អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) ពិភាក្សាបញ្ហាក្រមបរិស្ថាន សិទ្ធិដីធ្លី និងបញ្ហាប្រឈមនៃការអភិវឌ្ឍប្រកបដោយតុល្យភាព ចំពោះការអភិរក្ស និងសិទ្ធិរបស់សហគមន៍ដែលទទួលផលប៉ះពាល់ ក្នុងជំនួបការងារជាមួយរដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។
អ្នកស្រី រ៉ូណា ស្មីត នៅថ្ងៃទី៧ វិច្ឆិកា នេះ បានជួបពិភាក្សាការងារដាច់ដោយឡែកជាមួយនឹងមន្ត្រីរបបក្រុងភ្នំពេញ ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងបរិស្ថានលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកស្រី អៀត សុភា។
ក្នុងជំនួបជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន អ្នកស្រី រ៉ូណា ស្មីត បានស្នើសុំឲ្យរដ្ឋមន្ត្រីរូបនេះ ធ្វើបច្ចុប្បន្នភាពបន្ថែមអំពីដំណើរការនៃដំណោះស្រាយបញ្ហាដីធ្លី នៅខេត្តកោះកុង ដែលអ្នកស្រីទទួលបានញត្តិពីពលរដ្ឋដែលមានជម្លោះដីធ្លីនៅទីនោះ។
អ្នកនាំពាក្យក្រសួងបរិស្ថានលោក នេត្រ ភ័ក្ត្រា ប្រាប់អាស៊ីសេរីថា ក្រសួងបរិស្ថានបានរៀបចំក្រុមការងារដោះស្រាយបញ្ហាដីធ្លី និងបានកំណត់អត្តសញ្ញាណជនរងគ្រោះ និងអ្នកប៉ះពាល់រួចរាល់ហើយ៖ «លោករដ្ឋមន្ត្រី បានជម្រាបជូនអំពីការវិវត្តថ្មីៗជុំវិញដំណោះស្រាយនេះ គឺក្រុមការងារដោះស្រាយបញ្ហាដីធ្លី បានកំណត់នូវអត្តសញ្ញាណរបស់ជនរងគ្រោះ អ្នកដែលប៉ះពាល់ដោយផ្ទាល់ទៅលើបញ្ហាហ្នឹង គឺធ្វើម៉េចឲ្យមានការដោះស្រាយបានសមស្រប។ ចំពោះកិច្ចការងារនេះ គឺក្រសួងបរិស្ថានបានជម្រាបជូនថា យើងបានធ្វើការដោះស្រាយហើយ ហើយយើងនឹងឈានទៅរកការបិទបញ្ចប់នាពេលខាងមុខ ទៅលើកិច្ចការងារទាំងអស់នេះ»។
លោក នេត្រ ភក្ត្រា ឲ្យដឹងដែរថា នៅក្នុងជំនួបនោះ អ្នកស្រី រ៉ូណា ស្មីត បានប្រាប់ទៅលោក សាយ សំអាល់ អំពីកង្វល់ និងបញ្ហានានារបស់ពលរដ្ឋដែលមានទំនាស់ដីធ្លី តាមរយៈញត្តិដែលអ្នកស្រីទទួលបានពីក្រុមពលរដ្ឋ ហើយអ្នកស្រីនឹងរៀបចំបញ្ជូនញត្តិរបស់ពលរដ្ឋទាំងនោះទៅក្រសួងឲ្យជួយពិនិត្យដោះស្រាយបញ្ហានេះ។
លោក នេត្រ ភក្ត្រា គូសបញ្ជាក់ថា ខាងក្រសួងបរិស្ថានបានដោះស្រាយទំនាស់ដីធ្លីដែលពាក់ព័ន្ធនឹងសម្បទានដីសេដ្ឋកិច្ចនាពេលកន្លងទៅ ដោយបានដកហូតមកវិញនូវគម្រោងវិនិយោគទាំងឡាយណា របស់ក្រុមហ៊ុនមួយចំនួនដែលមិនបានអនុវត្តទៅតាមផែនការសកម្មភាព និងកិច្ចសន្យា ឬបង្កឲ្យមានការប៉ះពាល់។ លោកថា ក្រសួងក៏បានធ្វើការពិនិត្យឡើងវិញទៅលើថេរវេលានៃការវិនិយោគ លើដីសម្បទានសេដ្ឋកិច្ច ដោយបានកាត់បន្ថយពី ៩៩ ឬ ៧០ ឆ្នាំ មកនៅត្រឹម ៥០ ឆ្នាំវិញ៖ «សម្បទានដីសេដ្ឋកិច្ចដែលយើងបានធ្វើការពិនិត្យមើលឡើងវិញ គឺយើងបានប្រគល់ទៅឲ្យក្រសួងកសិកម្ម តាមការធ្វើកំណែទម្រង់ស៊ីជម្រៅរវាងស្ថាប័នអភិរក្ស និងស្ថាប័នអភិវឌ្ឍន៍ រវាងការបែងចែកតួនាទីភារកិច្ចរវាងក្រសួងកសិកម្ម និងក្រសួងបរិស្ថាន។ ចំពោះការពិនិត្យឡើងវិញលើសម្បទានដីសេដ្ឋកិច្ចនេះ គឺបានជួយឲ្យយើង ដោះស្រាយនូវបញ្ហាដីធ្លី និងជម្លោះមួយចំនួន។ យើងឃើញថា សម្រាប់ការគ្រប់គ្រងរបស់ក្រសួងបរិស្ថាននេះ បញ្ហាទាំងអស់គឺ ស្ទើរតែដោះស្រាយបានចំពោះបញ្ហាជម្លោះដីធ្លី ។ យើងនៅសល់បញ្ហាតិចតួចបំផុតដែលយើងបន្តដោះស្រាយ បន្តទៅទៀតទៅលើការងារទាំងអស់ហ្នឹង»។
ក្រៅពីបញ្ហាដីធ្លី ភាគីទាំងពីរក៏បាន លើកឡើងពាក់ព័ន្ធនឹងបញ្ហាសំខាន់ៗមួយចំនួន ដូចជាករណីកំណែទម្រង់នៅក្នុងក្រសួងបរិស្ថាន ការងារអភិរក្ស ការងារការពារធនធានធម្មជាតិ ការគ្រប់គ្រងទៅលើសំណល់រឹង និងរាវ សំរាម ក្នុងក្របខ័ណ្ឌនៃក្រសួងបរិស្ថាន។
នៅថ្ងៃទី៧ វិច្ឆិកា នេះដែរ អ្នកស្រី រ៉ូ ណាស្មីត ក៏មានជំនួបដាច់ដោយឡែកជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ដោយបានពិភាក្សាអំពីវឌ្ឍនភាពនៃថវិកាជាតិ និងការធ្វើកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា។ ហ្វេសប៊ុករបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ឲ្យដឹងថា ក្នុងជំនួបនោះ លោក អូន ព័ន្ធមុនីរ័ត្ន បានធ្វើបច្ចុប្បន្នភាពដល់អ្នករាយការណ៍ពិសេសសស្ដីពីសេចក្ដីសង្ខេបថវិកា និងផែនការ សម្រាប់វិមជ្ឈការហិរញ្ញវត្ថុ និងការធានាគណនេយ្យភាព និងតម្លាភាពនៅថ្នាក់ជាតិ និងនៅថ្នាក់ក្រោមជាតិ។
នៅថ្ងៃដដែលនេះ អ្នកស្រី រ៉ូណា ស្មីត ក៏បានជួបពិភាក្សាជាមួយរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ អ្នកស្រី អៀត សុភា ដោយអ្នកស្រីបានលើកឡើងអំពីរបកគំហើញបឋមនៃដំណើរបេសកកម្មរបស់អ្នកស្រីនៅកម្ពុជាចុងក្រោយនេះ។ ហ្វេសប៊ុករបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា ឲ្យដឹងថា ក្រសួងការបរទេស បានទទួលស្គាល់ថា មានកិច្ចការបន្ថែមទៀតត្រូវធ្វើ ដើម្បីពង្រឹងការការពារ និងការលើកស្ទួយសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា នឹងបិទបញ្ចប់ដំណើរទស្សនកិច្ចការងាររយៈពេល ១១ថ្ងៃ របស់អ្នកស្រីមកកម្ពុជា នៅថ្ងៃស្អែក ដោយអ្នកស្រីនឹងធ្វើសន្និសីទកាសែតមួយ ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់អ្នកស្រីនេះ។ អ្នកស្រីនឹងធ្វើរបាយការណ៍ពីស្ថានភាពសិទ្ធិមនុស្សកម្ពុជាទៅអង្គការសហប្រជាជាតិ នៅខែកញ្ញា ឆ្នាំ២០១៩ ខាងមុខ៕
