សហគមន៍ព្រៃឡង់ និងពលរដ្ឋរស់នៅឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះបារម្ភជាថ្មីទៀត ពីមុខរបរដងជ័រទឹក ដែលជាប្រភពចំណូលសេដ្ឋកិច្ចប្រពៃណីរបស់ពលរដ្ឋច្រើនជំនាន់មកហើយនោះ កំពុងប្រឈមការបាត់បង់ជាបន្តបន្ទាប់។ អ្នកភូមិអះអាងថា ក្រុមហ៊ុនស៊ីបាយអូថេក (Ci-Biotech Co., Ltd.) ដែលល្បីខាងកាប់រំលំដើមឈើផលិតជ័រទឹករបស់អ្នកស្រុកធ្វើអាជីវកម្មអស់រាប់លានដើមកន្លងទៅ បានដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញហើយថ្មីៗនេះ និងមាន អ្នកមានអំណាចមួយចំនួន ជ្រកក្រោមរូបភាពក្រុមហ៊ុននេះ ធ្វើអាជីវកម្មឈើនៅតំបន់ព្រៃឡង់។
ពលរដ្ឋរស់នៅជាប់តំបន់ព្រៃឡង់ ខេត្តក្រចេះ និងសហគមន៍ការពារព្រៃឡង់ ឲ្យដឹងនៅថ្ងៃទី២៩ តុលាថា ក្រុមហ៊ុនស៊ីបាយអូរថេក ឬហៅថា ស្ថានីយស្ដារព្រៃឈើឡើងវិញ កំពុងដំណើរការអាជីវកម្មកាប់ឈើជាថ្មីទៀត ក្នុងតំបន់អូរជាំ ដែលជាកន្លែងសំបូរដោយដើមឈើផលិតជ័រទឹករបស់អ្នកស្រុកជាច្រើនគ្រួសារ។ ពួកគេបារម្ភថា អ្នកភូមិជាម្ចាស់ដើមច្បោះគ្មានសមត្ថភាពថែរក្សាដើមឈើផលិតជ័រទឹករបស់ខ្លួនបាននោះទេ ខណៈដែលផែនទីវិនិយោគរបស់ក្រុមហ៊ុននេះបានគ្របដណ្តប់ក្នុងតំបន់ព្រៃស្រោង និងតំបន់ព្រៃសំបូរដោយដើមឈើផលិតជ័រទឹក។
ក្រុមស្នូលព្រៃឡង់ ខេត្តក្រចេះ ថ្លែងសុំមិនបញ្ចេញឈ្មោះ ឲ្យដឹងនៅថ្ងៃទី២៩ តុលាថា អ្នកភូមិមានដើមឈើផលិតជ័រទឹក ក្នុងទីតាំងក្រុមហ៊ុនវិនិយោគមិនអាចចូលអាស្រ័យផលដើមឈើរបស់ខ្លួនបាននោះទេ ព្រោះក្រុមហ៊ុនស៊ីបាយអូថេក កំពុងដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ ក្នុងតំបន់ព្រៃស្រោង ដែលសំបូរដោយដើមឈើផលិតជ័រទឹករបស់អ្នកស្រុក។ លោកថា កន្លងទៅក្រុមហ៊ុននេះ មិនបានកាត់ឆ្វៀលផលប៉ះពាល់ចេញនោះទេ ហើយបានកាប់បំផ្លាញដើមឈើផលិតជ័រទឹករបស់ពលរដ្ឋអស់រាប់ម៉ឺនដើមធ្វើអាជីវកម្ម៖ « ការសម្បទានហ្នឹងកន្លែងហ្នឹង សុទ្ធតែព្រៃក្រាស់ និងដើមច្បោះ។ ក្រុមហ៊ុនស៊ីបាយអូថេក ដំណើរការវិញ មិនដឹងថា ដើមច្បោះគេឆ្វៀលចេញ ឬយ៉ាងណា ? តែកន្លងមកក្រុមហ៊ុនមិនទុកទេ កាប់អស់ » ។
ពលរដ្ឋដែលជាម្ចាស់ច្បោះរស់នៅភូមិអាជេន ឃុំបឹងចារ ថ្លែងសុំលាក់ឈ្មោះ បង្ហើបថា រយៈពេល ៣ខែចុងក្រោយនេះ ដើមឈើផលិតជ័រទឹកជាង ១ពាន់ដើមនៅចំណុចអូរជាំ ក្នុងតំបន់ព្រៃឡង់ ត្រូវគេកាប់រំលំធ្វើអាជីវកម្ម។ សកម្មភាពកាប់រំលំនោះ កើតមានជាច្រើនប្រភព ទាំងពលរដ្ឋនៅតំបន់ផ្សេងមកស៊ីឈ្នួលកាប់ឈើលក់ឲ្យថៅកែ និងក្រុមហ៊ុនស៊ីបាយអូថេក ដែលចាំទទួលទិញនៅមូលដ្ឋាន៖ « វាបាត់ច្រើនដែរ ឥឡូវនេះអត់ធានាសុវត្ថិភាពទេ ដើមច្បោះជ័រ។ មិនដឹងថា ពីណាជួយពីណាបានទេ អត់មានច្បាប់គ្រប់គ្រងផង។ ដើមច្បោះជារបស់រដ្ឋយើងត្រឹមពលរដ្ឋអាស្រ័យផល តែបើរដ្ឋវិនិយោគឲ្យក្រុមហ៊ុនហើយ យើងតវ៉ាមិនបាន។ អត់ទាន់មានច្បាប់គ្រប់គ្រងច្បោះហ្នឹងឲ្យនៅផង » ។
សហគមន៍ព្រៃឡង់អង្កេតឃើញថា កន្លងទៅព្រៃស្រោងក្នុងតំបន់អូរជាំ ដែលជាប្រភពដើមឈើផលិតជ័រទឹករាប់លានដើម ត្រូវគេកាប់អស់ស្ទើរទាំងស្រុង និងមានផ្នែកខ្លះ ត្រូវក្រុមហ៊ុនឈូសឆាយយកអាររំលំឈើមួលធំៗ ធ្វើអាជីវកម្ម។ ពួកគេថា ក្រុមហ៊ុននេះ បានប្រើលេសស្ថានីយស្តារព្រៃឈើឡើងវិញ ដាំដើមអាកាស្យា តែធាតុពិត គឺធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំ ដោយមានដេប៉ូអារច្រៀកឈើជាប់ព្រៃឡង់ និងសន្តិសុខយាមតឹងតែង។ លើសពីនេះព្រៃស្រោងនៅតំបន់ព្រៃឡង់ជាច្រើនកន្លែង ត្រូវក្រុមហ៊ុនកាប់យកឈើធំៗលក់យ៉ាងពេញទំហឹង បណ្ដាលឲ្យព្រៃអភិរក្សមួយនេះបាត់បង់ឈើមូលធំៗ អស់ស្ទើរទាំងស្រុង។
ក្រុមហ៊ុន ស៊ីបាយអូថេច វិនិយោគដំណាំឧស្សាហកម្ម អាកាស្យា ឬស្ថានីយស្ដារព្រៃឈើឡើងវិញ ដែលវិនិយោគលើផ្ទៃដីចំនួនជាង ៣ម៉ឺនហិកតារ (៣៤.០០៧) កាលពីខែមិថុនា ឆ្នាំ ២០១២ ឋិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ និងមួយផ្នែកចូលដីស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ ក៏ប៉ុន្តែពលរដ្ឋ និង សហគមន៍ព្រៃឡង់ ចោទថា ក្រុមហ៊ុននេះ ធ្វើអាជីវកម្មឈើទ្រង់ទ្រាយធំនៅដែនជម្រកសត្វព្រៃឡង់ខុសច្បាប់ និងមានដេប៉ូអារច្រៀកឈើដឹកទៅប្រទេសវៀតណាមផង។
អាស៊ីស៊ីសេរីមិនអាចរកប្រភពទាក់ទងតំណាងក្រុមហ៊ុន ស៊ីបាយអូថេក ដើម្បីសុំការបំភ្លឺរឿងនេះបាននៅឡើយទេ នៅថ្ងៃទី ២៩ តុលា។
ចំណែកមេឃុំបឹងចារ លោក ហុល សឿង ទទួលស្គាល់ថា ដើមឈើផលិតជ័រទឹករបស់អ្នកស្រុកកំពុងទទួលរងការកាប់បំផ្លាញខ្លាំងក្លា ហើយកន្លងទៅលោករាយការណ៍ជូនថ្នាក់លើដែរ បន្ទាប់ពីទទួល បណ្តឹងពីពលរដ្ឋជាម្ចាស់ច្បោះ។ លោកថា ក្រុមហ៊ុនស៊ីបាយអូថេកបានដំណើរការឡើងវិញហើយ រីឯអាជ្ញាធរឃុំនៅពុំទាន់ដឹងថា ក្រុមហ៊ុននេះធ្វើសកម្មភាពបែបណានៅឡើយទេ។ លោកបន្ថែមថា អាជ្ញាធរឃុំ គាំទ្រពេញទំហឹង ក្នុងការអភិរក្សដើមឈើផលិតជ័រទឹក ក៏ប៉ុន្តែក្រោយពេលដែរ ឈ្មួញសម្រុកចុះទៅទិញឈើដល់មូលដ្ឋាន ធ្វើឲ្យពលរដ្ឋខ្លះបែកគំនិតលួចកាប់ឈើលក់បន្តិចម្តងៗ៖ « ច្បោះជ័រទឹកចង់រលាយអស់ហើយ វាដឹងរហូតដល់ណាណីហើយ។ តែឥឡូវខ្ញុំអត់បានទៅក្នុងមួយរយៈនេះ តែគ្រាន់ថា គេឲ្យដំណើរការឡើងវិញហើយ ក្រុមហ៊ុននេះ » ។
កន្លងទៅពលរដ្ឋរស់នៅឃុំបឹងចារ និងឃុំកំពង់ចាម ធ្លាប់ដាក់ពាក្យប្ដឹងក្រុមហ៊ុននេះ ច្រើនសាពីបទកាប់បំផ្លាញដើមឈើផលិតជ័រទឹកអស់ច្រើនពាន់ដើម តែរហូតមកទល់ពេលនេះមានពលរដ្ឋមិនដល់ ១០ គ្រួសារទេ ដែរទទួលបានសំណងតិចតួច ជំនួសពីការបាត់បង់ដើមច្បោះជ័ររបស់ខ្លួន ដែលធ្លាប់ទទួលផលពីការដុតយកជ័រទឹក លក់ក្នុងមួយខែៗច្រើនលានរៀល។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ យល់ថា តួនាទី និងភារកិច្ចក្នុងការដោះស្រាយបញ្ហានានា ជូនពលរដ្ឋ គឺជាកាតព្វកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធ និងក្រសួងបរិស្ថាន មិនត្រូវមើលរំលងការបាត់បង់ប្រភពចំណូលរបស់សហគមន៍នោះទេ។ លោកថា ពលរដ្ឋអាចរួមគ្នាដាក់បណ្តឹងបរិហាររឿងនេះ ដើម្បីឲ្យមានដំណោះស្រាយផ្លូវច្បាប់តាមប្រព័ន្ធយុត្តិធម៌ឬតុលាការ៖ « ក្រសួងបរិស្ថាន ត្រូវទទួលខុសត្រូវការបាត់បង់ដើមជ័រ។ បើគាត់ការពារមិនបានគាត់គួរតែស្នើសុំកម្លាំងពីអាជ្ញាធរខេត្តក្រចេះ ដើម្បីការពារ » ។
សកម្មជនការពារព្រៃឡង់ ខេត្តក្រចេះ បារម្ភថា បើក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តក្រចេះ នៅតែបិទភ្នែកមិនចាត់វិធានការដកអាជ្ញាប័ណ្ណក្រុមហ៊ុននេះទេ ដើមឈើផលិតជ័រទឹកដែលនៅសេសសល់ចុងក្រោយរបស់ពលរដ្ឋនឹងរលាយនៅពេលឆាប់ៗនេះបង្កបាត់បង់ប្រាក់ចំណូល និងជីវភាពរបស់ពលរដ្ឋ។ ពួកគេអង្កេតឃើញថា ពលរដ្ឋភាគច្រើន បានខ្ចីប្រាក់ពីធនាគារដែលរំពឹងថា ដងជ័រទឹកលក់អាចបង្វិលប្រាក់សងម្ចាស់បំណុលវិញ តែផ្ទុយទៅវិញ បើដើមឈើផលិតជ័រទឹកត្រូវបាត់បង់ ពួកគេគ្មានប្រភពចំណូលសង់ត្រឡប់ជូនម្ចាស់បំណុលវិញទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
