បណ្តុំ​អង្គការ​សង្គម​ស៊ីវិល​ជាង​ ២០ ជំរុញ​​ EU ឲ្យ​​បញ្ឈប់​កិច្ចព្រមព្រៀង​ទិញ​ឈើ​ពី​វៀតណាម​ ​ដែល​នាំចេញ​ខុស​ច្បាប់​ពី​ព្រៃ​អភិរក្ស​ក្នុង​ប្រទេស​កម្ពុជា​

0:00 / 0:00

អង្គការ​សង្គម​ស៊ីវិល​ជាតិ​ ​និង​អន្តរជាតិ​ ២០ ស្ថាប័ន​ បាន​ដាក់​ញត្តិ​រួមគ្នា​ស្នើ ឲ្យ​សហគមន៍​អឺរ៉ុប​ EU ​បញ្ឈប់​ការ​នាំ​ឈើ​ចេញ​ពី​កម្ពុជា​ ​ដែល​ពួកគេ​រក​ឃើញ​ថា​ ​ប្រទេស​វៀតណាម​សម្រួល​ឲ្យ​មាន​សង្វាក់​ផលិតកម្ម​ ​ផ្គត់​ផ្គង់​ឈើ​ចូល​ប្រទេស​របស់​ខ្លួន​ ​ដែល​ភាគ​ច្រើន​ជា​ឈើ​ខុស​ច្បាប់​នាំចេញ​ពី​កម្ពុជា។ ​ក្រុម​អង្គការ​ទាំងនោះ​រក​ឃើញ​ថា​ ​អាជ្ញាធរ​វៀតណាម​នៅតែ​គាំទ្រ ​ឲ្យ​មាន​ឧក្រិដ្ឋកម្ម​ព្រៃឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​ដោយ​មាន​ការ​ឃុបឃិត​ជា​ប្រព័ន្ធ​រវាង​អាជ្ញាធរ​កម្ពុជា​ ​និង​វៀតណាម​ ។ ​ចំណែក​មន្ត្រី​រដ្ឋាភិបាល​​ថា​ ​កម្ពុជា​បាន​ថ្កោល​ទោស​ចំពោះ​ការ​នាំ​ឈើ​ឆ្លង​ដែន​ខុស​ច្បាប់​នេះ​ ​ហើយក៏​បាន​ផ្ញើ​កំណត់​ទូត​​ទៅ​ភាគី​វៀតណាម​ដែរ។

បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ​ ​និង​អន្តរជាតិ​ជាង​ ២០ស្ថាប័ន​ ​បាន​ចាត់ទុក​​​ប្រទេស​វៀតណាម​ ​កំពុង​កេង​ចំណេញ​វិស័យ​ព្រៃឈើ​ខុស​ច្បាប់​​របស់​កម្ពុជា​ ​ដោយ​មាន​ការ​ឃុបឃិត​ពី​អាជ្ញាធរ​រដ្ឋ​ ​ក្នុង​ការ​ជូញ​ដូរ​ឈើ​ខុស​ច្បាប់​ ​បាន​លេច​ជា​រូបរាង​ថ្មី​ទៀត​ ​ក្នុង​រយៈពេល​ ៦​ខែ​ ក្នុង​​អំឡុង​​​ឆ្នាំ​ ២០១៧ ​ឈើ​ហោច​ណាស់​ ៣​សែន​ម៉ែត្រ​គូប​ (​300.000)​ ​ត្រូវ​បាន​លួច​ពី​ខេត្ត​ភាគ​ខាងកើត​នៃ​កម្ពុជា​ ​នាំចូល​ទៅ​វៀតណាម​។ ​លើស​ពី​នេះ​ ​អាជ្ញាធរ​វៀតណាម​មិន​ត្រឹមតែ​សម្រួល​លិខិត​អនុញ្ញាត​នាំចូល​ឈើ​ ​ក្នុង​ខ្សែ​សង្វាក់​ផ្គត់ផ្គង់​ទីផ្សារ​របស់​ខ្លួន​ប៉ុណ្ណោះ​ទេ​ ​តែ​កំណាត់​ឈើ​រាប់​ម៉ឺន​ម៉ែត្រ​គូប ​ត្រូវ​បាន​ស្តុក​ទុក​ តាម​បន្ទាត់​ព្រំដែន​ក្រោម​ការគ្រប់គ្រង​របស់​យោធា​វៀតណាម​ ​ដោយ​គ្មាន​មន្ត្រី​ជំនាញ​ណាមួយ​ ទទួលស្គាល់​ការនាំចេញ​ឈើ​មូល​ខុស​ច្បាប់​ទាំងនោះ​ទេ។

