ក្រុមការងារស្រង់ស្ថិតិផលប៉ះពាល់ប្រជាពលរដ្ឋទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅខេត្តស្ទឹងត្រែង កំណត់ឱសានវាទឲ្យប្រជាពលរដ្ឋសហការផ្តល់ទិន្នន័យផលប៉ះពាល់ជូនក្រុមការងារ ដើម្បីក្រុមការងារមានមូលដ្ឋានគ្រប់គ្រាន់គណនា និងទូទាត់ដោះស្រាយសំណងជូនពលរដ្ឋបានគ្រប់ក្រុមគ្រួសារ ខណៈប្រជាពលរដ្ឋប្រមាណ ៣០ភាគរយនៃអ្នករងផលប៉ះពាល់ជាង ១ពាន់គ្រួសារ មិនព្រមទទួលយកសំណង។
ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ គឺជាថ្ងៃចុងក្រោយនៃការស្រង់ស្ថិតិសម្រាប់ប្រជាពលរដ្ឋរងផលប៉ះពាល់ ទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៅស្រុកសេសាន ខេត្តស្ទឹងត្រែង។
ប្រជាពលរដ្ឋរស់នៅឃុំស្រែគរ១ និងស្រែគរ២ ឃុំស្រែគរ ជិត ១០០នាក់ បានចូលរួមស្តាប់ការផ្សព្វផ្សាយលិខិតជូនដំណឹងស្ដីពីឱសានវាទនេះ តាមរយៈអាជ្ញាធរឃុំស្រែគរ នៅថ្ងៃទី២៨ ខែមេសា នៅសាលាបុណ្យវត្តស្រែគរ ក៏ប៉ុន្តែមានប្រជាពលរដ្ឋដែលមិនទាន់យល់ព្រមទទួលសំណងផលប៉ះពាល់ប្រមាណ ១០នាក់ប៉ុណ្ណោះ បានទៅចូលរួមស្តាប់ការផ្សព្វផ្សាយនេះ។
មេឃុំស្រែគរ លោក សៀក មេគង្គ ថ្លែងបញ្ជាក់ថា អាជ្ញាធរមូលដ្ឋានមិនបានបង្ខំ ឬដាក់គំនាបណាមួយឲ្យប្រជាពលរដ្ឋយល់ព្រមទទួលសំណងផលប៉ះពាល់នោះទេ ក៏ប៉ុន្តែលោកថា អាជ្ញាធរមានតួនាទីផ្សព្វផ្សាយការជូនដំណឹងឱសានវាទជូនប្រជាពលរដ្ឋដើម្បីជ្រាប និងប្រើសិទ្ធិសម្រេចចូលរួមសហការ។ លោកអំពាវនាវសុំឲ្យប្រជាពលរដ្ឋ ចូលរួមគោរពច្បាប់ និងអនុវត្តកាតព្វកិច្ចចូលរួមការអភិវឌ្ឍដើម្បីផលប្រយោជន៍ជាតិ៖ « គោលបំណងប្រជុំថ្ងៃនេះ គឺអាទិភាពប្រជុំផ្សព្វផ្សាយពីឱសានវាទនេះ។ ប្រើអំណាចបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋទេ សិទ្ធិអំណាចតួនាទីថ្នាក់ខេត្តបានសម្រេចជាឯកច្ឆន្ទ ហើយបានចេញជាផ្លូវការ »។
រដ្ឋបាលខេត្តស្ទឹងត្រែង ចេញលិខិតជូនដំណឹងស្ដីពីឱសានវាទនេះ ដល់ប្រជាពលរដ្ឋដែលមិនទាន់យល់ព្រមឲ្យក្រុមការងារវាស់វែងស្ថិតិដីធ្លី ផ្ទះសម្បែង ផលដំណាំ ខណៈពួកគាត់ដែលនឹងត្រូវប្ដូរទីលំនៅទៅតំបន់តាំងទីលំនៅថ្មី។
នៅឃុំស្រែគរ ប្រជាពលរដ្ឋជាង ៥០០គ្រួសាររងផលប៉ះពាល់ពីគម្រោងសាងសង់ទំនប់វារីអគ្គិសនី ក្នុងនោះប្រជាពលរដ្ឋជាង ២៥០គ្រួសារ បានយល់ព្រមទទួលសំណងផលប៉ះពាល់។ ដោយឡែកប្រជាពលរដ្ឋជិត ២៤០គ្រួសារទៀត មិនព្រមទទួលសំណង និងមួយចំនួនបដិសេធមិនព្រមចាកចេញពីភូមិចាស់។
