តុលាការ​ខេត្ត​កោះកុង​កោះហៅ​សកម្មជន​អារ៉ែង​ទៅ​សាកសួរ​រឿង​ទិញ​ឈើ​សង់​ផ្ទះ​សហគមន៍

នៅ​ព្រឹក​ថ្ងៃ​ទី​៣ មេសា ចៅក្រម​សាលាដំបូង​ខេត្ត​កោះកុង បាន​សាកសួរ តំណាង​សហគមន៍​ជនជាតិ​ជង នៅ​តំបន់​អារ៉ែង លោក វ៉ែន វ៉ន ជុំវិញ​បណ្ដឹង​របស់​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត។

បន្ទាប់​ពី​ការ​សាកសួរ​របស់​តុលាការ លោក វ៉ែន វ៉ន បាន​ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា តុលាការ​បាន​សាកសួរ​លោក ពី​លិខិត​អនុញ្ញាត​ទិញ​ឈើ សម្រាប់​សាងសង់​​ផ្ទះ​​សហគមន៍​នៅ​តំបន់​អារ៉ែង ដែល​រដ្ឋបាល​ព្រៃឈើ​ចោទ​លោក​ថា បាន​ទិញ​ឈើ​ខុស​ច្បាប់ និង​​លិខិត​ទទួល​ស្គាល់​សហគមន៍​ជនជាតិ​ជង​នៅ​តំបន់​នេះ ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច។

នៅខាង​ក្រៅ​របង​តុលាការ​មាន​ពលរដ្ឋ​ជនជាតិ​ជង​ប្រមាណ​១០០​នាក់​ ដែល​បារម្ភ​ពី​សុវត្ថិភាព​លោក វ៉ែន វ៉ន បាន​ទៅ​ឃ្លាំ​មើល​ក្រែង​មាន​ការចាប់ខ្លួន​តំណាង​ពួកគេ។

ខុស​ប្លែក​ពី​ពលរដ្ឋ​តំបន់​អារ៉ែង លោក វ៉ែន វ៉ន មាន​ប្រសាសន៍​ថា លោកមិន​បាន​បារម្ភ​ពី​សុវត្ថិភាព​របស់​លោក​ឡើយ តែ​លោក​ស្នើ​ឲ្យ​តុលាការ​ចាត់ការ​ឲ្យ​មាន​តម្លាភាព៖ «សូម​ឲ្យ​ស្ថាប័ន​ដែល​ពាក់ព័ន្ធ​តំបន់​នោះ ( តំបន់​អារ៉ែង ) ជួយ​ជំរុញ​បង្កើត​ទៅ​ជា​តំបន់​អេកូ​ទេសចរណ៍ ឲ្យ​ប្រជាពលរដ្ឋ​បាន​ដើរ​ទៅ​ដោយ​រលូន ទី​ពីរ​ទាក់ទង​ព្រៃឈើ សូម​ឲ្យ​រដ្ឋបាល​ព្រៃឈើ ចាត់​ការ​ឲ្យ​ស្មើភាព និង​យុត្តិធម៌ បើ​ថា​បទល្មើស​ទេ ឲ្យ​ទៅ​ជា​បទ​ល្មើស​ទាំង​អស់​គ្នា តែ​កុំ​ឲ្យ​យើង ( សហគមន៍​អារ៉ែង ) យក​មក​សាងសង់ បែរ​ទៅ​ជា​បទ​ល្មើស តែ​គេ​ដឹក​ជញ្ជូន​ចេញ បែរ​មិន​មែន​ជា​បទល្មើស»។

យ៉ាងណា​ក៏​ដោយ លោក វ៉ែន វ៉ន បន្តថា​ ចៅក្រម​បញ្ជាក់​ថា គេ​នៅ​មិន​ទាន់​សម្រេច​យ៉ាង​ណា​ចំពោះ​សំណុំ​រឿង​នេះ​ទេ ដោយ​សំអាង​ថា​គេ​ត្រូវការពេល​វេលា​ស៊ើបសួរ​បន្តទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។