សង្គម​ស៊ីវិល​ស្នើ​ឱ្យ​ស៊ើបអង្កេត​ករណី​សកម្មជន​ព្រៃឡង់​ម្នាក់​ស្លាប់​ពេល​អង្កេត​បទល្មើស​ព្រៃឈើ

ដោយ​ វ៉ែន សុមេធ
2020.07.20
Share on WhatsApp
Share on WhatsApp
សែន សទ្ធា លោក សែន សទ្ធា (រូប​បង់ក​ក្រមាខ្នូត​ក្រហម) សមាជិក​សហគមន៍​ព្រៃឡង់​។
រូប​ពី​ហ្វេសប៊ុក Heng Sros

មន្ត្រី​សង្គម​ស៊ីវិល និង​សកម្មជន​បរិស្ថាន ទាមទារ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ស៊ើបអង្កេត​ស៊ីជម្រៅ ករណី​សមាជិក​សហគមន៍​ព្រៃឡង់​ម្នាក់​ស្លាប់ កំឡុង​ពេល​ចុះ​ស៊ើបអង្កេត​បទល្មើស​ព្រៃឈើ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឡង់​។ សកម្មជន​បរិស្ថាន​អះអាង​ថា ប្រធាន​សន្តិសុខ​ក្រុមហ៊ុន​ស៊ីង​បាយអូថេក (Think Biotech) បាន​បង្ហាញ​វត្តមាន នៅ​ចំពោះ​មុខ​ក្រុម​អ្នកឃ្លាំមើល​បរិស្ថាន និង​គំរាម​បង្ខំ​ឱ្យ​ពួកគេ​ចាក​ចេញពី​តំបន់​នោះ​ទាំង​យប់។

នាយករង​ទទួលបន្ទុក​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស នៃ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ LICADHO លោក អំ សំអាត យល់​ថា អាជ្ញា​ធរមាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ គួរតែ​ស៊ើបអង្កេត​រក​ការពិត ទាក់ទិន​ការ​គំរាម​នេះ ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​ជនរងគ្រោះ ដែល​លះបង់​ការពារ​ប្រយោជន៍​ជាតិ។ លោក​ថា ប្រសិនបើ មាន​ការ​គំរាម​សម្លាប់ លើ​សកម្មជន​បរិស្ថាន ធ្វើ​ឱ្យ​គាត់​ភិតភ័យ រហូត​មានការ​ដួល​ម៉ូតូ​បាត់បង់​ជីវិត គឺជា​អំពើ​ប៉ះពាល់​ដល់​ក្រមព្រហ្មទណ្ឌ ដែល​ទាមទារ​ឱ្យ​បើក​ការស៊ើបអង្កេត​ប្រកបដោយ​ប្រសិទ្ធភាព៖ «ប្រសិនបើ​មានការ​គំរាម​សម្លាប់​ម្តង​ហើយ​ម្តង​ទៀត​មែន គួរតែ​ចាត់វិធានការ​ហើយ ហើយ​ការ​គំរាម​សម្លាប់​ម្តង​ហើយ​ម្តង​ទៀត ប្រសិនជា​កើតមាន​មែន ធ្វើ​ឱ្យ​គាត់​ភ័យ​ហើយ ជិះ​ម៉ូតូ​ទៅ បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ទាំង​យប់​។ ព័ត៌មាន​លើកឡើង​ថា គំរាម​ម្តង​ហើយ​ម្តងទៀត នាំ​ឱ្យ​ភ័យ ក្នុង​ច្បាប់​មាន​ចែង​ទាក់ទង​ការ​គំរាម​សម្លាប់​ហ្នឹង»

