ជនជាតិទំពួន ដែលត្រូវជនមិនស្គាល់មុខលួចវាយពីក្រោយខ្នង និងវះពោះ រស់នៅក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ កំពុងទាមទាររកយុត្តិធម៌ និងទទូចដល់អាជ្ញាធរដោះស្រាយបណ្ដឹងរបស់សកម្មជនព្រៃឈើប្រឆាំងអាជ្ញាធរពាក់ព័ន្ធពីបទមិនទប់ស្កាត់ការកាប់រានព្រៃខុសច្បាប់ និងអនុគ្រោះ បទល្មើសព្រៃឈើ។ ចំណែកអង្គការសង្គមស៊ីវិលក៏ទាមទារកំពុងឱ្យមន្ត្រីថ្នាក់ជាតិបង្កើតគណៈកម្មការស៊ើបអង្កេតឯករាជ្យលើហ្វូងមនុស្សដែលប្រើហិង្សាមកលើពលរដ្ឋរងគ្រោះដែរ។
ជនជាតិទំពួនរស់នៅក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ លោក កែវ ហ្វើញ អាយុ ៤៧ឆ្នាំ ដែលត្រូវជនមិនស្គាល់មុខលួចវាយពីក្រោយខ្នង និងវះពោះ ទទូចដល់អាជ្ញាធរផ្តល់យុត្តិធម៌ដល់ លោកដែលជាជនរងគ្រោះក្នុងដើមបណ្ដឹង ដែលប្ដឹងប្រឆាំងអាជ្ញាធរពាក់ព័ន្ធ។
ជនជាតិដើមលោក កែវ ហ្វើញ ហៅទង្វើវះពោះលោកប្រមាណ ១ចំអាម ធ្លាយពោះវៀនមកក្រៅនេះ គឺជាទង្វើគំរាមកំហែងយ៉ាងធ្ងន់ធ្ងរប៉ុនប៉ងផ្ដាច់ជីវិតរបស់លោក។ លោក កែវ ហ្វើញ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមួយក្នុងរាជធានីភ្នំពេញ និងកំពុងស្វែងរកកិច្ចអន្តរាគមន៍ពីអង្គការការពារសិទ្ធិមនុស្ស អំពាវនាវដល់អាជ្ញាធរ រកយុត្តិធម៌ឱ្យគ្រួសារលោក និង សកម្មជនបរិស្ថានផ្សេងទៀត ដែលហ៊ានចេញមុខដាក់បណ្ដឹងប្រឆាំង អាជ្ញាធរពាក់ព័ន្ធ។
លោក កែវ ហ្វើញ ថា កាលពីថ្ងៃទី៨ ខែកក្កដា លោកបានទៅចូលរួមកម្មវិធីរបស់ក្រុមប្រឹក្សាស្រុកលំផាត់ រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាមួយប្រជាពលរដ្ឋ ជាមួយសកម្មជនព្រៃឈើម្នាក់ទៀតឈ្មោះ ឆន ផល្លា។ នៅក្នុងវេទិកានោះ កំហឹងរបស់មហាជនបានផ្ទុះឡើងរហូតដល់ប្រើហិង្សាវាយដំលោក ឆន ផល្លា បន្ទាប់ពីលោក ឆន ផល្លា លើករឿងពុករលួយ និងការកាប់បំផ្លាញព្រៃឈើ។ ឃើញដូច្នេះ លោក កែវ ហ្វើញ ក៏រត់សំដៅទៅរកម៉ូតូ រួចជិះទៅប្រាប់ប្រពន្ធរបស់លោក ផល្លា ឲ្យទៅជួយប្ដីរបស់គាត់។ លោក កែវ ហ្វើញ បន្តថា មួយសន្ទុះក្រោយមកហ្វូងមនុស្សប្រមាណជា ១០០នាក់បានមកដល់ផ្ទះលោក ផល្លា និងហាមមិនឲ្យរូបលោកចាកចេញទៅណានោះទេ ដោយគេបង្ខំឲ្យលោកដកបណ្ដឹងវិញ។
លោកថា ដោយសារតែមានការបង្ខិតបង្ខំពីមេភូមិ មេឃុំ និងហ្វូងប្រជាពលរដ្ឋ និងភ័យខ្លាចផង លោក កែវ ហ្វើញ ក៏យល់ព្រមធ្វើកំណត់ហេតុផ្ដិតមេដៃដកបណ្ដឹងរបស់លោក ដែលបានប្ដឹងអាជ្ញាធរភូមិ ឃុំ ដែលបើកដៃឲ្យឈ្មួញបំផ្លាញព្រៃឈើនៅក្នុងសហគមន៍ ៖ « ខ្ញុំអង្វរ បងប្អូនអើយ ថា អ៊ីចឹងៗ ខ្ញុំដក កុំឲ្យបងប្អូនតប កុំឲ្យបងប្អូនចាប់។ ខ្ញុំជម្រាបហើយ ខ្ញុំថា ខ្ញុំទៅដក ខ្ញុំសំពះ។ ខ្ញុំថា អត់រត់ទេ។ មានមេភូមិមក មេភូមិ មេឃុំ គេថា អញ្ជើញពួកខ្ញុំទៅដកពាក្យបណ្ដឹង។ បើពួកខ្ញុំដកពាក្យបណ្ដឹងអត់អីទេ គេថា អត់ដកដឹងតែគេវ៉ៃហើយ គេសម្លាប់ហើយ » ។
បើទោះជាលោកបានយល់ព្រមផ្ដិតមេដៃដកបណ្ដឹងក៏ដោយ នៅថ្ងៃបន្ទាប់ អាជ្ញាធរមិនអស់ចិត្ត បានបង្គាប់ឲ្យលោកដើរសុំទោសមន្ត្រីគ្រប់ជាន់ថ្នាក់ ឲ្យលោកទទួលយកកំហុស ដែលលោកបានដាក់បណ្ដឹងប្រឆាំងជាមួយពួកគេ។ លោកថា លោកបានដើរធ្វើតាមការបង្គាប់ការបញ្ជារបស់ពួកគេ ព្រោះដើម្បីសុវត្ថិភាពប្រពន្ធ និងកូន ៦នាក់របស់លោក។ ខណៈដែលលោកដើរសុំទោសតាមផ្ទះនោះមានពលរដ្ឋប្រមាណ ៣០នាក់កំពុងផឹកស៊ីនៅផ្ទះមេប៉ុស្តិ៍៖ « ចេញពីផ្ទះអនុភូមិទៅផ្ទះមេបក្សទៀត មេបក្សឃុំ ទៅសំពះអានោះទៀត។ ចេញពីផ្ទះមេបក្សឃុំ ចេញទៅផ្ទះមេឃុំទៀត ទៅសំពះមេឃុំ ចេញឃុំទៅផ្ទះមេប៉ុស្តិ៍ទៀត ទៅសំពះអាខាងមន្ត្រីប៉ុស្តិ៍ទៀត ឲ្យសំពះសុំទោសគេ។ ប្រាប់ថាខ្ញុំសំពះខ្ញុំខុសហើយ ក្នុងពាក្យបណ្ដឹងហ្នឹង គេថាខ្ញុំខុស។ កាលហ្នឹងខ្ញុំថា ខុសៗ ទៅ បើខ្ញុំខ្លាចដែរហ្នឹង បើខ្ញុំថាយើងត្រូវខ្លាចគេវ៉ៃយើងទៀត » ។
លោកបានរំលឹកអំពីព្រឹត្តិការណ៍ ដែលបណ្ដាលឲ្យលោករងរបួសធ្លាយពោះវៀនថា នៅថ្ងៃទី៩ កក្កដា គឺមួយថ្ងៃក្រោយពីការប្រើហិង្សាពីសំណាក់ពលរដ្ឋក្នុងភូមិ លោកបានដើរសុំទោសគេគ្រប់ផ្ទះអស់។ នៅពេលត្រឡប់មកដល់ផ្ទះម៉ោងជាង ៨ព្រឹក លោកក៏ដឹកប្រពន្ធទៅជម្រះស្មៅនៅភ្លឺស្រែ ដែលមានចម្ងាយប្រមាណជា ៣គីឡូម៉ែត្រពីផ្ទះ។ នៅជុំវិញស្រែនោះ ម្ខាងមានព្រៃ ហើយម្ខាងមានអូរ។ លោកក៏មានការចាប់អារម្មណ៍ថា មានសំឡេងមនុស្សតាមលោករហូត ដោយបានបង្កប់ខ្លួននៅក្នុងទឹក និងព្រៃក្បែរនោះ។ ប៉ុន្តែលោកធ្វើជាពុំចាប់អារម្មណ៍ចំពោះ សំឡេងទាំងនោះទេ ដោយគិតតែពីជម្រះស្មៅ ព្រោះកុំឲ្យប្រពន្ធកូនរបស់លោកភ័យខ្លាច៖ « ខ្ញុំអត់ចេញពីកន្លែងវាលស្មៅហ្នឹង នៅម៉ាកន្លែងជម្រះស្មៅហ្នឹង ខ្ញុំខ្លាចនៅក្នុងខ្ទម ខ្លាចគេផ្ទង់មកព័ទ្ធទៀត ព័ទ្ធកូនប្រពន្ធខ្ញុំជុំ ខ្លាចប្រពន្ធកូនខ្ញុំបាក់ស្មារតី សុខចិត្តនៅម្នាក់ឯងតែម្ដង នៅតែអ៊ីចឹងនៅតែកាប់គាស់អោន។ ចុះអ្នកណាគេទៅលាត់អាវខ្ញុំ។ ខ្ញុំអត់ដឹងផងពេលហ្នឹង ខ្ញុំក្រោក ខ្ញុំផ្កាប់មុខតែម្ដង តាំងពីពេលហ្នឹងខ្ញុំសន្លប់រហូត គេថាខ្ញុំរបួស គេថាខ្ញុំចេញពោះវៀន ខ្ញុំអត់ដឹងទេ ដឹងៗ ខ្ញុំអឺនៅពេទ្យខេត្ត » ។
លោកថា នៅពេលដែលលោកដឹងខ្លួន គឺនៅមន្ទីរពេទ្យ លោកឈឺពោះយ៉ាងខ្លាំង ហើយសួរប្រពន្ធរបស់លោកថា តើលោកកើតអី? ទើបប្រពន្ធរបស់លោកនិយាយថាមានគេចង់សម្លាប់ ហើយពួកគេ ស្មានតែលោកស្លាប់ទៅហើយ ព្រោះពោះវៀនរបស់លោកធ្លាយចេញមកពេញដី និងសន្លប់ស្ដូកស្ដឹង៖ « ក្នុងភូមិហ្នឹងហើយ ប្រជាពលរដ្ឋក្នុងភូមិហ្នឹងហើយ ចង់សម្លាប់ដោយសារខ្ញុំពាក្យបណ្ដឹងគេ បើចិត្តខ្ញុំ ខ្ញុំងាប់ខ្ញុំអត់ខ្លាចទេ ព្រោះដោយសារខ្ញុំណា តវ៉ារឿងដីណា ការពារដីធ្លីហ្នឹង ខ្ញុំសុខចិត្តផ្ដាច់ជីវិតហ្មង ខ្ញុំអត់ខ្លាចទេ ដើម្បីអី ដើម្បីប្រជាពលរដ្ឋ ដើម្បីបុគ្គលខ្ញុំទេ » ។
លោក កែវ ហ្វើញ និងសកម្មជនបរិស្ថាន កន្លងមកបានប្ដឹងបរិហារអាជ្ញាធរពាក់ព័ន្ធ ឈ្មួញឈើ និងមន្ត្រីជំនាញ ទៅតុលាការខេត្តរតនគិរី ចំនួន ៧សំណុំរឿងក្នុងនោះមាន ៣សំណុំរឿងសាលាដំបូងខេត្តនេះតម្កល់ឥតចាត់ការ ហើយពួកគេបានប្ដឹងទាស់ទៅសាលាឧទ្ធរណ៍ក្រុងភ្នំពេញ។ សំណុំរឿងទាំងនោះ ភាគច្រើនជាបណ្ដឹងបរិហារអាជ្ញាធរពាក់ព័ន្ធ ពីបទអនុគ្រោះដល់បទល្មើសឧក្រិដ្ឋព្រៃឈើ និងមិនទប់ស្កាត់ការកាប់រានព្រៃខុសច្បាប់។