ប្រធាន​អង្គការ​បណ្ដាញ​យុវជន​កម្ពុជា​ CYN ​លោក​ ​ទឹម​ ម៉ាឡៃ ​ដែល​ចូលរួម​ដាក់​ញត្តិ​នេះ​ដែរ​ ​ឲ្យដឹង​នៅ​ថ្ងៃ​​ទី​១៦ ​តុលា​ថា​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល ​បាន​ផ្ញើ​ញត្តិ​ទៅ​សហគមន៍​ EU ​រួចហើយ​ ​និង​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​។ ​លោក​បញ្ជាក់​ថា​ ​ក្រុម​ការងារ​​លោក​ ​នឹង​តាមដាន​ពី​លទ្ធផល​ការ​ដាក់​ញត្តិ​នេះ​ ​និង​ត្រៀម​ឯកសារ​បន្ថែម​ដែល​ពួកគេ​រក​ឃើញ​ ពី​ភាព​មិន​ប្រក្រតី​នៃ​ការ​នាំ​ឈើ​ទ្រង់ទ្រាយ​ធំ​ចូល​ប្រទេស​វៀតណាម​ខុស​ច្បាប់​។ ​លោក​ថា​ ​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​ ​នឹង​ត្រៀម​ជួប​ពិភាក្សា​បញ្ហា​នេះ​​ជាមួយ​តំណាង​រដ្ឋាភិបាល​វៀតណា​ម ​និង​ ​កម្ពុជា​ ​ផង​។ ​លោក​សង្កត់ធ្ងន់​ថា​ ​ការ​នាំ​ឈើ​ចេញ​ខុស​ច្បាប់​ ​គឺ​មាន​អំពើ​ពុករលួយ​ជា​ប្រព័ន្ធ​ ​ប្រសិនបើ​គ្មាន​ការ​បង់​ពន្ធ​គយ​ត្រឹមត្រូវ​ទេ​ ​នឹង​ខាត​ប្រយោជន៍​ជាតិ​ ​និង​ពលរដ្ឋ​ធ្ងន់ធ្ងរ ​ហើយ​អ្នកប្រព្រឹត្ត​បទ​ល្មើស​​កាន់តែ​បំពាន​ច្បាប់​កម្ពុជា​ដដែល​ៗ​៖ «តាម​ការ​រក​ឃើញ គឺបាត់ចំណូលជាតិ​រាបលាន​ដុល្លារ​ក្នុង​មួយឆ្នាំ​ៗដែរ ជា​ការ​គេច​ពន្ធ​ខុស​ច្បាប់។ ទី២ វិនាស​កម្ម​ព្រៃ​ឈើ​កាន់​ តែ​ឆាប់រហ័ស ក្នុង​ការ​ប្រមូល​ទិញ​ឈើ​ដែល​មាន​ឈើ​ល្អ​ប្រណិត​ពី​ប្រទេស​កម្ពុជា និងទី៣ បាត់​ចំណូល​របស់​ប្រជា​ពលរដ្ឋ​សម្បត្តិ​រួម ជា​ពិសេសជនជាតិដើមភាគតិច និង​តម្លៃ​បរិស្ថាន​កើត​ឡើង​បម្រែបម្រួល​អាកាធាតុ »

