ក្រុម​អង្គការ​បរិស្ថាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​រឿង​បទ​ល្មើស​ធនធាន​ធម្មជាតិ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត

0:00 / 0:00

ក្រុមអង្គការសង្គមស៊ីវិលផ្នែកអភិរក្ស និង​បរិស្ថាន នៅ​ថ្ងៃ​ទី​១៨ មេសា​នេះ អំពាវនាវ​ដល់​អាជ្ញាធរ​នៃ​របប​ក្រុង​ភ្នំពេញ​ឱ្យ​ចាត់​វិធានការ​ជា​បន្ទាន់ និង​ដោយ​គ្មាន​ការ​ពន្យារ​ពេល​លើ​ជន​ល្មើស​ទាំង​ឡាយ​ណា​ ដែល​កំពុង​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត ស្ថិត​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រះវិហារ។

សេចក្តីថ្លែងការណ៍រួម​របស់​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធាន​ធម្មជាតិ (WWF) អង្គការ​អភិរក្ស​សាកល (CI) អង្គការ​សម្ព័ន្ធ​មិត្ត​សត្វ​ព្រៃ (Wildlife Alliance) និង​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ (WCS) រួម​ទាំង​អង្គការ​មួយ​ចំនួន​ទៀត សរុប​ជិត ១០​អង្គការ រក​ឃើញ​ថា ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត​កំពុង​ទទួល​រង​ការ​កាប់​រាន​ទន្រ្ទាន​យក​ដី​ក្នុង​ទ្រង់ទ្រាយ​ធំ ការ​ចាប់​យក​ដី​ព្រៃ​ជា​កម្មសិទ្ធិ ដើម្បី​ការ​លក់ដូរ ការ​កាប់​ឈើ និង​ការ​បរបាញ់​សត្វ​ព្រៃ​ដោយ​ខុស​ច្បាប់​ជា​ដើម។ អង្គការ​ទាំង​នេះ​អះអាង​ថា សត្វ​ព្រៃ​សំខាន់ៗ ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ត្នោត ដែល​កំពុង​ប្រឈម​នឹង​ការ​គំរាម​កំហែង និង​បាត់​បង់​នោះ មាន​ដូច​ជា ទន្សោង ខ្លា​ពពក ខ្លា​ឃ្មុំ ស្វា​ព្រាម ទោច ពង្រូល ឆ្កែ​ព្រៃ និង​ប្រភេទ​សត្វ​ស្លាប​ទឹក​ធំៗ ជា​ច្រើន​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​ព្រមាន​ថា ប្រសិន​បើ​គ្មាន​ការ​អន្តរាគមន៍​ជា​បន្ទាន់​ពី​សំណាក់​អាជ្ញាធរ​ពាក់​ព័ន្ធ​​នានា​ទេ​នោះ ធនធាន​ធម្មជាតិ​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​មួយ​នេះ​នឹង​ទទួល​រង​ការ​ខូច​ខាត និង​បាត់បង់​ក្នុង​កម្រិត​​មួយ ដែល​មិន​អាច​ស្តារ​ឡើង​វិញ​បាន​ឡើយ។ អាស៊ី​សេរី​បាន​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក​ សៅ សុភាព ដើម្បី​សុំ​ការ​បកស្រាយ​អំពី​រឿង​នេះ​ដែរ ប៉ុន្តែ​លោក​មិន​ទាន់​បាន​ឆ្លើយ​តប​ឡើយ។

ដែន​​ជម្រក​សត្វព្រៃ​ភ្នំ​ត្នោត-ភ្នំពក ត្រូវ​បាន​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ កាល​ពី​ឆ្នាំ​២០១៧ កន្លង​ទៅ។ ដែន​ជម្រក​សត្វ​ព្រៃ​នេះ លាត​សន្ធឹង​លើ​ផ្ទៃ​ដី​ជាង ៤​ម៉ឺន​ហិកតារ (៤២.០៩៧) ស្ថិត​ក្នុង​ភូមិសាស្ត្រ​ស្រុក​សង្គម​ថ្មី​ និង​ស្រុក​គូលែន ខេត្ត​ព្រះវិហារ និង​ស្រុក​ជីក្រែង ខេត្ត​សៀមរាប៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។