អាជ្ញាធរ​អប្សរា​រង​ការ​រិះគន់​ថា យក​លេស​បង្ការ​ហានិភ័យ​កាប់​ឈើ​ក្នុង​តំបន់​អង្គរ

ដោយ សេក បណ្ឌិត
2024.07.30
អាជ្ញាធរ​អប្សរា​រង​ការ​រិះគន់​ថា យក​លេស​បង្ការ​ហានិភ័យ​កាប់​ឈើ​ក្នុង​តំបន់​អង្គរ ទិដ្ឋភាពអាជ្ញាធរជាតិអប្សរាកាប់ដើមឈើ ក្នុងតំបន់រមណីយដ្ឋានអង្គរ កាលពីថ្ងៃទី ២៧ កក្កដា ២០២៤។
រូប៖ ហ្វេសប៊ុកអាជ្ញាធរអប្បរា

ក្រោយ​ពី​ដើមឈើ​ប្រហោង​ក្នុង​មួយ​ដើម​នៅ​ចំណុច​ក្លោង​ទ្វារ​ទន្លេ​អុំ នៃ​ប្រាសាទ​បាយ័ន​ បាក់​រលំ​ក្នុង​ពេល​មេឃ​កំពុង​ភ្លៀង និង​មាន​ខ្យល់​ខ្លាំង ប៉ះពាល់​ដល់​រូប​សំណាក​បុរាណ និង​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដំណើរ​នៅ​លើ​ស្ពាន​អាជ្ញាធរ​ជាតិ​អប្សរា​ បាន​បើក​យុទ្ធនាការ​កាប់​ដើម​ឈើ​ធំៗ​នៅ​តំបន់​ផ្សេង​ទៀត ដើម្បី​បង្ការ​គ្រោះថ្នាក់។

ក៏​ប៉ុន្តែ​ពលរដ្ឋ​ខេត្តសៀមរាប​រិះគន់ អាជ្ញាធរ​អប្សរា​ថា បាន​យក​លេស​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ ដើម្បី​កាប់​រំលំ​ដើម​ឈើ​ធំៗ ដោយ​មិន​ប្រាប់​ពី​មូលហេតុ​ច្បាស់​លាស់​ថា តើ​ដើម​ឈើ​ទាំង​នោះ​ បន្ទាប់​ពី​កាប់​រួច នឹង​យក​ទៅ​ធ្វើ​អ្វី​នោះ​ទេ?

សកម្មភាព​កាប់​រំលំ​ដើម​ឈើ​ធំៗ​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​ គឺ​ជា​មធ្យោបាយ​មួយ របស់​អាជ្ញាធរ​ជាតិ​អប្សរា ដើម្បី​ដោះស្រាយ​បញ្ហា​បង្ការ​ហានិភ័យ​ ប៉ះពាល់​ដល់​ភ្ញៀវ​ទេសចរ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

ចំណែក​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ និង​ពលរដ្ឋ​ខេត្ត​សៀមរាប​មិន​ទុក​ចិត្ត​អាជ្ញាធរ​អប្សរា​ ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ​នោះ​ទេ ដោយ​ពួកគាត់​ស្នើ​ឱ្យ​អាជ្ញាធរ​ គួរតែ​រក​មធ្យោបាយ​ផ្សេង​ក្រៅ​ពី​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ ផ្តល់​សម្រស់​ធម្មជាតិ ដែល​ភ្ញៀវ​ទេសចរ​ចូល​ចិត្ត​ទស្សនា​ និង​ថត​រូបភាព ផ្សា​ភ្ជាប់​នឹង​វប្បធម៌​ខ្មែរ។

ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប លោក ហាប់ ហាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃ​ទី២៩ កក្កដា ថា​ អាជ្ញាធរ​ជាតិ​អប្សរា​បាន​យក​លេស ការពារ​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ ដើម្បី​កាប់​បំផ្លាញ​ដើម​ឈើ​ធំៗ​ជា​ច្រើន​ដើម​បន្ថែម​ទៀត​ក្នុង​តំបន់​អង្គរ។

លោក​សង្កេត​ឃើញ​ថា កន្លង​ទៅ​ដើមឈើ​ធំៗ​ ឋិត​ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ នៅ​ឆ្ងាយ​ពី​តំបន់​ប្រាសាទ ក៏​អាជ្ញាធរ​អប្សរា​កាប់​បំផ្លាញ​អស់​ជា​ច្រើន​ដែរ​ ដោយ​មិន​បាន​បង្ហាញ​ពី​មូលហេតុ​ជាក់លាក់ ថា​តើ​ដើមឈើ​ដែល​កាប់​ទាំង​នោះ នឹង​យក​ទៅ​ធ្វើ​អី​នោះ​ឡើយ?