ក្នុង​ញត្តិ ​ចំនួន​បី​ទំព័រ​ដែល​បាន​ផ្ញើ​ជូន​សហគមន៍​អឺរ៉ុប​ កាលពី​ថ្ងៃ​ទី​១០ ​តុលា​កន្លងទៅ​ ​បង្ហាញ​ថា​ សហគមន៍​អឺរ៉ុប ​បាន​កំណត់​កាលបរិច្ឆេទ​ចុះហត្ថលេខា​លើ​ ​កិច្ចព្រមព្រៀង​ដៃ​គូរ​ស្ម័គ្រចិត្ត​ ​ឬ​ហៅ​ថា​ VPA ​ជាមួយ​វៀតណាម​ ពី​វិធាន​គ្រប់គ្រង​ព្រៃ​ឈើ​ ​និង​ការ​អនុវត្តន៍​ច្បាប់​ ​និង​អាជីវកម្ម​ឈើ​ ​របស់​សហគមន៍​អឺរ៉ុប​ ​(The EUTR and FLEG/T) ​ដែល​ពួកគេ​រក​ឃើញ​ថា​ ​កិច្ច​ព្រៀង​ព្រៀង​នេះ​ ​មាន​បញ្ហា​កង្វះខាត​ច្រើន​ដូចជា​ ​លំហូរ​ឈើ​ខុស​ច្បាប់​ចូល​ទៅ​ទីផ្សារ​វៀតណាម​ ភាគ​ច្រើន​មាន​ប្រភព​ពី​កម្ពុជា។​ របាយការណ៍​បន្ថែម​ថា​ ​ជាច្រើន​ទសវត្សរ៍​មក​ហើយ​ ​ប្រជាជន​កម្ពុជា​ទទួលរង​ផល​ប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​ ​សង្គម​ និង​បរិស្ថាន ​ដោយសារ​អាជីវកម្ម​ឈើ​ខុស​ច្បាប់​ទាំងនេះ​ ​ដោយ​មាន​ការរៀបចំ ​ពី​ប្រទេស​វៀតណាម​បាន​កេង​ចំណេញ​ ​ព្រៃឈើ​ពី​កម្ពុជា​ ​គ្មាន​ច្បាប់​ទម្លាប់​។ ​ឧស្សាហកម្ម​កែច្នៃ​ឈើ​ខ្នាត​ធំ​របស់​វៀតណាម​កំពុង​កំណត់​ទិសដៅ​ ​ច្រាម​យក​ធនធាន​ព្រៃឈើ​ដ៏​សម្បូរ​បែប​របស់​កម្ពុជា​ ​គឺ​កើតមាន​ តាំងពី​សម័យ​សង្គ្រាម​​ជាច្រើន​ទសវត្សរ៍​ កន្លង​មក​ហើយ​។ ​លំហូរ​ឈើ​ធំ​ធេង​នេះ​ដែល​ភាគ​ច្រើន​បាន​បំពាន​ច្បាប់​ ​និង​បទបញ្ជា​របស់​កម្ពុជា​ផង​។ ​ក្រៅពី​នេះ​ ​ឈ្មួញ​ឈើ​វៀតណាម​នៅតែ​ធ្វើ​សកម្មភាព​បំផ្លាញ​រចនាសម្ព័ន្ធ​រដ្ឋាភិបាល​កម្ពុជា​ ​ដោយ​សូកប៉ាន់​មន្ត្រី​រដ្ឋ​នៅ​គ្រប់​កម្រិត​នៅ​តាម​បណ្តា​ខេត្ត​នានា ​ដើម្បី​រកស៊ី​ឈើ​ក្រៅ​ក្របខ័ណ្ឌ​​ច្បាប់​។ ​ជារឿយ​ៗ​ ជនជាតិ​ដើម​ភាគ​តិច​ត្រូវ​បាន​បង្ខំ​ ​និង​ធ្វើបាប​ឱ្យ​យល់ព្រម​លក់​ដី​ព្រៃ​កេរ​ដូន​តា​របស់​ខ្លួន​ក្នុង​តម្លៃ​តិចតួច​។​

