សកម្មជន​ព្រៃ​ឡង់​ស្នើ​រដ្ឋាភិបាល​ឲ្យ​សហការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃ​ឈើ

ដោយ សាន សែល
2015.12.15
សកម្មជន​ព្រៃ​ឡង់ ៦២០ តំណាង​សហគមន៍​ព្រៃ​ឡង់ និង​អ្នក​ប្រឹក្សា​គោល​នយោបាយ​ជាន់​ខ្ពស់​របស់​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ (UNDP) ប្រចាំ​ប្រទេស​កម្ពុជា លោក ណាប៉ូឡេអុង ណាវ៉ារ៍រ៉ូ (Napoleon Navarro) [ពី​ស្ដាំ​រូប​ទី​២] ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/San Sel

សកម្មជន​ព្រៃ​ឡង់ ស្នើ​រដ្ឋាភិបាល​ឲ្យ​សហការ​ជាមួយ​បណ្ដាញ​សហគមន៍​ព្រៃ​ឈើ ដើម្បី​នាំ​គ្នា​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​ដោយ​ខុស​ច្បាប់​នៅ​កម្ពុជា។ ការ​ស្នើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន ដែល​រៀបចំ​ដោយ​តំណាង​សហគមន៍​ព្រៃ​ឡង់​នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន តំណាង​សហគមន៍​ព្រៃ​ឡង់​លើក​ឡើង​ថា ការងារ​ល្បាត​ព្រៃ និង​ការ​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​របស់​ពួក​គេ នៅ​តែ​ជួប​ឧបសគ្គ និង​ការ​រារាំង​ពី​អាជ្ញាធរ។

តំណាង​សហគមន៍​ព្រៃ​ឡង់ លោក ហឿន សុភាព ដែល​បាន​ឡើង​ទទួល​ពាន​រង្វាន់​ពិភពលោក សម្រាប់​កិច្ច​ការងារ​ថែ​រក្សា​បរិស្ថាន នៅ​ក្នុង​សន្និសីទ​ពិភពលោក​នា​ប្រទេស​បារាំង ស្ដីពី​បម្រែបម្រួល​អាកាសធាតុ បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នេះ​ថា សកម្មជន​ព្រៃ​ឈើ​ធ្លាប់​ទទួល​រង​នូវ​ការ​គំរាម​កំហែង ការ​បំភិត​បំភ័យ និង​ការ​កោះ​ហៅ​ទៅ​សាកសួរ​ពី​អាជ្ញាធរ បន្ទាប់​ពី​សកម្មជន​បរិស្ថាន​ចុះ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ៖ «មិន​មាន​ប្រាក់​ខែ មិន​មាន​លុយ​ជា​ធំ​ធេង​ទេ តែ​នេះ​ជា​ទឹក​ចិត្ត​ដ៏​ថ្លៃថ្លា​ដែល​យើង​បាន​ចូលរួម ទាក់ទង​នឹង​ការ​ការពារ​ធនធាន​ធម្មជាតិ ហើយ​ការងារ​មួយ​ចំនួន​នេះ គឺ​យើង​បាន​ធ្វើ​ឲ្យ​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ​ផង​ដែរ»

អ្នក​ប្រឹក្សា​គោល​នយោបាយ​ជាន់​ខ្ពស់​របស់​កម្មវិធី​អភិវឌ្ឍន៍​នៃ​អង្គការ​សហប្រជាជាតិ (UNDP) ប្រចាំ​ប្រទេស​កម្ពុជា លោក ណាប៉ូឡេអុង ណាវ៉ារ៍រ៉ូ (Napoleon Navarro) មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​គួរ​បង្កើន​នូវ​កិច្ច​សហការ​គ្រប់គ្រង​ព្រៃ​ឈើ​ជាមួយ​សហគមន៍​មូលដ្ឋាន​បន្ថែម​ទៀត ពិសេស​គួរ​មាន​យន្តការ​ការពារ​សកម្មជន​បរិស្ថាន​ពី​ការ​គំរាម​កំហែង និង​ការ​បាញ់​សម្លាប់៖ «ការ​គ្រប់គ្រង​រួម​គ្នា​លើ​ការ​ការពារ​ព្រៃ​ឈើ។ នៅ​កម្ពុជា មិន​ទាន់​មាន​ការ​ចែង​ពី​ការ​គ្រប់គ្រង​ព្រៃ​រួម​នោះ​ទេ។ តែ​ដែល​គាត់​ធ្វើ​ការ​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល ពិនិត្យ​ឡើង​វិញ​ពី​សំណើ​នៃ​ការ​ការពារ​ធនធាន​ធម្មជាតិ​នៅ​កម្ពុជា»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន លោក សៅ សុភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ស្នើ​នេះ​បាន​ឡើយ នៅ​ថ្ងៃ​ទី​១៥ ខែ​ធ្នូ។

