ជនជាតិ​ដើម​ភាគតិច​សាទរ​ការ​ដាក់​បញ្ចូល​បឹង​លំកុដ​ជា​បឹង​អភិរក្ស​និង​ស្នើ​ឲ្យ​មាន​ការ​អនុវត្ត​ច្បាប់​ម៉ឺងម៉ាត់

0:00 / 0:00

ជនជាតិ​ដើម​ភាគតិច​ទំពួន​ខេត្ត​រតនគិរី សាទរ​ការ​បង្កើត​តំបន់​ការពារ​ទេសភាព​បឹង​លំកុដ ដែល​មាន​ផ្ទៃដី​ជាង ១​រយ​ហិកតារ ឲ្យ​ទៅ​ជា​បឹង​ការពារ​ធម្មជាតិ បម្រើ​វិស័យ​ទេសចរ​ក្នុង​តំបន់ និង​រួមចំណែក​អភិរក្ស​ជីវចម្រុះ។ ពួកគេ​អំពាវនាវ​ឲ្យ​ក្រសួង​បរិស្ថាន យកចិត្តទុកដាក់​អនុវត្ត​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់​ដល់​ជនល្មើស ដែល​កាប់​ទន្ទ្រានព្រៃ​ខុសច្បាប់​ហ៊ុមព័ទ្ធ​បឹង​ធម្មជាតិ ដើម្បី​ស្ដារ​បរិស្ថាន​ធម្មជាតិ​ឡើងវិញ​។​

ជនជាតិ​ដើម​ភាគតិច​ទំពួន​រស់នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃទី១០ មករា ថា បឹង​លំកុដ គឺជា​កន្លែង​គោរព​បូជា របស់​ជនជាតិ​ដើម​ភាគតិច និង​ជា​កន្លែង​ប្រមូល​អនុផល​ព្រៃឈើ របស់​សហគមន៍​ច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​នៅ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ការ​ប្រមូល​អនុផល​ព្រៃឈើ​របស់​ពួកគេ​បាន​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​ព្រៃ​ដែល​ឋិត​នៅ​ជុំវិញ​បឹង​ត្រូវ​បាន​គេ​កាប់​បំផ្លាញ​អស់។

ជនជាតិ​ដើម​ភាគតិច​រស់នៅ​ភូមិ​កែងសាន់ ឃុំ​សេដា លោក ខាំ និន គាំទ្រ​យ៉ាង​ពេញទំហឹង​ក្នុង​ការ ដាក់បញ្ចូល​បឹងលំកុដ ជា​បឹង​អភិរក្ស ក៏ប៉ុន្តែ​ពួកគេ​ទទូច​ឲ្យ​ក្រសួង​បរិស្ថាន ស៊ើបអង្កេត​សកម្មភាព​កាប់​ទន្ទ្រាន​ដី​ព្រៃ​ព័ទ្ធជុំវិញ​បឹង​នោះ យក​ជា​សម្បត្តិ​បុគ្គល​ដោយ​ខុសច្បាប់។ លោក​ថា ការ​អនុវត្ត​ច្បាប់​ឲ្យ​ម៉ឺងម៉ាត់ និង​បើក​លំហ​សេរីភាព​ដល់​ជនជាតិ​ដើម​ភាគតិច​ពេញលេញ លើកឡើង​ពី​ទុក្ខ​កង្វល់​របស់​ខ្លួន ជុំវិញ​វិធានការ​អភិរក្ស​បឹង​ធម្មជាតិ​នោះ ក៏​រួមចំណែក​ជួយ​ក្រសួងបរិស្ថាន អភិរក្ស​បឹង​លំកុដ​ឲ្យ​មាន​ប្រសិទ្ធភាព​ដែរ៖ «ពលរដ្ឋ​ជំនឿ​អស់​មួយ​ឃុំ​សេដា ជំនឿ​លើ​ព្រៃ​ហ្នឹង​តែម្ដង និង​បឹង​លំកុដ ហ្នឹង​ទេសចរ​ទៅលេង​កម្សាន្ត តែ​ដី​ហ្នឹង​គេ​កាប់​ព្រៃ​យក និយាយ​រួម​ទៅ​ព្រៃ​អស់ហើយ នៅ​សល់​តែ​បឹង​ទទេ»។

អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី២៥ ខែធ្នូ ឆ្នាំ​២០១៨ បាន​សម្រេច​បង្កើត​តំបន់​ការពារ​ទេសភាព​បឹង​លំកុដ ដែល​មាន​ផ្ទៃដី ជាង ១រយ​ហិកតារ ( ១១០,៩១ ) ឋិត​នៅ​ឃុំ​សេដា ស្រុក​លំផាត់ ខេត្ត​រតនគិរី។ ខ្លឹមសារ​អនុក្រឹត្យ​នោះ​បង្ហាញ​ថា ការ​បង្កើត​តំបន់​ការពារ​ទេសភាព​បឹង​លំកុដ​នេះ ក្នុង​ទិសដៅ ការពារ ថែរក្សា​ធនធានធម្មជាតិ សត្វព្រៃ និង​វប្បធម៌ រួមចំណែក​កាត់បន្ថយ​គ្រោះធម្មជាតិ ផ្ដល់​ផលិតផល និង​សេវាកម្ម​ធម្មជាតិ​ដល់​សហគមន៍​មូលដ្ឋាន និង​អភិរក្ស​ជីវចម្រុះ​ធនធានធម្មជាតិ​ក្នុង​តំបន់។

