ពលរដ្ឋ​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ទំនប់​វារីអគ្គិសនី​សេសាន​ព្រួយ​ខ្លាច​ទឹក​ជំនន់​លិច​ផ្ទះ

0:00 / 0:00

នៅ​គ្រា​ដែល​ក្រុមហ៊ុន​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ខែត្រ​ស្ទឹងត្រែង កំពុង​បិទ​ទ្វារ​ទឹក​សាកល្បង ដើម្បី​ផ្គត់ផ្គង់​ទឹក​ក្នុង​ផ្ទៃ​អាង​ដើម្បី​ផលិត​ថាមពល​អគ្គិសនី អ្នក​ភូមិ​ដែល​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ទំនប់ កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រុមហ៊ុន​បើក​ទ្វារ​ទឹក រួម​ផ្សំ​ទឹក​ភ្លៀង​ផង នាំ​ឲ្យ​មាន​ទឹក​ជំនន់​កើត​ឡើង​លិចលង់​លំនៅឋាន និង​ដី​ស្រែ​ពួក​គាត់។

ពលរដ្ឋ​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​នៃ​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៃ​ស្រុក​សេសាន ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កក្កដា ថា ស្ថានភាព​ទឹក​ទន្លេ​សេសាន​កើន​ឡើង​ជិត ២​ម៉ែត្រ​នៅ​ឆ្នាំ​នេះ ប្រៀបធៀប​កម្ពស់​ទឹក​ទន្លេ​កាល​ពី​ឆ្នាំ​២០១៦។ អ្នក​ភូមិ​ថា កម្ពស់​ទឹក​កើន​ឡើង​នេះ​បណ្ដាល​ឲ្យ​លិច​ស្រូវ​ពលរដ្ឋ​មួយ​ចំនួន និង​លិច​ផ្លូវ​មួយ​ចំនួន​ដែរ។

ពលរដ្ឋ​រស់នៅ​ដង​ទន្លេ​សេសាន​នៃ​ឃុំ​ភ្លុក ស្រុក​សេសាន លោក ឃៀន ប៊ុនហេង ឲ្យ​ដឹង​ថា អ្នក​ភូមិ​រស់នៅ​ក្រោម​ទំនប់ ភ័យ​ព្រួយ​ខ្លាំង​ពី​ហានិភ័យ​នានា​ដែល​អាច​កើត​មាន​ជា​យថាហេតុ បើ​ក្រុមហ៊ុន​បើក​ទ្វារ​ទឹក អាច​បង្ក​ឲ្យ​លិចលង់​ផ្ទះ​សម្បែង​ពួក​គាត់ នៅ​គ្រា​ដែល​ទឹក​ទន្លេ​មេគង្គ និង​ទន្លេ​សេសាន កំពុង​កើន​ឡើង​ខ្លាំង។ លោក​រំឭក​ថា កន្លង​ទៅ​នៅ​ពេល​ទំនប់​វារីអគ្គិសនី​នៅ​ប្រទេស​វៀតណាម គឺ​ទំនប់​យ៉ាលី និង​ទំនប់​សេសាន ៤​អេ នៅ​ដង​ទន្លេ​សេសាន ធ្លាប់​បើក​ទ្វារ​ទឹក បណ្ដាល​ឲ្យ​លិច​លំនៅឋាន​ពលរដ្ឋ​នៅ​ខែត្រ​ស្ទឹងត្រែង និង​ខែត្រ​រតនគិរី៖ « ពលរដ្ឋ​នៅ​ឃុំ​ភ្លុក ទាំងអស់​ព្រួយ​បារម្ភ​គ្រប់​គ្នា ហើយ​ ខ្លាច​ទឹក​ហៀរ​មក​លិច​ស្រូវ ចម្ការ ផ្ទះ​សម្បែង សំខាន់​ក្រុមហ៊ុន​ហ្នឹង​ហើយ »

អាស៊ីសេរី មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ លោក អ៊ុំ រ៉េត ដើម្បី​សុំ​ការ​អធិប្បាយ​ជុំវិញ​ក្តី​បារម្ភ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៧ កក្កដា ព្រោះ​ទូរស័ព្ទ​ហៅ​ចូល​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល។ ប៉ុន្តែ​លោក​ប្រាប់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា ថា ក្រុមហ៊ុន​កំពុង​ប្រតិបត្តិការ​បិទ​ទ្វារ​ទឹក​សាកល្បង​បាន ៨​ទ្វារ​ទឹក​ហើយ ហើយ​មន្ត្រី​បច្ចេកទេស​កំពុង​រង់ចាំ​មើល​អាកាសធាតុ ព្រោះ​បច្ចុប្បន្ន​ទឹក​ជំនន់​កំពុង​កើន​ឡើង​ពី​ខ្សែ​ទឹក​ខាង​លើ។

