ប្រទេស​សិង្ហបុរី រង​ការ​រិះគន់​ថា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​នាំចូល​ខ្សាច់​ខុសច្បាប់

ដោយ ម៉ៅ សុធានី
2018.07.04
5 ឆ្នេរ​ខ្សាច់ នៅ​កោះ​ស្រឡៅ ខេត្ត​កោះកុង។ រូប​ថ្ងៃ​ទី៦ ខែ​សីហា ឆ្នាំ​២០១៧។
RFA

ប្រទេស​សិង្ហបុរី ដែល​ជា​ប្រទេស​នាំចូល​ខ្សាច់​ដ៏​ធំជាង​គេ​បំផុត​ក្នុង​ពិភពលោក រង​ការរិះគន់​យ៉ាង​ខ្លាំង​ថា ជាប់​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​នាំ​ខ្សាច់​ចូល​ប្រទេស​ខ្លួន ដោយ​ខុសច្បាប់ ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ។

កាសែត​អង់គ្លេស ឈ្មោះ ដឺ ហ្គាឌៀន (The Guardian) ចុះផ្សាយ​អត្ថបទ​នៅ​ថ្ងៃទី៣ ខែ​កក្កដា នេះ ថា រដ្ឋាភិបាល​សិង្ហបុរី បាន​ប្រកាស​ថា បាន​នាំចូល​ខ្សាច់​ចំនួន ៣លាន​តោន ពី​ប្រទេស​ម៉ាឡេស៊ី កាលពី​ឆ្នាំ​២០០៨ ក៏ប៉ុន្តែ​ស្ថិតិ​ពី​ខាង​រដ្ឋាភិបាល​ម៉ាឡេស៊ី​វិញ គឺ​មាន​ចំនួន​ដល់​ទៅ ១៣៣​លាន​តោន ដែល​ខ្សាច់​ទាំងនោះ​រង​ការ​ចោទ​ថា ជា​ការ​រត់ពន្ធ​នាំចូល​ដោយ​ខុសច្បាប់។

ក្រៅពី​នាំចូល​ខ្សាច់​ពី ប្រទេស​ម៉ាឡេស៊ី សិង្ហបុរី ក៏បាន​នាំ​ខ្សាច់​ចូល​ពី​ប្រទេស​ឥណ្ឌូណេស៊ី វៀតណាម និង​កម្ពុជា​ផង​ដែរ។

សកម្មជន​បរិស្ថាន​នៅ​កម្ពុជា បាន​រក​ឃើញ​ស្ថិតិ​នៃ​ការនាំចេញ​ខ្សាច់​ពី​កម្ពុជា ទៅ​សិង្ហបុរី របស់​អង្គការ​សហប្រជាជាតិ មានការ​ខុសគ្នា​ជា​ខ្លាំង រវាង​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ។ ស្ថិតិ​រដ្ឋាភិបាល​សិង្ហបុរី បង្ហាញ​ថា បាន​នាំចូល​ខ្សាច់​ពី​កម្ពុជា ចំនួន​ជិត ៧៤លាន​តោន ប៉ុន្តែ​ស្ថិតិ​រដ្ឋាភិបាល​កម្ពុជា​វិញ ថា​បាន​នាំចេញ​ខ្សាច់ ចំនួន​ជិត ៣លាន​តោន ប៉ុណ្ណោះ ចាប់ពី​ឆ្នាំ​២០០៧​មក។

រដ្ឋាភិបាល​កម្ពុជា បាន​ហាម​សកម្មភាព​បូម​ខ្សាច់​ពី​ទន្លេ កាលពី​ឆ្នាំ​២០០៩ ដោយសារ​ផលវិបាក​នានា​ផ្នែក​បរិស្ថាន បណ្ដាល​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ស្ថានភាព​រស់នៅ​របស់​ពលរដ្ឋ​មូលដ្ឋាន នៅ​តំបន់​ទាំងនោះ។ ក៏ប៉ុន្តែ នៅ​ឆ្នាំ​២០១០ អង្គការក្រៅរដ្ឋាភិបាល​អង់គ្លេស​ឈ្មោះ Global Witness បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ ដោយ​ចោទ​រដ្ឋាភិបាល​សិង្ហបុរី ថា បាន​ទិញ​ខ្សាច់​ខុសច្បាប់ ពី​ក្រុមហ៊ុន​បូម​ខ្សាច់ នៅ​ខេត្ត​កោះកុង។

ទោះជា​យ៉ាង​នេះ​ក្តី រដ្ឋាភិបាល​សិង្ហបុរី អះអាង​ថា ការ​នាំចូល​ខ្សាច់​ទាំងឡាយ ត្រូវ​គោរព​តាម​បទដ្ឋាន​ដែល​បាន​កំណត់​ដោយ​ច្បាប់។

ប្រទេស​សិង្ហបុរី កំពុង​ត្រូវការ​ខ្សាច់​ជា​ខ្លាំង​ដើម្បី​ពង្រីក​ទឹកដី​របស់​ខ្លួន។ ប្រទេស​នេះ ក៏​រង​ការ​ចោទប្រកាន់​ថា ក្រៅ​តែ​ពី​នាំចូល​ខ្សាច់​ដោយ​ខុសច្បាប់ សិង្ហបុរី ក៏​ជាប់​ពាក់ព័ន្ធ​រាល់​គ្រប់​ទម្រង់​នៃ​ការ​លួច​ខ្សាច់។ ឧទាហរណ៍​ដូច​ជា ជួល​មនុស្ស​ដែល​លួច​បូម និង​ដឹក​ខ្សាច់​ពី​ឆ្នេរ​សមុទ្ទ​នៅ​ពេល​យប់ ហើយ​ក្រុម​នាវា​យាមល្បាត​របស់​សិង្ហបុរី មិនបាន​ព័ទ្ធ​ស្ទាក់​ទូក​ដឹក​ខ្សាច់​ទាំងនោះ​ដែល​បាន​យក​ទៅ​លក់​ឲ្យ​ក្រុម​ឈ្មួញ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។