ទម្រាំ​ទទួល​បាន​ពាន​រង្វាន់​ពិភពលោក​ផ្នែក​បរិស្ថាន​នេះ បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ បាន​យាម​ល្បាត​ព្រៃ​អស់​រយៈពេល ១៥​ឆ្នាំ​មក​ហើយ។

ជុំវិញ​ការ​ទទួល​បាន​ពាន​រង្វាន់​លំដាប់​ពិភពលោក ដែល​ផ្តល់​តម្លៃ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​នេះ លោក ណាប៉ូឡេអុង ណាវ៉ារ៍រ៉ូ វាយ​តម្លៃ​ថា ថ្វី​ត្បិត​ថា​ការងារ​ដែល​សហគមន៍​នេះ​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​ពិត​មែន តែ​ការងារ​នេះ​ផ្ដល់​នូវ​ផល​វិជ្ជមាន​សម្រាប់​បរិស្ថាន​ភព​ផែនដី​ទាំង​មូល។

យ៉ាង​ណា​ក៏ដោយ សកម្មជន​ការពារ​ព្រៃ​ឈើ​ដែល​ទទួល​ពាន​រង្វាន់​ពិភពលោក សម្រាប់​កិច្ច​ការងារ​ថែ​រក្សា​បរិស្ថាន សោកស្ដាយ​ដែល​សន្ដាន​ចិត្ត​នៃ​ការ​ខំ​ប្រឹងប្រែង​ការពារ​ព្រៃ​ឈើ​សម្រាប់​ប្រទេស​កម្ពុជា មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ពី​រដ្ឋាភិបាល​កម្ពុជា តែ​បែរ​ជា​ទទួល​បាន​ពាន​ពី​ប្រទេស​ដទៃ​ទៅ​វិញ៖ «ប្រទេស​កម្ពុជា អត់​ទាន់​មាន​សមត្ថភាព ឬ​អត់​ទាន់​មាន​ការ​រៀបចំ​ការ​ផ្ដល់​ពាន​រង្វាន់​ដល់​សកម្មជន​ព្រៃ ឬ​ការពារ​ផល​ប្រយោជន៍​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយសារ​ទី​មួយ ជា​ចំណុច​របស់​មន្ត្រី​ដែល​ពាក់ព័ន្ធ ដែល​ក្នុង​នោះ តាម​ការ​មើល​ឃើញ​របស់​យើង​ឃើញ​ថា អ្នក​បំផ្លាញ​ព្រៃ​ឈើ​មួយ​ចំនួន​ចេញ​មក​ពី​អ្នក​មាន​អំណាច មាន​តួនាទី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋាភិបាល​តែ​ម្តង»

កាល​ពី​ខែ​មេសា ឆ្នាំ​២០១២ សកម្មជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​អំឡុង​ពេល​លោក​នាំ​អ្នក​កាសែត​ចុះ​ពិនិត្យ​មើល​បទល្មើស​ព្រៃ​ឈើ នៅ​ក្នុង​ខេត្ត​កោះកុង។ មក​ទល់​ពេល​នេះ យុត្តិធម៌​សម្រាប់​សកម្មជន​រូប​នេះ មិន​ទាន់​មាន​តម្រុយ​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។