ក្រុមអង្គការសង្គមស៊ីវិលផ្នែកអភិរក្ស និងបរិស្ថាន នៅថ្ងៃទី១៨ មេសានេះ អំពាវនាវដល់អាជ្ញាធរនៃរបបក្រុងភ្នំពេញឱ្យចាត់វិធានការជាបន្ទាន់ និងដោយគ្មានការពន្យារពេលលើជនល្មើសទាំងឡាយណា ដែលកំពុងប្រព្រឹត្តអំពើល្មើសច្បាប់ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ។
សេចក្តីថ្លែងការណ៍រួមរបស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) អង្គការអភិរក្សសាកល (CI) អង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance) និងអង្គការសមាគមអភិរក្សសត្វព្រៃ (WCS) រួមទាំងអង្គការមួយចំនួនទៀត សរុបជិត ១០អង្គការ រកឃើញថា ដែនជម្រកសត្វព្រៃភ្នំត្នោតកំពុងទទួលរងការកាប់រានទន្រ្ទានយកដីក្នុងទ្រង់ទ្រាយធំ ការចាប់យកដីព្រៃជាកម្មសិទ្ធិ ដើម្បីការលក់ដូរ ការកាប់ឈើ និងការបរបាញ់សត្វព្រៃដោយខុសច្បាប់ជាដើម។ អង្គការទាំងនេះអះអាងថា សត្វព្រៃសំខាន់ៗ ក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ដែលកំពុងប្រឈមនឹងការគំរាមកំហែង និងបាត់បង់នោះ មានដូចជា ទន្សោង ខ្លាពពក ខ្លាឃ្មុំ ស្វាព្រាម ទោច ពង្រូល ឆ្កែព្រៃ និងប្រភេទសត្វស្លាបទឹកធំៗ ជាច្រើនទៀត។
ក្រុមអង្គការសង្គមស៊ីវិលទាំងនេះព្រមានថា ប្រសិនបើគ្មានការអន្តរាគមន៍ជាបន្ទាន់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនានាទេនោះ ធនធានធម្មជាតិក្នុងដែនជម្រកសត្វព្រៃមួយនេះនឹងទទួលរងការខូចខាត និងបាត់បង់ក្នុងកម្រិតមួយ ដែលមិនអាចស្តារឡើងវិញបានឡើយ។ អាស៊ីសេរីបានទាក់ទងមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព ដើម្បីសុំការបកស្រាយអំពីរឿងនេះដែរ ប៉ុន្តែលោកមិនទាន់បានឆ្លើយតបឡើយ។
ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានបង្កើតឡើងដោយអនុក្រឹត្យ កាលពីឆ្នាំ២០១៧ កន្លងទៅ។ ដែនជម្រកសត្វព្រៃនេះ លាតសន្ធឹងលើផ្ទៃដីជាង ៤ម៉ឺនហិកតារ (៤២.០៩៧) ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី និងស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកជីក្រែង ខេត្តសៀមរាប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
