនធ្វើការ កាប់ព្រៃក្នុងហ្នឹង ឬមួយបង្កើតជារោងចក្រឈើក្នុងហ្នឹង បានជាពួកគាត់ខិតខំរារាំងពួកខ្ញុំ»។
និស្សិតម្នាក់ទៀត កញ្ញា ជា គន្ធីន ប្រាប់ថា គោលបំណងរួមរបស់ពួកគេ ចង់សិក្សាស្វែងយល់ពីស្ថានភាពព្រៃឡង់ និងត្រូវរកមធ្យោបាយជាក់លាក់ ដើម្បីដោះស្រាយវិបត្តិព្រៃឈើឱ្យល្អប្រសើរឡើងវិញ។ កញ្ញាបន្ថែមថា ពួកគេចង់ថតវីដេអូ និង រូបភាព លាតត្រដាងពីបទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់ ដើម្បីធ្វើវេទិកាសាធារណៈ សម្ដែងមតិ បំណងស្នើឱ្យក្រសួងបរិស្ថាន និងរដ្ឋាភិបាល បង្ហាញភាពច្បាស់លាស់ក្នុងការអនុវត្តច្បាប់ព្រៃឈើឱ្យម៉ឺងម៉ាត់៖ «ខ្ញុំគិតថា បើសិនជាគាត់នៅរាំងស្ទះ មិនឱ្យមានការចុះមើលស្ថានភាពព្រៃឡង់ បែបហ្នឹងទៀត ខ្ញុំគិតថា ព្រៃឡង់មិនអាចគង់ទេបង ព្រោះអីយើងចុះទៅមួយជ្រុងតូចទៀត មានការកាប់បំផ្លាញប៉ុណ្ណឹងហើយ ទម្រាំចុះទៅខាងក្នុងៗ ទៀត តើវាកាប់បំផ្លាញប៉ុណ្ណាទៅ។ ចុះទៅគេកំពុងតែអារឈើ សំឡេងរណា ៣កន្លែង»។
ឆ្លើយតបរឿងនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា ថ្លែងថា ការរាំងនេះ ជាការអនុវត្តតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ព្រោះការចេញចូលតំបន់ការពារធម្មជាតិ ត្រូវមានការអនុញ្ញាតពីសមត្ថកិច្ចនៃក្រសួងបរិស្ថានជាមុនសិន។ លោកថា ដើម្បីទទួលបានការអនុញ្ញាតចូលព្រៃឡង់បាន ត្រូវស្នើសុំមកក្រសួងបរិស្ថាន ឬសមត្ថកិច្ចនៅតាមទីតាំងផ្ទាល់។ លោកបញ្ជាក់ថា ក្រសួងបរិស្ថាន ព្រមានថា ប្រសិនបើការចូលក្នុងតំបន់ដែនជម្រកសត្វព្រៃក្នុងគោលបំណងទុច្ចរិត ឬធ្វើសកម្មភាពប្រាសចាកច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ នឹងត្រូវប្រឈមចំពោះមុខច្បាប់៖ «បាទទី១ គឺយើងអនុវត្តតាមច្បាប់ស្ដីពីតំបន់ការពារធម្មជាតិ ដែលការចេញចូល ក្នុងតំបន់ការពារធម្មជាតិត្រូវមានការអនុញ្ញាតជាមុនសិន ពីមន្ត្រីក្រសួងបរិស្ថាន ពីព្រោះថា តំបន់ទាំងនោះ គឺជាតំបន់អភិរក្ស ដែលមិនអាចអនុញ្ញាតឱ្យមានការចេញចូលដោយសេរីទេ។ នេះជាការអនុវត្តតាមច្បាប់ ស្ដីពីតំបន់ការពារធម្មជាតិ»។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តព្រះវិហារ លោក ឡោ ចាន់ ពន្យល់ថា ប្រសិនបើក្រុមនិស្សិត ព្រះសង្ឃ និងយុវជនចូលព្រៃឡង់ ដើម្បីសិក្សាស្វែងយល់ពីស្ថានភាពព្រៃឈើ គឺជាសិទ្ធិសេរីភាពដើរហើរ របស់ពលរដ្ឋ ផ្អែកទៅតាមរដ្ឋធម្មនុញ្ញ ក៏ប៉ុន្តែប្រសិនបើមានការរារាំងពួកគេក្នុងទម្រង់ណាមួយនោះ គឺជាទង្វើល្មើសច្បាប់។ លោកថា ការរារាំងនេះ ក៏ជាការរឹតត្បិតសេរីភាពពលរដ្ឋ ផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងច្បាប់អន្តរជាតិ ខណៈព្រៃឡង់នៅមិនទាន់មានការបែងចែកតំបន់ណា ជាតំបន់ស្នូល ដែលត្រូវហាមឃាត់នៅឡើយទេ៖ «យើងម្នាក់ៗ នាំគ្នាការពារ គឺអត់មានរឿងអីខុសទេ ពីព្រោះយើងគិតថា ព្រៃឈើជារបស់យើងទាំងអស់គ្នា ទោះបីជាច្បាប់ចែងថា អាជ្ញាធរណាគ្រប់គ្រង ឬសមត្ថកិច្ចអ្នកនេះ អ្នកនោះគ្រប់គ្រងក៏ដោយ តែពលរដ្ឋទាំងអស់ មានសិទ្ធិរួមចំណែកទប់ស្កាត់បទល្មើសទាំងអស់ហ្នឹង អ៊ីចឹងគេប្រើពាក្យមួយថា ព្រៃឈើជារបស់យើងទាំងអស់គ្នា»។
កាលពីដើមខែកុម្ភៈកន្លងទៅ ឆ្មាំអភិរក្សរបស់ក្រសួងបរិស្ថាន ក៏បានរារាំង និងគំរាមកំហែង សហគមន៍ព្រៃឡង់ខេត្តកំពង់ធំ មិនឱ្យចុះល្បាតព្រៃឡង់ដែរ។ សហគមន៍ព្រៃឡង់ថា ក្រោយពីអាជ្ញាធររារាំងសហគមន៍ព្រៃឡង់ ៤ខេត្ត មិនឱ្យចុះល្បាតព្រៃនៅរយៈពេល ៣ខែចុងក្រោយនេះ បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់កើនឡើងច្រើន ហើយឈើហ៊ុបធំៗ ជាពិសេស ដើមឈើផលិតជ័រទឹក កំពុងទទួលរងការកាប់ផ្ដួល ធ្វើអាជីវកម្មដោយគ្មានការអនុវត្តច្បាប់។ ពួកគេអះអាងថា ការរាំងនេះ ក៏ជាការរួមចំណែកបំផ្លាញទំហំព្រៃឈើក្នុងអភិរក្ស៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។