អ្នក​នាំ​ពាក្យ​សាលា​ខែត្រ​ស្ទឹងត្រែង លោក ម៉ែន គុង មាន​ប្រសាសន៍​ថា ជុំវិញ​ការ​បារម្ភ​របស់​ពលរដ្ឋ អាជ្ញាធរ​ខែត្រ​ធ្លាប់​បាន​ណែនាំ​ទៅ​ក្រុមហ៊ុន ឲ្យ​ប្រុងប្រយ័ត្ន​គ្រប់​ពេល​ទាក់ទិន​ដំណើរការ​បិទ​ទ្វារ​ទឹក​សាកល្បង។ លោក​ថា អាជ្ញាធរ​ខែត្រ​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បង្កើត​ស្ថានីយ​ជូន​ដំណឹង ព្រម​ទាំង​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ផង ក្នុង​បំណង​អន្តរាគមន៍​ឲ្យ​បាន​ទាន់​ពេលវេលា។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ អាជ្ញាធរ​ខែត្រ​បាន​បញ្ជូន​កម្លាំង​ត្រៀម​ជួយ​អន្តរាគមន៍​សង្គ្រោះ​ពលរដ្ឋ​នៅ​ខ្សែ​ទឹក​ខាង​លើ​ជា​អាទិភាព៖ « សុំ​ជម្រាប​ជូន​ពុក​ម៉ែ​បង​ប្អូន​ឲ្យ​បាន​ជ្រាប​ថា អាជ្ញាធរ​មូលដ្ឋាន ឃុំ ស្រុក និង​ខែត្រ បាន​គិតគូរ​មុន​នេះ​ហើយ​កិច្ច​ការងារ​នេះ ហើយ​បាន​ ណែនាំ​ទៅ ​ក្រុមហ៊ុន​ ធ្វើ​ការ ​ប្រុងប្រយ័ត្ន និង​មាន​ស្ថានីយ​ ជូន​ដំណឹង ​មួយ​ច្បាស់លាស់ »

ជន​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ក្បាលរមាស បាន​នាំ​គ្នា​កាប់​ជញ្ជូន​ឫស្សី​ទុក​ធ្វើ​ក្បូន នៅ​ពេល​មាន​ទឹក​ឡើង​លិច​ភូមិ ខណៈ​ក្រុមហ៊ុន​វារីអគ្គិសនី​កំពុង​បិទ​ទ្វារ​ទឹក​សាកល្បង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៧។
ជន​ជនជាតិ​ដើម​ភាគ​តិច​នៅ​ឃុំ​ក្បាលរមាស បាន​នាំ​គ្នា​កាប់​ជញ្ជូន​ឫស្សី​ទុក​ធ្វើ​ក្បូន នៅ​ពេល​មាន​ទឹក​ឡើង​លិច​ភូមិ ខណៈ​ក្រុមហ៊ុន​វារីអគ្គិសនី​កំពុង​បិទ​ទ្វារ​ទឹក​សាកល្បង កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៧។ (RFA/Men Sothyr)

មន្ត្រី​សង្គម​ស៊ីវិល​ឲ្យ​ដឹង​ថា ទំនប់​វារីអគ្គិសនី​ដែល​ត្រូវ​បាន​សាងសង់​នៅ​តាម​ដង​ទន្លេ​សេសាន មាន​ចំនួន​៧ ក្នុង​នោះ​ទំនប់​ចំនួន​៦ ឋិត​នៅ​ក្នុង​ប្រទេស​វៀតណាម គឺ​ទំនប់​វារីអគ្គិសនី​យ៉ាលី ទំនប់​វារីអគ្គិសនី​ផ្លេក្រុង ទំនប់​វារីអគ្គិសនី​សេសាន​៣ ទំនប់​វារីអគ្គិសនី​សេសាន ៣​អា ទំនប់​វារីអគ្គិសនី​សេសាន​៤ ទំនប់​វារីអគ្គិសនី​សេសាន ៤​អា និង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​នៅ​ក្នុង​ខែត្រ​ស្ទឹងត្រែង។ ក្នុង​ចំណោម​ទំនប់​ទាំងនោះ មាន​ទំនប់​វារីអគ្គិសនី​សេសាន ៤​អា ឬ​ហៅ​ថា​ទំនប់​ទប់​ទឹក​ជំនន់​មិន​ឲ្យ​លិច​នៅ​ប្រទេស​វៀតណាម ដែល​មន្ត្រី​សង្គម​ស៊ីវិល​ចោទ​ថា ធ្លាប់​បើក​ទ្វារ​ទឹក​បង្ក​ឲ្យ​លិចលង់​លំនៅឋាន​ពលរដ្ឋ​ច្រើន​គ្រួសារ​នៅ​ខែត្រ​រតនគិរី និង​ខែត្រ​ស្ទឹងត្រែង។

