ពលរដ្ឋរាប់រយច្រើនគ្រួសារ រស់នៅស្រុកកូនមុំ ខេត្តរតនគិរី ចោទក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL)ថា យកកាកសំណល់សំរាមជាច្រើនតោន ចាក់ចូលក្នុងបឹងធម្មជាតិមួយ ឈ្មោះបឹងសន្ធៅ បណ្ដាលឱ្យទឹកកង្វក់ និង ត្រីពុលងាប់។ អាជ្ញាធរស្រុកថា ក្រុមហ៊ុនកំពុងកាយសំរាមចេញពីបឹងនោះហើយ។
ពលរដ្ឋជាង ២០០គ្រួសារ រស់នៅភូមិប្រាំ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ត្អូញត្អែរពីការបាត់បង់ ទីកន្លែងនេសាទ និងមិនអាចប្រើប្រាស់ទឹកបឹងសន្ធៅបាន ដោយសារ ក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL) ប្រើប្រាស់រថយន្តដឹកសំរាមជាច្រើនតោន ចាក់ចូលក្នុងបឹងធម្មជាតិមួយនេះ ធ្វើឱ្យប៉ះពាល់បរិស្ថានធ្ងន់ធ្ងរ។
ប្រធានសហគមន៍នេសាទ រស់នៅភូមិប្រាំ ឃុំត្រពាំងច្រេស លោកស្រី ឌុក ចាន់នី ឱ្យដឹងនៅថ្ងៃទី៥ កក្កដាថា កាកសំណល់សំរាមរាប់សិបតោនត្រូវបានក្រុមហ៊ុនវៀតណាម ចាក់ចូលក្នុងបឹងទំហំ ៥០ម៉ែត្របួនជ្រុង ធ្វើឱ្យទឹកបឹងប្រែល្អក់ និងមានត្រីជាច្រើនប្រភេទពុលងាប់។ លោកស្រីថា កាកសំណល់ទាំងនោះ រួមមាន ថង់ប្លាស្ទិក ដប ចេក ត្រយូងចេកស្អុយរលួយ និងកាកសំណល់ផ្សេងទៀតដែលក្រុមហ៊ុនដឹកមកចាក់ក្នុងបឹងនេះជាង ៣ខែមកហើយ។ ចំណែក ពលរដ្ឋជាង ២០០គ្រួសារ មិនអាចពង្រាយមងនេសាទត្រីក្នុងបឹងនេះទៀតទេ ដោយសារទឹកប្រែព័ណ៌កខ្វក់ ហើយពលរដ្ឋខ្លះកើតរមាស់ដោយសារទឹកនោះទៀតផង៖ «មានតាំងពីថង់ប្លាស្ទិក គាត់ចាក់ហើយ ឥឡូវគាត់លុបដីធំដែលប្រហែលជា ៥០ម៉ែត្រ បួនជ្រុង។ ពួកខ្ញុំចុះទៅមើលហើយ អត់ទាន់ចាក់ទេ ដល់ពេលក្រោយមកពួកគាត់ចាក់ ដីហ្នឹងលុប។ លុបក៏អត់ជិតដែរ ដល់ពេលវារលួយចេកហ្នឹង ទឹកឡើងខៀវ ហើយមានត្រីងាប់ ពលរដ្ឋចុះទៅដាក់មងអត់បាន ដល់ពេលចុះទឹកវារមាស់ រមាស់ខ្លួន » ។

អាស៊ីសេរីមិនទាន់អាចទាក់ទងតំណាងក្រុមហ៊ុនវៀតណាម ហ័ងអាញ់ យ៉ាឡាយ (Hoang AnhGia Lai (HAGL) ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់នេះបាននៅឡើយទេ នៅថ្ងៃទី៥ កក្តដា។
កាលពីដើមខែមិថុនាកន្លងទៅប្រជាសហគមន៍នេសាទ ៥៩គ្រួសារបានផ្តិតមេដៃ ស្នើឱ្យអភិបាលស្រុកអន្តរាគមន៍បញ្ឈប់ការចាក់សំរាមចូលក្នុងបឹង និងស្នើឱ្យក្រុមហ៊ុនទទួលខុសត្រូវ ពីការបំផ្លាញបរិស្ថានទ្រង់ទ្រាយធំនេះ។