អាស៊ីសេរីបានព្យាយាមទាក់ទងអភិបាលស្រុកលំផាត់លោក នូ ថេរ ប៉ុន្តែលោកថ្លែងថា លោកមិនបំភ្លឺរឿងនេះតាមទូរស័ព្ទនទេ៖ « សូមអីចេះ បងអាចមកដល់អូហ្វីសខ្ញុំណាស់។ សូមមកអូហ្វីសខ្ញុំបណ្ដោយមក ព្រោះខ្ញុំអត់ចេះសម្ភាសន៍តាមទូរស័ព្ទទេណា » ។
អាស៊ីសេរីមិនអាចទាក់ទងសុំប្រសាសន៍អភិបាលខេត្តមណ្ឌលគិរី លោក ថង សាវុន ព្រោះលោកបានចុចទូរស័ព្ទបិទ។ អាស៊ីសេរីក៏បានព្យាយាមទាក់ទងស្នងការខេត្តរតនគិរី លោក ផែន ឌីណា ដើម្បីសុំការបំភ្លឺរឿងនេះដែរ ប៉ុន្តែទូរសព្ទហៅចូលច្រើនដង គ្មានអ្នកទទួលរហូតដល់ម៉ោងចេញផ្សាយ។
អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិ លោក ឆាយ គឹមខឿន លើកឡើងថា ទាក់ទងទៅនឹងរឿងវះពោះនោះ គឺបានកើតឡើងមួយថ្ងៃ ក្រោយពីករណីយ លោក ឆន ផល្លា គឺមានព័ត៌មានថា មានជនជាតិម្នាក់ ដើរជាមួយប្រពន្ធស្រាប់តែមានគេលួចចាក់ ហើយសមត្ថកិច្ចបានធ្វើការអង្កេតយ៉ាងច្បាស់លាស់ គឺពុំមានអ្នកណាចាក់សម្លាប់គាត់នោះទេ៖ « ករណីយនេះយើងបានធ្វើការអង្កេតច្បាស់ហើយ អត់មានអ្នកណាចាក់គាត់ សម្លាប់គាត់ទេ ណាស់។ អញ្ចឹងសូមកុំមកទាញរឿងហេតុ អ៊ីចឹងចេះតែទាញមករឿងអីផ្សេងណាស់។ អាហ្នឹងសូមបញ្ជាក់ជូនអ៊ីចឹងអត់មានទេ ករណីនេះ អត់មានអ្នកណាធ្វើឃាតគាត់ អត់មានមានជនមិនស្គាល់មុខណាទៅចាក់គាត់ទេ។ យកកាំបិតទៅវះពោះខ្លួនឯង ខ្ញុំទៅស៊ើបអង្កេតម៉េចឥឡូវ ឲ្យសមត្ថកិច្ចទៅស៊ើបអង្កេតអំពីអីឥឡូវ ? សមត្ថកិច្ចគេធ្វើការរបាយការណ៍គេមកអ៊ីចឹង ណេះ ប្រពន្ធគាត់ក៏រាយការណ៍មកអ៊ីចឹង ដើរតែពីរនាក់បើមិនអ៊ីចឹងមានតែប្រពន្ធគាត់ » ។
ផ្ទុយពីការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ប៉ូលិសរូបនេះ ភរិយារបស់លោក កែវ ហ្វើញ គឺលោកស្រី ភេ សានួម ថ្លែងថា នៅថ្ងៃកើតហេតុនោះ លោកស្រីជាមួយនឹងកូនៗ នៅចម្ការ ប៉ុន្តែពុំបានចេញទៅជម្រះស្មៅជាមួយប្តីទេ គឺនៅក្នុងខ្ទមជាមួយកូន ប៉ុន្តែលោកស្រីតែងតែសម្លឹងទៅមើលប្ដីរបស់លោកស្រីដែលសំអាតស្មៅនៅប្រមាណ ១០០ម៉ែត្រពីគ្នា៖ « ខ្ញុំសម្លឹងគាត់អត់ឃើញ អត់ឃើញខ្ញុំក៏ទុកកាផាខ្ញុំក៏រត់ទៅរក ក៏ឃើញគាត់ដួលសន្លប់មានស្នាមរបួស ចេញពោះវៀនចេញក្រៅ ពោះវៀនចេញក្រៅ » ។