ទីប្រឹក្សា​ស្រាវជ្រាវ​ឯករាជ្យ លោក ភូ ប៊ុនថាន់ ឲ្យ​ដឹង​ថា បទពិសោធន៍​ការ​បង្ហូរ​ទឹក​នៃ​វារីអគ្គិសនី​របស់​ប្រទេស​វៀតណាម បង្ក​ឲ្យ​មាន​ទឹក​ជំនន់ ជា​សញ្ញា​ដែល​នាំ​ឲ្យ​ពលរដ្ឋ​ភ័យ​ព្រួយ។ ហេតុ​នេះ ក្រុមហ៊ុន​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ ត្រូវ​បង្កើន​ល្បឿន​ប្រុងប្រយ័ត្ន​ខ្ពស់​ដោយ​ត្រូវ​បង្កើត​ប្រព័ន្ធ​ជូន​ដំណឹង​ឲ្យ​ទូលំទូលាយ​ស្ដីពី​ការ​បិទ និង​បើក​ទ្វារ​ទឹក និង​ត្រូវ​រៀបចំ​ប្រព័ន្ធ​ប្រកាស​អាសន្ន​នៅ​ភូមិ​នីមួយៗ ដើម្បី​ផ្តល់​ដំណឹង​មុន​ពេល​បើក​ទ្វារ​ទឹក៖ « ខ្ញុំ​ គិត​ថា ក្រុមហ៊ុន​ត្រូវ​តាមដាន​ឲ្យ​បាន​ល្អិតល្អន់​ទាក់ទិន​គ្រប់គ្រង​ទឹក​ក្នុង​អាង ទាក់ទិន​ទំនប់​សេសាន​ក្រោម​ពីរ ហើយ​ ចាត់​វិធានការ ​ឲ្យ​ បាន​ទាន់​ពេលវេលា ក្នុង​ការ ជូន​ដំណឹង ឬ​ ប្រកាស​អាសន្ន ​អាជ្ញាធរ និង​ពលរដ្ឋ​នៅ​ផ្នែក​ ខាង​ក្រោម »

ពលរដ្ឋ​រស់នៅ​ខ្សែ​ទឹក​ខាង​ក្រោម​ត្អូញ​ថា អ្នក​ភូមិ​រស់នៅ​តាម​ដង​ទន្លេ​ប្រឈម​ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល ព្រោះ​មិន​អាច​ចាប់​ត្រី​បរិភោគ​បាន​ដូច​ឆ្នាំ​មុនៗ ហើយ​ស្ថានភាព​ទឹក​ទន្លេ​នឹង​ស្រក​ខ្លាំង​នៅ​រដូវ​ប្រាំង ដែល​នាំ​ឲ្យ​ទឹក​នៅ​តំបន់​ខ្លះ​ត្រូវ​រីង​រាក់ និង​ប៉ះពាល់​វិស័យ​ទេសចរណ៍​ក្នុង​តំបន់​មួយ​ចំនួន​នៅ​ខ្សែ​ទឹក​ខាង​ក្រោម នៅ​ពេល​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ​ដាក់​ឲ្យ​ដំណើរការ។

ដោយឡែក​ស្ថានភាព​ទឹក​ទន្លេ​របស់​ពលរដ្ឋ​នៅ​ខ្សែ​ទឹក​ខាង​លើ​នៅ​ឃុំ​ស្រែគរ កំពុង​កើន​ឡើង​លិច​ផ្លូវ និង​ផ្ទះ​ពលរដ្ឋ​នៅ​ភូមិ​ចាស់​មួយ​ចំនួន។

មេ​ឃុំ​ស្រែគរ លោក សៀក មេគង្គ ឲ្យ​ដឹង​ថា កម្ពស់​ទឹក​បាន​កើន​ឡើង ១​ម៉ែត្រ​ពីរ​តឹក ប្រៀបធៀប​កម្ពស់​ទឹក​កាល​ពី​ថ្ងៃ​ទី​២៦ កក្កដា។ លោក​ថា ទឹក​ទន្លេ​កំពុង​ជន់​ឡើង​លិច​ផ្លូវ និង​ផ្ទះ​ពលរដ្ឋ​នៅ​ចុង​ភូមិ​ស្រែគរ​ចាស់​នៅ​រសៀល​ថ្ងៃ​ទី​២៧ កក្កដា ហើយ​ពលរដ្ឋ​កំពុង​ជញ្ជូន​សម្ភារៈ និង​សត្វ​ចិញ្ចឹម​ទៅ​ទីទួល​សុវត្ថិភាព៖ « ទាក់ទង​សម្ភារ ៈ​ គាត់​ដែល​សំខាន់ៗ ក្រោម​ផ្ទះ​គាត់​រៀប​ឡើង​លើ​ផ្ទះ​ទាំងអស់ និង​ឲ្យ​គាត់​ប្រយ័ត្នប្រយែង​យប់​ព្រលប់​អី​ណា »

លោក សៀក មេគង្គ បន្ថែម​ថា អាជ្ញាធរ និង​ក្រុមហ៊ុន កំពុង​ត្រៀម​កម្លាំង​សង្គ្រោះ​ពលរដ្ឋ​នៅ​តំបន់​នោះ ដោយ​បាន​ត្រៀម​ទូក​ជញ្ជូន​សម្ភារៈ និង​កុមារ​ទៅ​កាន់​ទីទួល​សុវត្ថិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។