សកម្មជន​ព្រៃឈើ​ ​ដែល​តែង​ចុះ​ឃ្លាំមើល​ពី​បទល្មើស​ព្រៃឈើ​ ​លោក​ ​ហេង​ ​ស្រស់ ​ឲ្យដឹង​ថា​ ​ក្រោយពី​ដាក់​ញត្តិ​រួច​ មន្ត្រី​ EU ​បាន​ឆ្លើយតប​ថា​ ​នឹង​យក​ញត្តិ​នេះ​ទៅ​ពិភាក្សា​គ្នា​ជាមួយ​សហគមន៍​អឺរ៉ុប ​ឲ្យបាន​មុន ​ពេល​ចុះហត្ថលេខា​ដៃគូ​ស្ម័គ្រចិត្ត​ (VPA) ​ដែល​នឹង​ធ្វើឡើង​នៅពេល​ឆាប់​ៗ​នេះ​។ ​លោក​ថា​ ​ប្រសិនបើ​សហគមន៍​អឺរ៉ុប​មិន​ព្រម​បញ្ឈប់​កិច្ចព្រមព្រៀង​នេះ​ទេ​ ​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល​នឹង​យក​ញត្តិ​ទាំងនេះ​ ​ស្នើ​សុំ​ទៅ​បណ្តា​ប្រទេស​មួយចំនួន​នៅ​លោក​ខាងលិច​ឲ្យ​ជួយ​អន្តរាគមន៍​ ​ខណៈ​ដែល​ពួកគេ​រក​ឃើញ​ថា​ EU ​ជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ការទិញ​ឈើ​ពី​វៀតណាម​ ​អំឡុង​ពេល​ដែល​វៀតណាម​លែង​មាន​ព្រៃឈើ​សម្រាប់​ធ្វើ​អាជីវកម្ម​។ ​លោក​បន្ថែម​ថា​ ​បណ្ដុំ​អង្គការ​សង្គម​ស៊ីវិល ​បាន​ធ្វើ​ការ​រួមគ្នា​ស៊ើបអង្កេត​រយៈពេល​ ២​ឆ្នាំ​មក​ហើយ​ ​ដោយ​បាន​សរសេរ​ញត្តិ​ ៣ ទំព័រ​នេះ​ ក្នុង​បំណង​ឲ្យ​មាន​ការ​ពង្រឹង​ប្រព័ន្ធ​អនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធភាព​ រីឯ​តំបន់​ព្រៃ​ការពារ​ត្រូវ​អនុវត្ត​ច្បាប់​ឲ្យ​តឹងរ៉ឹង​ ​ពុំ​មែន​គ្រាន់តែ​ចេញ​អនុ​ក្រឹត្យ​ ​និង​ព្រះរាជ​ក្រឹត្យ​រួច​ ​ក៏​ ​ទុក​ព្រៃឈើ​ចោល​ឃុបឃិត​កាប់​បំផ្លាញ​នោះ​ទេ៖ «និយាយរួមទៅ យើង​ស៊ើប​អង្កេត​កន្លង​ទៅ ២០១៧ ចូល ២០១៨ យើងដឹងថា ឧកញ៉ាមួយចំនួនគឺពាក់ព័ន្ធ ជាប់​ដៃ​ជើង​ក្នុង​នាំ​ឈើ​ចេញ​ពី​ប្រទេស​កម្ពុជា ហើយ​ស្ថាប័ន​រដ្ឋ​ត្រូវ​តែ​ទប់ស្កាត់​ទាំង​អស់​ហ្នឹង »

