ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ(WWF) កាលពីថ្ងៃទី១១ កុម្ភៈ បានចុះស្រាវជ្រាវប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលមានអាយុប្រមាណ ២ថ្ងៃនៅអន្លង់កាំពី ជ្រោយបន្ទាយ ស្ថិតក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ។
ទំព័រហ្វេសប៊ុកក្រសួងកសិកម្មចុះផ្សាយកាលពីថ្ងៃទី១២ កុម្ភៈ ថា កូនផ្សោតមួយក្បាលនេះ បានបង្ហាញខ្លួនជាមួយហ្វូងសត្វផ្សោតចំនួន ៦ក្បាលផ្សេងទៀត។ ក្រសួងអះអាងថា កូនផ្សោតមួយក្បាលនេះ ជាសត្វផ្សោតទី១ដែលទើបកើតថ្មីក្នុងឆ្នាំ២០២៤។
កន្លងទៅប្រជាសហគមន៍នេសាទព្រែកកាំពី ប៉ាន់ប្រមាណថា បច្ចុប្បន្នទន្លេមេគង្គខេត្តក្រចេះ មានសត្វផ្សោតរស់នៅ ចន្លោះពី ៥០ ទៅ ៦០ក្បាល។ សត្វផ្សោតទាំងអស់នោះ រស់នៅក្នុងអន្លង់អភិរក្ស ៥ទីតាំងផ្សេងគ្នា រួមមាន អន្លង់ខ្សាច់ម្កាក់ អន្លង់កោះដំបង អន្លង់កោះផ្ដៅ អន្លង់កន្ទុយកោះរងាវ និងអន្លង់ផ្សោតកាំពី ក្នុងអាងទន្លេមេគង្គ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
