"បទល្មើស​ព្រៃឈើ​នៅ​​ជួរ​ភ្នំក្រវាញ​នៅ​តែ​បន្ត​កើត​មាន"

ដោយ ជិន ជេដ្ឋា
2016-09-23
Share
គំនរ​ឈើ​ប្រណីត ក្នុង​​តំបន់​ជួរ​ភ្នំ​ក្រវាញ ២០១៦ ៨៥៥ គំនរ​ឈើ​ប្រណីត​ដែល​ជនល្មើស​លួច​អារ និង​លាក់​ទុក​ក្នុង​ព្រៃ នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញនៅថ្ងៃទី១២ ខែ​កញ្ញា ឆ្នាំ២០១៦។ Photo Provided
Photo Provided

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​ធ្វើ​ការ​លើ​វិស័យ​ព្រៃឈើ​នៅ​កម្ពុជា ចាប់​ផ្ដើម​ចុះ​ប្រមូល​ភស្តុតាង​បទល្មើស​ព្រៃឈើ​នៅ​ជួរ​ភ្នំក្រវាញ​ភាគ​កណ្ដាល​រយៈ​ពេល​បី​ថ្ងៃ គឺ​ចាប់​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដើម្បី​ដាក់​ជូន​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ។ ការ​ប្រមូល​ភស្តុតាង​ដាក់​ជូន​ស្ថាប័ន​មាន​សមត្ថកិច្ច​នេះ ក្រោយ​ពី​គេ​សង្កេត​ឃើញ​ថា​មន្ត្រី​ថ្នាក់​ក្រោម​មិន​សូវ​អើពើ​ទប់ស្កាត់​បទល្មើស។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុក​រលួយ ទប់ស្កាត់​ការ​បំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ សង្ស័យ​ថា មន្ត្រី​ឧទ្យានុរក្ស និង​សមត្ថកិច្ច​មូលដ្ឋាន​ខ្លះ​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើ​តាម​ជួរ​ភ្នំ​ក្រវាញ​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ស្ពឺ ពោធិ៍សាត់ និង​ខេត្ត​កោះកុង។ អាជ្ញាធរ​មាន​សមត្ថកិច្ច​យឺតយ៉ាវ​ក្នុង​កិច្ច​សហការ​ជាមួយ​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​បង្ការ និង​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។

ប្រធាន​អង្គការ​លោក ជា ហ៊ាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ថា សំណើ​សុំ​អន្តរាគមន៍​ជា​ច្រើន​ដែល​អង្គការ​លោក​បាន​ធ្វើ​កន្លង​មក​មិន​សូវ​មាន​ប្រសិទ្ធភាព​ទេ ដោយ​មន្ត្រី​ថ្នាក់​លើ​បញ្ជា ឬ​មាន​វិធានការ​ទប់ស្កាត់​បទល្មើស​ណា​មួយ​នោះ មន្ត្រី​មាន​សមត្ថកិច្ច​ថ្នាក់​ក្រោម​មិន​សូវ​យក​ចិត្ត​ទុកដាក់​អនុវត្ត​នោះ​ទេ។ លោក​ថា របាយការណ៍​ភ្ជាប់​រូប​ថត​ភស្តុតាង​បទល្មើស​ព្រៃឈើ​ថ្មីៗ​ដែល​ប្រមូល​បាន​នៅ​ពេល​នេះ នឹង​ដាក់​ចូល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​នៅ​ដើម​ខែ​តុលា ឆ្នាំ​២០១៦ ខាង​មុខ៖ «ខ្ញុំ​មាន​ការ​សោក​ស្ដាយ​ដែរ បន្ទាប់​ពី​ចុះ​អង្កេត​បទល្មើស​ហើយ​ឃើញ ឃើញ​ហើយ​ធ្វើ​របាយការណ៍​មួយ​ជូន​ទៅ​សម្ដេច​នាយករដ្ឋមន្ត្រី ប៉ុន្តែ​លទ្ធផល​នៃ​ការ​អនុវត្ត​របស់​រដ្ឋាភិបាល​ហាក់​បី​ដូច​គ្មាន​ប្រសិទ្ធភាព​ឡើយ។ ដូច្នេះ​ករណី​មួយ​នេះ​បើ​ខ្ញុំ​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ហើយ នៅ​តែ​មិន​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​មន្ត្រី​ខិលខូច គឺ​ខ្ញុំ​នឹង​ប្ដឹង​សុំ​ផ្ដាច់​ជំនួយ​ពី​អន្តជាតិ​ទាក់ទង​នឹង​ការ​អភិរក្ស​ព្រៃឈើ​តែ​ម្ដង​បាទ។ ពេល​ដែល​យើង​អន្តរាគមន៍​ទៅ​គាត់(មន្ត្រី​រដ្ឋបាល​ព្រៃឈើ)​អត់​លើក​ទូរស័ព្ទ ដល់​ពេល​ព្រឹក​ឡើង​បទល្មើស​ទៅ​ដល់​ព្រំដែន​ហើយ បាន​គាត់​ខល(ទូរស័ព្ទ)​មក​យើង​វិញ​ថា​មាន​ការ​អី»

លោក​បញ្ជាក់​ថា មុន​ពេល​ដែល​លោក​នាំ​ក្រុម​ការងារ​ចុះ​ល្បាត​ព្រៃ ដើម្បី​ពិនិត្យ​មើល​ស្ថានភាព​បទ​ល្មើស​នេះ គឺ​មាន​បណ្ដាញ​របស់​លោក​រាយការណ៍​ថា​សកម្មភាព​អារ និង​ដឹក​ជញ្ជូន​ប្រភេទ​ឈើ​ចម្រុះ និង​ឈើ​ប្រណីត​នៅ​បន្ត​កើត​មាន​ជា​ទ្រង់ទ្រាយ​តូច​ផង និង​ធំ​ផង​នៅ​តាម​តំបន់​ជួរ​ភ្នំ​ក្រវាញ ប៉ុន្តែ​មន្ត្រី​ឧទ្យានុរក្ស និង​អាជ្ញាធរ​មាន​សមត្ថកិច្ច​ប្រចាំ​ការ​នៅ​តំបន់​ទាំង​នោះ​ទប់ស្កាត់​ពុំ​មាន​ប្រសិទ្ធភាព​ទេ។

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​លោក សៅ សុភាព និង​លោក ស៊្រុន ដារិត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា។ ប៉ុន្តែ​លោក សៅ សុភាព ធ្លាប់​ថ្លែង​ទទួល​ស្គាល់​ថា​បទល្មើស​តូចតាច​ពិត​ជា​នៅ​បន្ត​កើត​មាន​ក្នុង​តំបន់​អភិរក្ស ឬ​ឧទ្យាន​ជាតិ ប៉ុន្តែ​ពុំ​មាន​ទ្រង់ទ្រាយ​ធំ​នោះ​ទេ។ ស្រប​ពេល​គ្នា​នេះ​រដ្ឋាភិបាល​សម្រេច​បន្ថែម​កម្លាំង​ឧទ្យានរក្ស ៣០០​នាក់​ទៀត​បន្ថែម​លើ​កម្លាំង​ឧទ្យាន​រក្ស​ដែល​មាន​ស្រាប់​មិន​ដល់​មួយ​ពាក់ ដើម្បី​គ្រប់គ្រង​ដី​ព្រៃ​អភិរក្ស​ទំហំ​ជិត​៦​លាន​ហិកតារ​នៅ​ទូទាំង​ប្រទេស។

រាជ​រដ្ឋាភិបាល​តាម​រយៈ​ក្រសួង​បរិស្ថាន បាន​ចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០១៦ សម្រេច​បង្កើត​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវ៉ាញ​កណ្ដាល ដែល​មាន​ផ្ទៃដី​ទំហំ​ជាង ៤​សែន​ហិកតារ (៤០១.៣១៣​ហិកតារ)។ តំបន់​អភិរក្ស​ជួរ​ភ្នំក្រវ៉ាញ នេះ ឋិត​នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ខេត្ត​ពោធិ៍សាត់ និង​ខេត្ត​កំពង់ស្ពឺ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល