ជនជាតិដើមកួយម្នាក់នៅស្ទឹងត្រែងប្រឈមជាប់ពន្ធនាគារ ក្រោយពីឈ្មួញឈូសឆាយព្រៃប្តឹងទៅតុលាការ
2024.07.17
ជនជាតិដើមភាគតិចកួយ និងជាសកម្មជនការពារព្រៃឈើលោក អ៊ុក ម៉ៅ ប្រឈមនឹងជាប់ពន្ធនាគារ ក្រោយពីឈ្មួញមានឥទ្ធិពលម្នាក់បានប្តឹងគាត់ទៅតុលាការខេត្តស្ទឹងត្រែង។ ការប្តឹងផ្តល់នេះធ្វើឡើងក្រោយពីសកម្មជនការពារព្រៃឈើរូបនេះ ជំទាស់នឹងម្ចាស់ក្រុមហ៊ុន លីន វត្តី គឺអ្នកស្រី កែកុល សោភា រំលោភយក ដីព្រៃសហគមន៍ភ្នំជម្រកសត្វទំហំជាង ៣ពាន់ហិកតារ (៣.០៦៤) ដើម្បីធ្វើជាកម្មសិទ្ធិ។
សកម្មជនការពារព្រៃឡង់ខេត្តស្ទឹងត្រែង លោក អ៊ុក ម៉ៅ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ កក្កដាថា លោកនឹងចូលខ្លួនឆ្លើយបំភ្លឺតាមដីការបស់តុលាការ និងត្រៀមព័ស្តុតាងបង្ហាញពីវិនាសកម្មព្រៃឈើក្នុងតំបន់ព្រៃសហគមន៍ភ្នំជម្រកសត្វ ដែលកំពុងប្រឈមការបាត់បង់ទាំងស្រុង។
លោក អ៊ុក ម៉ៅ ចាត់ទុកបណ្ដឹងនេះថា ជាការលងបន្លាចស្មារតីពលរដ្ឋឱ្យបាក់ស្បាតមិនឱ្យងើបឈរ ការពារព្រៃឈើ ដែលក្រុមឈ្មួញខិលខូច បានឃុបឃិតជាមួយអាជ្ញាធរមួយចំនួន រំលោភបំពានដោយស្ងាត់ៗ។
លោកបន្ថែមថា លោកមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ ផ្ទុយទៅវិញឈ្មួញដែលឈូសឆាយ និងហ៊ុមព័ទ្ធយកដីព្រៃសហគមន៍ភ្នំជម្រកសត្វជាង ៣ ពាន់ហិកតារដោយខុសច្បាប់ តុលាការគួរតែស៊ើបអង្កេត។
លោក អ៊ុក ម៉ៅ៖ «ការកោះហៅខ្ញុំទៅនេះដើម្បីបំបាក់ស្មារតីប្រជាពលរដ្ឋអត់ឱ្យនិយាយអំពីទង្វើបំផ្លាញព្រៃឈើ អ្នកទាំងអស់នោះសុទ្ធតែប្រឆាំងបញ្ជារបស់ព្រះមហាក្សត្រ ធ្វើបំបាក់ស្មារតីប្រជាពលរដ្ឋមិនឱ្យនិយាយស្ដីរឿងការពារព្រៃឈើ តែខ្ញុំអត់ចាញ់ការគំរាមកំហែងរបស់គាត់ទេ ខ្ញុំនឹងតស៊ូ ទោះបីជាប់គុកជាប់ច្រវាក់ក៏ខ្ញុំមិនខ្លាចដែរ»។
កាលពីថ្ងៃទី២៥ ខែមិថុនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្ទឹងត្រែង លោក ស៊ិន សុហឹង បានចេញដីកាកោះហៅលោក អ៊ុក ម៉ៅ វ័យ ៥៧ឆ្នាំ ឱ្យចូលខ្លួនបំភ្លឺនៅថ្ងៃទី២៤ ខែកក្កដាខាងមុខនេះ ដោយចោទប្រកាន់ពីបទ ប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល និងបរិហារកេរ្តិ៍ជាសាធារណៈ ដែលប្រព្រឹត្តឡើងនៅភូមិឆ្វាំង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
ដើមបណ្តឹងក្នុងសំណុំរឿងនេះ គឺអ្នកស្រី កែកុល សោភា ជានាយិកាមជ្ឈមណ្ឌលព័ត៌មាននគរវត្ត និងត្រូវជាភរិយារបស់លោក ទូច គង្គា ឧត្តមសេនីយ៍ផ្កាយ១ និងជានាយករងនៃនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃកងយោធពលខេមរភូមិន្ទ។