អ្នកភូមិដែលមិនព្រមចាកចេញម្នាក់ដែលបានមកស្តាប់ការផ្សព្វផ្សាយលិខិតជូនដំណឹងឱសានវាទ លោកស្រី ដាត ស៊ូតា រស់នៅភូមិស្រែគរ២ បញ្ជាក់ថា អ្នកភូមិមួយចំនួននៅស្ដាយស្រណោះភូមិកំណើត ទើបមិនព្រមចាកចេញ។ លោកស្រីបន្តថា សំណងផលប៉ះពាល់របស់រាជរដ្ឋាភិបាល និងក្រុមហ៊ុន គឺសមស្រប ក៏ប៉ុន្តែអ្នកភូមិស្នើសុំរស់នៅទីតាំងភូមិចាស់ បើទោះតំបន់នោះក្លាយជាអាងស្តុកទឹកក្តី៖ « យើងខ្ញុំមិនថ្នាំងថ្នាក់អ្វីទេរឿងបេះមិនដាច់ពីភូមិកំណើត។ ខ្លាចដូចភូមិចាស់វាមានឈើគ្រុនអបិយជំនឿ ហើយស្លាប់តគ្នារហូតមួយថ្ងៃមួយៗ បានជាខ្ញុំផ្លាស់មកនៅភូមិនេះបានសុខសាន្ត ហើយខ្ញុំមិនទៅទេ »។
គម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ជាគម្រោងខ្នាតធំទី១ នៅប្រទេសកម្ពុជា ដែលអនុម័តដោយសម័យប្រជុំរបស់គណៈរដ្ឋមន្ត្រីកាលពីខែវិច្ឆិកា ឆ្នាំ២០១២។ ទំនប់វារីអគ្គិសនីនេះ គ្រោងនឹងសាងសង់រួចរាល់នៅចុងឆ្នាំ២០១៦ ឬដើមឆ្នាំ២០១៧ ខាងមុខ។ តាមការកំណត់ នៅអំឡុងខែមេសា ឆ្នាំ២០១៧ គម្រោងនឹងចាប់ផ្ដើមបិទទំនប់ទឹក។
ទីប្រឹក្សាអង្គការបណ្ដាញការពារទន្លេសេសាន ស្រែពក និងសេកុង លោក មៀច មាន កត់សម្គាល់ថា ប្រជាពលរដ្ឋមួយចំនួនហាក់មិនទាន់ទទួលបានព័ត៌មានទូលំទូលាយស្ដីពីគម្រោងសាងសង់ទំនប់ និងសំណងផលប៉ះពាល់នៅឡើយ ទើបពួកគេជំទាស់មិនព្រមផ្តល់ទិន្នន័យផលប៉ះពាល់ និងខ្លះមិនព្រមទទួលយកគម្រោងនេះ។ លោកថា អ្នកភូមិគួរចូលរួមទទួលព័ត៌មាន និងផ្តល់ទិន្នន័យផលប៉ះពាល់ រួមទាំងបង្កើតក្រុមការងារជួបពិភាក្សាជាមួយអាជ្ញាធរពាក់ព័ន្ធស្ដីពីសំណងផលប៉ះពាល់ ឬផលលំបាកផ្សេងៗដែលអ្នកភូមិតវ៉ា ដើម្បីរួមគ្នាដោះស្រាយបញ្ហានៅសេសសល់៖ « រៀបចំផ្សព្វផ្សាយមួយសាទៀត ឬរៀបចំអង្គប្រជុំផ្សព្វផ្សាយមួយសាទៀត។ ស្នើសុំឲ្យសហគមន៍ទាំងអស់ មិនថាអ្នកទទួលយកហើយក្តី អ្នកមិនទាន់ទទួលយកគោលការណ៍សំណងក្តី ក៏សូមអញ្ជើញចូលរួមស្តាប់ »។
ទាក់ទិនករណីនេះដែរ អ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង បញ្ជាក់ថា ប្រជាពលរដ្ឋនៅតែមានសិទ្ធិជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធស្ដីពីការតវ៉ា និងសំណងផលប៉ះពាល់អ្នកភូមិ។ លោកថា គម្រោងមិនអាចបញ្ឈប់បានទេ ហេតុនេះប្រជាពលរដ្ឋត្រូវសហការផ្តល់ទិន្នន័យផលប៉ះពាល់ ដើម្បីទទួលសំណងពីគម្រោងអភិវឌ្ឍន៍មួយនេះ៖ « យើងនៅតែពិភាក្សាជាមួយគាត់ ដើម្បីរកដំណោះស្រាយ ឲ្យគាត់ផ្តល់ព័ត៌មានសិក្សាស្វែងយល់ទាំងអស់គ្នា។ ចៀសមិនរួចទេកន្លែងហ្នឹង ត្រូវតែលិច ហើយគាត់ត្រូវតែរើហើយ។ យើងមិនទុកឲ្យពួកគាត់នៅលិចលង់អ៊ីចឹងបានទេ »។
យ៉ាងណាក៏ដោយ លិខិតឱសានវាទអំពាវនាវឲ្យប្រជាពលរដ្ឋមិនព្រមផ្តល់ទិន្នន័យផលប៉ះពាល់ឲ្យរួសរាន់សហការដើម្បីបុព្វហេតុជាតិ និងការអភិវឌ្ឍ។ បន្ថែមលើនេះទៀត រដ្ឋបាលខេត្តស្ទឹងត្រែង មិនទទួលខុសត្រូវការបាត់បង់ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលមិនសហការផ្តល់ទិន្នន័យផលប៉ះពាល់នោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។