ស្ត្រី​ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់​នៅ​ព្រះវិហារ​ប្តូរជីវិត​ការពារ​ព្រៃព្រះរកា ទោះបី​មន្ត្រី​បរិស្ថាន​គំរាម

0:00 / 0:00

ស្ត្រី​ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់​នៅ​ខេត្តព្រះវិហារ​ប្ដេជ្ញា​មិន​ចុះចាញ់ ការពារ​ធនធាន​ធម្មជាតិ​កេរ​មរតក​ដូនតា ដែល​កំពុង​ប្រឈម​ការបាត់បង់​ជា​បន្តបន្ទាប់ ក្នុង​ដែន​ជម្រក​សត្វព្រៃ​ព្រះ​រកា។

ស្ត្រី​រូប​នេះ​បាន​តស៊ូ​ប្តូរជីវិត​ដេក​ក្នុង​ព្រៃ ដើម្បី​ការពារ​ព្រៃ​ព្រះ​រកា​ជាង ១០​ឆ្នាំ​មក​ហើយ បើ​ទោះ​បីជា​ប្រឈម​ការ​គំរាមកំហែង​ពី​សំណាក់​មន្ត្រី​បរិស្ថាន​យ៉ាងណា​ក្តី ក៏​គាត់​មិន​រាថយ​ឡើយ។

តើ​ស្ត្រី​ជនជាតិ​ដើម​កួយ​រូប​នេះ​មាន​ប្រវត្តិ​តស៊ូ​បែប​ណា?

រាល់ពេល​មាន​តម្រុយ​អារឈើ ឮ​សំឡេង​រណា​យន្ត​ចេញពី​ដែនជម្រកសត្វព្រៃ​ព្រះរការ​ម្តងៗ​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​កួយ គឺ​លោកស្រី ជួន ឃឹម មិន​នៅ​ស្ងៀម​ឡើយ​ ដោយ​គាត់​តែងតែ​ដឹកនាំ​អ្នកភូមិ​ ​ចុះ​ទប់ស្កាត់​បទល្មើស​ព្រៃឈើ​ភ្លាមៗ។

ក្នុង​ពេល​ចុះ​ឃាត់​បទល្មើស​អារឈើ​ម្តងៗ ពួកគាត់​ត្រូវធ្វើ​ដំណើរ​ជាច្រើន​គីឡូម៉ែត្រ ក្នុង​ព្រៃ​ដោយ​ខ្លះ​ជិះ​គោយន្ត ខ្លះ​ដើរ​ថ្មើរជើង និង​ខ្លះទៀត​ជិះ​ម៉ូតូ ហុយ​ដី​ទ្រលោម វេចបាយ​កញ្ចប់ និង​សម្ភារ​:​ដើរ​ព្រៃ ដើម្បី​ស្វែងរក​ជនល្មើស​កាប់​បំផ្លាញ​ព្រៃព្រះរកា។

ប្រធាន​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា​ឃុំ​ម្លូព្រៃ​មួយ​ ​គឺ​លោកស្រី ជួន ឃឹម វ័យ ៥៣ ឆ្នាំ បាន​ដឹកនាំ​ប្រជា​សហគមន៍ ៣​ភូមិ ក្នុង​ឃុំ​ម្លូព្រៃមួយ ដោយមាន​ពលរដ្ឋ​ជាង ១៥០ គ្រួសារ​ជា​សមាជិក​បណ្ដាញ តែងតែ​ចុះ​ល្បាត​ព្រៃ​ព្រះ​រកា ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃឈើ។

លោកស្រី ជួន ឃឹម ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី១០ មករា ថា មាន​ឧបសគ្គ​ខ្លះៗ​ពួកគាត់​ជួប​ការ​លំបាក​ជាង ៥​ឆ្នាំ​មក​ហើយ ដោយសារ​មន្ត្រី​បរិស្ថាន​បន្ត រឹតត្បិត និង​រារាំង ពួកគាត់​មិន​ឱ្យ​ល្បាត​៖

លោកស្រី ជួន ឃឹម៖ «បើ​អស់​ព្រៃ​ទៅ​ជនជាតិ​ដើម​ភាគតិច​ខ្ញី​អត់​ដឹង​រកស៊ី​អី​ទេ បាត់បង់​ព្រៃ​ដូច​បាត់បង់​អាយុជីវិត បើ​នៅ​មាន​ព្រៃ​ហាក់​មានជីវិត​ស្រស់ថ្លា ទាំង​ជម្រក​មនុស្ស​និង​សត្វ មាន​បន្លែ​ម្ហូបអាហារ​ក្នុង​ព្រៃ​ច្រើន»។

ស្ត្រី​មេម៉ាយ​រូប​នេះ មានកូន ៥​នាក់​ រស់នៅ​ក្នុងភូមិ​ម្លូព្រៃ ឃុំ​ម្លូព្រៃ​មួយ ស្រុក​ឆែប ខេត្ត​ព្រះវិហារ។ គាត់​តែងតែ​កៀរគរ​ឱ្យ​អ្នកភូមិ​សាមគ្គី​គ្នា​រឹងមាំ ចុះ​ល្បាត​ព្រៃឈើ ហើយ​នៅ​គ្រា​ដែល ប្រទះឃើញ​បទល្មើស​ព្រៃឈើ​ម្តងៗ ប្រជា​សហគមន៍ តែងតែ​អប់រំ​ណែនាំ ដល់​ជន​ជនល្មើស ខ្លះ​ចុះ​កិច្ចសន្យា និង​ខ្លះទៀត​ដកហូត​វត្ថុ​តាង បញ្ជូន​ទៅ​មន្ត្រី​ជំនាញ ដើម្បី​អនុវត្ត​ច្បាប់។

ព្រៃ១.jpg
ស្ត្រី​ជនជាតិដើម​ភាគតិច​កួយ​លោកស្រី ជួន ឃឹម ពាក់អាវ​ក្រឡាវ​ឆ្វេង (ស្ពាយ​កន្ត្រក​ដាក់​បាយ) ពេល​ចុះ​ល្បាត​ព្រៃ​ព្រះរកា កាល​ថ្ងៃទី១៥ កញ្ញា ២០២៤។ រូប​៖ ប្រជា​សហគមន៍​ផ្តល់ឱ្យ

ជា​រៀងរាល់​សប្តាហ៍ ប្រជា​សហគមន៍​តែងតែ​ចុះ​ល្បាត​ព្រៃ មាន​គ្នា​ចន្លោះ​ពី​៥​នាក់ ដល់​ជាង ១០​នាក់ ធ្វើដំណើរ​ដោយ​ម៉ូតូ និង​គោយន្ត។ រីឯ​ថវិកា​ចំណាយ​ពេល​ល្បាត ពួកគាត់​បាន​រៃអង្គាស​លុយ​គ្នា ខ្លះ​លក់​មាន់​ទា ត្រី​សាច់ បន្លែ​ឈើ​ព្រៃ និង​ជ័រ​ច្បោះ​ជាដើម សម្រាប់​ផ្គត់ផ្គង់​ម្ហូបអាហារ និង​ប្រេងសាំង ជាដើម។

ឃុំ​ម្លូព្រៃ​មួយ មាន ៣​ភូមិ គឺ​ភូមិ​តុល ភូមិ​ពោធិ​ទាប និង​ភូមិ​ម្លូព្រៃ នៅ​ជាប់​នឹង​ដែន​ជម្រកសត្វព្រៃ​ព្រះរការ។ កាលពី​ឆ្នាំ ២០១៦ ជនជាតិ​ដើម​ភាគតិច​កួយ ជាង ១៥០​គ្រួសារ បាន​សហការ​គ្នា​ចងក្រង​បណ្ដាញ​សហគមន៍​ការពារ​ព្រៃ​ព្រះ​រកា ដោយ​ក្នុង​នោះ​មាន​ស្ត្រី​ជាង ៣០​នាក់ ជា​សមាជិក​បណ្ដាញ​ដោយមាន​លោកស្រី ជួន ឃឹម ជា​ប្រធាន។

លោកស្រី ជួន ឃឹម មាន​ដើមឈើ​ផលិត ជ័រទឹក​ជាង​៣០០​ដើម អាច​ដុត​យក​ជ័រទឹក​លក់ ដោយ​ក្នុង​មួយ​ខែ​រក​ប្រាក់​ចំណូល​បាន​ចន្លោះ​ពី ១៥​ម៉ឺន​រៀល (១៥០.០០០) ដល់ ៤០ ម៉ឺន​រៀល (៤០០.០០០)​។

លោកស្រី​ថា កន្លងទៅ អ្នកភូមិ​រាប់រយ​គ្រួសារ​មាន​ដើម​ច្បោះ​ជ័រទឹក អាស្រ័យ​ផល​ចិញ្ចឹមជីវិត​តាម​ផ្ទះ​រៀងៗ​ខ្លួន ក៏ប៉ុន្តែ​បច្ចុប្បន្ន​ថយ​ចុះ​ច្រើន​នៅ​ត្រឹមតែ​ជាង ១០០​គ្រួសារ​ប៉ុណ្ណោះ ក្នុង​ឃុំ​ម្លូព្រៃ​មួយ។

លោកស្រី ជួន ឃឹម៖ «បើ​យើង​លែងដៃ​ទៅ​វា​ត្រូវ​បាត់បង់​ហើយ អានេះ​យើង​ប្រឹងប្រែង​ប៉ុណ្ណេះ​ហើយ​នៅតែ​មិន​សល់ តែ​យ៉ាងណា​ក៏​សង្ឃឹមថា​នៅសល់​ព្រៃ​ដល់​កូនចៅ​ជំនាន់​ក្រោយ ពិសេស​សព្វថ្ងៃ​ដើម​ច្បោះ​នៅសល់​មួយៗ សល់​ដោយ​តំបន់ ដូច្នេះ​ទើប​ខាង​ស្ត្រី​យើង​ពឹង​គាត់»។