ជនជាតិ​ដើម​ភាគតិច​ទំពួន​ម្នាក់ទៀត លោក ឆន ផល្លា ចាត់​ទុក​អនុក្រឹត្យ​នេះ ជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​អាច​ជួយ​សង្គ្រោះ​បឹង​ធម្មជាតិ​មួយ​នេះ ពី​ការ​រំលោភបំពាន ពី​ជនខិលខូច ព្រោះ​កន្លងទៅ ព្រៃឈើ និង​ដើមឈើ​ធំៗ ដែល​ជនជាតិ​ដើម​ភាគតិច​គោរព​បូជា​ច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​គេ​កាប់​អស់ទាំង​ស្រុង​។ លោក​ទទូច​ឲ្យ​ក្រសួង​ផ្ដល់​ឱកាស​ឲ្យ​ជនជាតិ​ដើម​ភាគតិច រួម​គ្នា​ថែរក្សា​បឹង​ធម្មជាតិ​នេះ និង​ព្រៃឈើ​នៅ​តំបន់​នោះ៖ «ព្រៃ​នៅ​តំបន់​ហ្នឹង​អស់​អា​លីង​ហ្នឹង នៅ​សល់​តែ​ព្រៃ​តិច​តូច​នៅ​ជុំវិញ​បឹង។ រដ្ឋាភិបាល​ដាក់​បឹង​អភិរក្ស ល្អ​ដែរ​ជួយ​ការពារ​បឹង ជាពិសេស​ពលរដ្ឋ​ទៅ​រក​ផ្សិត​នៅ​បឹង​ហ្នឹង​ដែរ»។

យ៉ាង​នេះ​ក្ដី អ្នកនាំពាក្យ​ក្រសួងបរិស្ថាន លោក នេត្រ ភត្ត្រា មាន​ប្រសាសន៍​ថា ក្រសួង​បាន​កំណត់​ព្រំដែន​បឹង​អភិរក្ស​មួយ​នេះ​យ៉ាង​ជាក់លាក់ ដើម្បី​ការពារ​ការ​កាប់​រុករាន​ព្រៃ​ដោយ​ខុសច្បាប់ ពី​ជនខិលខូច។ លោក​បញ្ជាក់​ថា សារប្រយោជន៍​ការ​ដាក់បញ្ចូល​បឹង​លំកុដ​ជា​តំបន់​ការពារ​ទេសភាព​ធម្មជាតិ ដើម្បី​ជួយ​គាំពារ​ធនធានធម្មជាតិ និង​សត្វព្រៃ​ឲ្យ​ឋិតថេរ​។ លោក​បន្ថែម​ថា ក្រសួង​នឹង​បញ្ជូន​មន្ត្រី​ឧទ្យាន​រក្ស​ឲ្យ​ប្រចាំការ តំបន់​នោះ ដើម្បី​ការពារ​ពី​ការ​បរបាញ់​សត្វព្រៃ និង​កាប់​បំផ្លាញ​ព្រៃ​ដោយ​ខុសច្បាប់៖ «បឹង​លំកុដ​នេះ​នៅ​ពេល​ដែល​យើង​បាន​ដាក់​ជា​តំបន់​ការពារ​ទេសភាព គឺ​យើង​បាន​កំណត់​ព្រំដែន ឬ​ដែន​កំណត់សម្គាល់​តំបន់​នេះ ដែល​អាច​ជួយ​ការពារ​ពី​ការ​កាប់​រុករាន​ព្រៃ​ខុសច្បាប់​ពី​ជនខិលខូច។ ការ​ដាក់​បឹង​លំកុដ​នេះ ជា​តំបន់​ការពារ​ទេសភាព គឺ​ជួយ​ការពារ​តំបន់​នេះ​ឲ្យ​ឋិតថេរ ចៀស​ពី​ការ​រុករាន​ទន្ទ្រានព្រៃ​ដោយ​ខុសច្បាប់ ហើយ​បន្ទាប់ពី​កំណត់​តំបន់​នេះ​ជា​តំបន់​ការពារ​ទេសភាព​ហើយ តំបន់​នេះ​នឹង​ក្លាយ​ជា​តំបន់​អភិរក្ស»។

លោក នេត្រ ភត្ភ្រា បន្ថែម​ទៀត​ថា ទិសដៅ​សំខាន់​នៃ​ការ ដាក់បញ្ចូល​បឹង​លំកុដ​ជា​បឹង​អភិរក្ស មិន​ត្រឹមតែ​ថែរក្សា​ព្រៃ និង​អភិរក្ស​ជីវចម្រុះ​នោះ​ទេ ថែមទាំង​ទាញ​ប្រយោជន៍​ពី​ទេសភាព​ធម្មជាតិ មក​បម្រើ​វិស័យ​ទេសចរ និង​ជួយ​សេដ្ឋកិច្ច​សហគមន៍​មូលដ្ឋាន ខណៈ​បច្ចុប្បន្ន​តំបន់​នោះ​កំពុង​ចាប់​អារម្មណ៍​ពី​ភ្ញៀវ​ទេសចរ​ជាច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។