"គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​ក្រចេះ​គឺ​ជា​ការ​«សម្លាប់​ជីវិត»ទន្លេ​មេគង្គ"

ដោយ មាន ឫទ្ធិ
2018-05-16
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
របាយការណ៍​បែក​ធ្លាយ នៃគម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​សំបូរ ​ក្នុង​ខេត្ត​ក្រចេះ។
របាយការណ៍​បែក​ធ្លាយ នៃគម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​សំបូរ ​ក្នុង​ខេត្ត​ក្រចេះ។
Photo printscreen

របាយការណ៍​ស្ថាពរ​ស្ដីពី​ការ​វាយតម្លៃ​ផល​ប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សំបូរ ក្នុង​ខេត្ត​ក្រចេះ ព្រមាន​ធ្ងន់ៗ​ថា ការ​អនុម័ត​សាងសង់​ទំនប់​វារីអគ្គិសនី​សំបូរ​នៅ​លើ​ផ្ទៃ​អាង​ទន្លេ​មេគង្គ នឹង​មាន​ន័យ​ស្មើនឹង «​ការ​សម្លាប់​ជីវិត» ទន្លេ​មេគង្គ។

របាយការណ៍​ដែល​សិក្សា​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន Natural Heritage Institute មាន​មូលដ្ឋាន​នៅ​ទីក្រុង​សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក ក្រោម​ការ​ឧបត្ថម្ភ​ថវិកា​ពី​របប​លោក ហ៊ុន សែន ដែល​ត្រូវ​បាន​ផ្អឹប​ទុកជា​សម្ងាត់​ដោយ​របប​លោក ហ៊ុន សែន ក្រោយ​សិក្សា​រួច​កាលពី​ចុង​ឆ្នាំ​២០១៧ ហើយ​ត្រូវ​បាន​បែក​ធ្លាយ និង​យក​មក​ផ្សព្វផ្សាយ​ដោយ​កាសែត​អង់គ្លេស The Guardian នៅ​ថ្ងៃ​ទី​១៦ ឧសភា​នេះ បាន​លើកឡើង​ពី​កង្វល់​នានា​ដែល​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ គឺជា​ការ​ជ្រើសរើស​ទីតាំង​ដ៏​អាក្រក់​បំផុត​មួយ សម្រាប់​ការសាងសង់​ទំនប់​វារីអគ្គិសនី​នេះ។

របកគំហើញ​សំខាន់​ដែល​របាយការណ៍​នេះ​រក​ឃើញ រួមមាន ផល់​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ធនធាន​ត្រី ដោយសារតែ​ទំនប់​វារីអគ្គិសនី​នេះ នឹង​ធ្វើការ​រាំង​ខ្ទប់​បន្លាស់​ទី​ត្រី​ពី​ទន្លេសាប ដែល​ជា​ដៃទន្លេ​មេគង្គ ឆ្ពោះ​ទៅ​ទន្លេ​មេគង្គ និង​តំបន់​ផ្នែក​ខាងលើ​នៃ​ទន្លេ​នេះ។

កាសែត​ដដែល​នេះ ក៏បាន​ស្រង់​ប្រសាសន៍​លោក ម៉ាក ហ្គ័រចូត (Marc Goichot) អ្នក​ជំនាញការ​ផ្នែក​ធនធាន​ទឹក របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ ឬWWF ដែល​លោក​មាន​ប្រសាសន៍​ថា ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កិច្ចប្រឹងប្រែង​អភិរក្ស​សត្វ​ផ្សោត ធនធាន​ត្រី ជីវភាព​រស់នៅ និង​អាហារូបត្ថម្ភ​របស់​សហគមន៍​ជនបទ ព្រមទាំង​ការ​ធ្លាក់​ចុះ​អត្រា​ផ្ទៃ​រងទឹក​ភ្លៀង នៃ​តំបន់​ដី​សណ្ដ​ទន្លេ​មេគង្គ ក្នុង​ប្រទេស​វៀតណាម។

ប្រសិនបើ​អនុម័ត ទំនប់​វារីអគ្គិសនី​នេះ នឹង​តម្រូវ​ឲ្យ​មាន​នូវ​ការសាងសង់​ទំនប់​បេតុង ប្រវែង ៣៣ គីឡូម៉ែត្រ កាត់​ទទឹង​ផ្ទៃ​ទន្លេ​មេគង្គ ត្រង់​តំបន់​មួយ​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ និង​មាន​ផ្ទៃ​បាត​អាង​ទំហំ​ដល់​ទៅ ៨២គីឡូម៉ែត្រ។

របាយការណ៍​ស្រាវជ្រាវ​នេះ ផ្ដល់​ជា​អនុសាសន៍​ថា ជំនួស​ឲ្យ​ការសាងសង់​ទំនប់​វារីអគ្គិសនី​នេះ ការ​ដំឡើង​ប្រព័ន្ធ​ស្រូប​ពន្លឺ​ព្រះអាទិត្យ នៅ​លើ​ទំនប់​វារីអគ្គិសនី​សេសានក្រោម​២ ដែល​មាន​ស្រាប់ នឹង​ជួយ​បង្កើន​សមត្ថភាព​ផលិត​ថាមពល​អគ្គិសនី ទ្វេដង គឺ​រហូតដល់​ជាង ៨០០ ម៉េហ្កាវ៉ាត់។ យោង​តាម​របាយការណ៍​ដដែល​នេះ ថាមពល​ព្រះអាទិត្យ គឺជា​ជម្រើស​តែមួយគត់ ដែល​នឹង​ផ្ដល់​នូវ​អត្ថប្រយោជន៍​សេដ្ឋកិច្ច​វិជ្ជមាន​ជា​រួម​ដល់​ប្រទេស​កម្ពុជា។

កាសែត The Guardian របស់​អង់គ្លេស ក៏​បាន​ស្រង់​ប្រសាសន៍​អនុរដ្ឋលេខាធិការ​ក្រសួង រ៉ែ និង​ថាមពល លោក អ៊ិត ប្រាង ដែល​លោក​អះអាង​ថា គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​នេះ គឺជា​បញ្ហា​រស៊ើប ហើយ​ថា វា​ជា​ការ​ឆាប់រហ័ស​ពេក ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ណាមួយ​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ។ លោក អ៊ិត ប្រាង បញ្ជាក់​បន្ថែម​ថា នៅ​មិន​ទាន់​មាន​សេចក្ដី​សម្រេច​ចិត្ត​ណាមួយ ជុំវិញ​ការ​អនុម័ត​គម្រោង​នេះ​នៅឡើយ​ទេ នៅ​មុន​ការ​បោះឆ្នោត​ជាតិ ខែ​កក្កដា នេះ។

ប្រសិនបើ​ទទួល​បាន​ការ​អនុម័ត​ពី​របប​លោក ហ៊ុន សែន ក្រុមហ៊ុន​ចិន​ឈ្មោះ China’s Hydrolancang International Energy Company គឺជា​ក្រុមហ៊ុន​ឈានមុខ​គេ​សម្រាប់​អនុវត្ត​គម្រោង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល