ស្ថានភាពរីងរាក់ ឬគ្មានទឹកជន់ជោរ ចូលតំបន់បឹងទន្លេសាបនៅឆ្នាំ២០២០ នេះ នឹងធ្វើឱ្យទិន្នផលត្រីធម្មជាតិធ្លាក់ចុះយ៉ាងគំហុក ដែលមិនធ្លាប់មានកន្លងមក។ ក្រុមប្រជានេសាទបារម្ភថា ជីវភាពរបស់ពួកគាត់ដែលរស់អាស្រ័យលើផលនេសាទ ក៏នឹងជួបគ្រោះទុរភិក្សធ្ងន់ធ្ងរដោយសារវិបត្តិនេះ។
សហគមន៍នេសាទមួយចំនួននៅតំបន់បឹងទន្លេសាបត្អូញត្អែរថា ផលត្រីប្រចាំឆ្នាំ គឺជាឆ្នាំងបាយរបស់ពួកគាត់ បើគ្មានត្រីក៏គ្មានអង្ករច្រកឆ្នាំងដែរ។
ពួកគាត់អះអាងថា ការខ្វះខាតទឹក ឬស្ថានភាពរីងរាក់នៅបឹងទន្លេសាបឆ្នាំនេះធ្ងន់ធ្ងរជាងឆ្នាំណាៗ ទាំងអស់ ហើយបញ្ហានេះបណ្ដាលឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ផលនេសាទនៅឆ្នាំនេះ។
អនុប្រធានសហគមន៍នេសាទស្តីក្រោមមហាសួង ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង លោក ហោ សំអាត មានប្រសាសន៍ថា ការខ្វះទឹកនៅបឹងទន្លេសាប មិនត្រឹមតែធ្វើឱ្យថយចុះផលនេសាទប៉ុណ្ណោះទេ គឺថែមទាំងធ្វើឱ្យដាច់ពូជត្រីកម្រមួយចំនួន ដែលបានប្រឈមនឹងផុតពូជពីឆ្នាំមុនៗ មកនោះស្រាប់។
លោកថាពេលនេះ ជារដូវកាលត្រីពងកូនក្នុងអន្លង់អភិរក្សមួយចំនួន ហើយនឹងចេញទៅរកជម្រកតាមព្រៃរនាម និងតំបន់ផ្សេងទៀតដើម្បីរកចំណីធម្មជាតិសម្រាប់ភាពធំធាត់របស់ពួកគេ ប៉ុន្តែបើគ្មានទឹកហូរចូលអន្លង់ និងវាលទំនាបដូចសព្វដងនោះ ត្រីមិនអាចចេញពីអន្លង់នោះបាន បណ្ដាលខ្វះចំណីដើម្បីបន្តជីវិតបាន ម្យ៉ាងទៀតមានពូជត្រីមួយចំនួនដូចជាត្រីឆ្ដោជាដើម ពេលខ្វះចំណី ហើយចេញទៅណាមិនរួចដូចគ្នាដែរនោះ វាក៏ស៊ីកូនត្រីជាអាហារតែម្ដង៖ «ឆ្នាំនេះគោកអ៊ីចឹង ធ្វើឱ្យត្រីជួបផលលំបាក រឿងលំបាកមួយទៀត គឺឧបករណ៍ខុសច្បាប់ក្នុងបឹងទន្លេសាបមានច្រើន ពេលទឹកតិចអ៊ីចឹងកូនត្រីញាស់មកហើយ ក៏អត់មានកន្លែងគេចចេញក៏ធ្លាក់ចូលក្នុងអន្ទាក់ស្បៃមុង ឧបករណ៍នេសាទខុសច្បាប់ ចាប់យកអស់ ....»។
លោកបន្តថា ផលលំបាកសម្រាប់ត្រីមួយផ្នែកទៀតនោះ គឺការបាត់បង់ព្រៃរនាមជាបន្តបន្ទាប់ដែលជាជម្រកត្រីដ៏សំខាន់នៅរដូវវស្សា ឬរដូវត្រីពងកូនចាប់ពីអំឡុងខែមិថុនា ដល់ខែកញ្ញា ឬត្រីខ្លះអាចដល់ខែតុលា។
ចំណែកអ្នកនេសាទមួយចំនួនទៀត ក៏បានកត់សម្គាល់ឱ្យដឹងដែរថា ជាទម្លាប់រាល់ឆ្នាំ នៅខែឧសភា ទឹកទន្លេមេគង្គ ចាប់ផ្ដើមឡើងចូលព្រែក លិចវាលព្រៃរនាម ហើយបន្តហូរចូលមកបឹងទន្លេសាបបានសមល្មមសម្រាប់ត្រីរស់នៅបន្តពូជ ប៉ុន្តែឆ្នាំនេះយឺតយាវជាងសព្វដង គឺយឺតជាង ២ខែមកហើយ ហើយពួកគាត់ក៏មិនដឹងថាពេលណាទឹកនឹងមកដល់បឹងទន្លេសាបនេះទេ។
ចំណែកប្រធានសម្ព័ន្ធប្រជានេសាទកម្ពុជា លោក ឡុង សូចែត ដែលតែងតែចូលរួមអភិរក្សពូជត្រីនៅតំបន់បឹងទន្លេសាប ជាច្រើនឆ្នាំមកហើយនោះ ក៏មានក្តីព្រួយបារម្ភចំពោះផលប៉ះពាល់ពូជត្រី និងជីវភាពប្រជាពលរដ្ឋដែលរស់បានដោយអាស្រ័យលើការនេសាទនៅបឹងទន្លេសាបតាំងពីដូនតាពួកគាត់ជាច្រើនឆ្នាំមកហើយនោះ៖ «ត្រីនៅទន្លេសាបឥឡូវ គឺអស់ហើយ ដោយសារទឹកវាចង់គោក នៅភូមិបណ្ដែតទឹក ឥឡូវគោកអស់រកតែម្ដងទឹកប្រើក៏មិនបាន កន្លែងខ្លះជីកអណ្តូងខ្មែរហើយអត់ចេញទឹកទៀត»។
លោកបន្តថា ដោយសារបញ្ហាទឹកឆ្នាំនេះ មិនអាចមានត្រីនេសាទនោះ ហើយស្ថានភាពបែបនេះ គឺមាន២ឆ្នាំជាប់គ្នាមកហើយ។ នៅឆ្នាំ២០១៩ ក៏មានបញ្ហាស្រដៀងគ្នានេះដែរ ចំណែកឆ្នាំ២០២០ នេះ អាចធ្ងន់ធ្ងរជាងឆ្នាំ២០១៩ ទៅទៀត។ លោកព្យាករណ៍ថា ស្ថានភាពនេះអាចអូសបន្លាយពេលជាងមួយខែទៅមុខទៀត គឺអាចចូលដល់ខែសីហា ទើបអាចមានទឹកពីទន្លេមេគង្គចូលមកដល់ទន្លេសាបនេះ។
លោកសង្កេតឃើញថា បញ្ហានេះអាចបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និងខ្វះការថែទាំ ដូចជាការស្តារកន្លែងគោក រាក់ ធ្វើឱ្យស្ទះផ្លូវទឹក ប៉ះពាល់ដល់បរិស្ថានផ្ទៃបឹងទាំងមូល។
លោកឱ្យដឹងទៀតថា នៅកន្លែងខ្លះមានស្មៅ និងកក់ដុះលយចូលទៅក្នុងទន្លេរហូតដល់ជិត២គីឡូម៉ែត្រ ធ្វើឱ្យទន្លេកាន់តែគោករាក់ថែមទៀត។
លោកបន្តថា កត្តាទាំងនេះធ្វើឱ្យអ្នកទន្លេសាបជួបញ្ហាប្រឈមយ៉ាងខ្លាំងដល់ជីវភាពរស់នៅ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត។ ចំណែកទិដ្ឋភាពផ្ទៃបឹងទាំងមូល ក៏កាន់តែរួមតូច និងបាត់បង់សម្រស់ជាបន្តបន្ទាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៖ «ឥឡូវយ៉ាប់ណាស់បើនិយាយពីធនធានត្រីនៅទន្លេអស់អាលីងហើយ គំរាមដល់ការរស់នៅរបស់មនុស្ស មច្ឆាជាតិ ទន្លេសាបឥឡូវខុសពីមុនឆ្ងាយណាស់»។