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ ឱ្យដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី១៦ ខែ​កក្កដា លោក និង លោក សែន សទ្ធា បាន​ចុះ​អង្កេត​បទល្មើស​ព្រៃឈើ ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ជាប់​ព្រៃឡង់ ខេត្ត​ក្រចេះ ហើយ​ក្នុង​គ្រា​ស្នាក់​នៅផ្ទះ​អ្នកភូមិ​ម្នាក់ ស្រាប់តែ​ត្រូវ​បាន​មេ​សន្តិសុខ​ក្រុមហ៊ុន​ស៊ីងបាយអូថេក ប្រាប់​ឱ្យ​ពួកគេ​ចាកចេញ ពី​ទីនោះ​ជា​បន្ទាន់ បើ​ពុំ​ដូច្នោះ​ទេ នឹង​មិន​អាច​រួចខ្លួន​ឡើយ​។ លោក​ថា មេ​សន្តិសុខ​ម្នាក់​នោះ (សុំ​លាក់​ឈ្មោះ​សន្តិសុខ​) និយាយ​ក្នុង​ន័យ​លួងលោម ក៏ប៉ុន្តែ​បង្កប់​ការ​គំរាមកំហែង ធ្វើ​ឱ្យ​ពួកគេ​ភ័យខ្លាច និង​បារម្ភ​ពី​សុវត្ថិភាព បាន​បង្ខំចិត្ត​ចាកចេញ​ពី​ភូមិ​ទាំង​យប់​បណ្តាល​ឱ្យ​ដួល​ម៉ូតូ ហើយ​លោក សែន សទ្ធា បាន​បាត់​បង់ជីវិត​ក្នុង​ហេតុការណ៍​នោះ​៖ «ការ​គំរាម​កន្លង​មក​ថា គំរាម​ដល់​អាយុជីវិត ពួកគេ​មិន​អាច​ចាប់​យើង​បាន​ទៀត​ទេ ក្រៅ​ពី​ជួប​ហើយ​គេ​នឹង​បាញ់​សម្លាប់​ចោល​។ អ៊ីចឹង​ហើយ ពួក​យើង​មាន​ស្មារតី​តក់ស្លុត​មួយ តាំង​ពី​ដើម​អើយ បាន​ពួក​ខ្ញុំ​សម្រេច ចាកចេញ​ទាំង​យប់​។ ចំណុច ២​នេះ បើ​សិន​ពុំ​មាន​វត្តមាន​ប្រធាន​សន្តិសុខ​ទេ ពួក​ខ្ញុំ​មិន​អាច​មាន​គ្រោះថ្នាក់​ហ្នឹង​ទេ»

សកម្មជន​បរិស្ថាន​រូប​នេះ បន្ថែម​ថា ពួកគេ​តែងតែ​ទទួលរង​ការ​គំរាម​សម្លាប់ ជា​ញឹកញាប់ ពី​សំណាក់​កងកម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ីងបាយអូថេក ក្នុង​ពេល​ចុះ​ស្វែងរក​បទល្មើស​ឧក្រិដ្ឋ​ព្រៃឈើ​ក្នុង​ព្រៃ​ឡង់​។ លោក​ថា ក្រុមហ៊ុន​ស៊ីងបាយអូថេក បាន​ពង្រាយ​កង​សន្តិសុខ​យាមល្បាត​យ៉ាង​ប្រុងប្រយ័ត្ន និង​កំពុង​កាប់​ឈើ​ខុសច្បាប់ ក្នុង​តំបន់​ព្រៃឈើ​ឡង់ ធ្វើ​អាជីវកម្ម​ខ្នាត​ធំ​ជា​ថ្មី​ទៀត ៖ «សមត្ថកិច្ច​គួរតែ​ស៊ើបអង្កេត​ក្រុមហ៊ុន​ស៊ីងបាយអូថេក ដែល​ជា​ក្រុមហ៊ុន​កំពុង​កាប់​ឈើ​ពី​តំបន់​ព្រៃ​ឡង់ កាប់​ឈើ​ចេញពី​ខាងក្រៅ​ចូល​ក្នុង​។ រដ្ឋាភិបាល​គួរតែ​បិទ​ក្រុមហ៊ុន​ទាំងពីរ​នេះ​ចោល ដើម្បី​បំពេញ​បំណង​សកម្មជន​លះបង់​អាយុជីវិត ដើម្បី​ការពារ​ធនធានធម្មជាតិ ការពារ​ព្រៃឈើ​។ លោក យឹម សុភក្ក្រ គាត់​ប្ដេជ្ញា​ថា គាត់​ប្រមូល​ភស្តុតាង​ឱ្យ​រដ្ឋាភិបាល បិទ​រោងចក្រ​អារ​ឈើ​នៅ​តំបន់​នោះ»

ក្រុម​ស្នូល​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ទាំង ៤​ខេត្ត បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ចាត់​ទុក ការ​ស្លាប់​របស់​លោក សែន សទ្ធា ហៅ លោក យឹម សុភក្ត្រ វ័យ ៤៦ ឆ្នាំ គឺ​បណ្តាល​មក​ពី​គំរាមកំហែង ដោយ​កង​សន្តិសុខ​របស់​ក្រុមហ៊ុន ស៊ីងបាយអូថេក និង​ក្រុមហ៊ុន​អង្គរ​ប្លាយវូដ កំលុង​ពេល​ពួកគេ​ចុះ​អង្កេត​បទល្មើស​ព្រៃឈើ​ក្នុង​ព្រៃ​ឡង់​ខេត្ត​ក្រចេះ​។ លោក សែន សទ្ធា រស់នៅ​ភូមិ​អូរឡង់ ឃុំ​សៀមបូក ស្រុក​សៀម​បូក ខេត្ត​ស្ទឹងត្រែង ហើយ​លោក ជា​សកម្មជន​ដ៏​ឆ្នើម​ម្នាក់ ដែល​បាន​ការពារ​ព្រៃ​ឡង់​រយៈពេល ១៥​ឆ្នាំ​មក​ហើយ។