អ្នកនាំពាក្យ​និង​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ​លោក​នេត្រ ​ភក្ត្រា ​មានប្រសាសន៍​ប្រាប់​អាស៊ី​សេរី​តាម​ទូរស័ព្ទ​ ​កាលពី​យប់​ថ្ងៃ​ទី ១៦ ​ខែតុលា​ថា​ ​លោក​មិន​មាន​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ដាក់​ញត្តិ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ការពារ​បរិស្ថាន​នោះ​ទេ​ ​ក៏ប៉ុន្តែ​អាជ្ញាធរ​ពាក់ព័ន្ធ​ ​នឹង​បន្ត​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម​ ​ចាត់វិធានការ​ជុំវិញ​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​ឆ្លង​ដែន​ទៅ​ប្រទេស​វៀតណាម​នេះ៖ «ក្រសួង​បរិស្ថាន​ ​មិន​ធ្វើ​អត្ថាធិប្បាយ​ក្នុង​រឿង​នេះ​ទេ ប៉ុន្តែ​ក្រសួង​គ្រាន់តែ​បញ្ជាក់​កិច្ចការងារ​របស់​យើង​ធ្វើ​រាល់​ថ្ងៃ​នេះ គឺ​ការអភិរក្ស​ធនធាន​ធម្មជាតិ និង​គ្រប់គ្រង​ជីវៈ​ចម្រុះ​។ ​យើង​សហការ​ជាមួយ​អាជ្ញាធរ​វៀតណាម ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ និង​ជួញដូរ​ឈើ​ខុស​ច្បាប់​ជាដើម »

នេះ​មិន​មែន​ជា​លើក​ទី១ ទេ​ ដែល​គេ​ឮ​ការ​សន្យា​ខ្យល់​របស់​មន្ត្រី​រដ្ឋាភិបាល ដែល​មាន​កាតព្វកិច្ច​ការពារ​ធនធាន​ធម្មជាតិ​ខ្មែរ។

ទោះជា​យ៉ាង​ណា​ក្ដី ​អ្នក​ឃ្លាំមើល​ពី​បទ​ល្មើស​ព្រៃ​ឈើ​លោក ហេង ស្រស់ បញ្ជាក់​ថា បេសកកម្ម​ស្រាវជ្រាវ​ពី​បទ​ល្មើស​ព្រៃ​ឈើ​ ពួក​គេ​តែង​ទទួលរង​ការ​គំរាមកំហែង និង​ការ​ប៉ុនប៉ង​ធ្វើ​ឃាត ​ពី​សមត្ថកិច្ច​មូលដ្ឋាន និង​មាន​ពេល​ខ្លះ​សមត្ថកិច្ច​បាន​បាញ់​រះ​មក​លើ​ក្រុម​ការងារ​របស់​លោក​ ​ក្នុង​អំឡុង​ពេល​ចុះ​បំពេញ​បេសកកម្ម ​ឃ្លាំ​មើល​ពី​ការ​កាប់​ឈើ​ក្នុង​ព្រៃ​អភិរក្ស​មួយ​ចំនួន​នៅ​ខេត្ត​ភាគ​ឦសាន៖ «គំរាម​ចាប់​ពួក​យើង មាន​ទាំងដេញបាញ់ពួកយើង ឃាត់យើង និងស្ទាក់ចាប់យើងក៏មានដែរ តែ​យើង​នៅ​​តែ​​ព្យាយាម​​ដោះ​​ខ្លួន​​ការ​​គំរាម​កំហែង »

របាយការណ៍​បន្ថែម​ថា ឈ្មួញ​ឈើ​វៀតណាម​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​ឈើ​របស់​កម្ពុជា​ភាគ​ច្រើន​នាំ​ចេញ​ពី​ប្រទេស​កម្ពុជា​ខុស​ច្បាប់ ដែល​មាន​ឈ្មួញ​ឈើ​មួយចំនួន​ជា​មន្ត្រី​រដ្ឋាភិបាល​វៀតណាម​ និង​ជា​សមាជិក​នៃ​ទាហាន​ព្រំដែន​ ​ថែមទៀត​ផង។ លើស​ពី​នេះ​ ការ​នាំ​ឈើ​ចេញ​ពី​កម្ពុជា​ខុស​ច្បាប់​ វា​គឺជា​ការ​លួច​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​ទ្រង់ទ្រាយ​ធំ ដែល​មាន​តម្លៃ​រាប់​រយ​លាន​អឺរ៉ូ ​ជា​រៀងរាល់​ឆ្នាំ។ ក្រៅពី​ការ​ធ្វើ​ឱ្យ​ប្រជា​ពលរដ្ឋ​រស់នៅ​តំបន់​ដាច់ស្រយាល​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​ក្រ​ទៅ ឧទ្យានុរក្ស​​ខ្លះ អ្នក​អភិរក្ស និង​អ្នកកាសែត​ជាច្រើន​នាក់ ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ទាក់ទង​ទៅ​នឹង​ការ​ជួញដូរ​ឈើ​ខុស​ច្បាប់​នេះ។

