ពលរដ្ឋ ៣ភូមិ នៅ​ខេត្ត​ស្ទឹងត្រែង​បារម្ភ​ខ្លាច​បាត់​បង់​ដើម​ច្បោះ​ជ័រ​ទឹក​រាប់​ពាន់​ដើម​ក្នុង​ព្រៃ​ឡង់

0:00 / 0:00

ពលរដ្ឋ​ចំនួន ៣ភូមិ ក្នុង​ខេត្ត​ស្ទឹងត្រែង ភាគ​ច្រើន​មាន​ជីវភាព​ពឹង​ផ្អែក​ការ​ដង​ជ័រ​ទឹក​លក់​ចិញ្ចឹម​ជីវិត​កំពុង​បារម្ភ កំណើន​បទ​ល្មើស​ព្រៃ​ឈើ ក្នុង​តំបន់​ព្រៃ​ឡង់ អាច​នឹង​ឈាន​ដល់​ការ​បំផ្លាញ​ដើម​ច្បោះ​ជ័រ​ទឹក​រាប់​ពាន់​ដើម ដែល​អ្នក​ស្រុក​អាស្រ័យ​ផល​ជា​ច្រើន​ឆ្មាំ​មក​ហើយ។ អ្នក​ភូមិ​ថា មាន​ពលរដ្ឋ​មួយ​ចំនួន​នៅ​មូលដ្ឋាន បាន​ចាប់​យក​មុខ​របរ​កាប់​ឈើ​លក់​ចិញ្ចឹម​ជីវិត និង​លក់​ឱ្យ​ក្រុមហ៊ុន ស៊ីង បាយអូថេក (THINK BIOTECH CAMBODIA)។

ពលរដ្ឋ​រស់​នៅ​ក្នុង​ភូមិ​ចំនួន ៣ គឺ​ភូមិ​កែស ភូមិ​ដូង និង​ភូមិ​កំពង់​ប៉ាង នៃ​ឃុំ​កាំងចាម ស្រុក​ថាឡាបរិវ៉ាត់ ព្រួយ​បារម្ភ​ខ្លាច​បាត់​ដើម​ឈើ​ធំៗ ដែល​ជា​ដើម​ច្បោះ​ជ័រ​ទឹក​របស់​ពលរដ្ឋ ក្នុង​ព្រៃ​ឡង់ នៅ​ពេល​ខាង​មុខ។ ការ​បារម្ភ​នេះ បន្ទាប់​ពី​មាន​ពលរដ្ឋ​នៅ​មូលដ្ឋាន​មួយ​ចំនួន បាន​ក្លាយ​ជា​ជន​ល្មើស​ចូល​ទៅ​លួច​កាប់​ដើម​ច្បោះ​ជ័រ​ទឹក ក្នុង​ព្រៃ​ឡង់​ធ្វើ​អាជីវកម្ម​ដោយ​ខុស​ច្បាប់​ជា​បន្ត​បន្ទាប់។ ពលរដ្ឋ​រស់​នៅ​ភូមិ​កំពង់​ប៉ាង ឃុំ​កាំងចាម លោក ខេង ថូរ ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី២៩ មីនា​ថា គ្រួសារ​លោក​មាន​ដើម​ច្បោះ​ជ័រ ជាង ២ពាន់ដើម ក្នុង​ព្រៃ​ឡង់​នៅ​ចំណុច​អូរ​ពពេល​ខែល អូរ​ពស់​ថ្លាន់ អូរ​ដំបង និង​ចំណុច​ទួល​ត្រពាំង​រាជ អាច​នឹង​បាត់​បង់​នៅ​ពេល​ដ៏​ខ្លី​ខាង​មុខ ប្រសិន​បើ​ឆ្មាំ​អភិរក្ស​របស់​ក្រសួង​បរិស្ថាន គ្មាន​ភាព​ច្បាស់លាស់​ក្នុង​ការ​អនុវត្ត​ច្បាប់​ព្រៃ​ឈើ​ទេ​នោះ។ លោក​ថា ក្រុម​ជន​ល្មើស ប៉ុនប៉ង​បំផ្លាញ​ដើម​ច្បោះ​របស់​លោក បន្ទាប់​ពី​ពួក​គេ​បាន​លួច​កាប់​ដើម​ច្បោះ​ជ័រ​របស់​អ្នក​ភូមិ​អូរ​ឡង់ ក្នុង​ឃុំ​សៀម​បូក អស់​រាប់​ម៉ឺន​ដើម កាល​ពី​ឆ្នាំ ២០១៨ និង ឆ្នាំ ២០១៩ ហើយ​រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​ជំនាញ​នៅ​មិន​ទាន់​ដោះ​ស្រាយ​ឱ្យ​ដាច់​ស្រឡះ​នៅ​ឡើយ​ទេ៖ «មន្ត្រី​បរិស្ថាន​ការពារ​មិន​បាន​គ្រប់​ជ្រុងជ្រោយ ហើយ​គាត់​បណ្ដោយ​ឱ្យ​បទ​ល្មើស​ចូល​ក្នុង​ព្រៃ​ឡង់​ទៅ អារ​ឈើ​លក់​ដើម្បី​ដោះ​ស្រាយ​ជីវភាព ពី​ពលរដ្ឋ​មួយ​ចំនួន​គាត់​មិន​គោរព​ច្បាប់ ហើយ​ឃុបឃិត​គ្នា​ជា​មួយ​មន្ត្រី​ជំនាញ​ទៅ។ គេ​កំពុង​ដឹក​ជញ្ជូន​ដើម​កកោះ និង​សុក្រំ។ ដើម​កកោះ គេ​យក​ក្នុង​ព្រៃ​ឡង់​ហ្នឹង​ហើយ បើ​នៅ​ខាង​ក្រៅ តំបន់​ទ្រនាប់​អត់​មាន​ទេ មាន​តែ​ក្នុង​តំបន់​ព្រៃ​ឡង់​ទេ »

លោក​បន្ថែម​ថា គ្រួសារ​លោក​បាន​ប្រកប​របរ​ដង​ជ័រ​ទឹក​ក្នុង​ព្រៃ​ឡង់ តាំង​ពី​ឆ្នាំ ១៩៩៧។ ក្នុង​មួយ​ខែៗ លោក​អាច​ដង​ជ័រ​ទឹក​បាន ១៥កាន ដោយ​ក្នុង​មួយ​កាន​លក់​បាន ចាប់ពី ៨ម៉ឺនរៀល (៨០.០០០) ទៅ ១០ម៉ឺនរៀល (១០០.០០០)។ លោក​ថា ពលរដ្ឋ​ដែល​រស់នៅ​តំបន់​នោះ​តែងតែ​ប្រកប​របរ​ដង​ជ័រ​ទឹក​លក់ ដើម្បី​យក​ប្រាក់​សង​ធនាគារ និង​ដោះ​ស្រាយ​ជីវភាព​គ្រួសារ ក៏​ប៉ុន្តែ​លោក​បារម្ភ​ថា ប្រភព​ចំណូល​នេះ​អាច​នឹង​ប្រឈម​ហានិភ័យ​ខ្ពស់ ព្រោះ​កម្លាំង​កម្មករ​របស់​ក្រុមហ៊ុន ស៊ីង បាយអូរថេក និង ពលរដ្ឋ​នៅ​មូលដ្ឋាន​ខ្លះ កំពុង​រក​វិធីសាស្ត្រ ចូល​កាប់​បំផ្លាញ​ដើម​ច្បោះ​របស់​សហគមន៍៖ «ខ្ញុំ​ព្រួយ​បារម្ភ​បើ​មន្ត្រី​បរិស្ថាន គាត់​បន្ធូរបន្ថយ​ដៃ យូរ និង​ឆាប់ ព្រៃ​ឡង់​នឹង​បាត់​បង់​ដដែល​ទេ។ ខ្ញុំ​មើល​ឃើញ​ទង្វើ​ខ្លះៗ ពី​ជន​មួយ​ចំនួន​ដែល​គាត់​ធ្វើ​ឈើ​សព្វ​បែប​យ៉ាង ពី​មុន​មាន​ដើម​បេង បន្ទាប់​ពី​អស់​បេង មាន​ធ្នង់ នាងនួន ឥឡូវ​អស់​នាង​នួន គេ​កាប់​ផ្ដៀក សុក្រំ ដល់​អស់​ទៅ ដល់​ឈើ​ទាល​ហើយ។ ព្រួយ​បារម្ភ​បើ​អ្នក​មាន​តួនាទី​អនុវត្ត​ច្បាប់ ( មន្ត្រី​បរិស្ថាន ) ធ្វើ​សកម្មភាព​ហ្មត់ចត់​ទេ ដើម​ច្បោះ​វា​នឹង​រីក​រាល​ដាល​ដល់​ស្រុក​ខ្ញុំ វា​នឹង​អាច​បាត់បង់។ ប្រសិន​បើ​បណ្ដោយ​ឱ្យ​ក្រុមហ៊ុន ចេះ​តែ​ចូល​បន្តិច​ម្តងៗ វា​អស់​ហ្មង​អត់​មាន​សល់​អី​ទេ »

ក្រុម​ស្នូល​បណ្តាញ​ព្រៃ​ឡង់ ខេត្ត​ស្ទឹងត្រែង លោក យឹម សុភ័ក្ត្រ សង្កេត​ឃើញ​ថា ពលរដ្ឋ​ទាំង ៣ភូមិ​នេះ ប្រមាណ ៨០ភាគ​រយ ប្រកប​មុខ​របរ​ដង​ជ័រ​ទឹក​លក់ ហើយ​ពលរដ្ឋ​ដែល​រក​ស៊ី​អារ​ឈើ​លក់​ចិញ្ចឹម​ជីវិត គឺ​ភាគ​ច្រើន មក​ពី​ឃុំ​សៀម​បូក ក្នុង​ស្រុក​សៀមបូក ខេត្ត​ស្ទឹងត្រែង។ លោក​ថា ក្រុម​អ្នក​អារ​ឈើ​លក់ តែង​តែ​លួច​អារ​ឈើ​ក្នុង​ព្រៃ​ឡង់ ជាបន្តបន្ទាប់ និង​ខ្លះ​ទៀត លួច​អារ​ដើម​ច្បោះ​ជ័រ​ទឹក​របស់​អ្នក​ស្រុក​លក់​ទៀត​ផង៖ «កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន គាត់​សូម​ឱ្យ​យើង​បង្ហាញ​ទីតាំង​ទៀត តើ​ធ្វើ​ឱ្យ​យើង​បង្ហាញ​ប៉ុន្មាន​ដង​ទៀត ទើប​គាត់​ជឿ​ទុក​ចិត្ត។ ភាព​ឆក​ល្វែង​ខ្លាំង​មែនទែន របស់​មន្ត្រី​ឧទ្យានុរក្ស ដែល​កំពុង​ធ្វើ​ការងារ​តំបន់​ហ្នឹង។ យើង​មិន​ទាន់​ឃើញ​មាន មុខ​សញ្ញា​លទ្ធផល​ធំ​ដុំ​ណា​មួយ ដែល​ពួក​គាត់​បំពេញ​បាន ហើយ​ដំណោះស្រាយ បញ្ហា​កាប់​ដើម​ច្បោះ​ជ័រទឹក ដោយ​ក្រុមហ៊ុន ស៊ីង បាយអូថេក មក​លើ​ពលរដ្ឋ​នៅ​ឃុំ​សៀម​បូក មិន​ទាន់​មាន​ការ​ដោះ​ស្រាយ​ជា​វិជ្ជមាន​ទេ »