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង ស្នងការ​នគរបាល​ខេត្ត​ក្រចេះ លោក លន់ សុផាត ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ករណី​នេះ តែ​លោក​បាន​ចុច​ផ្ដាច់​ទូរស័ព្ទ និង​ឈប់​ទទួល​ទូរស័ព្ទ នៅ​ថ្ងៃ​ទី១៩ កក្កដា។

ចំណែក អធិការ​ស្រុក​សំបូរ លោក ស៊ុម ប៊ុនឈឿន បញ្ជាក់​យ៉ាងខ្លី​ថា នគរបាល​បាន​ចុះ​អង្កេត​នៅ​កន្លែង​កើត​ហេតុ រក​ឃើញ​ថា លោក សែន សទ្ធា បាត់បង់​ជីវិត ដោយសារ គ្រោះថ្នាក់​ចរាចរ​ដួល​ម៉ូតូ​។ លោក​បញ្ជាក់​ថា គ្មាន​ការ​គំរាមកំហែង លើ​សកម្មជន​ព្រៃ​ឡង់​រូប​នេះ​ទេ ហើយ​ករណី​នេះ​លោក​បាន​រាយការណ៍​លម្អិត​ជូន​ស្នងការ​រួចហើយ៖ «ពាក់ព័ន្ធ​ការ​ស្លាប់​របស់​លោក សែន សទ្ធា យើង​បាន​ស៊ើបអង្កេត​រួចហើយ ពុំ​មាន​បញ្ហា​គំរាម​សម្លាប់​ហ្នឹង​ទេ»

អាស៊ីសេរី​នៅ​មិនទាន់​អាច​ទាក់ទង នាយក​ក្រុមហ៊ុន ស៊ីងបាយអូថេក និង​ក្រុមហ៊ុន Angkor Plywood លោក លូ ជូចាង (Lu Chu Chang) ដើម្បី​សុំ​ការ​​បំភ្លឺ​ករណី​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ដដែល​នេះ។

កាលពី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មីនា កន្លង​ទៅ សន្តិសុខ​ក្រុមហ៊ុន​ស៊ីងបាយអូថេក (Think Biotech) បាន​ឃាត់ខ្លួន​អ្នក​ការពារ​ព្រៃឈើ ៤ រូប រួម​មាន​ប្រធាន​អង្គការ​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា (CHRTF) លោក អ៊ូច ឡេង និង​សមាជិក​សហគមន៍​ព្រៃ​ឡង់ ៣​នាក់ គឺ​លោក ស្រី ថី លោក ខេ​ម សុ​ឃី និង​លោក មេត ម៉ាត់ នៅ​ពេល​ពួកគេ​ចុះ​ស៊ើបអង្កេត​អាជីវកម្ម​ឈើ​ខុសច្បាប់​ក្នុង​តំបន់​ព្រៃឡង់។ ក្នុង​ពេល​ឃាត់ខ្លួន​នេះ សន្តិសុខ​របស់​ក្រុមហ៊ុន​បាន​ប្រើ​ហិង្សា​លើ​លោក មេត ម៉ាត់ និង​បាន​បង្ខាំង​ទុក​អ្នក​ទាំង​៤ រូប​នោះ ជាច្រើន​ម៉ោង មុន​ពេល​ប្រគល់​ជូន​សមត្ថកិច្ច​។ មក​ទល់​ពេល​នេះ សំណុំ​រឿង​នេះ សមត្ថកិច្ច​ខេត្ត​ក្រចេះ មិន​បាន​អនុវត្ត​ច្បាប់ លើ​ជន​ដៃដល់ ដែល​ប្រើ​ហិង្សា​លើ​សកម្មជន​បរិស្ថាន​ណា​ម្នាក់ នៅ​ឡើយ​ទេ។

សកម្មជន​បរិស្ថាន លោក ហេង ស្រស់ បន្ថែម​ថា កាលពី​ខែ​មេសា កន្លង​ទៅ សមត្ថកិច្ច​ចម្រុះ មន្ត្រី​បរិស្ថាន និង​សន្តិសុខ​ក្រុមហ៊ុន​ស៊ីងបាយអូថេក បាន​ព្យាយាម​តាម​ចាប់ខ្លួន​ពួកគេ នៅ​គ្រា​ដែល​ពួកគេ​កំពុង​ស្វែងរក​បទល្មើស​ព្រៃឈើ ក្នុង​តំបន់​ព្រៃ​ឡង់​។ ពួកគេ​អះអាង​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​នោះ មិន​បាន​រារាំង​សកម្មភាព​កាប់​បំផ្លាញ​ឈើ​ហ៊ុប​ធំៗ ក្នុង​ព្រៃ​អភិរក្ស​នោះ​ទេ ប៉ុន្តែ​បែរជា​ប៉ុន​ប៉ុង ធ្វើទុក្ខបុកម្នេញ អ្នក​ដែល​ចុះ​ឃ្លាំមើល​បទល្មើស​ព្រៃឈើ​ទៅវិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។