លោក ហាប់ ហាន់៖ «នៅ​បាយ័ន​ក៏​ឃើញ​ដែរ​ ដើម​ឈើ​ធំៗ​ដើម​យាង​ពីរ​បី​ឱប​បាន​ជុំ កាប់​ស្រួល​ស្តាយ​ យល់​ល្អ​កាប់​តែ​កន្លែង​មែក​ណា​ដែល​មាន​បញ្ហា​មែក​ណា​ដែល​នៅ​ជាប់​មាំ​ល្អ​យើង​ទុក​វា​ទៅ។ កាល​ណា​តែ​យើង​កាប់​ទាំង​មូលៗ​អ៊ីចឹង​ទៅ​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាសាទ​ជា​ច្រើន ខ្ញុំ​ស្ដាយ​ដែល​អត់​មាន​សមត្ថភាព​និយាយ អត់​មាន​សមត្ថភាព​អី​ថា»

ប្រតិកម្ម​របស់​ពលរដ្ឋ​បែប​នេះ​ធ្វើ​ឡើង ក្រោយ​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ បន្ត​កាប់​ដើម​ឈើ​ធំៗ​មួយ​ចំនួន​ទៀត បង្ក​ហានិភ័យ​ក្នុង​តំបន់​រមណីយ​ដ្ឋាន​អង្គរ​ ហើយ​កាល​ពី​កំឡុង​ខែ​មិថុនា អាជ្ញាធរ​បាន​កាប់​រំលំ​ដើម​ឈើ​ទាល​ធំៗ ចំនួន ៣ ដើម បន្ថែម​ទៀត ក្នុង​តំបន់​ប្រាសាទ​បាយ័ន។

វិទ្យុ​អាស៊ី​សេរី​មិន​ទាន់​អាច​ទាក់ទង សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អ្នក​នាំ​ពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៩ មិថុនា ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ លោក ខៀវ ធី សោកស្តាយ​ដើម​ឈើ​ធំៗ មាន​សោភ័ណ​ភាព​ស្រស់​ស្អាត អាជ្ញាធរ​អប្សរា​គួរតែ​មាន​ជម្រើស​ច្រើន​ ដើម្បី​ការពារ​សុវត្ថិភាព ដោយ​គ្រាន់​តែ​លះ​មែក​ពុក​ផុយ និង​ធ្វើ​ចម្រឹង​ដែក​ចន្ទល់  មិន​គួរ​កាប់​បំផ្លាញ​ទាំង​មូល​ដូច្នេះ​ទេ។ 

លោក​យល់​ថា អាជ្ញាធរ​គួរតែ​មាន​ប្រព័ន្ធ​ត្រួត​ពិនិត្យ​សុខភាព​ដើមឈើ​ឱ្យ​ច្បាស់លាស់​ ចៀសវាង​អារ​រំលំ​ដើម​ឈើ​ធំៗ​ល្អៗ ដោយ​គ្មាន​ការ​សិក្សា​ជាក់លាក់​ជា​មុន។

លោក ខៀវ ធី៖ «និយាយ​ដោយ​ស្មោះត្រង់​ពួក​មគ្គុទ្ទេសក៍​យើង​អត់​សប្បាយ​ចិត្ត​ដែល​អាជ្ញាធរ​អប្សរា ដែល​អាជ្ញាធរ​កាត់​ដើម​ឈឺ​គ្រប់​ទម្រង់​នៅ​ក្នុង​តំបន់​អង្គរ​ ទាំង​ដើមឈើ​ដុះ​លើ​ប្រាសាទ បរិវេណ​ប្រាសាទ​គឺ​មិន​ចង់​ឱ្យ​កាប់ គិត​ឱ្យ​កាប់​តែ​មែក មិន​ចង់​ឱ្យ​កាប់​ដើម​ឯ​ណា ​កន្លង​មក​ពួក​យើង​តែង​តែ​ជំទាស់។

កាល​ពី​ឆ្នាំ២០២៣ អាជ្ញាធរ​បាន​កាប់​រំលំ​ដើម​ឈើ​ទាល​ធំៗ​អស់ ៦​ដើម ក្នុង​តំបន់​ប្រាសាទ​បាយ័ន និង​បន្ត​កាប់​អស់​ជា​ច្រើន​ដើម​ទៀត​ ឋិត​នៅ​តំបន់​ប្រាសាទ​ព្រះខ័ន ប្រាសាទតាព្រហ្ម ប្រាសាទ​តាសោម ប្រាសាទ​បន្ទាយ​ក្ដី​ជាដើម។

ពលរដ្ឋ​រស់​នៅ​ខេត្ត​សៀមរាប​ស្នើ​ឱ្យ​អាជ្ញាធរ​អប្សរា ត្រូវ​យក​ដើម​ឈើ ដែល​កាប់​រួចរាល់  ទៅ​តម្កល់​ទុក នៅ​ទីតាំង​ដើម ដែល​កាប់​នោះ​ដើម្បី​ទុក​ជា​ភស្តុតាង​ប្រវត្តិសាស្ត្រ​សម្រាប់​ជាតិ​ ចៀសវាង​យក​ដើមឈើ​ដែល​កាប់​នោះ​ យក​ទៅ​ប្រើប្រាស់​ជា​ផល​ប្រយោជន៍​បុគ្គល​ដោយ​លាក់​លៀម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។