អាស៊ី​សេរី​មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក នេត្រ ភក្ត្រា ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៩ មីនា។

តែ​យ៉ាង​ណា លោក​ធ្លាប់​ប្រាប់​អាស៊ី​សេរី កាល​ពី​ចុង​សប្ដាហ៍​មុន​ថា ក្រសួង​បរិស្ថាន​ព្រមាន​ថា ប្រសិន​បើ​ការ​ចូល​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ក្នុង​បំណង​ទុច្ចរិត ឬ​ធ្វើ​សកម្មភាព ដែល​ប្រាស​ចាក​នឹង​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ នោះ​នឹង​ប្រឈម​មុខ​ច្បាប់​ជា​ធរមាន។ លោក​ថា ក្រុម​មន្ត្រី​ឧទ្យានុរក្ស បាន​ចុះ​ល្បាត​ជា​ប្រចាំ ហើយ​បើ​ក្រុម​ជន​ល្មើស​ចូល​ក្នុង​តំបន់​អភិរក្ស កាប់​បំផ្លាញ​ធនធាន​ធម្មជាតិ មន្ត្រី​ឧទ្យានុរក្ស​នឹង​ចាត់​វិធានការ​ច្បាស់។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្ត​ស្ទឹងត្រែង លោក ប៊ី វ៉ាន់នី សង្កេត​ឃើញ​ថា មន្ត្រី​នគរបាល​មូលដ្ឋាន មាន​ប៉េអឹម និង មន្ត្រី​បរិស្ថាន​ដែល​ឈរ​ជើង​ការពារ​ព្រៃ​ឡង់ មិន​បាន​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​នោះ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​មិន​ទុក​ចិត្ត​ក្នុង​ការ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំង​នេះ។ លោក​ថា សមត្ថកិច្ច​ពាក់ព័ន្ធ ចាំ​តែ​យក​លុយ​ពី​ក្រុម​អ្នក​ដឹក​ជញ្ជូន​ឈើ​ខុស​ច្បាប់ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​បទ​ល្មើស​ព្រៃ​ឈើ មិន​ថយ​ចុះ ហើយ​ព្រៃ​ឡង់​នៅ​តែ​រង​គ្រោះ៖ «មន្ត្រី​ជំនាញ​បរិស្ថាន​ដូច​មិន​មាន​ចំណាត់​ការ​ច្បាស់លាស់​មួយ​ណា ដែល​បង្ហាញ​ទេ ឃើញ​ថា នៅ​តែ​បន្ត​ឱ្យ​មាន​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​ឡើយ មានន័យថា ការ​ដឹក​ជញ្ជូន​ឈើ ចាប់ គឺ​យក​តែ​លុយ ពុំ​មាន​ចំណាត់​ការ​ផ្លូវ​ច្បាប់​លើ​ជន​ដែល​ដឹក​ឈើ​ហ្នឹង​ទេ »

សហគមន៍​ព្រៃ​ឡង់​កត់​សម្គាល់​ថា កាល​ពី​ឆ្នាំ ២០១៩ កន្លង​ទៅ​ក្រុមហ៊ុន ស៊ីង បាយអូថេក បាន​សម្រុក​កាប់​បំផ្លាញ​ដើម​ច្បោះ​ជ័រ​ទឹក​ក្នុង​ព្រៃ​ឡង់ របស់​ពលរដ្ឋ​នៅ​ភូមិ​អូរ​ឡង់ ឃុំ​សៀមបូក អស់​រាប់​ម៉ឺន​ដើម ហើយ​ពលរដ្ឋ​ប្រមាណ​ជាង ៣០គ្រួសារ បាន​ប្ដឹង​ឱ្យ​អាជ្ញាធរ​ជួយ​ដោះ​ស្រាយ តែ​គ្មាន​បាន​លទ្ធផល​ឡើយ​រហូត​មក​ដល់​ពេល​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។