សកម្មជនចលនាមាតាធម្មជាតិបានផ្សព្វផ្សាយវីដេអូជិត ៣នាទី ស្ដីពីបទល្មើសព្រៃឈើទ្រង់ទ្រាយធំនៅខេត្តរតនគិរី ទៅលក់នៅប្រទេសវៀតណាម។ សកម្មជនស៊ើបអង្កេតការជួញដូរខុសច្បាប់នេះអះអាងថា បទល្មើសព្រៃឈើអាចធ្វើទៅបានដោយសារតែមានការឃុបឃិតគ្នារវាងអាជ្ញាធរមូលដ្ឋាន និងឈ្មួញដែលបានបំផ្លាញ ព្រៃអភិរក្សរបស់ជនជាតិដើមភាគតិចចារ៉ាយ អស់ជាង ១ ពាន់ហិកតារ។
សកម្មជនចលនាមាតាធម្មជាតិរំពឹងថា លទ្ធផលលាតត្រដាងអំពើពុករលួយរបស់អាជ្ញាធរពាក់ព័ន្ធរឿងបទល្មើសព្រៃឈើ តាមរយៈវីដេអូនេះ នឹងធ្វើឲ្យយុវជន និងពលរដ្ឋបង្កើនភាពក្លាហានរួមកម្លាំងគ្នាទប់ស្កាត់ការកាប់បំផ្លាញធនធានធម្មជាតិ ខណៈដែលក្រសួងជំនាញ និងអាជ្ញាធររបបលោក ហ៊ុន សែន អសមត្ថភាពការពារព្រៃឈើដែលជាសម្បត្តិរបស់ជាតិ។
ស្ថាបនិកអង្គការមាតាធម្មជាតិ សកម្មជនបរិស្ថាន លោក អាឡិកហាន់ដ្រូ ហ្គាន់ហ្សាឡេស ដេវីតសុន (Alejandro Gonzalez Davidson) (ហៅអាឡិច) ឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ថា ក្រុមយុវជនរកឃើញភាពមិនប្រក្រតីជាច្រើន និងភស្តុតាងមួយចំនួន ដែលអាជ្ញាធរពាក់ព័ន្ធនៅខេត្តរតនគិរី ជាមេខ្លោងលក់ព្រៃឈើឲ្យឈ្មួញវៀតណាមខុសច្បាប់។ លើសពីនេះ ពួកគេនឹងលាតត្រដាងករណីនេះ ជាសាធារណៈក្នុងបំណងរកដំណោះស្រាយ។ លោករំពឹងថា ប្រសិនបើយុវជនហ៊ានចេញមុខលាតត្រដាងបទល្មើសព្រៃឈើកាន់តែច្រើនឡើង គឺជាមធ្យោបាយដ៏សំខាន់ ទប់ស្កាត់រឿងអយុត្តិធម៌សង្គម និងការបំផ្លាញធនធានធម្មជាតិ៖ «យុវជនផ្សេងៗដែលឈឺឆ្អាលរឿងកាប់បំផ្លាញព្រៃឈើ តែកន្លងមកមិនហ៊ាន ធ្វើអ្វីមួយ មិនហ៊ាននិយាយ និងមិនហ៊ានរិះគន់ បន្ទាប់ពីមើលវីដេអូ គេនឹងចាប់ផ្ដើមហ៊ានជាងមុន។ ខ្ញុំដូចជា មិនសូវមានសង្ឃឹមប៉ុន្មានថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន អាចទប់ស្កាត់ ឬក៏ចង់ទប់ស្កាត់។ បញ្ហាព្រៃឈើ ដរាបណា លោក ហ៊ុន សែន និងគ្នាគាត់កាន់អំណាច ព្រៃឈើអត់មានផ្លូវណាមួយក្រៅពីហិនហោច»។
វីដេអូជិត ៣នាទី ភ្ជាប់ដោយរូបភាពដើមឈើធំៗ ត្រូវបានគេកាប់រំលំដួលរាយប៉ាយក្នុងព្រៃ និងមានឈើមូលខ្លះទៀតគេដឹកតាមរថយន្តប៉ាកុង ទៅកាន់ប្រទេសវៀតណាម ឆ្លងកាន់ទន្លេសេសាន។ ឈើមូលទាំងនោះ ឋិតក្នុងព្រៃសហគមន៍ ដែលជនជាតិដើមភាគតិចចារ៉ាយគោរពបូជាច្រើនជំនាន់មក ហើយ។ ក្រុមយុវជនដែលចុះស៊ើបអង្កេតរឿងនេះ បន្លំខ្លួនជាកម្មករអារឈើ ប្រទះឃើញគ្រឿងចក្រ និងរថយន្តដឹកឈើមិនក្រោម ២០គ្រឿងទេ ដែលឈ្មួញវៀតណាម ឃុបឃិតជាមួយអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ដឹកជញ្ជូនឈើទៅកាន់ប្រទេសវៀតណាមក្នុងចន្លោះបង្គោលព្រំដែនលេខ ២៥៖ «ខ្ញុំមានសំណួរចង់សួរទៅ ថ្នាក់ដឹកនាំកំពូលរបស់យើងទាំងបីរូប គឺ លោក សាយ សំអាល់ លោក ឱម យិនទៀង និង លោក ហ៊ុន សែន។ ថាតើ លោកទាំងបីនឹងមានចំណាត់ការយ៉ាងណា លើបញ្ហាអស់ទាំងនេះ»។