របាយការណ៍របស់រដ្ឋបាលជលផលបង្ហាញថា ផលនេសាទទឹកសាបកាលពីឆ្នាំ២០១៩ មានចំនួន ជាង ៤៧ម៉ឺនតោន។ ចំនួននេះ ធ្លាក់ចុះជាងឆ្នាំ២០១៨ ចំនួនជាង ៥ម៉ឺនតោន។ នៅឆ្នាំ២០១៨ ទិន្នផលត្រីទឹកសាបប្រមូលបានជាង ៥៣ម៉ឺនតោន។ ស្ថាប័នជំនាញដដែលបញ្ជាក់ថា ការថយចុះនេះបណ្ដាលមកពីការប្រែប្រួលអាកាសធាតុ។
អាស៊ីសេរី ពុំទាន់អាចទាក់ទងមន្ត្រីរដ្ឋបាលជលផល នៃក្រសួងកសិកម្ម ដើម្បីសុំការពន្យល់ អំពីហានិភ័យ នៃការខ្វះខាតទឹកនៅទឹកតំបន់បឹងទន្លេសាប ដែលនាំឱ្យប៉ះពាល់ដល់ការបន្តពូជត្រីនៅទីនោះ និងការធ្លាក់ចុះនូវទិន្នផលត្រីជាបន្តបន្ទាប់មកនោះទេ រហូតមកដល់ម៉ោងផ្សាយនេះ។
ក៏ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍពូជត្រី នៅស្រុកពាមរក៍ ខេត្តព្រៃវែង កាលពីថ្ងៃទី១៤ កក្កដា ដោយលោកទទួលស្គាល់ថា ទិន្នផលត្រីបានថយចុះជាបន្តបន្ទាប់។ លោកអះអាងថា បញ្ហានេះពាក់ព័ន្ធនឹងកត្តាមនុស្ស និងបរិស្ថានទឹក មានការប្រែប្រួលផងដែរ តែលោកមិនបានលើកឡើងពីបញ្ហាបទល្មើសនេសាទដែលសហគមន៍នេសាទភ័យបារម្ភ និងទាមទារឱ្យអាជ្ញាធរ រដ្ឋាភិបាលជួយទប់ស្កាត់ជាប្រចាំនោះទេ៖ «ជំនាន់ខ្ញុំនៅពីក្មេងត្រីនៅច្រើនណាស់ ពេលនោះទឹកជ្រៅ ឥឡូវនេះទឹករាក់ត្រីតិចប្រជាជនច្រើនវាផ្ទុយគ្នាអ៊ីចឹងៗទេ បានជាម្ខាងខិតខំអភិរក្សតាមរយៈប្រលែងកូនត្រី មេពូជត្រី និងម្ខាងទៀតខំជំរុញការចិញ្ចឹមត្រីដើម្បីផ្គត់ផ្គង់តម្រូវការ»។
ប្រជាសហគមន៍នេសាទនៅតំបន់បឹងទន្លេសាបបានត្អូញត្អែរថា ពួកគាត់ភាគច្រើនមិនមានជំនាញអ្វីក្រៅពីជំនាញនេសាទប្រចាំត្រកូលពីដូនតាមកនោះទេ ម្យ៉ាងទៀតពួកគ្មានដីធ្លីសម្រាប់បង្កបង្កើនផល ធ្វើស្រែ ចម្ការ និងក៏មិនមានដើមទុនឯណាទៅជួញដូរ ឬប្រកបរបរ អាជីវកម្មផ្សេងទៀត ក្រៅពីការងារនេសាទនោះទេ។ ពួកគាត់នៅតែអំពាវនាវម្ដងហើយម្ដងទៀត ទៅរដ្ឋាភិបាល ឱ្យជួយស្ដារស្ថានភាពនៅបឹងទន្លេសាបឱ្យល្អប្រសើរឡើងវិញ ដូចជាដោះស្រាយផលប៉ះពាល់បរិស្ថាន ការពារបទល្មើសនេសាទឱ្យមានប្រសិទ្ធភាព ដើម្បីឱ្យផលត្រីសម្បូរណ៍ឡើងវិញ អាចឱ្យពួកគាត់អាស្រ័យផលលើរបរនេសាទជាលក្ខណៈគ្រួសារបានដូចធម្មតាឡើងវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។