ស្ត្រី​រូប​នេះ ចាត់ទុក​ដែន​ជម្រក​សត្វព្រៃ​ព្រះរការ ជា​ឃ្លាំង​អាហារ​ធម្មជាតិ និង​ជា​អាយុជីវិត​ជនជាតិ​ដើម​ភាគតិច​កួយ អាស្រ័យ​ផល​ច្រើន​ជំនាន់​មក​ហើយ កំពុង​ប្រឈម​ការបាត់បង់​ដើមឈើ​ធំ ដែល​ជា​ជម្រក​សត្វព្រៃ​។ លើស​ពី​នេះ ដែន​អភិរក្ស​នេះ ក៏​ជា​ជម្រក​សត្វព្រៃ​កម្រ កំពុង​រស់នៅ​រួមមាន សត្វ​ដំរី ជ្រូកព្រៃ ឈ្លូស ប្រើស និង ខ្ទីង ជាដើម។

ព្រៃ.jpg
ទិដ្ឋភាព​ជាតិ​ដើម​ភាគតិច​កួយ​លោកស្រី ជួន ឃឹម ចុះ​ល្បាត​ព្រៃ នៅ​ថ្ងៃទី១៥ កញ្ញា ២០២៤។ រូប​៖ ប្រជា​សហគមន៍​ផ្តល់ឱ្យ

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ លោក សុង ច័ន្ទសុជាតិ និង​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន លោក ខ្វៃ អាទិត្យា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​១០ មករា។

ជុំវិញ​រឿង​នេះ មេធាវី​ការពារ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​កួយ ខេត្ត​ព្រះវិហារ លោក លួត សាំង ពន្យល់​ថា ពលរដ្ឋ​ដែល​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ជា​រឿង​ត្រឹមត្រូវ​តាមច្បាប់ តែ​ផ្ទុយទៅវិញ មន្ត្រី​បរិស្ថាន​ដែល​រឹតត្បិត​សហគមន៍​មិន​ឱ្យ​ល្បាត​ព្រៃ ជា​ទង្វើ​បំពាន​ច្បាប់​។​

លោក​ថា ស្ត្រី​ជនជាតិ​ដើម​ភាគតិច​រូប​នេះ​បាន​លះបង់​កម្លាំង​កាយ​ចិត្ត ការពារ​ព្រៃ​រួមចំណែក​ការពារ​ប្រយោជន៍​ជាតិ អាជ្ញាធរ​គួរតែ​មាន​ការ​លើកទឹកចិត្ត និង​ផ្តល់​តម្លៃ។

លោក លួត សាំង៖ «បើ​តាម​ច្បាប់​ចែង​អត់​មានការ​ហាមឃាត់​ប្រជាពលរដ្ឋ​ទេ មានតែ​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ណា​ដែល​ចូលរួម​ចំណែក​ការពារ​ធនធានធម្មជាតិ​គឺជា​អ្នក​រួមចំណែក​មួយ​ក្នុង​សង្គម ក៏ប៉ុន្តែ​មន្ត្រី​បរិស្ថាន​មិន​គួរ​គំរាមកំហែង អនុវត្ត​លើស​ពី​ដែន​ច្បាប់​ដែល​រដ្ឋ​បាន​កំណត់​បាន​ឡើយ»។

ដែន​ជម្រកសត្វព្រៃ​ព្រះរកា ត្រូវ​ក្រសួង​បរិស្ថាន​ដាក់បញ្ចូល​ជា​ព្រៃ​អភិរក្ស​មាន​ទំហំ ៩​ម៉ឺន ៦​ពាន់​ហិកតារ (៩៦.០០០) ឋិត​ក្នុងស្រុក​ជាំក្សាន្ត ស្រុក​ត្បែងមានជ័យ និង​ស្រុក​ឆែប​ខេត្តព្រះវិហារ។ ប្រជា​សហគមន៍​ចាត់ទុក​ព្រៃ​អភិរក្ស​នេះ ជា​ជង្រុក​ធម្មជាតិ​យ៉ាង​សំខាន់ ទ្រទ្រង់​ជីវភាព​ជនជាតិ​ដើម​ភាគតិច​កួយ​ក្នុងស្រុក​ចំនួន​៣ ក្នុង​ខេត្តព្រះវិហារ គ្រួសារ​ចិញ្ចឹមជីវិត និង​អាស្រ័យ​ផល​ព្រៃឈើ​បែប​ប្រពៃណី បាន​ទទួលរង​ការ​កាប់​ឈើ​ធំៗ​មានតម្លៃ​ជាង ១០ ឆ្នាំ​មក​ហើយ។

លោកស្រី ជួន ឃឹម ទទូច​ឱ្យ​រដ្ឋាភិបាល បើក​ចិត្ត​ទូលាយ ផ្តល់​សិទ្ធិ​ឱ្យ​ពលរដ្ឋ ការពារ​ធនធានធម្មជាតិ ដោយ​គ្មាន​ការ​រឹតត្បិត គំរាមកំហែង និង​ចាប់​ដាក់គុក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។