របាយការណ៍​បន្ត​ថា ការ​ប្លន់​យក​ធនធាន​ធម្មជាតិ​ ​និង​បេតិកភណ្ឌ​ធម្មជាតិ​របស់​កម្ពុជា​មាន​រចនាសម្ព័ន្ធ​ដូច​ជា​ក្រុម​ម៉ាហ្វីយ៉ា។ តាម​ការ​ប៉ាន់​ប្រមាណ​ប្រហែល​ 80% ​នៃ​អាជីវកម្ម​ឈើ​នៅ​កម្ពុជា​ត្រូវ​បាន​បំផ្លាញ​ដោយ​ការ​លួច​បន្លំ ​និង​ការ​គេច​ពន្ធ។ សហគមន៍​អឺរ៉ុប​បាន​ផ្តល់​ជំនួយ​ក្នុង​ការ​គ្រប់គ្រង​តំបន់​ការពារ​មាន​តម្លៃ​ជា​ច្រើន​លាន​អឺរ៉ូ។ ព្រៃ​ការពារ​ឧទ្យាន​ជាតិ​បាន​ទទួល​ប្រយោជន៍​ពី​ជំនួយ​នេះ​ ​ជា​គោលដៅ នៃ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំ​ ក្នុង​ឆ្នាំ​២០១៧ និង​២០១៨។ ការ​ផ្គត់​ផ្គង់​ថវិកា​នេះ កំពុង​ជួយ​ជំរុញ​ឧស្សាហកម្ម​ឈើ​វៀតណាម ដែល​បាន​លួច​ពី​កម្ពុជា​បន្ថែម​ទៀត។សហភាព​អឺរ៉ុប​មាន​មោទនភាព​ក្នុង​ការ​លើក​កម្ពស់​បទដ្ឋាន​អន្តរជាតិ​នៅ​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​របស់​ខ្លួន ក៏​ប៉ុន្តែ​ការ​ទទួល​យក​នូវ​លំហូរ​ឈើ​ខុស​ច្បាប់​ជា​បន្តបន្ទាប់ ​ពី​កម្ពុជា​ជា​ការ​ប្ដេជ្ញា​ចិត្ត និង​មហិច្ឆតា​របស់​រដ្ឋាភិបាល​វៀតណាម។ ខ្លឹមសារ​ញត្តិ​បន្ថែម​ថា គួរ​ដាក់​លក្ខខណ្ឌ​លើ​វៀតណាម​ ត្រូវ​ប្រកាស​ឲ្យ​ផ្អាក​ការ​នាំ​ឈើ​ចេញ​ទាំងអស់​ ពី​ព្រៃ​ធម្មជាតិ​ក្នុង​ប្រទេស​កម្ពុជា​ រហូត​មាន​ការកំណត់​ប្រព័ន្ធ​ធានា​រ៉ាប់រង​ឈើ​ស្រប​ច្បាប់ (TLAS) ដែល​អាច​ជឿ​ទុកចិត្ត​បាន និង​ត្រូវ​បាន​បង្កើត​ឡើង​ក្រោម​កិច្ចព្រមព្រៀង VPA នេះ​ឲ្យ​ច្បាស់លាស់​សិន។

អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​ ​លោក ផៃ​ ស៊ី​ផាន​ ​ប្រាប់​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​១៦ តុលា​ថា រដ្ឋាភិបាល​កម្ពុជា​ប្រឆាំង​ដាច់​ខាត​ការ​នាំ​ឈើ​ឆ្លងកាត់​ប្រទេស​វៀតណាម ដែល​កម្ពុជា​មាន​ធ្វើ​កំណត់​ទូត​តាមរយៈ​ក្រសួង​ការបរទេស​កម្ពុជា​រួចហើយ។ លោក​បញ្ជាក់​ថា កំណត់​ទូត​នោះ​ ក្រសួង​ការ​បរទេស​បាន​ជម្រាប​ទៅ​វៀតណាម​ ក្នុង​កិច្ចសហការ​ជួញដូរ​ឈើ​ខុស​ច្បាប់។ លោក​បន្ថែម​ថា មន្ត្រី​ណា ដែល​ពាក់ព័ន្ធ​បទល្មើស​ព្រៃឈើ ដែល​អាជ្ញាធរ​ជំនាញ​ចាប់​បាន គឺ​មន្ត្រី​ទាំង​នោះ​ត្រូវ​ទទួល​ខុស​ទោស​តាម​ច្បាប់៖ «រដ្ឋាភិបាល​កម្ពុជា គឺ​ប្រឆាំង​ការ​នាំ​ចេញ​ឈើ​កាត់​ប្រទេស​វៀតណាម ដែល​មាន​កំណត់​ទូត​តាម​រយៈ​ក្រសួង​ការ​បរទេស​រួច​ហើយ ដើម្បី​ប្រឆាំង​ការ​ជូញ​ដូរ​ឈើ​ខុស​ច្បាប់​នេះ​ឯង នេះ​ជា​បំណង​រាជ​រដ្ឋាភិបាល បើ​មន្ត្រី​ណា​យើង​ចាប់​បាន មន្ត្រី​នោះ​​ទទួល​ទោស​តាម​ច្បាប់ »

របាយការណ៍​ញត្តិ​បន្ត​ថា ការ​នាំ​ឈើ​ចេញ​ខុស​ច្បាប់​ត្រូវ​សម្របសម្រួល​ដោយ​មន្ត្រី​ពុករលួយ​នៅ​តាម​ព្រំដែន​ទាំង​សងខាង ហើយ​អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​នោះ​អាជ្ញាធរ​វៀតណាម​មិន​មាន​ឆន្ទៈ​ជួយ​កម្ពុជា​ក្នុង​ការ​អនុវត្តន៍​ច្បាប់​ព្រៃឈើ និង​បទបញ្ញត្តិ​នាំចេញ​នានា ​នោះ​ឡើយ។ ការនាំចេញ​ឈើ​ខុស​ច្បាប់​ពី​ប្រទេស​កម្ពុជា​អាច​មាន​ទម្រង់​ជាច្រើន​ និង​មាន​ប្រភព​ខុស​ច្បាប់​ពាក់ព័ន្ធ​នឹង​ប្រភេទ​ឈើ​ដែល​ត្រូវ​ការពារ ឬ​ផលិតផល​ឈើ​ខុស​ច្បាប់​សម្រាប់​ការ​នាំ​ចេញ​ទៀត​ផង។ ជារឿយៗ ក៏​ជាប់ពាក់ព័ន្ធ​នឹង​ការ​គេច​ពន្ធ​ព្រម​ទាំង​ការ​ប្រើ​លិខិត​អនុញ្ញាត​ក្លែងក្លាយ​ផង​ដែរ។

មធ្យោបាយ​ដឹក​ជញ្ជូន​នានា ​រួម​មាន​រថយន្ត​ក្បួន​រថយន្ត​កុងតឺន័រ​ដឹក​ជញ្ជូន។ ឈើ​មាន​តម្លៃ​ខ្ពស់ ជួនកាល​ត្រូវ​បាន​បន្លាស់​ទី​ដោយ​ក្បួន​ម៉ូតូ​ដឹក​ឈើ​ហ៊ុប​ធំៗ ប្រវែង​ពីរ​ម៉ែត្រ​ដោយ​មាន​ការ​រៀបចំ​ដោយ​ក្រុម​ឧក្រិដ្ឋ​ជន ដែល​មាន​ខ្សែ​ទំនាក់ទំនង​ល្អ ហើយ​ច្រក​ព្រំដែន​ផ្លូវការ និង​ច្រក​របៀង​នានា ក៏​កំពុង​ត្រូវ​បាន​ប្រើប្រាស់ ដោយ​អាជ្ញាធរ​វៀតណាម​ឃ្លាំមើល និង​សម្របសម្រួល​លំហូរ​ឈើ​ទាំង​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។