អ្នក​រាយការណ៍​អ.ស.ប​សន្យា​តាម​ដាន​ស្ថានភាព​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី

ដោយ ម៉ែន សុធីរ
2016.03.27
រ៉ូណា ស្មីត ២០១៦ ៨៥៥ អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) [ពី​ឆ្វេង​ទី​៣] ជួប​សហគមន៍​ក្បាលរមាស និង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៧ ខែ​មីនា ឆ្នាំ​២០១៦។ RFA/Chuop Sereyroth
RFA/Chuop Sereyroth

អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ (..) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) សន្យា​ថា នឹង​បន្ត​តាម​ដាន​ស្ថានភាព​ជនជាតិ​ដើម​ភាគ​តិច ដែល​រង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ និង​សរសេរ​របាយការណ៍​អំពី​ផល​ប៉ះពាល់​នេះ។ ការ​សន្យា​នេះ ខណៈ​អ្នកស្រី​បាន​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ក្បាលរមាស និង​ឃុំ​ស្រែគរ ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៧ មីនា។

សហគមន៍​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដែល​ប្ដេជ្ញា​មិន​ព្រម​ចាក​ចេញ​ពី​ភូមិ​កំណើត នៅ​ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ស្រុក​សេសាន រាប់​រយ​នាក់ បាន​លើក​នូវ​បញ្ហា​សំខាន់ៗ​មាន​ជាអាទិ៍ ការ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន ការ​បាត់បង់​ប្រពៃណី​វប្បធម៌ ការ​បាត់បង់​ធនធាន​ធម្មជាតិ និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល បង្ក​ផល​ប៉ះពាល់​ជីវភាព​ពួក​គាត់។

ការ​លើក​ឡើង​នេះ នៅ​ចំពោះ​មុខ​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត បាន​ជួប​សហគមន៍​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា។

ពលរដ្ឋ​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ឃុំ​ក្បាលរមាស ឲ្យ​ដឹង​ថា វត្តមាន​របស់ អ្នកស្រី រ៉ូណា ស្មីត មក​ជួប​សហគមន៍​រង​ផល​ប៉ះពាល់ ហាក់​ដូចជា​សញ្ញា​បង្ហាញ​ពី​ក្តី​សង្ឃឹម​ថ្មី​មួយ ខណៈ​អ្នក​ភូមិ​កំពុង​ខ្វល់ខ្វាយ​យ៉ាង​ខ្លាំង​ពី​ដំណើរ​ការ​វិវឌ្ឍន៍​នៃ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ធ្វើ​ឲ្យ​ភូមិ​ពួក​គាត់​ក្លាយ​ជា​អាង​ស្តុក​ទឹក​ទំនប់​វារីអគ្គិសនី។ ទន្ទឹម​នឹង​នេះ ពួក​គាត់​រំពឹង​ថា អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា នឹង​នាំ​ក្តី​កង្វល់​របស់​សហគមន៍ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ដោះស្រាយ​នូវ​ការ​ទាមទារ​របស់​សហគមន៍​រង​ផល​ប៉ះពាល់៖ «នៅ​មួយ​កន្លែង​ដី​តាំង​ពី​ដូនតា​មក ពួក​ខ្ញុំ​អត់​ព្រម​ទៅ​ទេ។ បើ​ងាប់​ដោយសារ​អភិវឌ្ឍន៍ ក៏​ងាប់​ទៅ​ចុះ។ អត់​ឲ្យ​អាត្រាក់​ឈូស​ឆាយ គេ​ឲ្យ​ផ្លាស​ថ្មី ពួក​ខ្ញុំ​មិន​ទៅ​ទេ។ ពួក​ខ្ញុំ​មិន​ត្រូវ​ការ​ទំនប់។ ពេល​ដែលក្រុម​ការងារ​ក្រសួង​មក មាន​តែចាប់​បង្ខំថា​ត្រូវ​តែចេញ»

អ្នកស្រី រ៉ូណា ស្មីត មាន​ប្រសាសន៍​ថា អ្នកស្រី​នឹង​ប្រមូល​ព័ត៌មាន​នានា​ទាក់ទិន​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី និង​ជម្រើស​ផ្សេងៗ​ទាក់ទិន​ការ​ផ្តល់​សំណង​ផល​ប៉ះពាល់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ និង​សរសេរ​របាយការណ៍​សរុប៖ «វា​ពិត​ជា​មានសារប្រយោជន៍​ណាស់ក្នុង​ការទទួល​បាន​ព័ត៌មាន​បន្ថែម​ពី​សហគមន៍ និង​បទពិសោធន៍​របស់​ពួក​គាត់យើង​នឹង​ជួប​ជាមួយ​នឹង​ក្រុមហ៊ុន​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ នៅ​ពេល​រសៀល ហើយ​យើង​នឹង​លើក​ឡើង​បញ្ហា​ផ្សេងៗ​ទាក់ទង​នឹង​ការ​សាងសង់​ទំនប់​វារីអគ្គិសនី និង​ផល​ប៉ះពាល់​ពី​ការ​សាងសង់​ទំនប់​ទៅ​លើ​ប្រជាពលរដ្ឋ​ទាំង​ជនជាតិ​ដើម​ភាគ​តិច និង​ប្រជាពលរដ្ឋ​ទូទៅ ដែល​រស់នៅ​ក្នុង​តំបន់​រង​ផល​ប៉ះពាល់»

ទាក់ទិន​បញ្ហា​នេះ នាយក​រង​រដ្ឋបាល​សាលា​ខេត្ត​ស្ទឹងត្រែង និង​ជា​អ្នក​នាំ​ពាក្យ លោក ម៉ែន គង់ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​ស្វាគមន៍​វត្តមាន​របស់​អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​កម្ពុជា អ្នកស្រី រ៉ូណា ស្មីត ហើយ​អាជ្ញាធរ​ខេត្ត នឹង​រង់ចាំ​ពិភាក្សា និង​លើក​ឡើង​នូវ​បញ្ហា​នានា​នៅ​ព្រឹក​ថ្ងៃ​ទី​២៨ មីនា ជាមួយ​អ្នកស្រី។

ឃុំ​ស្រែគរ និង​ឃុំ​ក្បាលរមាស ពលរដ្ឋ​ដែល​មិន​ព្រម​ទទួល​យក​សំណង​មាន​ចំនួន​ជាង ២៤០​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ ៥៧០​គ្រួសារ។ ដោយឡែក​នៅ​ឃុំ​ក្បាលរមាស មាន​ពលរដ្ឋ ៥៣​គ្រួសារ​ក្នុង​ចំណោម​ពលរដ្ឋ​ជាង ១៤០​គ្រួសារ​ដែល​មិន​យល់ព្រម​ចាក​ចេញ។ បច្ចុប្បន្ន គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​២ សម្រេច​បាន​ជាង ៦០​ភាគរយ ហើយ​គ្រោង​នឹង​សាងសង់​រួច​រាល់​នៅ​ឆ្នាំ​២០១៧៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។