ក្រសួងធនធានទឹក និងឧតុនិយម ព្យាករថា ខេត្តចំនួន៩របស់កម្ពុជានឹងរងឥទ្ធិពលព្យុះមួយទៀត ឈ្មោះ ម៉ូឡាវ (MOLAVE) ចាប់ពីថ្ងៃទី២៨ និងទី២៩ ខែតុលា ខាងមុខនេះ។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក ចុះថ្ងៃ២៥ តុលា ឲ្យដឹងថា ឥទ្ធិពលព្យុះទី១៨ ឈ្មោះ ម៉ូឡាវ នឹងធ្វើឲ្យបណ្ដាខេត្ត ស្ថិតក្នុងតំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមាន ៖ ខេត្តរតនគិរី ស្ទឹងត្រែង ព្រះវិហារ និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង។ ចំណែកខេត្តនៅតំបន់វាលទំនាប រួមមាន៖ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន និងខេត្តបាត់ដំបង អាចមានភ្លៀងធ្លាក់ច្រើន។
ក្រសួងជំនាញ អំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន ពិសេសប្រជាពលរដ្ឋដែលនៅតំបន់ខាងលើបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ខណៈប្រទេសកម្ពុជា រងគ្រោះដោយជំនន់ទឹកភ្លៀងនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។