លោកស្រីថា អ្វីដែលគេធ្វើមកលើប្តីលោកស្រី គឺជាទង្វើសាហាវយង់ឃ្នង ហើយពេលនោះប្រសិនបើលោកស្រីពុំបានទៅចម្ការជាមួយទេ នោះប្រហែលជាប្ដីរបស់លោកស្រីស្លាប់បាត់ទៅហើយ។ លោកស្រីសុំអាជ្ញាធរឱ្យជួយការពារសុវត្ថិភាពគ្រួសាររបស់លោកស្រី ព្រោះពេលនេះកូនៗ ៥នាក់កំពុងរស់នៅក្នុងភូមិ ខណៈលោកស្រី និងប្ដីមកសម្រាកព្យាបាលនៅមន្ទីរពេទ្យនៅទីក្រុងភ្នំពេញ៖ « មកពីមូលហេតុគេគំរាមកំហែងគាត់ហ្នឹងហើយ។ គំរាមកំហែងគេខឹងរឿងប្ដឹងផ្តល់គេ គំរាមឲ្យគេហ្នឹងទៅដកពាក្យប្ដឹងពាក្យអី។ ខ្ញុំចង់ឲ្យគេរកយុត្តិធម៌ឲ្យប្ដីខ្ញុំផង ដើម្បី ប្ដីខ្ញុំប្រឹងតស៊ូការពារព្រៃឈើ ស្រលាញ់ជាតិ » ។
ទាក់ទងនៅក្នុងរឿងនេះអ្នកនាំពាក្យសមាគមអាដហុក លោក សឹង សែនករុណា ថ្លែងថា ដើម្បីផ្តល់ភាពយុត្តិធម៌ទាំងអស់គ្នា គឺអាជ្ញាធរថ្នាក់ជាតិត្រូវ ចុះស៊ើបអង្កេតស្រាវជ្រាវដោយឯករាជ្យ ព្រោះនៅក្នុងរឿងនេះមានភាពមិនប្រក្រតីជាច្រើន។ កន្លងមកអាជ្ញាធរគ្រប់ជាន់ថ្នាក់នៅក្នុងខេត្តរតនគីរី បែរជាចោទប្រកាន់មកលើពលរដ្ឋរងគ្រោះនេះទៅវិញ។ ចំណែកឯអ្នកដែលបង្កហិង្សានៅចំពោះមុខអាជ្ញាធរមានសមត្ថកិច្ច ពុំត្រូវបាននាំខ្លួនមកធ្វើការសាកសួរនោះទេ ក្រៅតែពីពលរដ្ឋរងគ្រោះរត់ចោលផ្ទះសម្បែង ដើម្បីសុវត្ថិភាព៖ « ខ្ញុំឃើញរឿងនេះវាហាក់ដូចជាស្ថានភាពអាក្រក់មែនទែន ចំពោះការដែលក្រុមមនុស្សដែលជាជនខិលខូច ដែលប្រព្រឹត្តនូវអំពើល្មើសច្បាប់នឹងហើយ បន្តប្រើប្រាស់អំពើល្មើសច្បាប់ហ្នឹងទៀត។ យើងឃើញថាអាជ្ញាធរមូលដ្ឋានអត់បានធ្វើការស៊ើបអង្កេតឲ្យបានច្បាស់លាស់ អីបែរទៅជាការពារអំពើដែលមិនត្រឹមត្រូវ » ។
លោកបារម្ភថា បើពុំមានការស៊ើបអង្កេតឲ្យបានច្បាស់លាស់ទេ អំពើទាំងអស់នេះ វាអាចនឹងបន្តកើតមានឡើងទៀត ដែលជះឥទ្ធិពលអាក្រក់ទៅដល់តំបន់ផ្សេងៗ ទៀត ហើយវប្បធម៌នៅតែជាន់ឈ្លីញាំញីសង្គមកម្ពុជាតទៅមុខទៀត។ លោកយល់ថា គណៈកម្មការស៊ើបអង្កេតរឿងឯករាជ្យមួយគួរតែត្រូវបានបង្កើតឡើង ដើម្បីរកការពិត និងនាំជនល្មើសមកផ្ដន្ទាទោស រកយុត្តិធម៌ដល់ជនរងគ្រោះ ដើម្បីអាចពួកគេវិលត្រឡប់ទៅផ្ទះសម្បែងរបស់ខ្លួនវិញដោយគ្មានការភ័យខ្លាច៕
