វៀតណាម​និងកម្ពុជា ពិភាក្សា​​អំពី​ប្រសិទ្ធភាព​នៃ​ជំនួញ​ឈើ​ស្រប​ច្បាប់

ដោយ ម៉ៅ សុធានី
2018.10.23
ពិនិត្យ​ឈើ​ក្រុមហ៊ុន ទ្រី ភាព រតនគិរី ២០១៦ ២៨៥ អនុ​គណៈកម្មការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នៃ​អាជ្ញាធរ​ខេត្ត​រតនគិរី ចុះ​ពិនិត្យ​ទីតាំង​ក្រុមហ៊ុន នុភាព សុភី នា​តំបន់​អូរតាយ៉ាក ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។ RFA/Ratha Visal
RFA/Ratha Visal

អគ្គនាយករងនៃក្រសួងរុក្ខាប្រមាញ់វៀតណាម លោក​ ផាំ វ៉ាន ឌៀន (Pham Van Dien) ត្រូវបានទីភ្នាក់ងារពត៌មានវៀតណាម ញូវ (Vietnam News) ផ្សាយកាលពីថ្ងៃទី ២៣ ខែតុលាដឹងថា កម្ពុជា គឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួន ដែល​បាន​ផ្គត់ផ្គង់​ឈើសំរាប់រោងចក្រនៅប្រទេសវៀតណាម។ លោកថា ដើម្បីទប់ស្កាត់ ការ​ជួញ​ដូរ​ឈើ​ និង​ដឹក​ឈើ​ខុស​ច្បាប់​នៅ​តាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន ភាគី​កម្ពុជា និង​វៀតណាម បាន​ពង្រឹងស្ថាប័នផ្លូវច្បាប់របស់ខ្លួនក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែ វិធានការ​ទប់​ស្កាត់​ជំនួញ​ឈើ​ខុស​ច្បាប់​នេះ នៅ​មាន​បញ្ហា​លំបាក​នៅ​ឡើយ។ លោក​ថ្លែង​ដូចនេះ ក្នុង​កិច្ច​ពិភាក្សា​មួយ​រវាង​មន្ត្រី​ក្រសួង​កសិកម្ម​ខ្មែរ និង​វៀតណាម និងនាយកប្រតិបត្តិនៃក្រុមហ៊ុនជំនួញឈើនៅទីក្រុងហូជីមិញ កាល​ពីថ្ងៃ​ទី២២ តុលា។

ចំណែកអគ្គនាយករងនៃក្រសួងកសិកម្ម រុក្ខានិងប្រមាញ់ខ្មែរ លោក ច័ន្ទ ប៉ូនីកា ដែលបានចូលរួមក្នុងកិច្ចប្រជុំដែរនេះឲ្យដឹងថា កិច្ចពិភាក្សានេះមានសារសំខាន់ណាស់ ដើម្បីអភិវឌ្ឍន៍វិស័យព្រៃឈើ លើកកម្ពស់ពាណិជ្ជកម្មនិងផលិតផលឈើ ចេញ​ពី​ប្រភព​ស្រប​ច្បាប់ សម្រាប​់​ប្រទេស​ទាំងពីរ។ លោកបន្តថា កម្ពុជា ទទួលបាននូវបទពិសោធន៍ និងរៀនសូត្រជាច្រើន ជុំវិញ​វិធានការ​នានា ដើម្បី​បង្ក្រាប​ការជួញដូរ និងដឹកឈើខុសច្បាប់ឆ្លងដែន។

កាលពីពេលថ្មីៗ ​នេះ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ២០ស្ថាប័ន បាន​ដាក់​ញត្តិ​រួម​​គ្នា​​ស្នើសុំ​​ឲ្យ​សហគមន៍​​អឺរ៉ុប EU បញ្ឈប់​​ការ​​នាំ​​ឈើ​​ចេញ​​ពី​​កម្ពុជា ដែលពួកគេរកឃើញថា ប្រទេសវៀតណាមសម្រួលឲ្យមានសង្វាក់ផលិតកម្ម ផ្តត់ផ្គង់​ឈើ​ចូល​​ប្រទេស​របស់​ខ្លួន ដែលភាគច្រើនជាឈើខុសច្បាប់នាំចេញពីកម្ពុជា។ ក្រុម​អង្គការ​ទាំង​នោះ​រក​ឃើញ​ថា អាជ្ញាធរ​​វៀតណាម​​នៅ​​តែ​គាំទ្រ​​ឲ្យ​​មាន​​ឧក្រិដ្ឋកម្ម​​​ព្រៃ​​ឈើ​​ខុស​ច្បាប់​ទ្រង់ទ្រាយ​ធំដោយមានការឃុបឃិតជាប្រព័ន្ធរវាងអាជ្ញាធរកម្ពុជា និង​វៀតណាម។ ក្រុមអង្គការទាំងនេះ រកឃើញថា ក្នុងរយៈពេល ៦ខែ អំឡុង ឆ្នាំ ២០១៧ ឈើ​ហោច​​ណាស់ ៣សែន​​ម៉ែត្រ​គូប (300.000) ត្រូវ​បាន​លួច​ពី​ខេត្ត​ភាគខាងកើតនៃកម្ពុជា នាំចូលទៅវៀតណាម។

ឧស្សាហកម្មរបស់វៀតណាម មានការកើនឡើងយ៉ាងឆាប់រហ័យក្នុងប៉ុន្មានឆ្នាំនេះ ដោយ​បាន​​ក្លាយ​​ជា​​ប្រទេស​​លំដាប់​​លេខ៥ នាំ​​ឈើ​​យក​​ទៅ​​លក់​ក្នុង​សកល​លោក និងស្ថិតក្នុងលំដាប់លេខ២ នៃនាំឈើចេញនៅទ្វីបអាស៊ី។

កាលពីឆ្នាំ២០១៧ វៀតណាម បាននាំឈើចេញទៅលក់នៅក្រៅប្រទេស នូវទឹក​ប្រាក់​ចំនួន ៨ពាន់​​លាន​ដុល្លារ (8 Billion)។​ វៀតណាម​​ក៏​​បាន​​ចំណាយ​ប្រាក់ ចំនួន​ជិត ២ពាន់ ២រយលាន​ ក្នុងការនាំឈើចូល កាលពីឆ្នាំ២០១៧៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។