មកទល់ពេលនេះ សកម្មជនការពារព្រៃឈើ លោក អ៊ុក ម៉ៅ កំពុងជាប់បណ្តឹងនៅតុលាការ ចំនួន ៤ សំណុំរឿងមកហើយ ដោយសារតែចេញមុខការពារព្រៃឈើ និងរិះគន់អាជ្ញាធរពាក់ព័ន្ធ មិនអនុវត្តច្បាប់ព្រៃឈើ តាមបទបញ្ជារបស់ប្រមុខរដ្ឋាភិបាល។
ជនជាតិដើមភាគតិចកួយរូបនេះ អះអាងថា ទង្វើរបស់លោក ដើម្បីការពារប្រយោជន៍ជាតិ ស្របតាមច្បាប់ និងព្រះបន្ទូលរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី។
លោក អ៊ុក ម៉ៅ៖ «បើអ្នកមានលុយមានអំណាចផងគាត់បំបាក់ស្មារតីប្រជាពលរដ្ឋដែលការពារព្រៃឈើដើម្បីបិទបាំងគាត់បំផ្លាញយ៉ាងស្រួល បើពលរដ្ឋណាដេកនិយាយរឿងព្រៃឈើឃើញហើយថា ជាប់គុកជាប់ច្រវាក់ច្រើនគ្នា»។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីអ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូង ខេត្តស្ទឹងត្រែង លោក ជា សុភ័ក្រ្ត បាននៅឡើយទេ នៅថ្ងៃទី១៦ កក្កដា។ រីឯអ្នកនាំពាក្យសាលាខេត្តស្ទឹងត្រែង លោក ម៉ែន គុង និងម្ចាស់ក្រុមហ៊ុនថ្មម៉ាប លីន វតី អ្នកស្រី កែកុល សោភា ដែលជាដើមបណ្តឹង ក៏មិនទាន់អាចទាក់ទងបានដែរ នៅថ្ងៃដដែលនេះ។
ជុំវិញរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តស្ទឹងត្រែង លោក ចឹក ចិត្រា យល់ថា សំណុំរឿងនេះជាការគំរាមកំហែង បង្អាក់ដំណើរពលរដ្ឋមិនឱ្យ ការពារធនធានធម្មជាតិ ដើម្បីបិទបាំងពីឧក្រិដ្ឋកម្មព្រៃឈើ ពុំមែនជាការអនុវត្តច្បាប់ប្រកបដោយសុចរិត ភាពនោះទេ។
លោកអំពាវនាវឱ្យតុលាការ ផ្តល់យុត្តិធម៌ក្នុងរឿងនេះ ស្របតាមព្រះបន្ទូល របស់ព្រះមហាក្សត្រ ដើម្បីលើកទឹកចិត្តពលរដ្ឋចូលរួមការពារភោគទ្រព្យជាតិ ស្របតាមរដ្ឋធម្មនុញ្ញ។
លោក ចឹក ចិត្រា៖ «សម្រាប់ខ្ញុំៗសូមសំណូមពរដល់អាជ្ញាធរថ្នាក់ខេត្តថ្មីយកចិត្តទុកដាក់លើកិច្ចការការពារសហគមន៍នេះ ជាជាងធ្វើការរឹតត្បិតមិនបានការពារផលប្រយោជន៍មូលដ្ឋានឬសហគមន៍ក្នុងខេត្ត»។
កាលពីថ្ងៃទី២៦ ខែមិថុនាកន្លងទៅ តុលាការខេត្តស្ទឹងត្រែងសម្រេចបញ្ជូនប្រធានសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ លោក ម៉ឹង រដ្ឋា ទៅឃុំខ្លួនក្នុងពន្ធនាគារខេត្តស្ទឹងត្រែងពាក់ព័ន្ធនឹងសំណុំរឿង បទល្មើសព្រៃឈើ ផ្អែកតាមបណ្តឹងរបស់មន្ត្រីបរិស្ថាន។
ការឃុំខ្លួននេះធ្វើឡើង ក្រោយពីប្រធានសហគមន៍រូបនេះបានតវ៉ាមិនពេញចិត្តនឹងទង្វើរបស់អាជ្ញាធរខេត្តនេះដែលអនុញ្ញាតឱ្យឈ្មួញមានឥទ្ធិពលម្នាក់ គឺអ្នកស្រី កែកុល សោភា ម្ចាស់ក្រុមហ៊ុន លីន វតី ឈូសឆាយដីព្រៃអភិរក្ស ទំហំជាង ៣ ពាន់ហិកតារ (៣០៦៤) ប៉ះចំដីព្រៃសហគមន៍ដែនជម្រកសត្វ ដែលប៉ះពាល់ប្រភពចំណូលសហគមន៍ និងព្រៃឈើបន្សល់ចុងក្រោយទាក់ទាញភ្ញៀវទេសចរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។