សហគមន៍ប្រជានេសាទនៅតំបន់បឹងទន្លេសាប ស្នើឲ្យរដ្ឋាភិបាលនិយាយប្រាប់ទៅប្រទេសចិន ឲ្យបើកទឹកតាមទំនប់វារីអគ្គិសនីនៅខ្សែទឹកខាងលើទន្លេមេគង្គ ដើម្បីជួយសម្រាលផលប៉ះពាល់ដល់ជីវភាពពួកគាត់។ ការលើកឡើងនេះ ស្របពេលដែលកម្រិតទឹកនៅបឹងទន្លេសាបនៅមានតិចតួចនៅឡើយ បើប្រៀបធៀបទៅនឹងបណ្តាឆ្នាំមុនៗ ហើយពួកគាត់បន្តជួបប្រទះនូវការខ្វះខាតដោយសារតែរកត្រីមិនបាន។ ប្រជានេសាទម្នាក់នៅតំបន់បឹងទន្លេសាប រស់នៅភូមិចារុះ ឃុំរាំងទិល ស្រុកកណ្តៀង ខេត្តពោធិសាត់ លោក ភួង ហ៊ីង ប្រាប់អាស៊ីសេរីកាលពីល្ងាចថ្ងៃទី១៩ សីហា ថា ទឹកបឹងទន្លេសាប នៅតំបន់ដែលលោករស់នៅ ទើបតែនឹងហក់ឡើងបានប្រមាណ ៧ តឹក ប៉ុណ្ណោះ ក្រោយរងការរីងរាក់អស់ជាច្រើនខែមកហើយ។ លោកសង្កេតឃើញថា កម្រិតទឹកនៅបឹងទន្លេសាបដែលចាប់ផ្តើមហក់ឡើងបន្តិចនេះ កើតមានចាប់តាំងពីថ្ងៃទី០៦ ខែសីហា។ លោកថា កំណើនទឹកនេះ គឺមិនមែនដោយសារការហូរចូលពីទន្លេមេគង្គទេ តែដោយសារជំនន់ទឹកភ្លៀង៖«យ៉ាប់ ... ឆ្នាំទៅម៉ិញវាខុសគ្នា។ ឆ្នាំទៅម៉ិញ វាឡើងថ្ងៃទី៣ មែន ប៉ុន្តែទឹកវានៅកល់ច្រើនជាង ៤តឹក។ ឆ្នាំនេះ វារីងខ្លាំងតែម្តង។ រីងគោកខ្លាំង ហើយ ... ដល់ពេលឆ្នាំទៅម៉ិញ ទឹកតូចល្មមហើយ ដល់ពេលវារីងៗយូរទៅ អញ្ចឹង ត្រីដែលចេញផុតពីមាត់ព្រៃទៅកណ្តាលទន្លេ ពួកខាងវៀតណាម គេរកអស់ទៅ។»
ប្រជានេសាទវ័យ៥៩ឆ្នាំរូបនេះ រអ៊ូរទាំថា កម្រិតទឹករីងរាក់យូរនៅបឹងទន្លេសាបក្នុងឆ្នាំនេះ ធ្វើឲ្យពួកគាត់មិនអាចរកត្រីបាន ខុសប្លែកខ្លាំងពីជាងពីរឆ្នាំមុន។ លោកថា ក្នុងអំឡុងពេលដែលប្រជាសហគមន៍នេសាទនៅតំបន់បឹងទន្លេសាបកំពុងជួបប្រទះនូវការលំបាកបែបនេះ កម្រឃើញមានអាជ្ញាធររដ្ឋាភិបាលណាមួយចុះជួយដល់ពលរដ្ឋនៅតាមសហគមន៍នេសាទរបស់លោកណាស់។
រីឯប្រធានសម្ព័ន្ធប្រជានេសាទទន្លេសាប លោក ឡុង សូចែត្រ សង្កេតឃើញថា កំណើនទឹកនៅបឹងទន្លេសាបឆ្នាំនេះនៅមានភាពយឺតនៅឡើយ ហើយទំនងដូចជា មិនសូវមានកំសួលខ្លាំងពីផ្ទៃអាងទន្លេមេគង្គមកទេ៖ « ទឹកហ្នុងវាមានឡើងជាងមុន អាចមួយម៉ែត្រ ឬមួយម៉ែត្រលើសអីហើយ។ ប៉ុន្តែ វាអត់មានកំសួល។ វាឡើង តាមមើលទៅភាគច្រើន ឡើងដោយសារទឹកភ្លៀងនៅតាមស្ទឹងជុំវិញទឹកទន្លេសាប ប៉ុន្តែ ទឹកទន្លេមេគង្គ វាអត់ទាន់មានបុកខ្លាំងមកទន្លេសាបទេ។ អ៊ីចឹង បើនៅជុំវិញបឹងទន្លេសាប អន់ភ្លៀង ទឹកទន្លេសាបក៏រាងអន់អែល ដូចអត់មានឡើងមកទៀត។ »

ជាធម្មតា នៅរដូវវស្សា ទឹកទន្លេមេគង្គចាប់ផ្តើមហូរមកចាក់ផ្ទៃបឹងទន្លសាបនៅដើម ឬពាក់កណ្តាលខែមិថុនា រហូតដល់ខែតុលា ហើយនៅរដូវប្រាំង ទឹកចាប់ផ្តើមហូរបញ្ច្រាសពីបឹងទន្លេសាបចូលទៅទន្លេមេគង្គវិញចាប់ពីខែវិច្ឆិកា រហូតដល់ខែឧសភា។ ក៏ប៉ុន្តែ ផ្ទៃបឹងទន្លេសាប បានទទួលរងនូវភាពរីងរាក់ខុសប្រក្រតី និងការបន្តអូសបន្លាយរដូវប្រាំងក្នុងរដូវវស្សា មិនធ្លាប់មានពីមុនមកជាងពីរឆ្នាំជាប់ៗគ្នាមកហើយ។