ឆ្លើយតបរឿងនេះ អភិបាលស្រុកកូនមុំ លោក សេង ហៃ មានប្រសាសន៍ថា អាជ្ញាធរស្រុកបានរុញឱ្យតំណាងក្រុមហ៊ុនទទួលខុសត្រូវរឿងនេះ និងត្រូវស្ដារសំរាមចេញពីបឹងឱ្យអស់។ លោកថា ក្រុមហ៊ុនកំពុងស្តារសំរាមចេញពីបឹង ហើយអាជ្ញាធរបានបង្គាប់ឱ្យតំណាងក្រុមហ៊ុនធ្វើកិច្ចសន្យាបញ្ឈប់៖ «យើងធ្វើបានធ្វើកិច្ចសន្យាឱ្យគេស្ដារ បើគេស្ដារមិនស្អាត ក៏យើងនៅតែជំរុញឱ្យគេស្តារឱ្យគាត់ទៀតដែរ។ យើងអត់បានឱ្យគាត់ផ្ដល់សំណងផងបាទគ្រាន់តែឱ្យគាត់ស្ដារស្អាតឱ្យយើងឡើងវិញ » ។
ប្រធានសហគមន៍នេសាទ លោកស្រី ឌុក ចាន់នី យល់ថា បើទោះបីជាក្រុមហ៊ុនបានស្ដារ និងចាក់ដីលុបសំរាមបែបនេះក្តី ក៏មិនអាចធ្វើឱ្យបរិស្ថានផ្ទៃបឹងល្អដូចដើមដែរ ព្រោះកាកសំណល់ស្អុយរលួយជាច្រើនបានហូរចូលបឹង ធ្វើប៉ះពាល់ជម្រកត្រីពងកូន គុណភាពទឹក និងបំពុលជីវចម្រុះ៖ «កាលណាយើងចាក់ដីហ្នឹង ពេញបឹងសន្ធៅហ្នឹងទៅ វាបណ្ដាលឱ្យភ្លៀងមកវាចាល់ ទឹកហូរដល់ទន្លេ ជូនអីមុជទឹកទន្លេរមាស់ដែរតើ ព្រោះអីវាហៀរពីបឹងសន្ធៅហ្នឹង ធ្វើឱ្យរមាស់ដល់ទន្លេដែរ » ។
បឹងសន្ធៅមានបណ្ដោយប្រហែល ១គីឡូម៉ែត្រ និងទទឹងពី ២០០ម៉ែត្រទៅ ៤០០ម៉ែត្រ។ បឹងនេះជាដៃទន្លេស្រែពក ឋិតនៅភូមិប្រាំ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរតនគិរី។ សហគមន៍ថា បឹងសន្ធៅ គឺជាជង្រុកបក្សីរកចំណី កន្លែងត្រីពងកូន និងជាកន្លែងសត្វស្វាព្រៃចុះផឹកទឹកផងដែរ។
នាយកប្រតិបត្តិអង្គការបណ្ដាញការពារទន្លេបី លោក លាង ប៊ុនលាភ សង្កេតឃើញថា បឹងសន្ធៅជាទីតាំងដែលត្រីជាច្រើនប្រភេទ ច្រាលពីទន្លេស្រែពក ទៅពងកូន ក្នុងបឹងនោះក្នុងរដូវបិទនេសាទ ហើយការចាក់សំរាមនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ត្រីកម្រទាំងនោះ។ លោកបារម្ភថា សំរាមទាំងនោះ នឹងបណ្ដាលឱ្យបរិមាណត្រីក្នុងបឹងថយចុះច្រើន ដែលទាមទារឱ្យក្រុមហ៊ុនត្រូវស្តារសំរាមចេញពីបឹងទាំងអស់៖ «ការស្ដារលុះត្រាតែគាត់យកសំរាមចេញចោលទាំងអស់។ រឿងដែលជាកង្វល់របស់សហគមន៍ ចំពោះសំរាមមិនអាចចោលពាសវាលពាសកាលអីទេ។ វាមានកន្លែងត្រូវទុកដាក់ ឱ្យត្រឹមត្រូវ ជាពិសេសប្លាស្ទិក ជារឿងមួយដែលកង្វក់ ដីសម្បទានទទួលផលរឿងហ្នឹងហើយ បែរជាកាកសំណល់យកមកបំផ្លាញពលរដ្ឋនៅសហគមន៍ » ។
មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា អាជ្ញាធរមូលដ្ឋានត្រូវតាមដានដោយយកចិត្តទុកដាក់រឿងនេះ និងត្រូវធានាថាថា ក្រុមហ៊ុនត្រូវតែប្រមូលសំរាមទាំងអស់ចេញពីបឹង ព្រោះកាកសំណល់សំរាមទាំងនោះ ជាប្រភពនៃការបំពុលបរិស្ថានរយៈពេលវែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
