តុលាការកំពូល នៅថ្ងៃទី១៨ ឧសភា នេះ សម្រេចបង្វិលសំណុំរឿងអតីតសកម្មជនមាតាធម្មជាតិពីររូប គឺលោក ហ៊ុន វណ្ណៈ និង លោក ឌឹម គុនឌី ឱ្យសាលាឧទ្ធរណ៍ជំនុំជម្រះឡើងវិញ។
អតីតសកម្មជនមាតាធម្មជាតិ លោក ហ៊ុន វណ្ណៈ ថ្លែងថា លោកខកចិត្តចំពោះតុលាការកំពូល ដែលមិនហ៊ានផ្ដល់យុត្តិធម៌ដល់ពួកលោក ទោះជាដឹងថា ពួកលោកគ្មានកំហុសអ្វីក៏ដោយ។ លោកថា ការសម្រេចបែបនេះ ធ្វើឱ្យសំណុំរឿងនេះកាន់តែអូសបន្លាយគ្មានកាលកំណត់ ដែលប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់លោកក្នុងនាមជាពលរដ្ឋ៖ «លទ្ធផលដែលចេញមកព្រឹកមិញហ្នឹង គឺយើងអត់ពេញចិត្តទាល់តែសោះតែម្ដង។ យើងត្រូវបានគេកាត់ទោសដោយអយុត្តិធម៌ហើយ។ រំខានពេលយើងមកដល់ថ្ងៃនេះ វាច្រើនតទៅទៀត វាស្មុគស្មាញ វារំខានយើងរហូតមែនទែនតែម្ដង»។
តុលាការកំពូលបានបើកសវនាការរឿងក្តីនេះ កាលពីថ្ងៃទី១១ ឧសភា ហើយតំណាងមហាអយ្យការបានធ្វើសេចក្ដីសន្និដ្ឋានថា សំណុំរឿងនេះគ្មានធាតុផ្សំនៃបទល្មើសគ្រប់គ្រាន់ឡើយ។ ចំណែក មេធាវីវិញបានលើកឡើងពីអង្គហេតុ និងអង្គច្បាប់ជាច្រើនមកបកស្រាយថា កូនក្តីទាំងពីររូបមិនមានកំហុសអ្វីឡើយ។ ទោះជាយ៉ាងណា តុលាការកំពូលមិនបានទម្លាក់ចោលបទចោទលើពួកគេឡើយ ដោយត្រឹមចេញសាលដីកាបង្វិលសំណុំរឿងនេះឱ្យសាលាឧទ្ធរណ៍ជម្រះឡើងវិញ។
មេធាវីការពារក្ដីឱ្យអតីតសកម្មជនមាតាធម្មជាតិ លោក សំ ចំរើន មានប្រសាសន៍ថា ការសម្រេចបែបនេះផ្ដល់ផលវិជ្ជមានខ្លះដល់សំណុំរឿង ប៉ុន្តែកូនក្តីរបស់លោកទាំងពីរនៅតែមិនទាន់ទទួលបានយុត្តិធម៌នៅឡើយ៖ «ជាសញ្ញាណវិជ្ជមាន ជាចំណុចវិជ្ជមានមួយនៃរឿងក្តីហ្នឹងហើយក្នុងការស្វែងរកសុចរិតភាព និងស្វែងរកយុត្តិធម៌សម្រាប់អ្នកទាំងពីរហ្នឹង តែយើងយល់ថា តុលាការកំពូលនៅតែគោរពគោលការណ៍នៃការសន្មតទុកជាមុនថាគ្មានទោសហ្នឹង មិនបានស៊ីជម្រៅ និងពេញលេញ»។
កាលពីចុងខែសីហា ឆ្នាំ២០១៩ សាលាឧទ្ធរណ៍បានតម្កល់សាលក្រមតុលាការខេត្តកោះកុង ដែលផ្ដន្ទាទោសអតីតសកម្មជនទាំងពីររូប ទុកជាបានការដដែល។ តុលាការខេត្តកោះកុង បានកាត់ទោសយុវជនទាំងពីររូបឱ្យជាប់ពន្ធនាគារម្នាក់ ១ឆ្នាំ និងពិន័យម្នាក់ ១លានរៀល ពីបទ “ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍” និង “ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល” ក្រោយពេលពួកគេជិះទូកថតរូបកប៉ាល់ដឹកខ្សាច់ក្នុងលំហសមុទ្រ នៅឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង កាលពីខែកញ្ញា ឆ្នាំ២០១៧។
ភាគីដើមបណ្ដឹង គឺជាតំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសកោះកុង (SEZ Koh Kong) របស់ឧកញ៉ា លី យ៉ុងផាត់ ដែលជាសមាជិកព្រឹទ្ធសភាគណបក្សកាន់អំណាច និងជាអ្នកជំនួញស្និទ្ធនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ភាគីដើមបណ្ដឹងនោះ មិនដែលបានបង្ហាញវត្តមានម្ដងណាឡើយ តាំងពីដំណាក់កាលចៅក្រមស៊ើបសួរតុលាការខេត្តកោះកុង រហូតមកដល់តុលាការកំពូល។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា តាំងពីដំណាក់កាលដំបូងមក តុលាការគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់យុវជនទាំងពីរឡើយ។ លោកចាត់ទុកការចាប់ខ្លួន និងចោទប្រកាន់អ្នកទាំងពីរនាពេលកន្លងទៅនោះ ថា ជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន។ មន្ត្រីសិទ្ធិមនុស្សរូបនេះរំពឹងថា សាលាឧទ្ធរណ៍នឹងឆាប់ពិនិត្យមើលរឿងក្តីនេះឡើងវិញ ក្រោយមានសេចក្ដីសម្រេចពីតុលាការកំពូល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។