អាស៊ីសេរី មិនអាចទាក់ទងអគ្គលេខាធិការរងអាជ្ញាធរទន្លេសាប លោក ម៉ៅ ហាក់ និងអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម លោក ចាន់ យុត្ថា បាននៅឡើយទេដើម្បីសុំព័ត៌មានចុងក្រោយពីស្ថានភាពផ្ទៃទឹកនៅតំបន់បឹងទន្លេសាប និងទន្លេមេគង្គ ដោយសារតែពួកលោកមិនលើកទូរស័ព្ទ កាលពីល្ងាចថ្ងៃទី១៩ សីហា។ យ៉ាងណា ទំព័រហ្វេសប៊ុករបស់អាជ្ញាធរទន្លេសាប ឲ្យដឹងថានៅថ្ងៃទី១៩ សីហា នៅតំបន់ព្រែកក្តាម មានកម្ពស់ជាង ៣ម៉ែត្រកន្លះ គឺទាបជាងឆ្នាំទៅមុនជិតកន្លះម៉ែត្រ ហើយទឹកនៅតំបន់កំពង់លួង មានជាង ១ម៉ែត្រកន្លះ។
ប្រជានេសាទ លោក ភួង ហ៊ីង ថានៅពេលដែលទឹករីងយូរដូច្នេះ ធ្វើឲ្យខ្សត់ត្រី រឹតតែបង្កឲ្យជីវភាពរបស់ប្រជានេសាទនៅតាមបឹងទន្លេសាបជួបប្រទះនូវការលំបាកខ្លាំង។ លោកសំណូមពរឲ្យរដ្ឋាភិបាលជួយនិយាយជាមួយប្រទេសនៅតាមខ្សែទឹកខាងលើទន្លេមេគង្គ ឲ្យបើក និងចែករម្លែកទឹកដល់ប្រទេសនៅតាមខ្សែទឹកខាងក្រោម៖ « សំណូមពរទេ ឲ្យខាងលើៗហ្នុង កុំឲ្យស្តុកទឹកពេក បង្ហូរទឹកមកឲ្យអ្នកខាងក្រោមផង ឲ្យអាចប្រើប្រាស់ទឹកបានផង។ មានទឹកគឺវាមានត្រី ដល់អត់ទឹក ក៏អត់ត្រីដែរហ្នុង។ »
ទន្ទឹមនឹងនោះ លោកក៏ចង់ឃើញអាជ្ញាធររដ្ឋាភិបាល ជាពិសេសខាងវិស័យជលផល ជួយផ្តល់ការបណ្តុះបណ្តាលដល់ប្រជានេសាទដូចជាពួកគាត់ ឲ្យមានជម្រើសច្រើនក្នុងការប្រកបមុខរបរចិញ្ចឹមជីវិតនៅពេលជួបប្រទះនឹងវិបត្តិទឹកនេះ៖ « សព្វថ្ងៃនេះ វាពិបាកត្រង់អញ្ចេះ អ្នកទន្លេដូចជាអត់ជម្រើស។ គ្នាដែលចង់ប្រែមុខរបរថ្មី ខ្លះចង់នៅលើគោកជីកស្រះចិញ្ចឹមត្រីដូច ពិសេសនៅ វៀតណាម ខ្ញុំសរសើរវៀតណាម ត្រង់ថា គេអត់មានទន្លេសាបទេ ប៉ុន្តែផលត្រីរបស់គេៗយកចូលស្រុកខ្មែរ រាប់រយតោនក្នុងមួយថ្ងៃ ... ត្រីរស់ចិញ្ចឹម ហើយគេអត់មានទន្លេសាបដូចយើងទេ ... ។ ចំពោះយើងដែលបឹងទន្លេសាបទាំងមូល យើងអត់មានស្អីនាំចេញទៅគេបានផងហ្នុង គឺចាំយកត្រីហូបពីគេមកហ្នុង !»
គណៈកម្មការទន្លេមេគង្គ កាលពីថ្ងៃទី០៧ សីហា បានជំរុញឲ្យប្រទេសតាមដងទន្លេមេគង្គ រួមមានកម្ពុជា វៀតណាម ឡាវ និងថៃ ពិចារណាសំណូមពរឲ្យប្រទេសចិន បង្ហូរទឹកបន្ថែមដើម្បីជួយសម្រាលស្ថានភាពក្នុងអាងទន្លេមេគង្គក្រោម និង បង្កើនការចែករំលែកទិន្នន័យ និងព័ត៌មានអំពីប្រតិបត្តិការទំនប់ និងហេដ្ឋារចនាសម្ព័ន្ធទឹករបស់ប្រទេសនីមួយៗ ឲ្យបានរហ័ស និងប្រកបដោយតម្លាភាព។ គណៈកម្មការទន្លេមេគង្គ រកឃើញថា អាងទន្លេមេគង្គក្រោម ប្រឈមនឹងរំហូរទឹកទាបបំផុតក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា បង្កឲ្យបឹងទន្លេសាបរបស់ប្រទេសកម្ពុជាជួបប្រទះនូវស្ថានភាពរាំងស្ងួតខ្លាំងបំផុតមិនធ្លាប់មានគិតចាប់ពីឆ្នាំ១៩៩៧មក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។