ជនជាតិដើមភាគតិចភាគតិចទំពួន រស់នៅខេត្តរតនគិរីម្នាក់ ភ័យព្រួយពីសុវត្ថិភាព ក្រោយពីអាជ្ញាធរមូលដ្ឋានខេត្តនេះ បានកៀរគរ ក្រុមពលរដ្ឋរាប់រយនាក់ព្រួតគ្នាវាយលោក ដើម្បីគំរាមបង្ខំឱ្យលោក ដកពាក្យបណ្ដឹងពីតុលាការ។ លោកអះអាងថា ក្រុមពលរដ្ឋដែលព្រួតគ្នាវាយលោកនោះ ដឹកនាំដោយអាជ្ញាធរភូមិ ឃុំ និងអភិបាលស្រុក។
ជនជាតិដើមភាគតិចទំពួន ម្នាក់រស់នៅភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ នៅថ្ងៃទី៧ ខែកក្កដា អំពាវនាវឱ្យរដ្ឋាភិបាល និងសង្គមស៊ីវិលជួយអន្តរាគមន៍ ករណីដែលអភិបាលស្រុកលំផាត់ មេឃុំ មេភូមិ និងសមត្ថកិច្ចមូលដ្ឋាន ប្រើអំណាចបំពានច្បាប់ រំលោភសិទ្ធិពលរដ្ឋ ដែលជាអ្នកការពារធនធានធម្មជាតិ។ ការលើកឡើងនេះ បន្ទាប់ពីអាជ្ញាធរពាក់ព័ន្ធទាំងនេះ បានញុះញង់ពលរដ្ឋរាប់រយនាក់ ឱ្យព្រួតគ្នាប្រើហិង្សាវាយដំលើពលរដ្ឋម្នាក់ឈ្មោះ ឆន ផល្លា ដើម្បីគំរាមបំបាក់ស្មារតីឱ្យលោក ដកពាក្យបណ្ដឹងពីតុលាការវិញជាបន្ទាន់។
ជនជាតិដើមភាគតិចទំពួន ដែលជាជនរងគ្រោះ គឺលោក ឆន ផល្លា អះអាងថា ក្រុមពលរដ្ឋទាំងនោះ សុទ្ធជាអ្នកទទួលប្រយោជន៍ ពីការកាប់ទន្ទ្រានព្រៃសាធារណរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។ លោកបន្ថែមថា ក្រុមពលរដ្ឋដែលព្រួតគ្នាវាយលោក គឺដឹកនាំដោយ អភិបាលស្រុកលំផាត់ លោក នូ ថេរ មេឃុំសេដា លោក អង់ ប៊ុនធៀង ក្រុមប្រឹក្សាឃុំ និងមេភូមិ។ លើសពីនេះទៀត ក្រុមពលរដ្ឋទាំងនោះបានដកហូតទូរស័ព្ទដៃ ពីលោក និងឡោមព័ទ្ធផ្ទះរបស់លោកជាង ៣ម៉ោង បំណងគំរាមបណ្ដេញលោកចេញពីភូមិទៀតផង។ ចំណែកមេភូមិលោក ខាំផ សាវ៉ាត បានមកខ្សឹបប្រាប់លោក ឱ្យដកពាក្យបណ្ដឹងពីតុលាការ ទើបក្រុមពលរដ្ឋទាំងនោះឈប់ប្រើហិង្សា៖ «គេវាយខ្ញុំនៅមុខប៉ូលិស ខ្ញុំរត់ទៅឱ្យប៉ូលិសជួយ រឿងខ្ញុំប្ដឹងគេ គេអត់សុខចិត្ត គេមកបាតុកម្មគេវាយខ្ញុំ គេវាយខ្ញុំហើយៗ ខ្ញុំរត់ទៅកន្លែងមេប៉ុស្តិ៍ ឱ្យមេប៉ុស្តិ៍គាត់ជួយ គេតាមវាយខ្ញុំ ដកទូរស័ព្ទខ្ញុំចេញអស់ ។ ឥលូវមេភូមិហៅ ខ្ញុំទៅសារភាពពាក្យបណ្ដឹង » ។