សកម្មជនចលនាមាតាធម្មជាតិ ដែលចុះស្រាវជ្រាវករណីនេះថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះឲ្យដឹងថា ក្នុងបេសកកម្មស៊ើបអង្កេតបទល្មើសព្រៃឈើនៅតំបន់នោះ ពួកគេរកឃើញភស្តុតាងជាក់ស្ដែងមួយចំនួន និងទីតាំងរោងចក្រអារច្រៀកឈើដែលឋិតក្នុងខេត្តយ៉ាឡាយ ប្រទេសវៀតណាម ជាប់ព្រំដែនខេត្តរតនគិរី ដែលឈ្មួញវៀតណាមបានប្រមូលទិញឈើចេញពីទឹកដីខ្មែរ ឆ្លងកាន់ទន្លេសេសាន។ លោកថា មកទល់ពេលនេះព្រៃសហគមន៍ភូមិប៉ាដល ចំនួន ១.២០០ហិកតារ ត្រូវគេកាប់យកឈើអស់ទាំងស្រុង៖ «យើងបានទៅដល់កន្លែងហ្នឹង យើងឃើញមានរថយន្តមកពីវៀតណាម គឺរថយន្ត អារ៉ាវ និងអាត្រាក់មិនក្រោម ២០គ្រឿងទេ ដែលនៅព្រៃសម្រាប់ឈូសឆាយធ្វើផ្លូវ ហើយយើងមានភស្តុតាង ដែលបញ្ជាក់ថា វៀតណាមកំពុងប្រមូលឈើពីកម្ពុជាដោយខុសច្បាប់ ដោយមានការឃុបឃិតគ្នា ពីមន្ត្រីខេត្ត ឃុំ ធ្វើឲ្យព្រៃឈើតាមបន្ទាត់ព្រំដែន រេចរឹលទាំងអស់ហ្មង»។
ជនជាតិដើមភាគតិចចារ៉ាយ រស់នៅឃុំសេសាន ស្រុកអូរយ៉ាដាវ ថ្លែងសុំលាក់ឈ្មោះ បង្ហើបថា ពួកគាត់មិនដឹងទៅពឹងស្ថាប័នណាមួយឲ្យជួយទប់ស្កាត់បទល្មើសព្រៃឈើនោះទេ ព្រោះអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ច មន្ត្រីយោធា និងមន្ត្រីជំនាញរដ្ឋបាលព្រៃឈើដែលមានតួនាទីការពារព្រៃឈើ សុទ្ធសឹងតែឃុបឃិតជាមួយឈ្មួញវៀតណាម ប្រព្រឹត្តអំពើពុករលួយកាប់បំផ្លាញព្រៃឈើនៅតំបន់នោះ។ លោកថា អាជ្ញាធរស្រុក មន្ត្រីជំនាញ និងអាជ្ញាធរខេត្តរតនគិរី បានចុះដល់តំបន់នោះមិនបានស៊ើបអង្កេតរកអ្នកទទួលខុសត្រូវ និងស្វែងរកជនល្មើសមកអនុវត្តច្បាប់នោះទេ បែរជាប្រាប់អ្នកភូមិថា ត្រូវរួមគ្នាដាំដើមឈើឡើងវិញ៖ «អាជ្ញាធរដូចអត់មានដំណោះស្រាយអីផង គាត់គ្រាន់អីណា ឲ្យប្រជាពលរដ្ឋ ដាំដើមឈើឡើងវិញអីវិញ។ មើលទៅពលរដ្ឋលែងមានជំនឿលើអាជ្ញាធរ»។
អាស៊ីសេរីមិនអាចទាក់ទង អភិបាលស្រុកអូរយ៉ាដាវ លោក ម៉ា វិចិត្រ និងមន្ត្រីនាំពាក្យក្រសួងបរិស្ថានដើម្បីបកស្រាយករណីជួញដូរឈើ និងកាប់បំផ្លាញព្រៃបានទេ នៅថ្ងៃសៅរ៍ទី២២ ធ្នូ។
លោក អាឡិច មើលឃើញថា របបលោក ហ៊ុន សែន មានតួនាទីការពារធនធានធម្មជាតិ ដែលធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់ព្រៃឈើ ក៏ប៉ុន្តែរយៈពេលជាង ២០ឆ្នាំកន្លងមក របបក្រុងភ្នំពេញគ្មានសមត្ថភាពការពារព្រៃឈើរបស់កម្ពុជានោះទេ ដែលជាមូលហេតុបង្កឲ្យព្រៃឈើគ្រប់ទីកន្លែងថយ ចុះជាបន្តបន្ទាប់ និងមានព្រៃឈើកន្លែងខ្លះទៀតបាត់បង់ទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។