ភរិយាលោក ឆន ផល្លា ជាជនជាតិដើមភាគតិចទំពួន គឺលោកស្រី ហាំ ស្លុង ខកចិត្តនៅគ្រាដែល អភិបាលស្រុក មេឃុំ សមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ បានឱបដៃឈរមើល ក្រុមពលរដ្ឋព្រួតគ្នាវាយតប់ប្តីរបស់លោកស្រី។ លោកស្រីថា ប្តីរបស់លោកស្រីបានរងរបួសធ្ងន់ ហើមមុខមាត់ និងបាក់ជើងខាងស្ដាំ ហើយក្រុមពលរដ្ឋទាំងនោះ បានគំរាមរុះរើផ្ទះរបស់លោកស្រីទៀតផង៖ «គេចង់គាស់ផ្ទះសម្បែង គេដាល់ប្ដីខ្ញុំមួយដៃពីជើង មាឌធំៗ គេចង់សម្លាប់ចោលផង គេចង់ដេញពីភូមិនេះចេញ គេអត់ឱ្យប្តីខ្ញុំនៅទេ។ ឥឡូវប្ដីខ្ញុំងើបអត់រួចទេ គាត់ឈឺធ្ងន់ណាស់ ហើមពេញមុខមាត់ » ។
អាស៊ីសេរីបានព្យាយាមទាក់ទង អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន និងអ្នកនាំពាក្យសាលាខេត្ត លោក នាង សំអាត ដើម្បីសុំការបំភ្លឺរឿងនេះ តែទូរស័ព្ទហៅចូលច្រើនដងគ្មានអ្នកទទួល នៅថ្ងៃទី៧ កក្កដា។
ចំណែកអភិបាលស្រុកលំផាត់លោក នូ ថេរ ថ្លែងថា លោកមិនបំភ្លឺរឿងនេះតាមទូរស័ព្ទនោះទេ៖ «អាណាថា ខ្ញុំធ្វើបាបពលរដ្ឋ ពលរដ្ឋមួយណា ? ស្ដាប់ ខ្ញុំសិនបើបងចង់ដឹងរឿង បងចុះមកមូលដ្ឋានផ្ទាល់ជាមួយខ្ញុំ » ។
ដោយឡែក ស្នងការខេត្តរតនគិរី លោក យិន សំណាន បដិសេធថា ការលើកឡើងរបស់លោក ឆន ផល្លា ជារឿងមិនពិតនោះទេ។ លោកថា ពលរដ្ឋដែលចោទនគរបាលមូលដ្ឋានថា មិនអន្តរាគមន៍ ករណីហិង្សានៅឃុំសេដា គឺជាការបំផ្លើសព័ត៌មាន៖ «ធ្វើទារុណកម្មពលរដ្ឋម្នាក់ ដែលលោកសួរ ខ្ញុំមិញគឺមិនមានទេ ហើយនគរបាលមិនជួយអន្តរាគមន៍ ពិតជាមិនមានទេ។ ធ្វើទារុណកម្ម គឺជាព័ត៌មានមិនពិត អ្វីដែលខ្លួនធ្វើខុសថា ខ្លាចហើយប្តឹងទៅលោក មិនមានបញ្ហាអ៊ីចឹងកើតឡើងទេបាទ អរគុណ » ។
ជនជាតិដើមភាគតិចទំពូន លោក ឆន ផល្លា បានប្ដឹងបរិហារអាជ្ញាធរពាក់ព័ន្ធ ឈ្មួញឈើ និងមន្ត្រីជំនាញ ទៅតុលាការខេត្តរតនគិរី ចំនួន ៧សំណុំរឿងមកហើយ ក្នុងនោះមាន ៣សំណុំរឿង សាលាដំបូងខេត្តនេះ តម្កល់ឥតចាត់ការ ហើយពួកគេបានប្ដឹងទាស់ទៅ សាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ សំណុំរឿងទាំងនោះ ភាគច្រើនជាបណ្ដឹងបរិហារអាជ្ញាធរពាក់ព័ន្ធ ពីបទអនុគ្រោះ បទល្មើសឧក្រិដ្ឋព្រៃឈើ និងមិនទប់ស្កាត់ការកាប់រានព្រៃខុសច្បាប់។ លើសពីនេះ លោក ឆន ផល្លា បានប្ដឹង អភិបាលស្រុកលំផាត់ លោក នូ ថេរ ពីបទគំរាមប្រើហិង្សា លើគ្រួសាររបស់លោក ប្រសិនបើតុលា ចាត់វិធានការមកលើលោក។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ខេត្តរតនគិរី លោក ឌិន ខន្នី ដែលចុះអង្កេតរឿងនេះ ថ្លែងថា ពិតមានការវាយដំលើលោក ឆន ផល្លា ពិតមែន ហើយលោកចាត់ទុកអំពើហិង្សានេះ ជាទង្វើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងជាវប្បធម៌អាក្រក់ក្នុងសង្គមប្រជាធិបតេយ្យ។ លោកថា អ្នកដែលប្រព្រឹត្តអំពើហិង្សា ទៅលើលោក ឆន ផល្លា ត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់៖ «ខ្ញុំយល់ឃើញថា អាជ្ញាធរធ្វើទង្វើបែបនេះ គឺមានន័យថា វាផ្ទុយពីតួនាទីខ្លួនឯង ព្រោះខ្លួនឯងមានតួនាទីក្នុងរដ្ឋ ហើយតួនាទីហ្នឹងគេយកទៅបម្រើពលរដ្ឋ ដើម្បីសម្របសម្រួលគំនិតរបស់ពលរដ្ឋ ដើម្បីកុំឱ្យមានការខ្វែងគំនិតគ្នា និងមានការយោគយល់គ្នា » ។
មន្ត្រីពង្រឹងសិទ្ធិអំណាចសហគមន៍ នៃសមាគមអាដហុក លោក ប៉ែន ប៊ុណ្ណារ៍ ពន្យល់ថា ប្រសិនបើអាជ្ញាធរញុះញង់ ពលរដ្ឋឱ្យបង្កហិង្សា បំណងគំរាមដើមបណ្តឹង ត្រូវជាប់ទោស ក្នុងមាត្រា៥២៩ នៃក្រមព្រហ្មទណ្ឌ ដោយត្រូវជាប់ពន្ធនាគារ ពី១ ឆ្នាំទៅ ៣ ឆ្នាំ។ លោកថា ការប្រើហិង្សាលើសកម្មជនបរិស្ថាននេះ គឺជាការគំរាមកំហែងបំបាក់ស្មារតី លើអ្នកការពារព្រៃឈើ ដែលជាផ្នែកមួយ ធ្វើឱ្យព្រៃឈើកាន់តែបាត់បង់៖ «វាជារូបភាពមួយ ដែលអាចឈានទៅដល់ លោក ឆន ផល្លាបាក់ស្បាត នឹងមិនមានបាត់បង់ព្រៃឈើកាន់តែអនាធិបតេយ្យ នៅពេលដែលសម្តេចតេជោ លោកព្រមានហើយ ស្រាប់តែមានរឿងហ្នឹងកើតឡើង វាហាក់ដូចជា ផ្គើនការចាត់ការរបស់នាយករដ្ឋមន្ត្រី » ។
កាលពីចុងខែមិថុនាកន្លងទៅ ឆន ផល្លា និងជនជាតិដើមភាគតិចម្នាក់ទៀត លោក ស៊ី ថាន់ញ៉ាន់ បានថ្លែង នៅចំពោះមុខព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ រាជធានីភ្នំពេញ លោក ជា ម៉េត ពីវិនាសកម្មព្រៃឈើធំធេង និងសកម្មភាពកាប់រំលំឈើមានតម្លៃ ក្នុងព្រៃសហគមន៍ភូមិសមុទ្រក្រោម និងក្នុងដែនជម្រកសត្វព្រៃលំផាត់ ពីសំណាក់ជនជាតិវៀតណាមរាប់រយនាក់ កាលពីឆ្នាំ២០១៦។ ពួកគេអះអាងថា ឧក្រិដ្ឋកម្មព្រៃឈើទាំងនេះ មានពាន់ព័ន្ធអាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ និងឈ្មួញឈើ សរុប ៩នាក់ គឺមេភូមិសមុទ្រក្រោម លោក ខាំ ផសាវ៉ាត មេឃុំសេដា លោក អង់ ប៊ុនធឿង អភិបាលស្រុកលំផាត់ លោក នូ ថេរ មេប៉ុស្តិ៍សេដា លោក គិរ ចាន់ណារិទ្ធ ប្រធានរដ្ឋបាលដែនជម្រកសត្វព្រៃលំផាត់ លោក សាន សានី អធិការស្រុកលំផាត់ លោក ហេង ចន្ធី ប្រធានមន្ទីរបរិស្ថាន លោក ថុន ខេមរិន និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
